Tuesday, November 5, 2013

អាមេរិក​ថា ដំណោះស្រាយ​រឿង​នយោបាយ​ត្រូវ​ចេញ​ពី​ផ្ទៃ​ក្នុង​កម្ពុជា

131105_01
លោក Scot Marciel ឧបការីរងក្រសួង​ការបរទេសអាមេរិក (ឆ្វេង) និងលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស​កម្ពុជា ក្នុង​សន្និសីទកាសែត ពីម្សិលមិញ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ បន្ទាប់​ពី​ជំនួប​ជាមួយ​នឹង​មន្រ្តី​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង ការ​បរទេស​សហរដ្ឋ អាមេរិក កាល​ពី​ម្សិលមិញ បាន​ថ្លែង​ថា ដំណោះស្រាយ​ណា​មួយ​ចំពោះ​ភាព​ជាប់​គាំង​ខាង​នយោបាយ ត្រូវ​ចេញ​ពី​ខាង​ក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់ មិន​មែន​ចេញ​មក​ពី​បរទេស​ឡើយ។
ពាក្យ​សម្តី​នេះ បាន​លើក​ឡើង​ក្នុង​រយៈ​ពេល​តិច​ជាង ២ សប្តាហ៍ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​លើក​ទី ៣ រយៈ​ពេល ៣ ថ្ងៃ ដោយ​មាន​ការ​ដើរ​ដង្ហែ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ សូម​ឲ្យ​អង្គការ​សហ​ប្រជាជាតិ សហរដ្ឋ​អាមេរិក និង​ប្រទេស​ហត្ថលេខី​ដទៃ​ទៀត នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស ជួយ​ធ្វើ​អន្តរាគមន៍ ដោះស្រាយ ចំពោះ​ភាព​ជាប់​គាំង​នយោបាយ​បច្ចុប្បន្ន។
លោក Scot Marciel ឧបការី រង​ការិយាល័យ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៃ​ក្រសួង ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​សហរដ្ឋ​អាមេរិក​គាំទ្រ​ឲ្យ​មាន​លទិ្ធ​ប្រជាធិបតេយ្យ​រឹងមាំ​នៅ ​កម្ពុជា​ក៏​ដោយ ក៏​ប៉ុន្តែ «ដំណោះស្រាយ​ណា​ក៏​ដោយ ត្រូវ​តែ​ជា​ដំណោះស្រាយ​របស់​កម្ពុជា»។ លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​ជំនួប​រយៈ​ពេល ២ ថ្ងៃ ដែល​រួម​មាន​ការ​ជួប​នៅ​ក្រសួង ការ​បរទេស និង​ការ​ជួប​ត​ទល់​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​ថា៖ «យើង​មិន​មក​ទី​នេះ​ដើម្បី​ព្យាយាម​ដាក់​ដំណោះស្រាយ​ទេ ប៉ុន្តែ យើង​ប្រាកដ​ជា​គាំទ្រ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ពង្រឹង​ដំណើរការ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»។
លោក Marciel បាន​បន្ថែម​ថា លោក​បាន​ចូល​រួម​ផ្លាស់​ប្តូរ​ទស្សនៈ​ជាមួយ​នឹង​គណបក្ស​ប្រឆាំង ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត លោក​បាន​សង្កត់​ធ្ងន់​លើ​តួនាទី​របស់​សហរដ្ឋ​អាមេរិក ជា​ដៃគូ​មិន​លម្អៀង​រវាង​ភាគី​ទាំង​ពីរ។
លោក​ឲ្យ​ដឹង​ទៀត​ថា៖ «ម្តង​ទៀត តួនាទី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ទី​នេះ មិន​មែន​ផ្តល់​យោបល់​នយោបាយ​ដល់​រដ្ឋាភិបា ល ឬ​គណបក្ស​ប្រឆាំង​ទេ ... នេះ​ត្រូវ​តែ​ដោះស្រាយ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​»។
លោក​បាន​បន្ត​ថា៖ «យើង​បាន​លើក​ទឹក​ចិត្ត​អ្នក​ពាក់​ព័ន្ធ​ឲ្យ​បន្ត​ពិភាក្សា។ យើង​ស្វាគមន៍ ការ​ពិត​ដែល​បាតុកម្ម​នា​ពេល​ថ្មីៗ​នេះ...បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី ... កិច្ច​ពិភាក្សា ភាព​អត់​ធ្មត់ គឺ​ពិត​ជា​មាន​សារៈ​សំខាន់ ហើយ​នោះ​ជា​សារ​មិន​ប្រែ​ប្រួល​របស់​យើង»។
បើ​ទោះ​បី​ជា​សហរដ្ឋ អាមេរិក មិន​ប្រកាន់​ខាង​ណា ហើយ​នឹង​បន្ត​ជា​មិត្ត​ល្អ​របស់​កម្ពុជា ក៏​ដោយ ក៏​ប៉ុន្តែ លោក Marciel បាន​បន្ទរ​នូវ​ការ​ជំរុញ​គ្មាន​កែប្រែ​របស់​រដ្ឋាភិបាល​លោក​ឲ្យ​មាន​ការ​ ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ដែល​ជា​ការ​ទាម​ទារ​សំខាន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បាន​បន្ត​ថា៖ «យើង​ពិត​ជា​បាន​និយាយ​គ្មាន​កែ​ប្រែ​បន្ទាប់​ពី​ការ​បោះឆ្នោត​ថា យើង​គិត​ថា ដោយ​សារ​តែ​មាន​ការ​ចោទ​ប្រកាន់​អំពី​ភាព​មិន​ប្រក្រតី ពេល​ដែល​កើត​ឡើង នៅ​ទី​ណា​ក៏​ដោយ​លើ​ពិភពលោក វា​មាន​ប្រយោជន៍​ដែល​មាន​ការ​ស៊ើប​អង្កេត​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត និង​មាន​តម្លាភាព»។
សហរដ្ឋ អាមេរិក ពុំ​បាន​អបអរ​សាទរ​ជា​ផ្លូវ​ការ ដល់​គណបក្ស​កាន់​អំណាច​ទេ ក្រោយ​ការ​បោះឆ្នោត បើ​ទោះ​បី​ជា​ប្រទេស​ប្រជាធិបតេយ្យ​សេរី រួម​មាន ជប៉ុន អូស្រ្តាលី បារាំង បាន​អបអរ​សាទរ​រួច​ហើយ​ក៏​ដោយ។
កាល​ពី​ថ្ងៃ ទី២៣ ខែ កញ្ញា ស្ថានទូត​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​សរសេរ​ថា វត្តមាន​របស់​លោក William E. Todd ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក នៅ​ពិធី​បើក​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ដំបូង​ដោយ​អវត្តមាន​របស់​តំណាង​ រាស្រ្ត​គណបក្ស​ប្រឆាំង​ទាំង ៥៥ រូប ពុំ​មែន​ជា​ការ​គាំទ្រ​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ទេ។
មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ម្សិលមិញ បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ស្តីពី​អ្វី​ដែល​បាន​ពិភាក្សា​ក្នុង ​អំឡុង​កិច្ច​ប្រជុំ​ជាមួយ​នឹង​លោក Marciel នោះ​ទេ។
លោក អ៊ុច បូរិទ្ធ រដ្ឋ​លេខាធិការ​នៃ​ក្រសួង ការ​បរទេស បាន​ថ្លែង ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​កិច្ច​ប្រជុំ​ថា កិច្ច​ប្រជុំ​រវាង​លោក​និង​លោក Marciel គឺជា​កិច្ច​ប្រជុំ​វិជ្ជមាន​មួយ។ លោក បូរិទ្ធ បាន​បន្ត​ថា៖ «ខ្ញុំ​រីករាយ​ដែល​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​គាត់​ថ្ងៃ​នេះ ដែល​ជា​មិត្ត​ចាស់ ហើយ​កិច្ច​ប្រជុំ​យើង​ជា​កិច្ច​ប្រជុំ​រាក់​ទាក់ ... គាត់​បាន​លើក​ឡើង​នូវ​គោល​នយោបាយ​សហរដ្ឋ​អាមេរិក​គាំទ្រ​កម្ពុជា​ទាំង​ខាង នយោបាយ និង​សេដ្ឋកិច្ច ដែល​ជា​ផ្នែក​សំខាន់​នៃ​កិច្ច​សហ​ប្រតិបតិ្តការ​របស់​យើង​»។
លោក​បន្ត​ថា៖ «គាត់​ក៏​បាន​លើក​ឡើង​អំពី​កិច្ច​ប្រជុំ​ជាមួយ​នឹង​គណបក្ស ប្រឆាំង​ផង​ដែរ ប៉ុន្តែ​លោក​ថា សហរដ្ឋ​អាមេរិក​មិន​គាំទ្រ​ជំហរ [ណា​មួយ​ទេ] និង​ថា គោល​នយោបាយ​សំខាន់​បំផុត​របស់​សហរដ្ឋ​អាមេរិក គឺ​គាំទ្រ​លទិ្ធ​ប្រជាធិបតេយ្យ»។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា លោក​មិន​ភ្ញាក់​ផ្អើល​ទេ​ចំពោះ​ការ​សង្កត់​ធ្ងន់​របស់​សហរដ្ឋ​អាមេរិក​លើ ដំណោះស្រាយ​កម្ពុជា​ចំពោះ​ភាព​ជាប់​គាំង បើ​គិត​អំពី​ការ​បោះឆ្នោត​នា​ពេល​ថ្មីៗ​នេះ មាន​ការ​ចូល​រួម​ខ្លាំង​ពី​យុវជន និង​ប្រជាជន។
លោក​បាន​បន្ត​ថា៖ «ខ្ញុំ​គិត​ថា ប្រជាជន​កម្ពុជា អាច​ជះ​ឥទិ្ធពល​លើ​លទ្ធផល​នៃ​ការ​ចរចា និង​ការ​សម្រុះ​សម្រួល​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ហើយ​ដំណោះស្រាយ​ណា​ក៏​ដោយ​គួរ​កើត​ចេញ​ពី​នោះ​ផង​ដែរ ... គណបក្ស​ទាំង​ពីរ​គួរ​យោង​លើ​អ្នក​បោះឆ្នោត​របស់​ខ្លួន»។ លោក​បាន​ថ្លែង​ទៀត​ថា៖ «វា​គ្មាន​អំណាច​ទេ​ដែល​តែង​តែ​រង់​ចាំ​ការ​គាំទ្រ ពី​ខាង​ក្រៅ​នោះ ... ខ្ញុំ​គិត​ថា ប្រជាជន​កម្ពុជា​ត្រូវ​ចាប់​ផ្តើម​ជឿ​ជាក់​ថា ខ្លួន​មាន​សារៈ​សំខាន់ ហើយ​ខ្លួន​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​បាន។ នោះ​គឺ​ធានា​នូវ​ការ​ពង្រឹង​លទិ្ធ​ប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​នេះ»៕ TK By Phnom Penh Post

No comments:

Post a Comment