លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ការផ្តល់តំណែងមួយចំនួន ទៅមន្រ្តីគណបក្ស ហ៊្វុនស៊ិនប៉ិច គឺដើម្បីរក្សាមន្រ្តីជំនាញៗ ដែលធ្វើការនៅក្នុងរដ្ឋាភិបាល ហើយអះអាងថា មន្រ្តីទាំងនោះ ពោរពេញទៅដោយបទពិសោធជាក់ស្តែង នៅក្នុងការងារជាមួយរដ្ឋាភិបាលនៅក្នុងអាណត្តិមុនៗ។
អគ្គលេខាធិការគណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានឲ្យដឹង កាលពីម្សិលមិញថា មានមន្រ្តីជាន់ខ្ពស់ជាង ២០ នាក់ ត្រូវបានតែងតាំងឲ្យកាន់តំណែងជាអនុរដ្ឋលេខាធិការ នៅក្នុងក្រសួងចំនួន ២៨ ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើនការអភិវឌ្ឍប្រទេស។ លោក ប៊ុនឆៃ បានថ្លែងបន្តថា៖ «គណបក្សប្រជាជន ធ្វើទៅតាមកិច្ចប្រជុំថ្ងៃទី ១៦‑១៧ ខែ មីនា។ នៅថ្ងៃប្រជុំនោះ គណបក្សប្រជាជន បានលើកឡើងថា ខ្លួនយកគណបក្ស ហ៊្វុនស៊ិនប៉ិច ធ្វើជាដៃគូនៅក្នុងអាណត្តិ ទី៥ នេះ។ នោះហើយជាហេតុដែលគណបក្សប្រជាជនផ្អែកតាមហើយគាត់ពិនិត្យទៅលើ ច្បាប់ និងបានអនុញ្ញាតឲ្យយើងចូលរួមធ្វើការងារ»។
លោក ប៊ុនឆៃ បានបន្ថែមថា មន្រ្តីរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច ទាំងអស់នោះ ដែលត្រូវបានតែងតាំងឲ្យកាន់តំណែងជាអនុរដ្ឋលេខាធិការ គឺពោរពេញទៅដោយបទពិសោធ នៅក្នុងតំណែងរបស់ខ្លួន ពីព្រោះពួកគេជាមន្រ្តីដែលធ្វើការងារជាមួយគណបក្សប្រជាជន ជាច្រើនឆ្នាំមកហើយ ចាប់តាំងពីអាណត្តិមុនៗ។
លោក ផៃ ស៊ីផាន បានថ្លែងថា៖ «ពួកគេមានបទពិសោធរួចហើយ ហើយនោះ ជាធនធានសម្រាប់ការងាររបស់រដ្ឋ។ វាមិនមែនជាមូលហេតុនយោបាយទេ។ វាជាការរក្សាធនធានមនុស្ស នៅក្នុងជួររដ្ឋាភិបាល»។ «យើងត្រូវការធនធានមនុស្ស ដូច្នេះការចំណាយរបស់យើង រាជរដ្ឋាភិបាលប្រយ័ត្នណាស់»។
លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ទៀតថា ការផ្តល់តំណែងដល់មន្ត្រីគណបក្ស ហ៊្វុនស៊ិនប៉ិច នេះមិនមែនមានន័យថា គណបក្សប្រជាជន បង្កើតរដ្ឋាភិបាលចម្រុះ ជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច ទេ ប៉ុន្តែគណបក្សប្រជាជន ចង់មានការងារ ដែលមានប្រសិទ្ធភាព នៅក្នុងរដ្ឋាភិបាល ដូច្នេះមន្រ្តីទាំងនោះ អាចផ្តល់សេវាប្រសើរ និងប្រសិទ្ធភាព សម្រាប់សាធារណជន។
ប៉ុន្តែអ្នកវិភាគនយោបាយ លោក កែម ឡី បានថ្លែងថា ការផ្តល់តំណែងជាច្រើន ទៅមន្រ្តីគណបក្ស ហ៊្វុនស៊ិនប៉ិច នៅក្នុងរដ្ឋាភិបាលវាជាការ បន្ថែមការចំណាយរបស់រដ្ឋាភិបាល ដែលវាជាឧបសគ្គ នៅក្នុងការដំឡើងប្រាក់ខែមន្រ្តីរាជការ ខណៈដែលមន្ត្រីរាជការកំពុងទទួលបានប្រាក់ខែតិចតួច។ លោក កែម ឡី បានថ្លែងបន្តថា៖ «យើងយល់ថា ប្រសិនបើរដ្ឋាភិបាលខ្វះធនធានមនុស្ស រដ្ឋាភិបាលអាចធ្វើការជ្រើសរើសសមស្របទៅតាមសមត្ថភាពនិងជំនាញ។ ប្រសិនបើតែងតាំងដោយមិនផ្អែកទៅលើតម្រូវការជាក់ស្តែង របស់នាយកដ្ឋាននីមួយៗ ខ្ញុំគិតថា វានឹងមិនជោគជ័យទេ»។
បើទោះបីជារដ្ឋាភិបាលអាណត្តិ ទី៥ នេះ កំពុងដំណើរការទៅមុខក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ ដែលទទួលបានអាសនៈចំនួន ៥៥ ក្នុងចំណោមអាសនៈសរុបរបស់រដ្ឋសភាចំនួន ១២៣ មិនទទួលស្គាល់រដ្ឋាភិបាលនេះឡើយ ដោយចាត់ទុកថា ជារដ្ឋាភិបាលខុសច្បាប់ ដោយសារតែត្រូវបានបង្កើតឡើងដោយឯកបក្ស៕ PS By Phnom Penh Post
No comments:
Post a Comment