ព្រះសីហនុៈ មន្ត្រីខេត្តព្រះសីហនុអះអាងថា ម្ចាស់កាស៊ីណូចិនឈ្មោះ «ជីន ទីង» ស្ថិតនៅលើកោះរ៉ុងសន្លឹមកំពុងផ្គើនជាមួយអាជ្ញាធរដោយសារមិនបានសហការបិទអាជីវកម្មរបស់ខ្លួនហើយនៅតែបន្តលួចបើកលេងល្បែងទាំងខុសច្បាប់ បើទោះជាសាលាខេត្តបានសម្រេចឱ្យបិទទ្វារតាំងពីថ្ងៃទី ២២ ខែមីនា មកក៏ដោយ។
លោក ឃាង ភារម្យ មន្ត្រីនាំពាក្យសាលាខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា រដ្ឋបាលខេត្តធ្លាប់បានយកលិខិតចុះទៅបិទអាជីវកម្មរបស់កាស៊ីណូ «ជីន ទីង» ដែលមានម្ចាស់ជាជនជាតិចិនឈ្មោះ ZHOU JIANHUA ម្ដងរួចហើយ ហើយសាលាខេត្តក៏ថែមទាំងបានផ្ញើលិខិត ១ ទៀតចុះថ្ងៃទី ១ ខែ មេសា ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីឱ្យចុះទៅបិទអាជីវកម្មកាស៊ីណូនេះម្ដងដែរ ប៉ុន្តែលោកថា មកទល់ពេលនេះ ម្ចាស់កាស៊ីណូនោះ នៅតែបើកដំណើរការលួចលាក់ទាំងខុសច្បាប់ដដែល។
លោកថា៖ «យើងពិបាកក្នុងការសន្និដ្ឋាន យើងគ្រាន់តែកំណត់ថា គាត់អត់សហការទី១ ទី២ (គាត់) បើកលួច លាក់លេងអ៊ីចឹងទៅ អានេះហើយផ្គើននឹងសេចក្ដីណែនាំរបស់អាជ្ញាធរ»។
ការលើកឡើងរបស់លោក ឃាង ភារម្យ នេះ បន្ទាប់ពីអង្គការមាតាធម្មជាតិបានបង្ហោះវីដេអូតាមហ្វេសប៊ុកកាលពីថ្ងៃទី ២២ ឧសភា ដោយបង្ហាញពីការរកឃើញថា មជ្ឈមណ្ឌលកម្សាន្តកាស៊ីណូឈ្មោះ«ជីន ទីង» នេះ នៅតែបន្តបើកឱ្យជនជាតិចិនចូលទៅលេងល្បែងខុសច្បាប់ក្នុងនោះមានទាំងការអនុញ្ញាតឱ្យជនជាតិខ្មែរចូលលេងផងដែរ។
ទោះជាយ៉ាងណា លិខិតចុះទី ១១ ខែ មីនា របស់សាលាខេត្តព្រះសីហនុបានសម្រេចបិទកាស៊ីណូនេះ ចាប់ពីថ្ងៃទី ២២ ខែ មីនា មកម្ល៉េះ បន្ទាប់ពីអាជ្ញាធរអះអាងថា កាស៊ីណូនេះបានបង្ហូរទឹកស្អុយចូលសមុទ្រប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ ចាក់ធុងបាស់បង្កសំឡេងរំខាន អនុញ្ញាតឱ្យមានការបាញ់បោះសេរី ផុតអាជ្ញាប័ណ្ណប្រកបអាជីវកម្ម និងជាពិសេសសាងសង់សំណង់លើឆ្នេរសមុទ្រដោយគ្មានច្បាប់អនុញ្ញាត។
ទោះជាយ៉ាងណា លោក ឃាង ភារម្យ មិនបានបញ្ជាក់ថា តើសមត្ថកិច្ចនឹងចុះទៅពិនិត្យដើម្បីបិទកាស៊ីណូនេះម្ដងទៀតនៅពេលណាឡើយ ដោយលោកបានជំរុញឱ្យសួរខាងស្នងការដ្ឋាននគរបាលខេត្តវិញ។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា បន្ទាប់ពីទទួលលិខិតពីរដ្ឋបាលខេត្ត គឺខាងសមត្ថកិច្ចធ្លាប់បានយកលិខិតនោះទៅប្រគល់ឱ្យម្ចាស់កាស៊ីណូនោះបិទរួចហើយ ប៉ុន្តែចំពោះវិធានការខាងមុខបន្ថែមទៀតក្នុងករណីកាស៊ីណូនេះនៅតែបន្តបើកដំណើការ គឺមិនមែនខាងនគរបាលជាអ្នកសម្រេចនោះទេ តែជាការសម្រេចរបស់គណៈបញ្ជាការឯកភាពខេត្ត។
លោកថា៖ «បិទហ្នឹងត្រូវបិទរបៀបម៉េចអាហ្នឹងទាល់តែគណៈបញ្ជាការឯកភាពខេត្តបើខាងប៉ូលិសខ្ញុំបានតែយកលិខិតប្រគល់ឱ្យហើយ»។
ជាមួយគ្នានេះ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានបញ្ជាក់ថា លោកនៅពុំបានដឹងអំពីករណីកាស៊ីណូ «ជីន ទីង» បន្តបើកដំណើរការឡើយ ដោយលោកគ្រាន់តែបញ្ជាក់ថា ការបញ្ឈប់ការ ហូរទឹកស្អុយចូលសមុទ្រពីកាស៊ីណូនេះធ្វើឡើងបន្ទាប់ពីមានការសម្រេចឱ្យបិទកាស៊ីណូរបស់សាលាខេត្ត។លោកថា៖ «ចាំមើលខ្ញុំឆែកព័ត៌មានតិចសិន»។
លោក ឈឺន ចន្ថា ចៅសង្កាត់កោះរ៉ុងសន្លឹមបានលើកឡើងដែរថា កាស៊ីណូនេះនៅតែបន្តលួចបើកដំណើរ ការពិតមែន ប៉ុន្តែនៅពេលលោកឱ្យមន្ត្រីប៉ុស្ដិ៍ចុះទៅតាមឃ្លាំមើលគឺមិនបានឃើញនោះទេ។
លោកថា៖ «នៅពេលអាជ្ញាធរចុះទៅគឺអត់លេងទេ ប៉ុន្តែដល់អាជ្ញាធរមកវិញគេលេង ប៉ុន្តែព័ត៌មានហ្នឹងមិនទាន់ច្បាស់ការទេ»។
ចំណែកលោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានថ្លែងថា ប្រសិនបើម្ចាស់កាស៊ីណូនេះមិនគោរពតាមសេចក្ដីណែនាំ អាជ្ញាធរមិនគួរចំណាយពេលវេលាពិចារណាទៀតទេ ហើយគួរចាប់ផ្ដើមអនុវត្តតាមច្បាប់ដែលមាន ព្រោះលោកថា កាស៊ីណូនេះ បានសាងសង់ខុសច្បាប់លើដីឆ្នេរនិងការ បើកដំណើរការដោយគ្មានអាជ្ញាប័ណ្ណជាដើម។
លោកថា៖ «ទី១ វាសាងសង់លើចំណីសមុទ្រហើយ មានវិធានការតាមច្បាប់តែហ្មងទៅមិនត្រូវឱ្យលួចបើកអ៊ីចឹងទៀតទេ»។
ប៉ុន្តែបើតាម លោក ឃាង ភារម្យ នៅពេលខាងមុខ អាជ្ញាធរនឹងទុកពេលឱ្យម្ចាស់កាស៊ីណូត្រូវរុះរើចេញពីតំបន់ឆ្នេរវិញ បើពុំដូច្នេះទេ អាជ្ញាធរនឹងមានវិធានការចុះទៅរុះរើដោយខ្លួនឯង៕
ប្រពភពី៖ភ្នំពេញប៉ុស្ដិ៍