Song Seung Hoon តារា​សម្ដែង​រូប​សង្ហា​​ក្នុង​​រឿង​ភាគ​ទូរទស្សន៍​ “កំពូល​វេជ្ជ​បណ្ឌិត​ជ្រែក​ភព​”​ ការពិត​គឺ​ជា​មេ​បង​ធំ​ម្នាក់​ នៅ​ពេល​បាន​ជួបតួ​ឯក​ស្រី​ស្ដេច​ម៉ូដ​​​ Shin Se Kyung​ ​ ​ក៏​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នាង​។ ​តើ​ស្នេហា​មួយ​នេះ​អាច​ទៅ​រួច​ទេ​ ម្នាក់​ជា​មេ​ក្រុម​ទុច្ចរិត ​ឯ​ម្នាក់​ទៀត​គ្រាន់​តែ​មនុស្ស​ធម្មតា​ ?
តួអង្គសំខាន់ក្នុងរឿង “When A Man In Love”
នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​តារា​សម្ដែង​ល្បី​ ពីរ​ដួង​របស់​​ប្រទេស​កូរ៉េ​ខាង​ត្បូង​​​ស្កាត់​​មក​ជួប​គ្នា​ក្នុង​ខ្សែ​ ភាពយន្ត​បែប​មនោសញ្ចេតនា​ស្នេហា​កម្សត់​ថ្មី​រឿង​ “When A Man In Love” ។ រឿង​ស្នេហា​កម្សត់​ស្ដី​ពី​មេ​ក្រុមសង្គម​ងងឹត​នេះ ​និយាយ​ពី Han Tae Sang ​​​អ្នក​ជំនួញ​ធំ​បុរស​វ័យ​ខ្ទង់​៤០ឆ្នាំ (​មេ​បង​ធំ​ ) ​ដែល​មាន​ជីវិត​ពី​កុមារ​ភាព​ត្រូវ​ឪពុក​ម្ដាយ​បោះ​បង់​ចោល​បាន​បាក់​ចិត្ត​ ស្រលាញ់​ក្មេង​ស្រី​អាយុ​ខ្ទង់ ២០​​ឆ្នាំ  ឈ្មោះ So Mi Do បើ​ទោះ​ជា​មាន​ស្រី​ស្អាត​អតីត​ប្រពន្ធ​មេ​ដឹក​នាំ​ក្រុម​បង​ធំ​គេ​នៅ​ក្បែរ ​កាយ​ក៏​ដោយ​។
ប៉ុន្តែ​ស្នេហា​រវាង​ Tae Sang និង​ Mi Do​ ហាក់​មិន​​​​​​រលូន​​​នោះ​ទេ​​ ​ព្រោះ​នៅ​មាន​បុរស​សង្ហា​ឆ្លាតវៃ​ ហើយ​មាន​មហិច្ឆតា​ដូច​ជា​ចចក​ Lee Jae Hee  ប្អូន​ប្រុស​មិត្ត​សម្លាញ់​ Tae Sang ក៏​លង់​ស្រលាញ់​ Mi Do  ដូច​គ្នា​ដែរ​។​

រឿង​ភាគ​ស្នេហា​ “When A Man In Love” បញ្ចាំង​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ MBC​ គឺ​ជា​រឿង​ដ៏​ល្បីល្បាញ​មួយ​ដែល​បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​បំផុត​​​។ រឿង​នេះ​ត្រូវ​បាន​បញ្ចាំង​ជូន​ទស្សនា​រៀង​រាល់​ថ្ងៃពុធ ​និង​ព្រហស្បត្តិ៍​វេលា​ម៉ោង​​ ៩​និង​៥៥​នាទី​ម៉ោង​នៅ​ប្រទេស​កូរ៉េ​ ចាប់​តាំង​ពី​ ថ្ងៃ​ទី​៣​ ខែ​សីហា​កន្លង​មក​។
តើ​ស្នេហា​ត្រីកោណ​ ប្រុស​ពី​រ​ស្រី​មួយ​រវាង​ Tae Sang , Mi Do និង​ Jae Hee នឹង​បញ្ចប់​ទៅ​ដោយ​របៀប​ណា​? តើ​ Mi Do ​នឹង​​ជ្រើស​រើស​អ្នក​ណា​រវាង​ Tae Sang និង Jae Hee ?
Shin Se Kyung ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ និង​គាំទ្រ​ខ្លាំង​ពី​សំណាក់​ប្រជា​ជន​កម្ពុជា​តាមរយៈ​រឿង​ភាគ​ល្បី​ “​ស្ដេច​ម៉ូដ​​​​​​​” ក្នុង​ខណៈ​ដែល​ Song Seung Hoon កំពុង​មាន​វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍​កម្ពុជា​រាល់ថ្ងៃ​តាមរយៈ​រឿង “កំពូល​វេជ្ជ​បណ្ឌិត​ជ្រែក​ភព”​៕​
ប្រែសម្រួល ៖ សុខា នីកា
ប្រភព ៖ asianwiki
រូបភាព ៖ deiner