បញ្ហាសុខភាពយុវជនត្រូវបានគេលើកយកមកធ្វើជាប្រធានបទសំខាន់ សម្រាប់ការប្រកួតនេះ។ សំណួរដែលគេបានចោទសួរនោះគឺ «តើសព្វថ្ងៃនេះ បញ្ហាសុខភាពដែលប្រឈមមុខជាមួយនឹងយុវជនមានបញ្ហាអ្វីដែលសំខាន់ជាង គេ?»។ ក្នុងនោះមានសំណេរតែងសេចក្តីច្រើនជាង ៨០០ ច្បាប់មកពីជាង ៣០ ប្រទេសត្រូវបានគេដាក់ដើម្បីចូលរួមក្នុងការប្រកួត។
ម្ចាស់អត្ថបទ «ការធ្វើបាប ឬធ្វើទុក្ខបុកម្នេញទាំងផ្លូវកាយ និងផ្លូវចិត្ត (bullying)» កញ្ញា ស៊ូហ្សូ លីដា អាយុ ២២ឆ្នាំ បានឲ្យដឹងថា ទោះបីជាអត្ថបទរបស់កញ្ញាមិនបានទទួលនូវចំណាត់លេខមួយក៏ដោយ ក៏ប្រទេសយើងមានតំណាងមួយក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ហើយកញ្ញាអាចបង្ហាញថា បញ្ហារបស់ពិភពលោកគឺជាបញ្ហាកំពុងកើតឡើងក្នុង ប្រទេសកម្ពុជា។
យោងតាមអង្គការសុខភាពពិភពលោក [ដកស្រង់ពីសំណេររបស់កញ្ញា លីដា] បានឲ្យដឹងថា «bullying» ជាប្រភេទអំពើហិង្សាកើតឡើងញឹកញាប់ក្នុងចំណោមយុវជនអាយុពី ១០ ទៅ ២៨ឆ្នាំ ដែលត្រូវបានគេផ្តល់លក្ខណៈថាជាការធ្វើបាបផ្លូវកាយ និងចិត្ត ម្តងហើយម្តងទៀត រួមមានការមើលងាយ ការឌឺដង ការគំរាមកំហែង និងការយាយីរំខានក្នុងបំណងចង់បង្កការឈឺចាប់ដល់ជនរងគ្រោះ។ «bullying» មានច្រើនប្រភេទដូចជា បែបវាចា បែបផ្លូវកាយ និងចិត្ត រហូតដល់បែប «bullying» នៅតាមប្រព័ន្ធអ៊ីនធឺណិតក៏មានច្រើនផងដែរ។
កញ្ញា លីដា បានពន្យល់ពីបញ្ហា «bullying» នៅក្នុងសង្គមខ្មែរថា៖ « ក្មេងសិស្សសាលា និងយុវជនចូលចិត្ត «bullying» ណាស់។ ខ្ញុំមិនហ៊ាននិយាយថា បញ្ហានេះមានច្រើនជាងគ្រោះថ្នាក់ចរាចរណ៍ និងជំងឺអេដស៍ទេ ប៉ុន្តែបញ្ហានេះវាពិតជាបានប៉ះពាល់ទៅដល់យុវជនជាច្រើនរួមទាំង ផ្លួវកាយផង និងផ្លូវចិត្តផងដែលអាចបំបាក់ស្មារតីយុវជនទៀតផង។ បើវាកាន់តែធ្ងន់ធ្ងរក្មេងអាចសម្លាប់ខ្លួនឯង ឬខូចចិត្ត អត់ចេញទៅក្រៅ អត់ញ៉ាំបាយជាដើម»។
កញ្ញាបានបន្តថា មានយុវជនជាច្រើនធ្លាប់ត្រូវបានគេធ្វើបាបកាលពីនៅក្មេងដូចជាគេ ស្អប់ គេជេរ គេវាយជាដើម។
កញ្ញាសារភាពថា កញ្ញាផ្ទាល់ក៏ធ្លាប់មានបទពិសោធទទួលការធ្វើបាប «bullying» ដែរ។
លីដា បានរំឭកពីបទពិសោធផ្ទាល់ខ្លួនដែលត្រូវបានគេធ្វើបាបនៅពេលរៀន នៅវិទ្យាល័យថា៖ «គេអត់ចូលចិត្តយើង ដោយសារយើងអត់ដូចគេ ធ្វើអីខុសគេ យើងអត់ចូលចិត្តរបស់ដូចគេ ហើយគេមើលងាយជាពាក្យសម្តី មានទាំងការវាយតិចតួចផងដែរ ប៉ុន្តែវាមិនធ្ងន់ធ្ងរទេ»។
កញ្ញា លីដា បានបន្តថា៖ «នៅស្រុកខ្មែរខ្ញុំគិតថា បញ្ហានេះកំពុងតែប្រឈមខ្លាំង ព្រោះថា នៅថ្នាក់វិទ្យាល័យ យើងឃើញក្មេងៗឧស្សាហ៍វាយគ្នាដោយមូលហេតុផ្សេងៗជាច្រើន រួមទាំងរឿងដណ្តើមសង្សារគ្នាផងដែរ។ ជួនកាលក្មេងៗដែលពូកែនៅក្នុងថ្នាក់ត្រូវបានគេសម្លុតវាយធ្វើបាប ដើម្បីឲ្យធ្វើលំហាត់ឲ្យគេក៏មាន»។
កញ្ញាបានបន្តទៀតថា៖ «ខ្ញុំគិតថា មានករណី «bullying» ជាច្រើនទៀតនៅលើអ៊ីនធឺណិត ដូចជាការវាយប្រហារគ្នា ការសរសេរ ឬបង្ហោះរូបភាពមិនល្អរបស់នរណាម្នាក់ជាដើម។
កញ្ញាបានលើកឡើងជាឧទាហរណ៍ដែលបានកើតឡើងនៅសហរដ្ឋអាមេរិកថា ចំពោះករណីនេះមានរហូតដល់ការធ្វើអត្ដឃាតទៀតផង។
យោងតាមការស្រាវជ្រាវថ្នាក់ជាតិដែលបានផ្សព្វផ្សាយរបាយការណ៍ មួយក្រោមចំណងជើងថា «ឈប់ប្រើអំពើហិង្សាមកលើយើង» (Stop Violence Against Us) ដែលបានសិក្សាលើក្មេងប្រុស និងស្រីចំនួន ១៣១៤ នាក់បានឲ្យដឹងថា ៣៦ ភាគរយនៃក្មេងៗទំាងនោះបាននិយាយថា ពួកគេត្រូវបានគេធ្វើបាប (bullying) ព្រោះពួកគេខុសពីគេ។ ៤៥ ភាគរយក្នុងចំណោមនោះបាននិយាយថា ករណីនៃការធ្វើបាបនោះមានលក្ខណៈធ្ងន់ធ្ងរហើយករណីខ្លះបានកើត ចំពោះក្មេងពិការផងដែរ។
អ្វីទៅដែលជួយជំរុញ លីដា ឲ្យចង់សរសេរ?
លីដា បានឆ្លើយតបនឹងសំណួរនេះថា ពេលខ្លួននៅពេលយើងពិបាកចិត្ត យើងមិនដឹងថា ត្រូវប្រាប់អ្នកណាទេ មានតែការសរសេរនេះនាំឲ្យយើងមានការធូរស្រាលដែលអាចកាត់បន្ថយ ស្ត្រេសផងដែរ។ ម្យ៉ាងទៀត លីដា មានចំណេះដឹងផ្នែកភាសា ហើយចង់បំបែកចំណេះដឹងភាសានេះឲ្យកាន់តែទូលំទូលាយ។
មតិផ្តាំផ្ញើទាក់ទងនឹងការសរសេរអត្ថបទ
ក្នុងនាមជាគ្រូភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស ជាជ័យលាភីអ្នកនិយាយល្អជាងគេរបស់ IFL open debate forum ឆ្នាំ២០១៣ និងជាសមាជិកម្នាក់ក្នុងក្រុម business plan champion [ចំណាត់ថ្នាក់លេខបី] ដែលរៀបចំដោយ AIESEC ក្នុង ឆ្នាំ២០១៣ កញ្ញា លីដា បានលើកទឹកចិត្តដល់យុវជនដែលមានចំណាប់អារម្មណ៍ក្នុងការសរសេរថា៖ «អ្នកគួរសរសេរឲ្យច្រើន។ សរសេរពីអ្វីក៏បានដែរពីព្រោះពេលដែលអ្នកសរសេរវាធ្វើឲ្យភាសា របស់អ្នកកាន់តែប្រសើរ»។ កញ្ញាបន្តថា៖ «ក្មេងៗតែងតែយល់ខុសនៅពេលដែលគេឃើញនរណាម្នាក់ជាប់រង្វាន់អ្វី មួយ ពួកគេតែងគិតថា គេនោះល្អ គេនោះពូកែ តាមពិតគេមិនមានអ្វីខុសពីយើងទេ គ្រាន់តែគេផ្តល់ឱកាសឲ្យខ្លួនឯង»។
គន្លឹះសំខាន់ៗក្នុងការសរសេរអត្ថបទប្រកួតរបស់កញ្ញា ស៊ូហ្សូ លីដា
១. ត្រូវមើលសំណួរគេឲ្យច្បាស់។ បើឆ្លើយចាកសំណួរ គេនឹងមិនមើលការសរសេរយើងទេ។
២. ត្រួតពិនិត្យភាសាអង់គ្លេស និងឧស្សាហ៍មើលឡើងវិញ។
៣. ត្រូវមើលកាលកំណត់ និងការណែនាំ និងការទាមទាររបស់គេ។
៤. ត្រូវមានអំណះអំណាងច្បាស់លាស់ ការពិតមានតួរលេខ កុំបំផ្លើសការពិត ត្រូវដាក់ប្រភពដែលយើងយកព័ត៌មាននោះផង។
៥. សរសេរឲ្យបានច្រើន។
គួរបញ្ជាក់ផងដែរថា កញ្ញា ស៊ូហ្សូ លីដា មានឪពុកជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងម្តាយគឺជាប្រធានការិយាល័យគណនេយ្យរបស់រតនាគារជាតិ។ ប្រវត្តិនៃការសិក្សាកាលពីថ្នាក់បឋមគឺរៀននៅសាលា អូឡាំពិក ស្គូល និងបន្តថ្នាក់វិទ្យាល័យនៅ សាលាប៊ែលធី។
ក្នុង ឆ្នាំ២០០៩ កញ្ញាបានជាប់អាហារូបករណ៍ចូលសិក្សានៅវិទ្យាស្ថានភាសាបរទេស(IFL)។
ក្នុង ឆ្នាំ២០១៣ កញ្ញា ស៊ូហ្សូ លីដា បានបញ្ចប់បរិញ្ញាបត្រភាសាអង់គ្លេសជំនាញផ្នែកអប់រំ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្នុង ឆ្នាំ២០១៣ កញ្ញាបានក្លាយជាគ្រូបង្ហាត់ភាសាអង់គ្លេសនៅឯវិទ្យាស្ថានភាសា បរទេសរហូតមកដល់សព្វថ្ងៃ៕ By Phnom Penh Post
No comments:
Post a Comment