សមាហរណកម្មសេដ្ឋកិច្ចអាស៊ានគឺជាកិច្ចព្រមព្រៀងមួយដែលអនុញ្ញាត ឲ្យប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ធ្វើការពង្រីកនូវ សេដ្ឋកិច្ចរបស់ខ្លួនបានទូលំទូលាយជាងមុន។ សមាហរណកម្មនេះ នឹងចូលជាផ្លូវការនៅចុង ឆ្នាំ២០១៥ ខាងមុខនេះ។ គោលដៅសំខាន់ៗក្នុងការធ្វើសមាហរណកម្មនេះរួមមានការបង្កើតទីផ្សារ ផលិតផលរួមមួយ បង្កើតតំបន់មួយដែលមានការប្រកួតប្រជែងសេដ្ឋកិច្ចខ្លាំង បង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ឲ្យមានភាពស្មើគ្នា និងបង្កើតតំបន់មួយដែលមានទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់ក្នុង ពិភពលោក។ ជារួមសមាហរណកម្មនេះនឹងប្រែក្លាយឲ្យអាស៊ានទៅជាតំបន់មួយដែល ចរន្តនៃទំនិញ សេវាកម្ម ការវិនិយោគទុន កម្លាំងពលកម្មជំនាញ និងដើមទុនមានភាពសេរី។ នេះបើយោងទៅលើគេហទំព័ររបស់អាស៊ាន។
តើកម្ពុជាត្រៀមខ្លួនរួច ឬនៅដើម្បីសមាហរណកម្មអាស៊ាន?
ជាការពិត ចក្ខុវិស័យសម្រាប់សមាហរណកម្មអាស៊ានក្នុង ឆ្នាំ២០១៥ កាន់តែឈានទៅមុខរឹតតែច្បាស់បន្តិចម្តងៗ ប៉ុន្តែមិនមែនមានមនុស្សច្រើនទេដែលអាចមើលឃើញនូវរូបភាពច្បាស់ លាស់ណាមួយនៃសមាហរណកម្មនេះថា មានន័យយ៉ាងណាចំពោះ ប្រទេសកម្ពុជា ឡើយ។
កន្លងមកមានយុវជនជាច្រើនបានបញ្ចេញមតិថា ពួកគេមានការព្រួយបារម្ភថា ដល់ពេលនោះប្រទេសដទៃដែលមានជំនាញខ្ពស់ មានការអប់រំបានល្អ មានជំនាញភាសាអង់គ្លេសល្អ នឹងស្រូបយកទីផ្សារការងារអស់ ហើយយុវជន កម្ពុជា នឹងគ្មានការងារធ្វើ។
តើការព្រួយបារម្ភយ៉ាងនេះសមហេតុផលដែរឬទេ?
ទាក់ទងនឹងបញ្ហាខាងលើលោកបណ្ឌិត កែម ឡី បានយល់ឃើញថា សមាហរណកម្មនេះហាក់បីដូចជានៅមិនទាន់ដល់ពេលទេ។ បើតាមយោបល់របស់លោក បានបង្ហាញថា កម្ពុជាគួរតែពន្យារពេលសិន អាចដល់ ឆ្នាំ២០២០។ ទន្ទឹមនឹងនោះ កម្ពុជា ត្រូវពង្រឹងជាចាំបាច់លើវិស័យអប់រំបណ្ដើរៗផង។
លោកបានបន្តទៀតថា នៅពេលដែលយើងចូលក្នុងសមាហរណកម្មប្រទេសដែលខ្លាំងនឹងទទួលបានផល ប្រយោជន៍ច្រើន ព្រោះប្រទេសគេខ្លាំងខាងផ្នែកផលិតផល។ គេអាចនាំចូលមកប្រទេសយើងដោយអត់ពន្ធនាំចូល។ ត្រង់ចំណុចនេះនាំឲ្យប្រទេសយើងខាត ព្រោះថាប្រាក់ចំណូលរបស់ប្រទេសយើង ៣៥ ភាគរយទៅ ៤៥ ភាគរយបានមកការបង់ពន្ធទំនិញនាំចូល។ ម៉្យាងទៀតយើងមិនមានទំនិញនាំចេញច្រើនទេ។ យើងពឹងលើពន្ធនាំចូល និងជំនួយបរទេស។
ចំណុចខាតមួយទៀតដែលលោក លើកឡើងនោះគឺលំហូរចូលនៃប្រជាជនក្នុងតំបន់។ ប្រជាជនក្នុងបណ្តាប្រទេសអាស៊ានភាគច្រើនសម្បូរធនធានមនុស្ស គេមានអ្នកចេះដឹងច្រើន គេចេះភាសាច្រើន ចំណែកយើងនៅខ្សោយជាងគេ ដូចនេះតំណែងល្អៗនឹងត្រូវបាត់បង់សម្រាប់ប្រជាជនខ្មែរយើង។
ទាក់ទងនឹងសំណួរដែលសួរថា តើខ្មែរយើងនឹងបានចំណេញអ្វីពីសមាហរណកម្មនេះ លោកបានបកស្រាយថា យើងអាចចំណេញលើរឿងនយោបាយ។ មានន័យថា ខ្មែរមានការគាំទ្រដោយសារការចូលរួមជាមួយប្រទេសនានាក្នុងតំបន់ នេះ។ មួយទៀតវាផ្តល់ផលប្រយោជន៍ទៅលើអ្នកដែលមានលទ្ធភាពប្រកួតប្រជែង ប៉ុន្តែនេះមានចំនួនភាគតិចប៉ុណ្ណោះ។ និយាយរួមខាងនយោបាយអាចចំណេញតែប្រជាជនខាត។
LIFT បានព្យាយាមទាក់ទងទៅលោកបណ្ឌិត កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលោក បណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សារដ្ឋាភិបាលតែមិនបានសម្រេចដោយសារតែលោកទាំងពីរជាប់ រវល់។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះមន្ត្រីរដ្ឋាភិបាលមួយរូបក្នុងក្រសួងការងារ បានមានប្រសាសន៍ថា កម្ពុជា មិនទាន់ត្រៀមខ្លួនរួចជាស្រេចនៅឡើយទេ [ក្នុងរយៈពេលខ្លី] ដើម្បីចូលរួមក្នុងទីផ្សារតែមួយក្នុងតំបន់។
LIFT នឹងធ្វើការប្រៀបធៀបលើវិស័យមួយចំនួនរវាងបណ្តាប្រទេសក្នុងតំបន់ អាស៊ានដើម្បីជាទុនខ្លះៗដល់យុវជនដើម្បីឲ្យយល់ដឹងបន្ថែមពីប្រទេស ដទៃៗទៀតក្នុងតំបន់៕
No comments:
Post a Comment