Wednesday, January 8, 2014

រាជរដ្ឋាភិបាល សម្រេច​បង្កើត​ខេត្ត​ត្បូងឃ្មុំ​មួយទៀត បំបែក​ចេញពី​ខេត្ត​កំពង់ចាម​​




















ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់​បង្គាប់​បង្កើត​ខេត្ត​ត្បូងឃ្មុំ​មួយទៀត ដែល​ត្រូវបាន​បំបែក​ចេញពី​ខេត្ត​កំពង់ចាម តាម​សំណើរ​របស់​រាជរដ្ឋាភិបាល​។​
​ខេត្ត​ត្បូងឃ្មុំ​នេះ កាត់​យក​ក្រុង​ចំនួន​១ និង​ស្រុក​ចំនួន​៦​ពី​ខេត្ត​កំពង់ចាម គឺ​ក្រុង​សួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់​។​
​សេចក្តី​ត្រាស់​បង្គាប់​របស់​ ព្រះមហាក្សត្រ ចុះ​ព្រះ​ហត្ថលេខា​នៅ​ថ្ងៃទី​៣១​ខែ​ធ្នូ ឆ្នាំ​២០១៣ បង្ហាញថា ទីតាំង​សាលាខេត្ត​ត្បូង​ឃុំ នឹង​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើរ​របស់​ក្រសួងមហាផ្ទៃ​។​ ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប់​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ទទួល​បន្ទុក​អនុត្ត​ព្រះរាជក្រឹត្យ ចាប់ពី​ថ្ងៃ​ឡាយព្រះហស្ថលេខា​នេះ​តទៅ​។​
​ខេត្ត​កំពង់ចាម ជា​ខេត្ត​ធំ​ទី​១១​ក្នុង​ចំណោម​ខេត្ត​ក្រុង​ចំនួន​២៤ ដែល​មាន​ផ្ទៃដី​សរុប​៩៧៩៩​គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​ប្រមាណ​ជា​១៦៨០៦៩៤(​តាម​ជំរឿន​ឆ្នាំ​២០០៨)​។ ខេត្ត​មួយ​នេះ ជា​ខេត្ត​ដែល​មាន​ប្រជាជន​ច្រើនជាងគេ​។ ខេត្ត​មួយ​នេះ មាន​ក្រុង​សរុប​ចំនួន​២ និង​ស្រុក​ចំនួន​១៥​។​
​កាល​ពី​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ ខែកក្កដា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​អាសនៈ​ចំនួន​១០​លើស​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២ ដែល​ទទួលបាន​តែ​៨​អាសនៈ​។
​កំពង់ចាម មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​កំពង់ឆ្នាំង កំពង់ធំ ក្រចេះ ព្រៃវែង កណ្តាល ហើយក៏​ជាប់​នឹង​ប្រទេស​វៀតណាម​នៅ​ភាគ​ខាងកើត​ផងដែរ​៕ ប្រភពពី៖ VOD
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

No comments:

Post a Comment