កញ្ញា អៀ ម៉ីនា អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃសាលា Singapore International School
«ខ្ញុំចាប់អារម្មណ៍លើការស្វែងយល់ព័ត៌មានតាមរយៈអនឡាញ (online)
ច្រើនជាង ដូចជា ហ្វេសប៊ុក ជាដើម។ សំខាន់ខ្ញុំអាចទទួលបានព័ត៌មានលើ
ហ្វេសប៊ុក លឿនជាងប្រភពដទៃ។ ខ្ញុំចូលចិត្តតាមដានព័ត៌មានជាតិ
អន្តរជាតិ និងកម្មវិធីកម្សាន្ដ។ ទាក់ទងនឹងការអប់រំវិញ
ខ្ញុំក៏អាចមើលជាវីដេអូអប់រំក្នុង Youtube ផងដែរ។
មុនពេលស្គាល់អ៊ីនធឺណិតខ្ញុំមើលទូរទស្សន៍
ហើយកម្មវិធីដែលខ្ញុំមើលភាគច្រើនទាក់ទងនឹងកុមារល្បែងកម្សាន្ដ
ចម្រៀង និងខ្សែភាពយន្ដជាដើម។ ឥឡូវនេះ
ថ្ងៃខ្លះខ្ញុំអត់មើលទូរទស្សន៍ផង។ និយាយពីផលប៉ះពាល់វិញ
ការចំណាយពេលលើអនឡាញច្រើនពេកធ្វើឲ្យខ្ញុំអត់បានមើលសៀវភៅ»៕
កញ្ញា សំ រ៉ាស៊ី អាយុ ២១ឆ្នាំ ជានិស្សិតផ្នែក សេដ្ឋកិច្ច នៃសាកលវិទ្យាល័យ បញ្ញាសាស្ត្រ
«ខ្ញុំចំណាយពេលលើអ៊ីនធឺណិត ជាមធ្យម ច្រើនជាង ៥
ម៉ោងក្នុងមួយថ្ងៃ
ពីព្រោះទិន្នន័យដែលខ្ញុំត្រូវរកសម្រាប់កិច្ចការសាលាភាគច្រើនមាន
នៅលើអនឡាញដែលទិន្នន័យទាំងនេះអាចរកបានច្រើនជាងពីទូរទស្សន៍។
ទូរទស្សន៍គ្រាន់តែបង្ហាញអ្វីដែលសំខាន់ៗរយៈខ្លីប៉ុណ្ណោះ
តែចំពោះអនឡាញខ្ញុំអាចចូលមើលឡើងវិញពេលណាក៏បាន។ លើសពីនេះ
ខ្ញុំអាចបង្កើតចំណេះដឹងភាសាអង់គ្លេសរបស់ខ្ញុំបានទៀតផងតាមរយៈ
ការអានតាមអនឡាញ។ បើទោះជាមើលទូរទស្សន៍ក៏ដោយ
ក៏ខ្ញុំកម្រមើលប៉ុស្ត៍ខ្មែរណាស់ ខ្ញុំចូលចិត្ដប៉ុស្ត៍ Discovery,
Cartoon Network, Star World ជាដើម»៕
លោក លឹម សេងឃួន អាយុ ២១ឆ្នាំ ជានិស្សិតផ្នែក ឱសថសាស្ត្រ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល
«អនឡាញ ពិតជារហ័ស
ហើយយើងអាចយល់ដឹងព័ត៌មាននានាពីប្រភពច្រើនតែសម្រាប់ទូរទស្សន៍វិញ
ទាល់តែដល់ម៉ោងព័ត៌មានទើបយើងអាចមើល បាន។
ចំណែកឯម៉ោងព័ត៌មានភាគច្រើនចំពេលដែលយើងសិក្សា។
កម្មវិធីទូរទស្សន៍ដែលចូលចិត្តមើលជាងគេគឺរឿងភាគ
ដូចជារឿងកូរ៉េជាដើម។ ចំពោះ អនឡាញ
យើងអាចទទួលបានព័ត៌មានច្រើនមែនប៉ុន្ដែដោយសារតែបានមកពីប្រភព
ច្រើននេះហើយ ទើបពេលខ្លះយើងត្រូវតែពិចារណាថា
គួរជឿឬក៏មិនជឿដែរ។ ភាគច្រើន
ខ្ញុំចូលចិត្តមើលព័ត៌មានអន្តរជាតិច្រើនជាងព័ត៌មានក្នុងស្រុក។
ខ្ញុំគិតថា ទូរទស្សន៍ស្រុកយើងគួរតែបង្កើតម៉ោងព័ត៌មាន
និងកម្មវិធីអប់រំឲ្យបានច្រើន»៕
កញ្ញា ឃុន ណៃហៀក អាយុ ២២ឆ្នាំ ជាអ្នកទំនាក់ទំនង និងសម្របសម្រួលរបស់អង្គការ ទស្សនៈពិភពលោក
«ខ្ញុំចូលចិត្តទាំងពីរពីព្រោះថ្វីបើ អនឡាញ
យើងអាចមើលអ្វីផ្សេងៗបានមែនតែសម្រាប់
ទូរទស្សន៍យើងអាចមើលការផ្សាយផ្ទាល់បាន។ យើងអាចប្រើប្រាស់ អនឡាញ
ដើម្បីទំនាក់ទំនង និងទទួលព័ត៌មាន
ហើយម្យ៉ាងទៀតយើងក៏អាចមើលអ្វីដែលមានពីមុនមកបាន។
ពេលខ្ញុំមើលទូរទស្សន៍
ខ្ញុំត្រូវផ្ដោតអារម្មណ៍លើអ្វីដែលមានលើអេក្រង់
ពីព្រោះអត់មានឱកាសមើលទៀត តែចំពោះ អនឡាញ
ខ្ញុំអាចផ្អាកទុកសិនរួចចាំមើលទៀតក៏បាន។ យ៉ាងណាមិញ
ការស្វែងរកព័ត៌មានផ្សេងៗលើ អនឡាញ តម្រូវឲ្យភ្ជាប់អ៊ីនធឺណិតហើយ
ទោះតិចឬច្រើនក្ដី ខ្ញុំត្រូវចំណាយប្រាក់ដើម្បីប្រើប្រាស់វា»៕
អ្នកស្រី ប៉េង ម៉ារីណា អាយុ ៤០ឆ្នាំ ជា អាជីវករ
«ខ្ញុំចូលចិត្តមើលកម្មវិធីទូរទស្សន៍ដូចជា ព័ត៌មានជាតិ អន្តរជាតិ
និង សេដ្ឋកិច្ច។ ប៉ុន្ដែខ្ញុំគិតថា
អ្វីដែលមាននៅក្នុងទូរទស្សន៍សព្វថ្ងៃនេះនៅមិនទាន់ទូលំទូលាយទេ
ជាពិសេស ព័ត៌មានដែលគួរឲ្យទុកចិត្តជាច្រើន
ខ្ញុំទទួលបានតាមរយៈកាសែត។ ខ្ញុំមិនថា
ទូរទស្សន៍ក្នុងស្រុកផ្សាយព័ត៌មានមិនល្អទេ
តែខ្ញុំគ្រាន់តែចង់បានព័ត៌មានដែលមនុស្សគ្រប់វ័យចង់មើល»៕
By Phnom Penh Posh
No comments:
Post a Comment