ផែនទីដែលមានលក្ខណៈចលនាដែលគេហទំព័រ Open Development Cambodia (ODC) បានបង្កើតពីរូបភាពផ្កាយរណប ណាស្សា (NASA) បានបង្ហាញលម្អិតអំពីការបំផ្លាញខ្លាំងក្លាទៅលើព្រៃឈើរបស់ប្រទេស កម្ពុជា ជាការបំផ្លាញដែលបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈកាល ៥ ឆ្នាំចុងក្រោយនេះ។ គេហទំព័រ ODC បានឲ្យដឹងថា៖ «ការវិភាគរូបភាពផ្កាយរណបបង្ហាញថា ក្នុងឆ្នាំ ១៩៧៣ ប្រហែល ៧២,១១ ភាគរយនៃទំហំប្រទេស កម្ពុជា ត្រូវបានគ្របដណ្តប់ដោយព្រៃឈើ»។ «រូបភាពថ្មីៗក៏បានបង្ហាញថា គម្របព្រៃឈើបច្ចុប្បន្នមានតិចទៅៗគឺចំនួន ៤៦,៣៣ ភាគរយ ដោយរួមបញ្ចូលទាំងចម្ការកៅស៊ូ»។ ក្នុងឆ្នាំ ១៩៧៣ ទិន្នន័យរបស់ ODC បង្ហាញថា ប្រហែល ៤២ ភាគរយនៃប្រទេសត្រូវបានគ្របដណ្តប់ដោយព្រៃក្រាស់ ដែលតួលេខនេះបានធ្លាក់ចុះមកតិចជាង ១១ ភាគរយនៅក្នុងឆ្នាំ ២០១៣។ ផែនទីនេះបង្ហាញអំពីការបំផ្លិចបំផ្លាញព្រៃឈើទូទាំងប្រទេស ជាពិសេសនៅភាគខាងជើង ភាគឦសាន ភាគខាងលិច និងភាគនិរតី។ ខណៈចលនានៃរូបភាពផែនទី ដែលចលនានីមួយៗមានរយៈពេលប្រហែល ២ នាទី បង្ហាញពីឆ្នាំ ១៩៧៣ ដល់ ២០១៣ រូបភាពនៃព្រៃឈើក្រាស់ទាំងនោះបានបាត់បង់ក្នុងអត្រាយ៉ាងលឿន ហើយបានក្លាយជាតំបន់មិនមានព្រៃឈើឬ «ព្រៃឈើចម្រុះ»។ តំបន់ទាំងនេះអាចរួមបញ្ចូលទាំងដីអភិវឌ្ឍន៍ដាំកៅស៊ូ និងចម្ការកៅស៊ូដទៃៗទៀត។
ទិន្នន័យបង្ហាញទៀតថា ចាប់តាំងពីឆ្នាំ ១៩៧៣ ភាគរយនៃដីសរុបដែលជាព្រៃចម្រុះ បានកើនឡើងពី ៣០ ភាគរយដល់ ៣៥ ភាគរយ។
គេហទំព័រនេះបានបង្ហាញទៀតថា៖ «ការវិភាគអំពីព្រៃឈើមុនសង្រ្គាម ដោយប្រៀបធៀបទៅនឹងគម្របព្រៃឈើក្នុងឆ្នាំ ១៩៨៩ បានបង្ហាញការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ ខណៈការផ្លាស់ប្តូរខ្លាំងគឺចន្លោះពីឆ្នាំ ២០០០ និង ២០១៣»។
ចំនួនដ៏ធំនៃតំបន់អភិរក្សសត្វព្រៃ ស្នួល ក្នុងខេត្ត ក្រចេះ ត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្នុងរយៈកាលបួនឆ្នាំចុងក្រោយ នេះ ខណៈតំបន់ឧទ្យានជាតិ វីរជ័យ ក្នុងភាគឦសាននៃប្រទេសបានបាត់បង់ព្រៃក្រាស់របស់ខ្លួន។
លោក ធី ទ្រី អគ្គនាយកនិងជានិពន្ធនាយកនៃគេហទំព័រ ODC បានថ្លែងកាលពីម្សិលមិញថា តួនាទីរបស់អង្គការ លោកគឺមិនផ្តល់ការវិភាគទេ។ ដូចគ្នាដែរ ODC មិនបានទាញភ្ជាប់រវាងទិន្នន័យនិងព្រឹត្តិការណ៍ដែលកើតឡើងនៅពេល នោះទេ។ លោកបន្តទៀតថា៖ «ប៉ុន្តែប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការរៀនបន្ថែមទៀតអំពី ភ្នំ ក្រវាញ ក្នុងចន្លោះពីឆ្នាំ ១៩៩៩‑២០០០ អ្នកអាចធ្វើការស៊ើបអង្កេតទៅលើសម្បទានដីសេដ្ឋកិច្ចនិង តំបន់រីកចម្រើនដទៃទៀតដែលកើតឡើងក្នុងតំបន់ដូចគ្នា ហើយធ្វើការសន្និដ្ឋានត្រឹមត្រូវ»។
ក្នុងដើមទសវត្សរ៍ឆ្នាំ ២០០០ រដ្ឋាភិបាល បានចាប់ផ្តើមប្រើប្រាស់ដីដើម្បីទាក់ទងវិនិយោគិន និងបានដាក់ចេញនូវច្បាប់ភូមិបាលថ្មី ហើយដែលក្នុងនោះផងដែរ ផ្តោតទៅលើការផ្តល់សម្បទានដីសេដ្ឋកិច្ច។ ក្រុមអង្គការសិទ្ធិមនុស្សបានថ្លែងថា ដីរាប់លានហិកតា ដែលដីមួយផ្នែកស្ថិតនៅក្នុងតំបន់ព្រៃអភិរក្ស ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនឯកជន សម្រាប់ការអភិវឌ្ឍ ហើយប្រជាជនរាប់សែននាក់បានទទួលរងគ្រោះពីជម្លោះដីធ្លី។
លោក Marcus Hardtke អ្នកសម្របសម្រួលកម្មវិធីសម្រាប់អង្គការអភិរក្សអាល្លឺម៉ង់ឈ្មោះ ARA បានថ្លែងថា បញ្ហាជាប់ពាក់ព័ន្ធគ្នាដោយផ្ទាល់រវាងអភិបាលកិច្ចថ្នាក់ខ្ពស់ បំផុតជាមួយនឹងការផ្តល់សម្បទានដីសេដ្ឋកិច្ចនិងទំហំនៃការបំផ្លាញ ព្រៃឈើគួរត្រូវបានផ្តោតចំណាប់អារម្មណ៍។ លោកបន្តថា៖ «ការបំផ្លាញព្រៃឈើវាខ្លាំងក្លា។ រឿងទាំងមូលគឺមិនត្រូវបានបញ្ចូលក្នុងច្បាប់កម្ពុជាទេ។ ទំហំនៃបញ្ហានោះគឺមានលក្ខណៈគួរឲ្យរន្ធត់»។
លោក Hardtke បានថ្លែងបន្តថា ផែនទីរបស់ ODC ផ្តល់នូវរូបភាពទាំងស្រុងទូទាំងប្រទេសនៃអ្វីដែលកំពុងកើតឡើង។ លោកបញ្ជាក់ថា៖ «ជាធម្មតា វាជារឿងតូចជាញឹកញាប់មិនឃើញរូបភាពធំ។ ប៉ុន្តែក្នុងរយៈកាលពីរបីឆ្នាំចុងក្រោយនេះពួកគេបានធ្វើការ បំផ្លាញព្រៃឈើច្រើនណាស់ក្នុងខេត្ត រតនគិរី។ រូបភាពផ្កាយរណបបង្ហាញព្រៃតិចតួចណាស់ភាគពាយព្យ គឺកំពុងត្រូវបានបំផ្លាញ។ ព្រៃទាំងនោះត្រូវបានរំពឹងថាជាតំបន់ការពារ អ្វីទាំងអស់ដែលអ្នកឃើញគឺ កៅស៊ូ កៅស៊ូ កៅស៊ូ»។
លោក Hardtke បានព្យាករណ៍ថា ការកាប់បំផ្លាញព្រៃឈើទាំងនោះ នឹងបន្តកើតមាន ប្រសិនបើមិនមានការចេញការហាមឃាត់សកម្មភាពកាប់ព្រៃឈើនៅក្នុង តំបន់សម្បទានសេដ្ឋកិច្ច និងមិនមានការពិនិត្យឡើងវិញលក្ខណៈឯករាជ្យទៅលើប្រភពក្នុងតំបន់ ទាំងនោះ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងកាលពីថ្ងៃពុធថា លោកមិនស្ថិតនៅក្នុងឋានៈធ្វើអត្ថាធិប្បាយស៊ីជម្រៅអំពីបញ្ហានេះ ទេ។ លោកបានថ្លែងថា៖ «ខ្ញុំមិនចង់ផ្តល់ព័ត៌មានខុសណាមួយទេ»។
អ្នកនាំពាក្យក្រសួងគ្រប់គ្រងដែនដីនគរូបនីយកម្មនិងសំណង់ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
លោក ទ្រី បានថ្លែងថា ទិន្នន័យបន្ថែម ដែលនិយាយអំពីខេត្តនីមួយៗ បង្ហាញថា «ខេត្ត បន្ទាយមានជ័យ កោះកុង និង តាកែវ ក៏បង្ហាញការធ្លាក់ចុះខ្លាំងផងដែរពីមួយឆ្នាំទៅមួយឆ្នាំ»។ លោកបន្តថា៖ «តាមការដឹងរបស់យើងនេះគឺជាលើកទីមួយហើយដែល ក្រុមកម្ពុជាបានធ្វើការវិភាគតាមផ្កាយរណបប្រភេទនេះ»។
នៅលើគេហទំព័ររបស់ខ្លួន ODC និយាយថា ឧបសគ្គនៅក្នុងការប្រមូលទិន្នន័យរួមមាន ពពក និងការផ្លាស់ប្តូរតាមរដូវ។ គេហទំព័រនេះ បន្តថា៖ «បើទោះបីផែនទីនេះ ដែលមានឈ្មោះ ការផ្លាស់ប្តូរគម្របព្រៃឈើជាផលិតផលនៃការវិភាគហ្មត់ចត់ លក្ខណៈលម្អៀងមួយចំនួនដែលអាចនៅតែមាន»។
ទិន្នន័យនេះបានធ្វើឡើងបន្ទាប់ពីការសិក្សាចំនួន ២ កាលពីខែមុនដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលព្រៃឈើសហគមន៍ (RECOFTC) និងសាកលវិទ្យាល័យ Marlyand បង្ហាញថា កម្ពុជាបានបាត់បង់ព្រៃឈើយ៉ាងច្រើនក្នុងរយៈពេលមួយទសវត្សរ៍ចុង ក្រោយនេះ៕ PS By Phnom Penh Post
No comments:
Post a Comment