លោក Auttapol Rerkpiboon អនុប្រធានប្រតិបត្តិជាន់ខ្ពស់បាននិយាយថា ក្រុមហ៊ុន PTT នឹងផ្ដល់សេវាប្រេងយន្តហោះនៅព្រលានយន្តទាំងពីររហូតដល់ ឆ្នាំ២០១៨ ដែលជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីកពាណិជ្ជកម្ម ប្រេង និងឧស្ម័នរបស់ខ្លួនទូទាំងតំបន់អាស៊ីអាគ្នេយ៍។នេះបើតាមកាសែត បាងកកប៉ុស្តិ៍។
លោកបន្តថា PTT បានធ្វើបច្ចុប្បន្នភាពផែនការវិនិយោគរបស់ខ្លួនសម្រាប់ពាណិជ្ជកម្ម ប្រេងក្នុងតំបន់ដែលពីមុនមានតម្លៃ ២,៤៥ពាន់លានបាតសម្រាប់ការពង្រីកចាប់ពី ២០១៤ ដល់២០១៧។
ផែនការបច្ចុប្បន្នត្រូវការប្រាក់ចំនួន ២,៨៥ពាន់លានបាតក្នុង ការធ្វើបច្ចុប្បន្នភាព និងការបង្កើតស្ថានីយចាក់សាំងថ្មីនៅកម្ពុជា ឡាវ និងហ្វីលីពីន។លោកលើកឡើងថា៖ «តម្រូវការប្រេងសាំងនៅកម្ពុជាបានកើនឡើងយ៉ាងរហ័ស ដោយសារតែការកើនឡើងវិស័យទេសចរណ៍ និងការវិនិយោគនៅក្នុងឧស្សាហកម្មធុនស្រាលជាច្រើន»។
លោក ប៊ិន ម៉ៃមាលា អនុប្រធានគ្រប់គ្រងក្រុមហ៊ុន PTT (Cambodia) បានអះអាងពីកិច្ចព្រមព្រៀងនេះថា៖ «យើងបានបន្តកិច្ចព្រមព្រៀងថ្មីចំនួន៥ជាមួយក្រុមហ៊ុន SCA ដែលទទួលបានសម្បទានពីរដ្ឋាភិបាលរយៈពេល៥ឆ្នាំទៀត ដើម្បីផ្គត់ផ្គង់ប្រេងយន្តហោះដល់ព្រលានយន្តហោះទាំងពីរនៅសៀមរាប និងភ្នំពេញ»។ លោកបន្ថែមថា៖ «កិច្ចព្រមព្រៀងនេះត្រូវបានធ្វើរួចស្រេចហើយចាប់តាំងពីដើមឆ្នាំ នេះ»។ លោកបន្តថា៖ «ជាធម្មតាយើងបន្តកិច្ចព្រមព្រៀងថ្មីជារៀងរាល់៥ឆ្នាំ ហើយកិច្ចព្រមព្រៀងរបស់យើងមិនធ្វើជាមួយរដ្ឋាភិបាលនោះទេ យើងធ្វើតែជាមួយក្រុមហ៊ុន SCA ប៉ុណ្ណោះ»។ លោកនិយាយថា ក្រុមហ៊ុននេះកំពុងធ្វើការងារជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន SCA រយៈពេល៥ឆ្នាំ ប៉ុន្តែលោកបានបដិសេធមិនប្រាប់ពីទំហំនៃការផ្គត់ផ្គង់នេះទេ។
ទិន្នន័យពីព្រលានយន្តហោះកម្ពុជាបង្ហាញថាភ្ញៀវទេសចរមកសរុប តាមរយៈព្រលានយន្តហោះអន្តរជាតិភ្នំពេញបានកើនឡើង ១៥,២៧ភាគរយមានចំនួន ៨២៩ ០៣៩ នាក់នៅក្នុងរយៈពេល៩ខែដំបូងធៀបនឹងចំនួន ៧១៩ ២០៧ នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈព្រលានយន្តហោះអន្តរជាតិសៀមរាបបានកើនឡើង ២៤,២៤ភាគរយ កើនឡើងពី ៧៦០ ៣៤៣នាក់ ដល់ ៩៤៤ ៦៦០នាក់។
ក្រុមហ៊ុន PTT រំពឹងថាទំហំនៃការលក់ប្រេងសាំងនៅប្រទេសទាំងនេះនឹងកើនឡើងត្រឹម១០ ភាគរយដល់២,២ពាន់លានលីត្រត្រឹមឆ្នាំ២០១៨ ធៀបនឹង២។ By Phnom Penh Post
No comments:
Post a Comment