សម្រាប់ការប្រកួតអន្តរជាតិ ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ គឺត្រូវធ្វើឡើងនៅលើសង្វៀនស៊ីធីអិន នារសៀលថ្ងៃសៅរ៍ ខាងមុខនេះ ហើយព្រឹត្តិការណ៍នេះត្រូវបានម្ចាស់ឧបត្ថម្ភវាយតម្លៃថាគឺជាទិសដៅ ថ្មីមួយទៀត សម្រាប់បានចូលរួមលើកស្ទួយវិស័យកីឡាប្រដាល់កម្ពុជា បន្ថែមទៅលើព្រឹត្តិការណ៍ប្រកួតកំពូលអ្នកប្រដាល់ស្រាបៀរលីអូ ប្រភេទទម្ងន់៥៧គីឡូក្រាម ដែលខ្លួនបានរៀបចំ និងកំពុងជិតបញ្ចប់ការប្រកួតជម្រុះវិលជុំទៅហើយនោះ។
តំណាង របស់ស្រាបៀរលីអូ បាននិយាយថា៖«ដូចដែលយើងបានដឹងមកហើយថា ស្រាបៀរលីអូ បានចូលរួមឧបត្ថម្ភកីឡាបាល់ទះជាច្រើនឆ្នាំមកហើយ ហើយដើម្បីជាការគាំទ្រដល់វិស័យកីឡាកម្ពុជា ក្រុមហ៊ុនក៏បានចូលរួមឧបត្ថម្ភដល់កីឡាប្រដាល់គុនខ្មែរទៀត។ បន្ថែមលើនេះក្រុមហ៊ុនក៏មានគម្រោងបន្តការជួយលើកស្ទួយដល់កីឡា ផ្សេងៗទៀតដែរ ក្នុងគោលបំណងជួយគាំទ្រប្រជាជនកម្ពុជា ដើម្បីឈានដល់ចំណាត់ថ្នាក់អន្តរជាតិ»។
សម្រាប់ការប្រកួតអន្តរជាតិមួយនេះ អ្នកលេងទម្ងន់ជើង សេន ប៊ុនថេន របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដែលធ្លាប់ប្រកួតបាន៩៨ដង ឈ្នះ៨៧ ចាញ់៨ ស្មើ៣ និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ចំនួន២២ដង នឹងត្រូវធ្វើការប្រកួតជាមួយអ្នកលេងក្បាច់មួយថៃ Fanamchock Kei Tawee។ បើតាមការឲ្យដឹងពីម្ចាស់ឧបត្ថម្ភគឺកីឡាករថៃ ដែលមានកម្ពស់១,៧៧ម៉ែត្រម្នាក់នេះ ធ្លាប់ប្រកួត៦០ ឈ្នះ៥១ និងចាញ់តែ៩ដងប៉ុណ្ណោះហេតុនេះហើយ ប៊ុនថេន ដែលអាងទៅលើតែការទាត់នោះ មិនអាចមើលស្រាល Fanamchock បានឡើយ។
ចំណែក កីឡាករវ័យក្មេងជើងខ្លាំង អ៊ុង វិរៈ របស់ក្លិបកងទ័ពឆត្រយោង៩១១ ដែលរកគូប្រកួតលែងចង់បាននៅក្នុងស្រុកនោះ ត្រូវប្រឈមជាមួយកីឡាករបារាំង Thomas Carr Gameplay ដែលមានកម្ពស់រហូតដល់១,៨១ម៉ែត្រ ឯណោះ រីឯប្រវត្តិប្រកួតរបស់កីឡាករភ្នែកប្រាក់ម្នាក់នេះគឺគេធ្លាប់ ប្រកួតបានចំនួន៤៩ដង ឈ្នះ៣៨ និងចាញ់១១ដង ហើយចំនួននេះវាប្រហាក់ប្រហែលទៅនឹង អ៊ុង វិរៈ ដែរដែលធ្លាប់ប្រកួតបាន ៥១ដង ឈ្នះ៤៤ ចាញ់៦ ស្មើ១ និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ធំនៅលើសង្វៀន១៩ដង។
កីឡាករ វ័យ១៩ឆ្នាំ អ៊ុង វិរៈ ធ្លាប់ប្រកួតអន្តរជាតិបានប្រមាណ៧ដងហើយ ប៉ុន្តែកីឡាករដ៏ល្បីឈ្មោះម្នាក់នេះ មិនដែលចាញ់កីឡាករបរទេសម្តងណាឡើយ បើទោះបីជាគូប្រកួតរបស់គេខ្ពស់ជាងគេ ឬមានកម្រិតប្រកួតដល់កម្រិតណាក៏ដោយ។ ភាពខ្លាំងរបស់ អ៊ុង វិរៈ បានធ្វើឲ្យលោក ហង្ស ស៊ឺន ដែលជាគ្រូបង្វឹកនៅតែមានការជឿជាក់ទៅលើការប្រកួតរបស់ វិរៈ លើកនេះដដែល។
លោក ហង្ស ស៊ឺន បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖«បើសិនជាខ្ញុំបានដឹងពីសមត្ថភាពពិតគូប្រកួត របស់ អ៊ុង វិរៈ ខ្ញុំពិតជាអាចព្យាករពីភាគរយដែលយើងឈ្នះមិនខាន ប៉ុន្តែដោយសារយើងមិនដែលឃើញគេ ហេតុនេះយើងបានត្រឹមត្រៀមខ្លួនក្នុងការឡើងប្រកួតប៉ុណ្ណោះ»។
លោក បានបញ្ជាក់ថា៖«ទោះបីជាយ៉ាងណា ខ្ញុំគិតថា វិរៈ របស់ខ្ញុំមានភាគរយចាញ់តិចណាស់ ព្រោះគេខិតខំហ្វឹកហាត់ណាស់ ជាពិសេសទៀតនោះ វិរៈ មានភាពរឹងមាំ និងមានចិត្តធំទៀតផង។ រីឯកម្លាំងវាយចេញរបស់ វិរៈ គឺធ្ងន់ទាំងជើង និងដៃ ហេតុនេះទោះបីជាគេម្នាក់នោះខ្លាំងយ៉ាងម៉េចក៏ដោយ ក៏ខាងយើងអាចទប់ទល់បានដែរ»៕
No comments:
Post a Comment