Thursday, November 14, 2013

IMF អំពាវនាវ​ឲ្យ ថៃ បោះបង់​គម្រោង​សន្យា​ទិញ​ស្រូវ

131114_14
កសិករ​ថៃ​កំពុង​​បញ្ជា​គ្រឿង​ចក្រ​ច្រូត​ស្រូវ​​នៅ​វាល​ស្រែ​ក្នុង​ខេត្តសុផាន​ប៊ូរី ប្រទេស​ថៃ​​។ រូបថត Bloomberg
ក្រុង បាងកកៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ថៃ​បោះបង់​កម្មវិធី​ ឧបត្ថម្ភធន​រាប់​ពាន់​លាន​បាត​របស់​ខ្លួន​សម្រាប់​កសិករ​ដាំ​ដំណាំ​ស្រូវ ដោយ​លើក​ឡើង​ថា កម្មវិធី​នេះ​កំពុង​កាត់​បន្ថយ​ទំនុក​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រទេស ថៃ។
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​នៅ ក្នុង​របាយ​ការណ៍​វាយតម្លៃ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ស្តីពី​សេដ្ឋកិច្ច​ថៃ ថា ការ​ខាត​បង់​ក្នុង​កម្មវិធី​សន្យា​ទិញ​ស្រូវ​នេះ​នឹង​បន្ត​កើត​ឡើង បើ​គោល​នយោបាយ​នេះ​នៅ​តែ​មិន​ផ្លាស់​ប្តូរ​នោះ។
កម្មវិធី​ទិញ​ស្រូវ ដែល​ជា​គោល​នយោបាយ​មួយ​ក្នុង​ចំណោម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​លោក​ស្រី នាយក​រដ្ឋ​មន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​តំបន់​ដាំ​ដំណាំ​ស្រូវ​នៅ​ប្រទេស ថៃ បាន​ខាត​បង់​កាន់​តែ​ច្រើន​យ៉ាង​ហោច​ណាស់​ចំនួន ៤,៤៦ ពាន់​លាន​ដុល្លារ ចាប់​តាំង​ពី​ប្រទេស​នេះ​បាន​អនុវត្ត​គោល​នយោបាយ​មួយ​នេះ​នៅ​ឆ្នាំ ២០១១ មក។
រដ្ឋាភិបាល​ថៃ​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ តែ​បាន​និង​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​ក្នុង​ការ​លក់​ចេញ​វិញ​នៅ​លើ​ ទីផ្សារ​អន្តរជាតិ។ គម្រោង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​ដោយ​គណៈ​រដ្ឋ​មន្ត្រី​ថៃ​សម្រាប់ អនុវត្ត​នៅ​ឆ្នាំ​ទីបី​កាល​ពី​ខែ តុលា តែ​រដ្ឋាភិបាល​ថៃ​បាន​សម្រេច​កាត់​បន្ថយ​បរិមាណ​សាច់​ប្រាក់​ទិញ​ស្រូវ​សរុប ​ពី​កសិករ​ក្នុង​មួយ​គ្រួសារ។
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ឲ្យ ដឹង​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ថា៖ «ដោយ​សារ​តម្លៃ​សន្យា​ទិញ​ស្រូវ​នេះ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ​ប្រមាណ ៤០ ភាគរយ​នោះ រដ្ឋាភិបាល​មិន​អាច​គេច​ផុត​ពី​ការ​ខាត​បង់​នោះ​ទេ ដរាប​ណា​កម្មវិធី​នេះ​នៅ​តែ​មិន​ផ្លាស់​ប្តូរ​នោះ។ រដ្ឋាភិបាល​ថៃ បាន​ផ្តល់​ថវិកា​ចំនួន ៤១០ ពាន់​លាន​បាត​ដល់​មូលនិធិ​ប្រាក់​បង្វិល​សម្រាប់​គ្រប់​គ្រង​គម្រោង​ទិញ​ ស្រូវ​នេះ​តែ​ពុំ​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ទេ​ថា​តើ​កម្រិត​នៃ​ការ​ខាត​ បង់​នេះ នឹង​ស្ថិត​នៅ​ក្នុង​ទំហំ​នៃ​មូលនិធិ​នេះ​ដែរ​ឬ​យ៉ាង​ណា​នោះ»។
អង្ករ​គឺជា​ធញ្ញជាតិ​សំខាន់​របស់​ប្រទេស​ថៃ និង​ជា​ទំនិញ​នាំ​ចេញ​មួយ​ក្នុង​ចំណោម​ទំនិញ​នាំ​ចេញ​សំខាន់​របស់​ប្រទេស​ នេះ។ តែ​ប្រទេស ឥណ្ឌា និង វៀតណាម បាន​វ៉ា​ដាច់​ប្រទេស​ថៃ​ក្នុង​នាម​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ច្រើន​ជាង​គេ​ របស់​ពិភពលោក​កាល​ពី​ឆ្នាំ ២០១២ ដោយ​សារ​រដ្ឋាភិបាល​ថៃ​ស្តុក​អង្ករ​ទុក ដើម្បី​ចៀស​វាង​ការ​ខាត​បង់​កាន់​តែ​ច្រើន។
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា កង្វះ​ទិន្នន័យ​ស្តីពី​កម្មវិធី​ទិញ​ស្រូវ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ថៃ។
ក្រុម​មន្ត្រី​ថៃ​បាន​ឲ្យ​ដឹង​ក្នុង​របាយ​ការណ៍​ដដែល​នេះ​ថា ការ​កាត់​បន្ថយ​តម្លៃ​សន្យា​ទិញ​ស្រូវ ឬ​កម្រិត​ទិញ​ស្រូវ​នេះ អាច​ជា​កត្តា​ចាំ​បាច់ ដើម្បី​បន្ត​អនុវត្ត​គោល​នយោបាយ​នេះ តែ​បាន​បញ្ជាក់​ថា គម្រោង​នេះ​គឺ​មាន​បំណង​កាត់​បន្ថយ​វិសមភាព​សេដ្ឋកិច្ច​នៅ​ប្រទេស ថៃ។
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ ផ្លាស់​ប្តូរ​កម្មវិធី​សន្យា​ទិញ​ស្រូវ និង​ឧបត្ថម្ភធន​ទូទៅ​ជាមួយ​នឹង​កម្មវិធី​មួយ​ចំនួន​ដែល​ត្រូវ​បាន​កំណត់​ ទិសដៅ​ចំពោះ​ក្រុម​ប្រជា​ពលរដ្ឋ​ងាយ​រងគ្រោះ​វិញ ដូច​ជា​គ្រួសារ​កសិករ​ដែល​មាន​ប្រាក់​ចំណូល​តិច​ជាដើម។
រដ្ឋាភិបាល ថៃ បាន អន្តរាគមន៍​ទីផ្សារ​ស្រូវ​តាម​រយៈ​មធ្យោបាយ​មួយ​ចំនួន​គិត​ចាប់​ពី​ដើម​ ទសវត្សរ៍​ឆ្នាំ ១៩៦០ មក ដើម្បី​ជួយ​កសិករ ប៉ុន្តែ​គម្រោង​បច្ចុប្បន្ន​មាន​ប្រភព​ដើម​ពី​គោល​នយោបាយ​ដ៏​មាន​ ប្រជាប្រិយភាព​របស់​បង​ប្រុស​របស់​លោក​ស្រី យីងឡាក់ គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី និង​បាន​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​រយៈ​ពេល​ពីរ​អាណត្តិ​ជាប់​គ្នា មុន​ពេល​រូប​លោក​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​កាល​ពី​ឆ្នាំ ២០០៦។
គម្រោង​នេះ​ត្រូវ​បាន​រារាំង​ដោយ​អំពើ​ពុករលួយ និង​រង​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​បាន​លក់​តួលេខ​ចំណាយ​ពិត៕ BP

No comments:

Post a Comment