ក្លិបយក្សរបស់អេស្ប៉ាញ មួយនេះបានប្រកាសកាលពីថ្ងៃចន្ទថា ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Messi វ័យ២៦ឆ្នាំ នឹងអវត្តមានក្នុងរយៈពេលពី៦ ទៅ៨សប្តាហ៍ដោយសារតែរហែកសាច់ដុំទៅលើជើងឆ្វេងរបស់គេ ដែលជារបួសជើងជាលើកទី៣របស់គេនៅរដូវកាលនេះ។
Messi បានដើរចេញទាំងឈឺចុកចាប់ក្រោយពីលេងបានត្រឹមតែ២០នាទីក្នុងពេល ក្រុម Barcelona ទទួលជ័យជម្នះក្នុងលទ្ធផល ៤-០ លើក្រុម Real Betis កាលពីថ្ងៃអាទិត្យ និងត្រូវបានជំនួសដោយខ្សែបម្រើអន្តរជាតិអេស្ប៉ាញ Andres Iniesta។
Messi បានសរសេរនៅលើទំព័របណ្តាញសង្គម Facebook របស់គេថា៖ «ដូចដែលអ្នកទាំងអស់គ្នាដឹងរួចជាស្រេច ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខ្ញុំនឹងត្រូវសម្រាកទាំងស្រុងដើម្បីព្យាបាលការរងរបួសថ្មីនេះ។ សម្រាប់ខ្ញុំ វាជាការសោកស្តាយមួយក្នុងការមិនអាចលេងជាមួយនឹងក្រុមរបស់ ខ្ញុំនៅពេលនេះ»។
កីឡាករដ៏ឆ្នើមរូបនេះបានបន្តថា៖ «បច្ចុប្បន្ន អ្វីដែលសំខាន់បំផុតគឺការជាសះស្បើយឲ្យបានល្អប្រសើរដើម្បីជួយ មិត្តរួមក្រុមរបស់ខ្ញុំ និងការផ្តល់ឲ្យវិញនូវការគាំទ្រដែលលោកអ្នកបានផ្តល់ចំពោះ ខ្ញុំក្នុងរបៀបដ៏ល្អបំផុត។ របៀបដ៏ល្អបំផុតនៃការតបស្នងនោះគឺការលេងកីឡាបាល់ទាត់។ សូមអរគុណចំពោះការផ្ញើសារបស់លោកអ្នក»។
ការរងរបួសនេះ មានន័យថា Barcelona នឹងលេងដោយគ្មានវត្តមានរបស់ Messi រហូតដល់ទៅ១០ប្រកួត ក្នុងនោះរាប់បញ្ចូលទាំងការប្រកួតក្នុងពូលពីរប្រកួតចុងក្រោយនៃ ក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Ajax និង Celtic។
វាជា លើកទីបីហើយនៅក្នុងរដូវកាលនេះដែលរូបគេត្រូវបានបង្ខំឲ្យ អវត្តមានដោយសារតែបញ្ហាសាច់ដុំ ក្រោយពីបានជួបបញ្ហារបួសសរសៃពួរគន្លាក់ជើង និងរបួសភ្លៅទៅលើជើងស្តាំរបស់គេ។
Messi បានរងរបួសភ្លៅអំឡុងការប្រកួតជើងទី១នៃការប្រកួតដណ្តើមពាន Super Cup របស់អេស្ប៉ាញជាមួយនឹងក្រុម Atletico Madrid ដែលបានធ្វើឲ្យរូបគេអវត្តមានអស់រយៈពេលចំនួន១សប្តាហ៍។
បន្ទាប់មករូបគេបានរងរបួសរហែកសាច់ដុំតូចមួយទៅលើភ្លៅស្តាំរបស់ គេអំឡុងការប្រកួតក្របខ័ណ្ឌ La Liga ជាមួយនឹងក្រុម Almeria កាលពីថ្ងៃទី២៨ ខែកញ្ញា ដែលបានធ្វើឲ្យរូបគេមិនអាចចូលរួមបានអស់រយៈពេល៣សប្តាហ៍។
កាលពីសប្តាហ៍មុន Messi បានបញ្ជាក់ទៅលើបណ្តាញសង្គមរបស់ចិនឈ្មោះថា Weibo រូបគេនៅតែមិនទាន់រឹងមាំទាំងស្រុងនៅឡើយទេ។
កីឡាករ រូបនេះបាននិយាយថា៖ «ខ្ញុំនៅតែមិនទាន់ជាសះស្បើយ១០០ភាគរយនៅឡើយទេ ប៉ុន្តែ ខ្ញុំជឿជាក់ថា នៅពេលដែលខ្ញុំលេងការប្រកួតច្រើនទៀត ខ្ញុំនឹងជាសះស្បើយទាំងស្រុងជាមិនខាន»៕ IS By Phnom Penh Post
No comments:
Post a Comment