ដោយ៖ ញឹម សុខន និងអ៊ឹង ប៊ុនថន | ថ្ងៃព្រហស្បតិ៍ ទី14 ខែវិច្ឆិកា ឆ្នាំ2013 | 4 ម៉ោង មុន
ស្តាប់សំឡេង៖ |
ចម្លងទុក |
(រូបថតដោយ ញឹម សុខន)
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការមិនព្យាយាមដោះស្រាយទំនាស់តិចតួចក្នុងវិស័យកាត់ដេរ ហើយបែជាបាញ់មនុស្សឲ្យរបួស និងស្លាប់ ព្រមទាំងចាប់ខ្លួនពលរដ្ឋ និងព្រះសង្ឃវាយដំនោះ គឺដើម្បីបំបាក់ស្មារតីអ្នកគាំទ្របក្សសង្គ្រោះជាតិ ៖ “បើ យើងខ្ញុំពិនិត្យមើលបញ្ហា បញ្ហានោះមិនធ្ងន់ធ្ងរទេ គឺអ្វីដែលកម្មករ-កម្មការិនី ទាមទារនោះ គឺអាចធ្វើបាន ហេតុអ្វីត្រូវប្រាស់នូវកងកម្លាំងប្រដាប់អាវុធ ហួសហេតុ ជាពិសេសគឺបាញ់គ្រាប់ពិត គឺរឿងខុសច្បាប់ដែលអ្នកប្រព្រឹត្តនោះ ត្រូវទទួលទោស។ ខ្ញុំគិតថាជាការគំរាមកំហែងប្រជាពលរដ្ឋខ្លួនឯង”។
វត្តស្ទឹងមានជ័យដែលមានព្រះសង្ឃ និងកូនសិស្សលោកជាច្រើននាក់ ត្រូវបានចាប់វាយដំ និងឃុំខ្លួនចោទប្រកាន់នោះ បន្ទាប់ពីវត្តនេះ ត្រូវបានគណបក្សសង្គ្រោះជាតិហែកឋិនចូលកាលពីពេលថ្មីៗនេះ។ នៅក្បែរវត្តស្ទឹងមានជ័យក៏មានករណីដុតរថយន្តនគរបាល កាលពីថ្ងៃបោះឆ្នោត ដោយសារអ្នកបោះឆ្នោតរកឃើញថា មានភាពមិនប្រក្រតី។ ប៉ុន្តែសមត្ថកិច្ចពុំបានវាយបង្ក្រាប ឬចាប់ខ្លួននរណាឡើយ។
ចំណែកការបង្ក្រាបនៅថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៣នេះវិញ នៅមុខវត្តស្ទែងមានជ័យ ស្ត្រីលក់បាយម្នាក់ឈ្មោះ អេង សុខុម អាយុ៤៩ឆ្នាំស្លាប់ ៨នាក់ផ្សេងទៀតរងរបួស ដោយគ្រាប់់កាំភ្លើងសមត្ថកិច្ច និងមនុស្សជាង៣០នាក់ទៀត រួមទាំងព្រះសង្ឃផងត្រូវបានចាប់ខ្លួន និងវាយដំលើរាយកាយ។
ស្នងការរងនគរបានរាជធានីភ្នំពេញ ផ្នែកព្រហ្មទណ្ឌ លោក ជួន ណារិន មិនធ្វើអត្ថាធិប្បាយពីការលើកឡើងនេះទេ ដោយអះអាងថា កំពុងជាប់រវល់។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប អះអាងថា រដ្ឋាភិបាលគ្មានចេតនាបែបនេះទេ ដោយគ្រាន់តែប្រើវិធីទប់ស្កាត់ ដើម្បីរក្សាសណ្តាប់សាធារណៈ ប៉ុណ្ណោះ ៖ “វិធានការរបស់រាជរដ្ឋាភិបាល លោកមានសិទ្ធិគ្រប់គ្រាន់ ក្នុងការទប់ទល់ជម្លោះ យថាហេតុទាំងឡាយណា ដែលធ្វើឲ្យអសន្តិសុខ ឬក៏ខ្វះរបៀបរៀបរយ នៅក្នុងសង្គមកម្ពុជា ពិសេសនៅក្នុងទីក្រុងភ្នំពេញ”។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ បានចាត់ទុកថា ការបង្ក្រាបរបស់សមត្ថកិច្ចនៅពេលនោះ អាចកើតចេញពីការគុំគួនទៅលើកអ្នកគាំទ្របក្សប្រឆាំងច្រើនជាង ៖ “ខ្ញុំនៅតែគិតថា រឿងនៅស្ទឹងមានជ័យ វាពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ថ្ងៃ២៨ ថ្ងៃបោះឆ្នោត ដែលមានការដុតឡានកងរាជអាវុធហត្ថពីរគ្រឿងនោះ ហើយយើងឃើញព្រឹត្តិការណ៍ នៅពេលនោះគឺសភាពការតានតឹងមែនទែន ហើយសមត្ថកិច្ចមិនអាចចូល ទៅក្នុងវត្តស្ទឹងមានជ័យនោះបាន ក្នុងការបង្ក្រាប ហើយបើយើងមើលរូបភាពនៃថ្ងៃកើតហេតុនេះ យើងឃើញថាអ្នកដែលចូលទៅ ក្នុងវត្តនោះ ភាគច្រើនបំផុតគឺកងរាជអាវុធហត្ថ ហើយពេលដែលចូលទៅនោះ គឺធ្វើការវាយដំ ធ្វើការចាប់សូម្បីតែព្រះសង្ឃ ក៏ចាប់និងវាយដំដូចគ្នាដែរ អញ្ជឺងវាបង្ហាញថា វាជារឿងដែលភ្ជាប់នឹងគំនុំចាស់ផងដែរ”។
ទោះជាយ៉ាងណា រដ្ឋាភិបាលគ្រោងបង្កើតគណៈកម្មការស៊ើបអង្កេតករណីនេះ ដើម្បីចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោស ខណៈដែលសមត្ថកិច្ចអះអាងថា អំពើហិង្សានោះ មានភាគីទី៣ជាអ្នកបង្ករ។
ប៉ុន្តែមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៅសមាគមអាដហុក លោក ចាន់ សុវ៉េត យល់ថា ការស៊ើបនឹងមិនឯករាជ្យឡើយ ព្រោះអ្នកបញ្ជាឲ្យប្រើអាវុធបាញ់បង្ក្រាបបាតុករ និងអ្នកស៊ើបអង្កេតជាមនុស្សតែមួយ ៖ “តុលាការគឺព្រះរាជអាជ្ញានេះឯង គឺបើកការស៊ើបអង្កេតបឋម ជាបន្ទាន់តែម្តង ដើម្បីរកឲ្យឃើញអំពី អំពើល្មើស ដែលលោកអាចធ្វើការចោទប្រកាន់ភ្លាមៗបាន”។
ការបង្ក្រាបលើកម្មកររោងចក្រ SL ដែលទាមទារលក្ខខណ្ឌការងារនោះ បានធ្វើឲ្យស្លាប់ស្ត្រីម្នាក់នៅនឹងកន្លែងបង្ក្រាប និងស្ត្រីម្នាក់ទៀត ក៏ស្លាប់បន្ទាប់ពីដឹងថា ចៅប្រុសរបស់គាត់ត្រូវសមត្ថកិច្ចចាប់ខ្លួន។
ក្រៅពីនោះ មានប្រជាពលរដ្ឋមួយចំនួនទៀត រងរបួសធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យ នៅគ្រាសមត្ថកិច្ចក៏របួសខ្លះផងដែរ៕
សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
No comments:
Post a Comment