Wednesday, November 13, 2013

ស្នងការរង​រាជធានី​ភ្នំពេញ​៖ សមត្ថកិច្ច មិនបាន​ប្រើ​គ្រាប់កាំភ្លើង​ពិត​បាញ់​ស្ត្រី​ម្នាក់​ឲ្យស្លាប់



សំបកគ្រាប់កាំភ្លើងដែលរកឃើញក្រោយការបង្រ្កាបរបស់សមត្ថកិច្ច ទៅលើកម្មករSL (រូបថតដោយ តាត ឧត្តម)
មន្ត្រី ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​នេះ អះអាងថា កម្លាំង​សមត្ថកិច្ច​របស់​ខ្លួន មិនបាន​ប្រើគ្រាប់​កាំភ្លើង​ពិត ក្នុង​ហេតុការណ៍​ប៉ះទង្គិច​ជាមួយ​កម្មករ​រោងចក្រ​SL ដែល​នាំ​ឲ្យ​ស្ត្រីល​ក់​បាយ​ម្នាក់​ស្លាប់​នោះ​ទេ​។​
​កាលពី​ព្រឹក​ថ្ងៃ​អង្គារ កម្មករ​ជាង​១​ពាន់​នាក់ ភាគច្រើន​ជា​បុរស មកពី​រោងចក្រ​SL ដែល​មាន​ទីតាំង​នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ គ្រោង​ហែ​ក្បួន​ទៅកាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្បែរ​វិមានឯករាជ្យ ប៉ុន្តែ​ក្បួន​ដង្ហែ​នេះ ត្រូវ​បាន​រារាំង​ត្រង់​ចំណុច​ស្ពាន​ស្ទឹងមានជ័យ ត្រើយ​ខាងលិច ដោយ​សមត្ថកិច្ច​ប្រមាណ​៣០០​នាក់ ប្រដាប់​ដោយ​ខែល ដំបងឆក់​។ ការរារាំង​នេះ រហូត​ធ្វើឲ្យ​មាន​ការប៉ះទង្គិច​គ្នា​។
​ស្នងការរង​រាជធានី​ភ្នំពេញ លោក ជួន ណារិន ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​នោះ ខណៈ​ដែល​ប៉ូលិស​ចំនួន​៥​នាក់ ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង លោក បាន​បញ្ជូន​កម្លាំង​សមត្ថកិច្ច​របស់​ខ្លួន ចំនួន​៥០​នាក់ ដោយ​ប្រើប្រាស់​តែ​អាវុធ​បាញ់​ផ្សែង និង​គ្រាប់​សិប្បនិម្មិត​តែប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា គ្រាប់​ពិត ដែល​បាញ់​សម្លាញ់​ស្ត្រី​ម្នាក់​ឲ្យស្លាប់​នោះ គឺ​អាច​បណ្តាលមកពី​ជន​ទី​៣ ឆ្លៀត​ឱកាស​បង្កចលាចល​ ​៖ “​ខ្ញុំ​បញ្ជូន​ កម្លាំង​របស់​ខ្ញុំ​ទៅ​៥០​នាក់​នោះ ប្រើប្រាស់​តែ​អាវុធ​បាញ់​ផ្សែង និង​គ្រាប់​សិប្បនិម្មិត​ទេ សុទ្ធតែ​កាណុង​វែងៗ គ្រាន់​ប្រាប់ថា ចំពោះ​ខ្ញុំ​ដឹង​នាំ​ទៅ​នេះ គឺ​កម្លាំង​ខ្ញុំ​អត់​មាន​ប្រើប្រាស់​អាវុធ​ពិត​ទេ ដូច្នេះ​នៅ​កន្លែង​នោះ គឺ​មាន​ភាពអនាធិបតេយ្យ​ច្រើន ហើយ​សូម្បី​តែ​យើង​ឃាត់​មកនេះ ក៏​មិនមែន​ជា​បាតុករ​កម្មករ​SL ដែរ​សុទ្ធតែ​ជន​ទី​បី ដែល​មក​បំផ្លិចបំផ្លាយ​ទ្រព្យសម្បត្តិ​រដ្ឋ​”​។​
​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ គ្រាប់​បែកផ្សែង រថយន្ត​ពន្លត់​អគ្គិភ័យ និង​គ្រាប់កាំភ្លើង ត្រូវបាន​ប្រើ ដើម្បី​បង្ក្រាប​ក្រុមបាតុករ​។​ចំណែក​កម្មករ បាន​ប្រើ​ដុំថ្ម​ចោល​លើ​សមត្ថកិច្ច​វិញ និង​បាន​ដុត​បំផ្លាញ​រថយន្ត​ពីរ​គ្រឿង និង​ម៉ូតូ​ពីរ​គ្រឿង​របស់​សមត្ថកិច្ច​។  ព័ត៌មាន​បឋម ឲ្យដឹងថា ស្ត្រី​អ្នកលក់​បាយ​ម្នាក់ ឈ្មោះ អេង សុខុម អាយុ ៤៩​ឆ្នាំ បាន​ស្លាប់ ដោយសារ​គ្រាប់កាំភ្លើង និង​៩​នាក់​របួស​ដោយ​ការប៉ះទង្គិច ដែល​ក្នុងនោះ​រួម​មាន​កម្មករ និង​អ្នករត់ម៉ូតូឌុប​។​
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ ឲ្យដឹងថា ហេតុការណ៍​ប៉ះទង្គិច​គ្នា នៅលើ​ស្ពាន​ស្ទឹង​មានជ័យ​នោះ សមត្ថកិច្ច​បាន​ចាប់ខ្លួន ជនសង្ស័យ​៣១​នាក់ និង​ព្រះសង្ឃ ៧​អង្គ តែ​ព្រះសង្ឃ​ទាំងនោះ ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​រកឃើញ​ថា មិន​មាន​ជាប់​ពាក់ព័ន្ធ​។ លោក​បន្ត សមត្ថកិច្ច បាន​កំពុង​សាកសួរ​ជន​ដែល​នៅ​សេសសល់ ទាំង​៣១​នាក់​នោះ ដែល​ក្នុងនោះ​រួមមាន​ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និង​កម្មករ​រោងចក្រ​SL​ផ្ទាល់ តែ​សមត្ថកិច្ច មិនទាន់​អាច​កំណត់ថា តើ​នរណា​ខ្លះ​ជា​ជន​ឆ្លៀត​ឱកាស​និយម​នៅឡើយ​ទេ​ ៖ “​ចាំមើលៗ​ថា​តើ លទ្ធផល​នៃ​ការសាកសួរ​នេះ​ទទួល​បាន​កម្រិត​ណា ធម្មតា​យើង​មិនមែន​ចេះ​តែ​ធ្វើ​អ្វី​រំលោភច្បាប់​នោះទេ យើង​គិត​ទៅ​តាម​ផ្លូវច្បាប់ ទម្លាប់ មាន​ភស្តុតាង មាន​សាក្សី យើង​មិន​ចេះ​តែ​ចោទប្រកាន់​បងប្អូន​ដោយ​ប្រទាំ​ង​ប្រទិស​នោះ​ទេ អត់​មាន​ប្រយោជន៍​អ្វី​ទេ ការចោទប្រកាន់​អ្នក​ដែល​ទោស​”​។​
​អនុប្រធាន​ផ្នែក​អង្កេត​របស់​សមាគម​ អាដហុក លោក ចាន់ សុ​វ៉េ​ត ដែល​តាមដាន​ហេតុការណ៍​នោះ ចាត់ទុកថា ប្រតិបត្តិការ​របស់​ស​ម​ត្ថ​កិច្ច គឺ​ស្តែងឡើង​ក្រោយ​រូបភាព​នៃ​ការគំរាមកំហែង និង​គាបសង្កត់​ទៅលើ​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ក្រុមបាតុករ​ ៖ “​ស្ថានភាព​ការចាប់ខ្លួន ចាប់​ហើយ​លែង លែង​ហើយ​ចាប់ ហើយ​វ៉ៃ​ដំ​គេ​អញ្ជឹង​ទៀត វា​ជា​រឿង​មួយ​ដែល​គួរឲ្យ​ព្រួយបារម្ភ​ណាស់ នៅពេល​ដែល​ស្ថានភាព​នេះ មិន​ត្រូវ​បាន​ស៊ើបអង្កេត​ឲ្យបាន​ត្រឹមត្រូវ មិនបាន​ធ្វើ​និទស្សន៍ ឲ្យបាន​ត្រឹ​ត្រូវ​នៅ​ស្ថានភាព​ក្នុង​ការបង្ក្រាប បាតុកម្ម​ម្តងៗ​”​។​
​សេចក្តីថ្លែងការណ៍​របស់​អគ្គស្នងការដ្ឋា​ ននគរបាលជាតិ ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ឲ្យដឹងថា ក្នុង​ព្រឹត្តិការណ៍​នៃ​ការប៉ះទង្គិច​នោះ ជន​ឱកាសនិយម​មួយក្រុម ដែល​មិនមែន​ជា​កម្មករ បាន​ឆ្លៀត​ញុះញង់​បញ្ឆេះ​បង្ក​ឲ្យមាន​អំពើហិង្សាម​លើ​សមត្ថកិច្ច ដោយ​គប់​ដុំ​ថ្ម បាញ់​ទឹក​ចំ​ពាម​គ្រាប់​ដែក និង​វាយ​ដុត​បំផ្លាញ​មធ្យោបាយ ព្រមទាំង​ហ៊ុំព័ទ្ធ ចាប់ខ្លួន​កងកម្លាំង​សមត្ថកិច្ច​ចំនួន​៥​នាក់ នៅ​វត្ត​ស្ទឹងមានជ័យ​។​សេចក្តីថ្លែងការណ៍​បន្ត​ថា ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ចាប់បង្ខំ​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ប្រើប្រាស់​វិធានការ​សមស្រប ដើម្បី​ការពារ​ខ្លួន រាំង​ស្កាត់​អំពើហិង្សា​កុំឲ្យ​រីក​រាលដាល និង​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​កម្មករ ដែល​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​៕

No comments:

Post a Comment