Thursday, November 14, 2013

ក្រសួង​ប្រកាស​ហាម​ចេញ​នេសាទ​និង​ធ្វើ​ដំណើរ​តាម​សមុទ្រ​នៅ​ថ្ងៃ​ស្អែក

IMG_1349
ប្រជានេសាទកំពុងនេសាទកណ្តាលភ្លៀងធ្លាក់ខ្លាំង។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ក្រសួង​ធន​ធាន​ទឹក​នឹង​ឧ​តុ​និយម​បាន​​ប្រកាស​ហាម​​ចេញ​នេសាទ​និង​ធ្វើ​ដំ​ ណើរ​កម្សាន្ត​​តាម​សមុទ្រ​ទៅ​កាន់​តំបន់​ដែន​កោះ​នានា​ក្នុង​ផ្ទៃ​សមុទ្រ ​​រយៈ​ពេល​ពីរ​ថ្ងៃ ​ដោយ​ចាប់​ផ្ដើម​ថ្ងៃ​សុក្រ ស្អែក​នេះ ​ដល់​​ថ្ងៃ​សៅរ៍ ដើម្បី​ចៀស​វាងរ​ការ​វាយ​ប្រ​ហា​រ​ពី​ប្រ​ព័ន្ធ​វិសម្ពាធ​ទាប​ដែល​កំពុង​​ ធ្វើ​ដំ​ណើរ​ឆ្ពោះ​មក​កាន់​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា​។
លោក ​ចាន់ យុត្ថា​ អ្នក​នាំ​ពាក្យ​ក្រ​សួង​ធន​ធាន​ទឹក​និង ឧ​តុ​និយម​បាន​ប្រាប់ ​ភ្នំ​ពេញ ​ប៉ុស្តិ៍នៅ​ថ្ងៃ​នេះ​​ថា​ ក្រុម​ព្យា​ការី​អា​កាស​ធាតុ​បាន​ព្យាករណ៍​ពី​ស្ថានភាព​នៃ​ការ​ធ្វើ​ដំណើរ​ របស់ វិសម្ពាធ​ថ្មី​មួយ​ដែល​បាន​កើត​ឡើង​នៅ​មហា​សមុទ្រ​ ប៉ា​ស៊ី​ហ្វិច ​បាន​អះ​អាង​ថា​ វា​បាន​ធ្វើ​ដំណើរ​ឆ្លង​ចូល​មក​ដល់​មហា​សមុទ្រ​ចិន​ខាង​ត្បូង​និង​កំពុង​ បន្ត​ឆ្ពោះ​មក​ទិស​ខាង​លិច​ក្នុង​ល្បឿន ​២២ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ​វិសម្ពាធ​ថ្មី​មួយ​នេះ​នឹង​ធ្វើ​ដំ​ណើរ​មក​ដល់​ភាគ​អាគ្នេយ៍​ប្រទេស​វៀត​ ណាម​នៅ​ថ្ងៃ​សុក្រស្អែក​​នេះ ​ហើយ​ថា​វា​នឹង​ថយ​ឥទ្ធិពល​មក​ជា​សម្ពាធ​ទាប​សកម្ម​​វិញ។
លោក​ យុត្ថា​ បាន​បន្ត​ថា ​ដោយ​ពិនិត្យ​តាម​ខ្សែ​គន្លង​របស់​វា ​សម្ពាធ​ទាប​សកម្ម​នេះ​នឹង​ធ្វើ​ដំណើ​អូស​កាត់​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ កម្ពុជា។​ បាតុ​ភូត​ធម្ម​ជាតិ​ខាង​លើ​នេះ​អាច​នឹង​បង្ក​ឲ្យ​សា្ថន​ភាព​អា​កាស​ធាតុ​តាម ​​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​ទំ​នាប​កណ្ដាល​ និង​តំបន់​មាត់​សមុទ្រ ​នៃ​ប្រទេស​កម្ពុជា ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ លាយ​ឡំ​ជា​មួយ​ខ្យល់​កន្ត្រាក់​បក់​បោក​ខ្លាំង ​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍ខាងមុខ​​នេះ។​ ជា​មួយ​គ្នា​នេះ​វា​នឹង​បង្ករ​​ឲ្យ​រលក​សមុទ្រ​មាន​កំពស់​ពី​មួយ​ម៉ែត្រ​ទៅ​ ពីរ​ម៉ែត្រ។
លោក​ យុត្ថា​ បាន​ថ្លែង​ថា៖ ​«ប្រជា​ពល​រដ្ឋ​នៅ​ភាគ​ខាង​ត្បូង​រាជ​ធានី​ ភ្នំពេញ ​និង​តំបន់​មាត់​សមុទ្រ​ចាំ​បាច់​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​បាតុ​ភូត​នេះ ​ជា​ពិសេស​ប្រជា​នេសាទ និង​អ្នក​ដំណើរ​កម្សាន្ត​​​តាម​សមុទ្រ​យក​ល្អ​គួរ​ផ្អាក​សកម្មភាព​នេសាទ​និង ​ការ​​កម្សាន្ត​ទៅ​កាន់​តំបន់​ដែន​កោះ​ក្នុង​ផ្ទៃ​សមុទ្រ​ចំនួន​ពីរ​ថ្ងៃ​គឺ ​ ថ្ងៃ​សុក្រ​ និង​ថ្ងៃ​សៅរ៍ ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើត​ឡើង​ជា​យថា​ហេតុ»។
កម្ពុជា​ថ្មីៗ​នេះ​បាន​គេច​ផុត​ពី​ការ​វាយ​ប្រហារ​ដោយ​ប្រព័ន្ធ​​ វិសម្ពាធ​ទាប ​ដែល​ជា​ផ្នែក​មួយ​នៃ​ឥត​ទ្ធិពល​របស់​ខ្យល់​ព្យុះ​សង្ឃរា​ហាយ​យ៉ាន់ (Haiyan) ដែល​បាន​បោក​បក់​និង​សម្លាប់​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់​និង​បំផ្លាញ​ហិដ្ឋា​ រចនា​សម្ព័ន្ធ​ស្ទើរ​ទាំង​ស្រុង​ក្នុង​ទី​ក្រុង​ តិច​ឡូ​បាន(Tecloban)នៃ​ខេត្ត​ឡេយ៍​ទី(Leyte) និង តំបន់​មួយ​ចំនួន​ទៀត ក្នុង​ខេត្ត​សាមា​(Samar)ប្រទេស​ហ្វីលីពីន ខណៈ​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​រាប់​រយ​​ខ្នង​ក្នុង​តំបន់​ឆ្នេរ​​ភាគ​ខាង​ជើង​ នៃ​ប្រទេស​វៀត​ណាម​ត្រូវ​បាន​បំផ្លាញ​ដោយ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​ម៉ឺន​ នាក់​គ្មាន​ទី​ជម្រក​។
កាល​ពី​ថ្ងៃ​ព្រហ្បត្តិ ពីរ​សប្តាហ៍​កន្លង​ទៅ​នេះ​ភ្លៀង​លាយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​បក់​បោក​លើ​ខេត្ត​កំពង់​ឆ្នាំង នឹង ខេត្ត​កណ្ដាល បណ្ដាល​ឲ្យ​ប្រជា​ពល​រដ្ឋ​បី​នាក់​ស្លាប់ និង ផ្ទះ​ចំនួន​ជាង​១០០​ខ្នង រង​ការ​ខូច​ខាត។ ថ្មីៗ​កន្លង​មក​នេះ​ប្រទេស​កម្ពុជា​ បាន​ទទួល​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ពី​ឥទ្ធិពល​នៃ​ប្រព័ន្ធ​វិសម្ពាធ​ទាប ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បំម្រែ​បំម្រួល​អាកាស​ធាតុ ។​
យោង​តាម​របាយ​ការណ៍​របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​ការប្រែ​ប្រួល​ អាកា​ស​ធាតុ បាន​បង្ហាញ​ថា គ្រោះ​ទឹក​ជំនន់​​នៅ​ឆ្នាំ​នេះ បាន​បង្ក​ការ​ខាត​បង់​ទ្រព្យ​សម្បត្តិ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​សរុប​ជា​ទឹក​ប្រាក់ ​ប្រមាណ ៨០០ លាន​ដុល្លារ​អាមេរិក និង​បង្ករ​ឲ្យ​មនុស្ស ១៦៨ នាក់​ស្លាប់ ហើយ​ប្រជាជន​ជាង ១,៨ លាន​នាក់ រង​ផល​ប៉ះ​ពាល់ និង​ខូច​ខាត​ដំណាំ​ស្រូវ​ប្រមាណ​ជាង ៣០ ម៉ឺន​ហិកតា​។ By Phnom Penh Post

No comments:

Post a Comment