Wednesday, November 13, 2013

អំណាច​ទាំង​បី

131113_02
លោក​ហេង សំរិនប្រធាន​រដ្ឋ​សភា និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែនពេល​បើក​សភា​២៣​កញ្ញា។ រូបថត ម៉េង​ស្រ៊ុន
យើង​ដឹង​ហើយ​ថា សកលលោក​សព្វ​ថ្ងៃ ស្ថិត​នៅ​ក្នុង​សម័យ​សកល​ភាវូបនីយកម្ម​លើ​គ្រប់​វិស័យ ដូចជា សេដ្ឋកិច្ច នយោបាយ និង វប្បធម៌​ជាដើម។ កម្ពុជា​ក៏​ជា​ផ្នែក​មួយ​នៃ​សកលលោក​ពិត​ជា​មិន​ឣាច​ចៀស​ផុត​ពី​ឥទ្ធិពល នៃ​សកល​ភាវូបនីយកម្ម​នេះ​បាន​ទ្បើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ចង់​មិន​ចង់​ត្រូវ​តែ​ងាក​ទៅ​រក​របត់​មួយ​ថ្មី​នៃ​ពិភពលោក គឺ​របប​ប្រជាធិបតេយ្យ​ព្រោះ​ថា មាន​តែ​របប​នេះ​ទេ​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ឣាច​រស់​នៅ​ផុត​ពី​ទុក្ខវេទនា ​ព្រម​ទាំង​បើក​ឱកាស​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទិ្ធ​សេរីភាព​គ្រប់​បែប​ យ៉ាង។
នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​ដើម្បី​មាន​ស្ថិរភាព​នៅ​ក្នុង​សង្គម​ចាំ​ បាច់ ត្រូវ​មាន​ការ​បែង​ចែក​ឣំណាច​រដ្ឋ​ទាំង ៣ ឲ្យ​ស្មើ​គ្នា​ដែល​រួម​មាន​ឣំណាច នីតិប្បញ្ញត្តិ ឣំណាច នីតិប្រតិបត្តិ និង ឣំណាច តុលាការ។ ការ​បែង​ចែក​ឣំណាច​រដ្ឋ​ទាំង​នេះ គឺ​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​សមាជិក​នៃ​សង្គម​ទទួល​បាន​នូវ​សេរីភាព សុវត្ថិភាព យុត្តិធម៌ ជា​ពិសេស​គឺ​ស្ថិរភាព​សង្គម​តែ​ម្តង។ ម្យ៉ាង​ទៀត គោលដៅ​ចម្បង​នៃ​ការ​បែង​ចែក​ឣំណាច​នេះ ធ្វើ​ទ្បើង​ដើម្បី​រក្សា​នូវ​តុល្យភាព​ឣំណាច ទប់​ស្កាត់ មិន​ឲ្យ​ឣំណាច​រដ្ឋ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​បុគ្គល ឬ​ក្រុម​ណា​មួយ​ពោល​ការ​ដណ្តើម​យក​ឣំណាច​ផ្តាច់​មុខ​ដែល​នាំ​ទៅ​រក​ក្តី​ វិនាស​ដល់​ប្រទេស​ជាតិ។ តើ​ឣំណាច​ទាំង​បី​នេះ​ចែក​ដាច់​ពី​គ្នា​ហើយ​ឬ​នៅ?
១. អំណាច នីតិប្បញ្ញត្តិ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឈរ​លើ​គោលការណ៍​នៃ ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​កំពូល​របស់​រដ្ឋ ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​ការ​បោះឆ្នោត​ជា​សកល។ អំណាច​នេះ​ជា​អ្នក​បង្កើត​រដ្ឋ​ធម្មនុញ្ញ តាម​ឆន្ទៈ​រួម សម្រាប់​ឲ្យ​អង្គការ​នីតិប្រតិបត្តិ​អនុវត្ត​តាម។ រដ្ឋសភា​មិន​ត្រឹម​តែ​បង្កើត​ច្បាប់​ប៉ុណ្ណោះ​ទេ​តែ​ថែម​ទាំង​ត្រួត​ពិនិត្យ ​ទៅ​លើ​សកម្មភាព​របស់​អំណាច​នីតិប្រតិបត្តិ​ទៀត​ផង។ បច្ចុប្បន្ន​នេះ​តំណាង​រាស្រ្ត បោះឆ្នោត​ដោយ​រាស្រ្ត តែ​ចាត់​តាំង​ដោយ​បក្ស​នាំ​ឲ្យ​ឣំណាច​បក្ស គ្រប​សង្កត់​ជិត​ឈឹង​តែ​ម្តង។ នីតិប្បញ្ញត្តិ​ប្រៀប​បី​ដូចជា​ឪពុក​ម្តាយ​របស់​រដ្ឋាភិបាល អ៊ីចឹង ព្រោះ​មាន​សិទ្ធិ​សួរ​ដេញ​ដោល និង​ធ្វើ​ញត្តិ​បន្ទោស​ទម្លាក់​ឬ​រំលាយ​រដ្ឋាភិបាល​បាន​ចុះ​បើ​សមាជិក​ រដ្ឋាភិបាល​ជា​សមាជិក​តំណាង​រាស្រ្ត​ដែរ​អ៊ីចឹង​ឣ្នក​សួរ និង​ឣ្នក​ធ្វើ​តែ ១ ដើរ​តួ​ជា​ឣាជ្ញាកណ្តាល​ផង ជា​កីទ្បាករ​ផង​តើ​តម្លាភាព​ត្រង់​ណា? បើ​ធ្វើ​ញត្តិ​បន្ទោស​ទម្លាក់​រដ្ឋាភិបាល​វា​នឹង​រលាយ​ដោយ​ទាំង​ខ្លួន​ឯង​ ដែរ​អ៊ីចឹង​ម៉េច​នឹង​ហ៊ាន បើ​ស្រឡាញ់​អំណាច​បេះ​មិន​ដាច់​ទៅ​ហើយ!
ពេល​បោះឆ្នោត​ឣនុម័ត​ច្បាប់​ម្តងៗ ឲ្យ​តែ​មេ​លើក​ដៃ កូន​ចៅ​ទាំង​ហ្វូង លើក​ដៃ​ដែរ បើ​មិន​លើក​ខ្លាច​គេ​គិត​ថា ខ្លួន​ជា​ឣ្នក​ប្រតិកិរិយា។ ប្រជា​ពលរដ្ឋ​មួយ​ភាគ​ធំ មិន​ដែល​ឮ​ឈ្មោះ​ឬ​ស្គាល់​មុខ​តំណាង​រាស្រ្ត​ខ្លួន​យ៉ាង​ម៉េច​ទេ ហើយ​បើ​ចុះ​ទៅ​ជួប​ជាមួយ​រាស្រ្ត មិន​ដែល​ឮ​និយាយ​ឣ្វី​ក្រៅ​ពី​ឣួត​ពី​សមិទ្ធផល​បក្ស​ឯណា​ឯណោះ​ទៅ​វិញ យូរៗ​ទៅ​មិន​ដឹង​ថា តំណាង​រាស្រ្ត​ឬ​តំណាង​បក្ស? ដល់​ពេល​ប្រជា​ពលរដ្ឋ​សំណូមពរ​បង្ហាញ​ពី​មតិ​កង្វល់​នានា តើ​មាន​តំណាង​រាស្រ្ត​ប៉ុន្មាន​នាក់​លើក​ទ្បើង​យក​មក​ដាក់​ក្នុង​របៀប​វារៈ​ ប្រជុំ​សភា?
កន្លង​មក​ឃើញ​មាន​តែ​សេចក្តី​ព្រាង​ច្បាប់​ចេញ​ពី​រដ្ឋាភិបាល​កម្រ​នឹង​ មាន​សេចក្តី​ស្នើ​ច្បាប់​ចេញ​ពី​សមាជិក​រដ្ឋសភា​ណាស់។​ហេតុ​ឣ្វី? លើក​យក​មក​ពិភាក្សា​ម៉េច​នឹង​កើត​បើ​ប្រធាន​ថា កុំ​និយាយ​ឥត​ប្រយោជន៍ មិន​ចំណេញ​ដល់​បក្ស​ផង​និយាយ​ធ្វើ​ឣ្វី? សំណួរ​សួរ​ថា តើ​ផល​ប្រយោជន៍​ជាតិ​និង​ផល​ប្រយោជន៍​បក្ស​មួយ​ណា​ធំ​ជាង? តំណាង​រាស្រ្ត​មួយ​ចំនួន មិន​មែន​គ្មាន​មនសិការ​ជាតិ​ទេ ប៉ុន្តែ​មក​ពី​បក្ស​សង្កត់​ពេក​រើ​មិន​រួច។ បើ​បក្ស​ថា​ឲ្យ​និយាយ​ប៉ុន​ណា គឺ​ធ្វើ​ប៉ុណ្ណឹង​ទៅ រហូត​ដល់​ឣ្នក​ខ្លះ ទៅ​ឣង្គុយ​ក្នុង​សភា ឣាន​កាសែត ដេក​លក់​ទៅ​ទៀត ចង់​ឣ្នក​ណា​និយាយ​ឣី​ក៏​និយាយ​ទៅ! តើ​ឯណា​ទៅ​តម្លៃ​របស់​តំណាង​រាស្រ្ត?
២. អំណាច នីតិប្រតិបត្តិ ជា​ស្ថាប័ន​ដែល​ត្រូវ​បាន​កំណត់​ឡើង​សម្រាប់​ការ​ប្រតិបត្តិ​តាម​ច្បាប់​ រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ផ្សេងៗ​ទៀត។​អំណាច​នេះ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ចាត់​ចែង​របស់​ នាយក​រដ្ឋ​មន្រ្តី។ រដ្ឋាភិបាល​ដឹក​នាំ​ដោយ​បក្ស​តែ​មួយ ដូច្នេះ​គេ​មិន​ឣាច​រក​ឃើញ​នូវ​ភាព​ច្បាស់​លាស់ រវាង​ឣ្វី​ដែល​នៅ​ក្នុង​វិស័យ​នយោបាយ​និង​ឣ្វី​ដែល​នៅ​ក្នុង​វិស័យ​រដ្ឋបាល​ បាន​នោះ​ទេ។ គេ​ចាត់​ទុក​មន្រ្តី​បក្ស និង​មន្រ្តី​រដ្ឋ​ជា​មន្រ្តី​ក្នុង​ចង្កោម​តែ​មួយ ស្ថិត​នៅ​ក្រោម​គំនិត​តែ​មួយ ហើយ​ត្រូវ​តែ​គិត​ដូច​បក្ស​ដែរ មាន​ន័យ​ថា មនុស្ស​នីមួយៗ នៅ​ក្នុង​ចង្កោម ត្រូវ​បាន​ចង​ភ្ជាប់​នឹង​បក្ស។ នាយក​រដ្ឋ​មន្រ្តី​សព្វ​ថ្ងៃ មាន​សិទ្ធិ​ឣំណាច​ពេញ​ដៃ ចង់​តែង​តាំង​ឣ្នក​ណា​គឺ​ស្រេច​តែ​គាត់ ទោះ​បុគ្គល​នោះ​គ្មាន​សមត្ថភាព​ចំណេះ​ដឹង​និង​ជំនាញ​គ្រប់​គ្រាន់​ក៏​ដោយ ឲ្យ​តែ​គាត់​ពេញ​ចិត្ត គឺ​ស័ក្តិសម​ទាំង​ឣស់។
ក្នុង​នាម​ជា​ឣ្នក​ដឹក​នាំ​គួរ​តែ​ជ្រើស​រើស និង​តែង​តាំង​មន្រ្តី​រាជការ​ក្នុង​ចំណោម​ឣ្នក​ដែល​មាន​ស្វាមីភក្តិ​ស្មោះ​ ត្រង់ ស្អាតស្អំ មាន​ថាមពល នឹងនរ ចេះ​ដឹង ប៉ិន​ប្រសប់ ហើយ​មាន​ជំនាញ​ក្នុង​កិច្ចការ​បម្រើ​ផល​ប្រយោជន៍​ជាតិ។ ប្រមុខ​រដ្ឋាភិបាល​ជា​ឣធិរាជ​ប្រចាំ​នគរ​ដោយ​ហេតុ​ថា នៅ​ពេល​ប្រជារាស្រ្ត​មិន​សុខ​ចិត្ត​ទទួល​យក​សេចក្តី​សម្រេច​ពី​ឣាជ្ញាធរ​ សាធារណៈ​ឬ​ស្ថាប័ន​តុលាការ ពួក​គាត់​តែង​តែ​ទៅ​តវ៉ា​នៅ​មុខ​គេហដ្ឋាន​ដ៏​ស្កឹម​ស្កៃ​របស់​នាយក​រដ្ឋ​ មន្រ្តី​ជានិច្ច ព្រោះ​មាន​តែ​កំពូល​វីរ​បុរស​ម្នាក់​នេះ​ទេ ដែល​មាន​ឥទ្ធិពល​ដ៏​មហិមា​សម្រេច​គ្រប់​រឿង​ក្តី​ទាំង​ឣស់។
៣. ឣំណាច តុលាការ ជា​ស្ថាប័ន​ស៊ី​ឈ្នួល​ស្វែង​រក​យុត្តិធម៌​ដែល​សម្រេច​សេចក្តី​យោង​តាម​ មាត្រា​បក្ស និង​ឣំណាច​ទឹក​ប្រាក់​ដោយ​ឣស់​ពី​ដួង​ចិត្ត​និង​សម្បជញ្ញៈ​របស់​ខ្លួន។ ឧទាហរណ៍​ជាក់​ស្តែង​ករណី​នៅ បាវិត ដែល​នរណា​ក៏​ដឹង​ឮ​គ្រប់​គ្នា​។​ជន​ល្មើស​ត្រូវ​ជាប់​ចោទ​ពី​បទ​បង្ក​របួស ស្នាម​ដោយ​ឣចេតនា​។ តើ​បទ​ចោទ​នេះ ឆ្លើយ​តប​នឹង​ធាតុ​ផ្សំ​នៃ​បទ​ល្មើស​ដែរ​ទេ?​ពាក្យ​ថា ឣចេតនា​ក្នុង​ន័យ​ច្បាប់ មាន​ន័យ​ថា ជា​ឣំពើ​ដែល​កើត​ទ្បើង​ដោយ​ការ​ធ្វេស​ប្រហែស ខ្ជីខ្ជា បង្ក​ឣន្តរាយ​ដល់​ឣ្នក​ដទៃ ដែល​មិន​មែន​កើត​ចេញ​ពី​ឆន្ទៈ​របស់​ជន​ប្រព្រឹត្ត។​ដំណាក់កាល​បង្ក​ឲ្យ​មាន​ ព្យសនកម្ម (ការ​ខូច​ខាត) នៅ​ក្នុង​ឣង្គហេតុ​នេះ គឺ . ដក​កាំភ្លើង .បញ្ជូល​គ្រាប់​បើក​សោ . តម្រង់​ទៅ​រក​ទិស​ដៅ​មួយ​ច្បាស់​លាស់​មាន​គោលដៅ​ជាក់​លាក់ .កេះ ​កៃ​កាំភ្លើង​ជាដើម​។ តាម​រយៈ​ធាតុ​សត្យានុម័ត​ខាង​លើ​យើង​ឣាច​មើល​ឃើញ​ទៅ​ដល់​ធាតុ​ឣត្តនោម័ត ដែល​ឆ្លុះ​បញ្ចាំង​ពី​បេះដូង​និង​ចិត្ត​គំនិត​ជន​ល្មើស។​ចេតនា​ជន​ល្មើស ផ្តើម​ចេញ​នូវ​ការ​ប្រព្រឹត្ត បង្កើត​បាន​ជា​បច្ច័យ​មួយ​នៃ​បទ​ល្មើស។
តើ កាំភ្លើង​រាល​កៃ​ដោយ​ខ្លួន​ឯង​ឬ? ការ​លើក​កាំភ្លើង​តម្រង់​ជន​រងគ្រោះ​ជា​ឣំពើ​ឣចេតនា​ដែរ​ទេ​? ជន​បង្ក ប្រព្រឹត្ត​បទ​ល្មើស ដោយ​សារ​កម្លាំង​ក្រៅ​ឆន្ទៈ ឬ​ដោយ​ចេតនា? នេះ​គ្រាន់​តែ​ជា​ការ​លើក​ទ្បើង​ត្រួសៗ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​នេះ​ប៉ុណ្ណោះ។ សេចក្តី​សម្រេច​របស់​តុលាការ ក្នុង​រឿង​នេះ ជា​សក្ខីភាព បញ្ជាក់​យ៉ាង​ប្រត្យក្ស​រួច​ទៅ​ហើយ​ថា ស្ថាប័ន​មួយ​នេះ​បំពេញ​ភារកិច្ច​លុះ​ដោយ​គតិយុត្ត និង​វិជ្ជាជីវៈ​កម្រិត​ណា?
សរុប​មក​វិញ ការ​បែង​ចែក​ឣំណាច​ទាំង​បី ឣាច​ប្រព្រឹត្ត​ទៅ​បាន លុះ​ត្រា​តែ​ឣំណាច​បក្ស​ត្រូវ​បាន​កាត់​ផ្តាច់​ពី​ឣំណាច​ដទៃ​ទៀត មាន​ន័យ​ថា ធ្វើ​យ៉ាង​ណា​ឲ្យ​ឥទ្ធិពល​បក្ស​ចុះ​ខ្សោយ​ជា​ពិសេស គឺ​កំណត់​សិទ្ធិ​ឣំណាច​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល ឣាច​ឆ្លើយ​តប​នឹង​ផល​ប្រយោជន៍​ជាតិ​ផង​និង​សុខុមាលភាព​របស់​ប្រជាជន​ផង។ ឣំណាច​ប្រៀប​ដូច​នឹង​កាំបិត​មុខ ២ បើ​សិន​ជា​មិន​ចេះ​ប្រើ​ដោយ​សមរម្យ មិន​ត្រឹម​តែ​ឣន្តរាយ​ដល់​សង្គម​នោះ​ទេ ថែម​ទាំង​វិនាស​ដល់​ខ្លួន​ឯង​ទៀត​ផង។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ឣំណាច ទាំង​បី ឣាច​ចែក​ដាច់​ពី​គ្នា​បាន គឺ​ស្ថិត​លើ​ឆន្ទៈ​នយោបាយ​មេ​ដឹក​នាំ ជា​ចំណុច​ចាប់​ផ្តើម​ដើម្បី​ឈាន​ទៅ​បង្កើត​ច្បាប់​កម្រិត​សិទ្ធិ​អំណាច ចង​ដៃ​ចង​ជើង​រដ្ឋ និង​មន្ត្រី​រាជការ ព្រម​ទាំង​ខ្លួន​ឯង​ផង ឲ្យ​លុះ​នៅ​ក្រោម​អំណាច​ច្បាប់​ដែល​មិន​ចេះ​ស្លាប់ មិន​ចេះ​សក មិន​ចេះ​ចាស់ មិន​ចេះ​ឈឺ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​អំណាច​ចូល​រួម​ត្រួត​ពិនិត្យ​មើល​ការងារ​រដ្ឋ ដោយ​ប្រើ​អំណាច​រាស្ត្រ​តាម​រយៈ​ស្ថាប័ន​រដ្ឋ​ទាំង​បី​នេះ។ នៅ​លើ​លោក​នេះ​គ្មាន​ឆន្ទៈ​ណា​ដែល​មិន​ឣាច​យក​ឈ្នះ​លើ​ភាព​លំបាក​បាន​ទ្បើយ។
ដូច​នេះ​បើ​ស្ថាប័ន​ទាំង​បី​នេះ​មិន​ឯករាជ្យ​ពី​គ្នា រា្រស្ត​គ្មាន​ថ្ងៃ​ដែល​អាច​ធ្វើ​ជា​ម្ចាស់​វាសនា​ជាតិ​ខ្លួន​ឯង​បាន​ទេ ហើយ​ដើម្បី​ឲ្យ​ការងារ​ទាំង​អស់​នេះ អាច​ដំណើរការ​ទៅ​បាន ចំណុច​ចាប់​ផ្តើម​គឺ​រាស្ត្រ​ពុំ​គួរ​គាំទ្រ​ឬ​ប្រឆាំង​បក្ស​ណា​មួយ​ផ្កាប់​ មុខ​នោះ​ទេ មាន​ន័យ​ថា កុំ​គាំទ្រ​បក្ស​ណា​មួយ​ឲ្យ​ច្រើន​លើស​លប់​ពេក​យក​ល្អ​គឺ​បោះ​ឲ្យ​បក្ស ទាំង​ពីរ មាន​អំណាច ៥០ ភាគរយ​ម្នាក់ៗ ហើយ​ត្រូវ​បោះ​ផ្លាស់​ប្តូរ​ឲ្យ​បក្ស​នីមួយៗ អាច​ទៅ​ដឹក​នាំ​រដ្ឋ​ម្តង​ម្នាក់ ផ្លាស់​វេន​គ្នា មាន​តែ​ធ្វើ​ដូច​នេះ​ទេ ទើប​អ្នក​នយោបាយ​នឹង​ប្រជែញ​គ្នា​ធ្វើ​បក្ស ដើម្បី​ប្រយោជន៍​ជាតិ​មាតុភូមិ និង​រក​ក្តី​សុខ​ជូន​រាស្ត្រ​បាន​ច្រើន​ពិត​ប្រាកដ ពីព្រោះ​អំណាច​របស់​គេ​លើស​ខ្វះ​គ្នា​តិច​តួច ហើយ​អាច​នឹង​ត្រូវ​គូ​ប្រកួត​ប្រជែញ​ឆក់​យក​ទៅ​បាត់ ដូច្នេះ​មាន​តែ​ប្រឹង​បម្រើ​រាស្ត្រ​ពេល​នោះ​ហើយ​អ្នក​ដែល​ឈ្នះ​ពិត​ប្រាកដ គឺ​យើង​ជា​ប្រជារាស្ត្រ​ខ្មែរ។

No comments:

Post a Comment