Wednesday, November 13, 2013

ONE FC:ស្មារតី​អ្នក​ប្រយុទ្ធ​មាន​ការ​កែប្រែ​ខ្លះ

131113_27a
Tony Johnson(ស្តាំ)នឹង​ជួប​កីឡាករ​អូស្ត្រាលី​ Chris Lokteff ក្នុង​ប្រ​ភេទ​ទម្ងន់​ធ្ងន់នៃ​​កម្ម​វិធីប្រ​កួត​ស្មារតីអ្នក​ប្រយុទ្ធ​ ONE FC នៅក្រុង​គូឡាឡាំពួ នា​ថ្ងៃ​សុក្រ។ ONEFC.COM
ការ ​ផ្សព្វផ្សាយ​កីឡា​យុទ្ធសិល្ប៍​ចម្រុះ​ដែល​ល្បី​ឈ្មោះ​នៅ​ទ្វីប​អាស៊ី ONE Fighting Championship (ONE FC) បាន​ធ្វើការ​កែប្រែ​នាទី​ចុងក្រោយ​ខ្លះ​ចំពោះ​កម្មវិធី​ប្រកួត​ «ស្មារតី​អ្នក​ប្រយុទ្ធ​» ​របស់​ពួកគេ ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​កីឡដ្ឋាន​ពូត្រា​នៃ​ក្រុង​គូឡាឡាំពួ ​នៅ​ថ្ងៃ សុក្រ​ខាង​មុខ​នេះ។
ព្រឹត្តិការណ៍​ធំ​ ដែល​ពី​ដំបូង​គ្រោង​នឹង​ ដាក់​ឲ្យ​ប្រកួត​បើក​ឆាក​ដណ្តើម​ជើងឯក​ពិភពលោក​ទម្ងន់​ស្រាល​វ៉េលធើវ៉េត ONE FC រវាង​កីឡាករ​ម៉ាឡេស៊ី Adam Kayoom (4-1) និង​កីឡាករ​ជើងចាស់​ជប៉ុន Nobutatsu Suzuki (10-1-2) ត្រូវ​បាន​បង្ខំ​ចិត្ត​ផ្លាស់ប្តូរ​វិញ​ដោយសារ​កីឡាករ​ Kayoom របួស​បាក់​ឆ្អឹង​ជំនីរ​មួយ ក្នុង​អំឡុង​ពេល​ហ្វឹកហាត់។
អ្នក​ជំនួស​ គាត់​នៅ​ក្នុង​ការ​ប្រកួត​ដំបូង​នេះ ជា​កីឡាករ​មិន​ដែល​ចាញ់ ព័រទុយហ្គាល់ Vitor Pinto (7-0) ថ្វីបើ​ខ្សែក្រវាត់​ទម្ងន់​ស្រាល​វ៉េលធើវ៉េត មិន​ត្រូវ​បាន​ដាក់​ឲ្យ​ដណ្តើម​ក៏​ដោយ។
ការ​ជួប​គ្នា​ក្នុង​ទម្ងន់​រុយ​ ដែល​បាន​ស្នើ​រវាង​កីឡាករ​ប្រេស៊ីល Adriano Moraes (9-0) និង​កីឡាករ​អាមេរិក​ Josh Paiva (4-0) ក៏​ត្រូវ​បាន​ផ្លាស់ប្តូរ​ដែរ​ ដោយ​ដាក់​ឲ្យ​ជួប​កីឡាករ​Yusup Saadulaev (10-3-1) ជំនួស​ឲ្យ​ជន​រួម​ជាតិ​របស់​គាត់​ Paiva។ នេះ គឺជា​ការ​ប្រកួត ​គូ​សំខាន់​ផង​ដែរ។
នៅ​ទី​បំផុត ការ​ប្រយុទ្ធ​គ្នា​ក្នុង​ទម្ងន់​ធ្ងន់​មួយ ត្រូវ​បាន​បន្ថែម​ដើម្បី​ធ្វើឲ្យ​រាត្រី​នោះ មាន​ការ​ប្រកួត​៦​គូ ដោយ​កីឡាករ​អូស្ត្រាលី Chris Lokteff (11-1) ជួប​កីឡាករ​អាមេរិក​Tony Johnson (7-1)។
កីឡាករ​តក់ សោភ័ណ្ឌ នៃ​ក្លិប​អ្នកប្រយុទ្ធ​ MMA កម្ពុជា ជា​កីឡាករ​កម្ពុជា​ទី​បី ក្នុង​ប៉ុន្មាន​ខែ​ជាប់ៗ​គ្នា​នេះ បាន​ចូលរួម​ការ​ប្រកួត​ក្នុង​ទ្រុង ONE FC នៅពេល​ដែល​គេ​ត្រូវ​ឡើង​ទៅ​ជួប​កីឡាករ​ជំនាញ​មួយ​ថៃ​របស់​ប្រទេស​ម៉ាឡេស៊ី​ Saiful Merican (1-1)។
ក្រុម​អ្នក​គាំទ្រ​អាច​ទស្សនា​សកម្មភាព​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​នេះ ដោយ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​ MyTV និង​ស្ថានីយ​ទូរទស្សន៍​ក្នុង​តំបន់​ Star Sports។ ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ MyTV គឺ​គ្រោង​នឹង​ចាប់ផ្តើម​ពី​ម៉ោង​៦:១០​នាទី​រសៀល​ថ្ងៃ​សុក្រ ខាង​មុខ​នេះ៕ IN

No comments:

Post a Comment