ភ្នំពេញៈ ស្រ្តីជាតិ វៀតណាម ម្នាក់ដែលបន្លំលួចទារកពីមន្ទីរពេទ្យបង្អែកខណ្ឌ មានជ័យ កាល ថ្ងៃចន្ទ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការភ្នំពេញនៅថ្ងៃសុក្រនេះបន្ទាប់ពី ឃាត់ខ្លួនបានពេលជននេះទៅធ្វើសំបុត្រកំណើតទារក នោះ នៅសង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ កាលពីថ្ងៃពុធ។
លោក គង់ សាម៉ន នាយផ្នែកព្រហ្មទណ្ឌ ខណ្ឌ មានជ័យ ឲ្យដឹងថា ស្រ្តីសង្ស័យមានឈ្មោះ សុខ ចាន់ធី អាយុ ៣៧ ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ ត្រូវសមត្ថកិច្ចឃាត់ខ្លួនសាកសួរនិងធ្វើកំណត់ហេតុសារភាពពាក់ ព័ន្ធនឹងបទល្មើសលួចទារកនៅមន្ទីរពេទ្យបង្អែក មានជ័យរួចហើយ។ លោកថា ជនសង្ស័យនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃ សុក្រនេះ។
លោកថា៖ «យើងមិនទាន់ចោទលើបទល្មើសអ្វីទេព្រោះក្នុងច្បាប់ពុំមានបទលួច មនុស្សប៉ុន្តែ អាចចោទពីបទពង្រត់ឬអំពើជួញដូរ។ ប៉ុន្តែការចោទយ៉ាងណានោះអាស្រ័យលើតុលាការសម្រេច»។
លោកបន្តឲ្យដឹងទៀតថា ស្រ្តីរូបនេះសារភាពប្រាប់ប៉ូលិសថា គេលួចទារកនេះទៅមិនមែនយកទៅលក់ដូរអីទេ គ្រាន់តែចង់យកទៅចិញ្ចឹមធ្វើជាកូនប៉ុណ្ណោះ។ លោកបន្តថា មូលហេតុដែលអាចឃាត់ខ្លួនស្រ្តីសង្ស័យបាន ដោយសារពីថ្ងៃ ទី២៣ តុលា គាត់បានយកទារកទៅចុះសំបុត្រកំណើតនៅសង្កាត់ ទឹកថ្លា ដោយប្រាប់មន្ត្រីសង្កាត់ថា ជាកូនបង្កើត តែនៅពេលសួរនាំពីថ្ងៃខែឆ្នាំកំណើត ទីទើ មិនប្រាប់ភ្លាមទើបធ្វើឲ្យមន្រ្តីសង្កាត់សង្ស័យ ក៏ឃាត់នាំខ្លួនមកប្រគល់ឲ្យសមត្ថកិច្ចខណ្ឌ មានជ័យ សួរ នាំទើបគេឆ្លើយសារភាព។
ឈ្មោះ មិញ ជូ អាយុ ៤៤ ឆ្នាំ ប្តីស្រីសង្ស័យ ជាកម្មករសំណង់ ពេលយកបាយទៅឲ្យប្រពន្ធនៅខណ្ឌ មានជ័យ ប្រាប់ថា គាត់មិនបានរៀបការនឹងគ្នាទេ តែបានស្រឡាញ់គ្នាយូរឆ្នាំហើយ ប៉ុន្តែគ្មានកូន ទើបប្រពន្ធខ្លាចគាត់រត់ចោលក៏ទៅបន្លំយកកូនគេបែបនេះ។
គូវ ស្រីលក្ខណ៍ ជាម្តាយទារកបានរៀបរាប់ថា កូនតូចរបស់នាងត្រូវសមត្ថកិច្ចខណ្ឌ មានជ័យ យកមកប្រគល់ឲ្យកាលពីព្រលប់ថ្ងៃពុធ បន្ទាប់ពីរកឃើញក្នុងការឃាត់ខ្លួនស្រ្តីវៀតណាមនោះនៅសង្កាត់ ទឹកថ្លា ហើយកូននាងមានសុខភាពល្អទេ។
ស្រីលក្ខណ៍ និយាយដោយក្ដីរំភើបថា៖ «ខ្ញុំរកពាក្យអ្វីមកនិយាយមិនបានទេ ពេលដែលបានឃើញមុខកូនវិញ។ខ្ញុំអរគុណអ្នកដែលបានជួយខ្ញុំ។ ខ្ញុំដាក់ឈ្មោះកូនប្រុសខ្ញុំថា ពៅ សំណាង ព្រោះអីកូនខ្ញុំមានសំណាងណាស់ ដែលបានមកជួបពុកម៉ែវិញ»។
ទារក មានទម្ងន់ ២,៣ គីឡូក្រាមត្រូវបានស្រ្តីសង្ស័យបន្លំចូលក្នុងបន្ទប់នៃមន្ទីរពេទ្យ បង្អែក មានជ័យ លួចយកកាលពីម៉ោង ៤ រសៀលថ្ងៃចន្ទកន្លងទៅ ដោយស្ត្រី វៀតណាមរូបនេះមកធ្វើជារាក់ទាក់សួរនាំ ហើយបានឲ្យលុយ ២ ម៉ឺនរៀលទៅបងប្រុសម្តាយទារកឲ្យទៅទិញស្រោមដៃស្រោមជើងឲ្យក្មេង ហើយគេឆ្លៀតឱកាសសុំម្តាយយកទៅងូតទឹកឲ្យ រួចក៏បន្លំយកគេចខ្លួនបាត់តែម្តង៕ ប្រភពពីៈ Phnom Penh Post
No comments:
Post a Comment