ទិដ្ឋភាពដែលអ្នកនឹងប្រទះឃើញមុនដំបូងគេគឺកូនជ្រូកកំពុងដេក បៅដោះមេខ្លា និងលេងជាមួយគ្នាយ៉ាងស្និទ្ធស្នាលដូចម៉ែ និងកូនបង្កើត។ចំណែកឯមេជ្រូកវិញក៏មិនខុសពីមេខ្លាដែរ គឺវាដេកឲ្យកូនខ្លាបៅដោះរបស់វា ហើយប្រឡែងគ្នាយ៉ាងរំភើយ។ ជាមួយនឹងការភ្ញាក់ផ្អើលនឹងភាពស្អិតល្មួតរវាងសត្វស្លូតនិងសត្វព្រៃ ចង្កូមស្រួចដ៏កាចសាហាវនោះ ភ្ញៀវទេសចរនាំគ្នាថតរូប និងបរិច្ចាគប្រាក់ខ្លះៗផងដែរ។
ដំណើរបន្ទាប់គឺជាឈុតឆាកដែលសម្ដែងដោយសត្វជ្រូកដដែល។ ប៉ុន្តែអ្វីដែលប្លែកនោះត្រង់ថាជ្រូកដែលជាប់នាមជាសត្វកម្ជិលនោះ បែរជាអាចស្ដាប់ភាសាបរទេស កូរ៉េ ចិន ជប៉ុន និងរុស្ស៊ីដោយវាចេះសម្ដែងខាំពាំលេខទៅតាមការបញ្ជាជាភាសាចិន របស់អ្នកបង្វឹក។ ក្រៅពីនោះពួកវាថែមទាំងធ្វើការរត់ប្រណាំងគ្នាឲ្យភ្ញៀវបានមើលសើច លេងផងដែរ។
បន្ទាប់ពីចេញផុតតំបន់សត្វជ្រូក ភ្ញៀវទេសចរនឹងទៅជួបសត្វដំរីម្តង ដោយពួកវាដើរចេញមកដោយយកប្រមោយកួចកន្ទុយគ្នាទៅវិញទៅមកដើម្បី ស្វាគមន៍អ្នកមកមើលការសម្ដែងរបស់ពួកវា។ ឈុតដំបូងគឺការម៉ាស្សារបស់សត្វដំរី។ គ្រាន់តែឮភ្លាម អ្នកប្រាកដជាភ្ញាក់ផ្អើលថាតើដំរីធ្វើសរសៃឲ្យមនុស្សបានយ៉ាងដូច ម្ដេច? បើវាយកជើងជាន់នោះ អ្នកប្រាកដជាមានអារម្មណ៍ខ្លាចផងរំភើបបុកពោះផងជាមិនខាន។
មុនដំបូងហ្មដំរីបានអញ្ជើញឲ្យភ្ញៀវម្នាក់ដេកផ្កាប់ខ្លួនលើ ក្រណាត់ស្អាតមួយ។ បន្ទាប់មកទៀតសត្វដំរីដ៏ធំបានដើរមកយ៉ាងសន្សឹមៗ បង់បោយប្រមោយ ហើយឈរនៅក្បែរខ្លួនមនុស្សកំពុងដេក មុននឹងដាក់ជើងរបស់វាជាន់លើខ្នងអ្នកនោះថ្នមៗពីរបីដង។ ភ្ញៀវដែលកំពុងទទួលការម៉ាស្សាដោយសត្វដំរីបានបន្លឺឡើងបែបភ័យអរ ថា៖ «មានអារម្មណ៍ទន់ដូចជាដៃមនុស្សស្រីកំពុងតែម៉ាស្សាលើខ្លួនអ៊ីចឹង »។
រំពេចនោះភ្ញៀវទាំងអស់ដែលកំពុងមើលឈុតឆាកម៉ាស្សាដំរីបានហ៊ោ យ៉ាងខ្លាំង។ ក្រោយពីបញ្ចប់ការម៉ាស្សាឈានដល់ឈុតឆាកសម្ដែងមួយទៀតគឺសត្វដំរីរាំ លើកៅអី បាញ់ប៉េងប៉ោងហើយប្រើប្រមោយពមនុស្សជាដើម។
កាយវិការសម្ដែងដ៏គួរឲ្យស្រឡាញ់របស់ពួកវាបានអន្ទងចិត្តអ្នក ទស្សនាជាច្រើនឲ្យអាណិតនិងរីករាយបោះចេកឲ្យពួកវាស៊ី មុននឹងថតរូបអនុស្សាវរីយ៍ជាមួយពួកវាផងដែរ។
បន្ទាប់ពីសប្បាយរីករាយជាមួយដំរីហើយ ការសម្ដែងរបស់សត្វសាហាវមួយទៀតក៏ចូលមកដល់។ អ្នកមានអារម្មណ៍យ៉ាងណាដែរប្រសិនបើឃើញសត្វក្រពើធំមួយក្បាល ហាមាត់និងមាននារីដ៏ស្រស់ស្អាតម្នាក់កំពុងដាក់ក្បាលចូលក្នុង ចង្កូមដ៏មុតស្រួចរបស់វានោះ?
តាមការពិតល្មូនមួយក្បាលនេះត្រូវបានគេបង្វឹករួចហើយ។ភ្ញៀវ ទាំងអស់ក៏អាចថតរូបអង្គុយពីលើក្រពើនោះផងដែរ ដោយចំណាយប្រាក់៥ដុល្លារ។
ដោយសារតែទីនេះជាសួនសត្វខ្លា ដូច្នេះ តួអង្គពិសេសប្រាកដជាសត្វខ្លាជាមិនខាន។ ភ្ញៀវទាំងអស់ក៏បានបន្តទៅមើលការសម្ដែងរបស់ពួកវានៅក្នុងទ្រុងដែក ខណៈដែលសត្វសាហាវទាំងនោះគ្រហឹមយ៉ាងឮៗដាក់គ្នា ហាក់បីដូចជាកំពុងឈ្លោះគ្នាមុនពេលសម្ដែង។ភ្លាមនោះបុរសបង្វឹក ជនជាតិថៃម្នាក់ចេញមកដោយពាក់អាវរូបខ្លា និងដៃកាន់ខ្សែតីធ្វើឲ្យសត្វខ្លាទាំងនោះរក្សាភាពស្ងៀមស្ងាត់ហើយ ដើរទៅអង្គុយកន្លែងរៀងៗខ្លួនរង់ចាំស្ដាប់បញ្ជាម្ចាស់របស់វា។ វាត្រូវបានគេបញ្ជាឲ្យហក់ទម្លុះផ្ទាំងក្រដាស ហក់កាត់កងរង្វង់ភ្លើង និងដើរកាត់ស្ពានដែកដ៏តូច។
ក្រោយពីមើលការសម្ដែងចប់ភ្ញៀវទាំងអស់គ្នាបាននំាគ្នាដើរទៅទិញ ទឹកដោះគោយកទៅបំបៅត្រីដោយក្នុងមួយកំប៉ុងតម្លៃ៣ដុល្លារ។
ការធ្វើដំណើរទៅប្រទេសថៃតាម បាងកក អ៊ែរវេ អាចទាក់ទងនៅអគារ ៦១ អា ផ្លូវ២១៤ ឬតាមទូរស័ព្ទលេខ ០២៣ ៩៦៦ ៥៥៦៕ ប្រភពពីៈ Phnom Penh Post
No comments:
Post a Comment