ប្រសិនបើស្តេចខ្មែរ សូរ្យវវ្ម័ន ទី១ និង ២ ដឹងមុនថា នឹងមានបញ្ហាស្មុគស្មាញទ្រង់ប្រហែលជាមិនខិតខំកសាងប្រាសាទនេះ នៅលើច្រាំងថ្មនៃភ្នំ ដងរែក នេះទេ ដែលឥឡូវនេះស្គាល់ថា ជាប្រាសាទ ព្រះវិហារ ដែលបានចំណាយរយៈពេលជាង ៣០០ ឆ្នាំដើម្បីបញ្ចប់ការសាងសង់។
ប៉ុន្តែរចនាសម្ព័ន្ធមុនសម័យ អង្គរ នេះ បានបញ្ចប់ការសាងសង់ ៩០០ ឆ្នាំកន្លងទៅហើយនឹងបានបន្សល់នូវជម្លោះមិនចេះចប់និងការឈឺចាប់ ការធុញថប់ក្នុងអារម្មណ៍ ការស្លាប់ និងសមរភូមិទាំងលើទីលានប្រយុទ្ធជាក់ស្តែងនិងផ្លូវច្បាប់ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះ។
ដោយមិននិយាយអំពីប្រាសាទ អង្គរវត្ត ប្រាសាទ ព្រះវិហារ ដែលប្រជាជន ថៃ ជាច្រើនហៅថា Khao Phra Viharn នៅតែជានិមិត្តរូបរបស់អ្នកជាតិនិយមជាច្រើននៃភាគីទាំងពីរ។
នៅដើមខែ វិច្ឆិកា តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុង ឡាអេ នឹងប្រកាសសេចក្តីសម្រេចចុងក្រោយស្តីពីសំណុំរឿងមិនចេះចប់នេះ ហើយនឹងបញ្ចប់នូវអ្វីដែលជាបញ្ហារយៈពេល ៥១ ឆ្នាំនេះ។ វិបត្តិអាក្រក់បំផុតបានកើតមានឡើងរយៈពេល ១៧ ឆ្នាំ បន្ទាប់ពីសង្គ្រាមលោកលើក ទី២ នៅពេលដែលប្រទេស ថៃ និងរដ្ឋាភិបាលក្រោមអាណានិគម បារាំង ឈ្លោះគ្នា អំពីភាពជាកម្មសិទ្ធិនៃប្រាសាទ ព្រះវិហារ។
ប្រជាពលរដ្ឋ កម្ពុជា អះអាងថា ប្រាសាទ ព្រះវិហារ ជារបស់ខ្លួន នៅក្នុងមេរៀនប្រវត្តិសាស្រ្ត។ ប្រទេស ថៃ ក៏បានអះអាងផងដែរថាជារបស់ខ្លួន ដោយសារដូចដែលគេឃើញបច្ចុប្បន្ននេះហើយថា ប្រាសាទ ព្រះវិហារ ស្ថិតនៅលើច្រាំងថ្មភ្នំ ចោត នៅព្រំដែននៃប្រទេសទាំងពីរ ដែលស្ទើរតែមិនអាចចូលបានពីខាងកម្ពុជា។
កាលពីឆ្នាំ ១៩៦២ មេធាវីកម្ពុជា និង ថៃ បានឯកភាពគ្នា ធ្វើការដោះស្រាយជម្លោះ នៃភាពជាម្ចាស់នេះនៅតុលាការយុត្តិធម៌អន្តរជាតិ។ តុលាការ ដោយលើកឡើងនូវផែនទីចាស់ លំហូរទឹកជាដើមបានសម្រេចផ្តល់ភាពជាកម្មសិទ្ធិពេញលេញនៃប្រាសាទនេះ ដល់កម្ពុជា។
ក្នុងចំណោមកំហុសជាច្រើន របស់តុលាការវិញ វាបានក្លាយជាផ្នែកមួយដែលបាននាំឲ្យករណីទៅដល់តុលាការ ពិភពលោកនេះជាលើកទីពីរ។ ចៅក្រមបានលុបផ្នែកអំពីរបៀបថា តើប្រជាជនកម្ពុជា ត្រូវចូលទៅកាន់ប្រាសាទនេះបែបណា ព្រមទាំងថាតើនរណាជាម្ចាស់ដីជុំវិញប្រាសាទ។
មេធាវីបានត្រឡប់ទៅតុលាការម្តងទៀត កាលពីខែ មេសា ដោយទឡ្ហីករណ៍នោះត្រូវបានដាក់ផ្សាយក្នុងទូរទស្សន៍ផងដែរ។ នៅពេលឥឡូវនេះ កម្ពុជាទំនងជាមានអំណះអំណាងសមហេតុផល អំពីរបៀបដែលខ្លួនជាម្ចាស់ប្រាសាទនេះ ប៉ុន្តែមិនមែនដីនៅជិតនោះទេ ខណៈថៃកំពុងបង្កើតគំនិតផ្លូវច្បាប់ឆ្លាតវៃ។
នាយករដ្ឋមន្រ្តី ថៃ លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រា ទំនងជាបានរៀបចំខ្លួន សម្រាប់ព្រឹត្តិការណ៍នេះដោយត្រូវបានទស្សនាវដ្តី Forbes ចុះផ្សាយ ដែលមានចំណងជើងថា ចំណុចដប់សម្រាប់ការទទួលយកដំណឹងអាក្រក់។ ចំណុចទាំងនេះរួមមាន មិនភ្ញាក់ផ្អើល ត្រូវមានការគោរពដល់អ្នករាល់គ្នា និងសេចក្តីថ្លៃថ្នូរ។
ឯកអគ្គរាជទូត ថៃ ដែលជាអ្នកច្បាប់នាំមុខ បានថ្លែងថា៖ «ប្រទេសទាំងពីរ បានឯកភាពគ្នាថា មិនខ្វល់ថាតើ ICJ សម្រេចយ៉ាងម៉េចទេ ពួកគេនឹងសហការគ្នាទៅវិញទៅមក ហើយនឹងមិនអនុញ្ញាតឲ្យសេចក្តីសម្រេចនេះប៉ះពាល់ដល់ទំនាក់ទំនងទ្វេ ភាគីរបស់ពួកគេទេ»។
កម្ពុជាបានបន្ទរអំពីផ្លូវការទូតដ៏ខ្ពស់នេះ និងការរៀបចំខ្លួនសម្រាប់សាលក្រម។ រដ្ឋមន្រ្តីក្រសួង ការបរទេសកម្ពុជា លោកហោ ណាំហុង បានសង្ខេបអំពីអ្វី ដែលទំនងជាអារម្មណ៍នាពេលបច្ចុប្បន្ន នៃរដ្ឋាភិបាលទាំងពីរ។ លោកបានថ្លែងថា៖ «ទុកឲ្យ ICJ ធ្វើការវិនិច្ឆ័យ អ្វីក៏ដោយដែលជាសេចក្តីសម្រេចលើសំណុំរឿងនេះ យើងយល់ព្រមរក្សាភាពស្ងប់ស្ងៀម និងគោរពតាមសេចក្តីសម្រេចរបស់តុលាការដោយស្ងៀមស្ងាត់»។ សូម្បីតែក្នុងឆ្នាំ ១៩៦២ នៅពេល ICJ បានធ្វើសេចក្តីសម្រេច មេដឹកនាំផ្តាច់ការថៃ លោក Sarit Thanarat ភ្លាមៗនោះ បានបញ្ជាឲ្យរដ្ឋាភិបាលថៃគោរពតាមសាលដីការបស់តុលាការផងដែរ។
នៅពេលដែលអ្នកជាតិនិយមគំរាម «ឈ្លានពាន» កម្ពុជា គាត់បានបញ្ជូនទ័ពមកកាន់ព្រំដែន ដើម្បីបញ្ឈប់ពួកគេ។ គាត់បានធ្វើឲ្យមេបញ្ជាការយោធាដែលចូលចិត្តសង្គ្រាមរួមទាំងអតីត ឧត្តមសេនីយ៍ Thanom Kittikachorn មានភាពស្ងប់ស្ងាត់ទៅវិញ។
ខណៈភាពស្ងប់ស្ងៀមរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ប្រទេសទាំងពីរ ជាកំណត់សម្គាល់វិជ្ជមានមួយ សាលក្រម ICJ ពិតណាស់ នឹងធ្វើឲ្យមានបញ្ហានៅថ្ងៃ ទី ១១ វិច្ឆិកា មិនថាវាសម្រេចយ៉ាងម៉េចទេ។ អ្នកជាតិនិយមម្នាក់ ក្នុងចំណោមអ្នកជាតិនិយមនាំមុខរបស់ ថៃ គឺ លោក Veera Somkhwamkid បានជាប់ពន្ធនាគារ ក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត ៣ ឆ្នាំ ពាក់ព័ន្ធនឹងបទចារកម្ម បន្ទាប់ពីគាត់បានផ្តួចផ្តើមគំនិត ធ្វើយុទ្ធនាការចូលមកក្នុងទឹកដីកម្ពុជា។ អ្នកជាតិនិយម នៃប្រទេសទាំងពីរ អាចនឹងស្អប់ខ្ពើមគ្នា។ ពួកក្រុមអ្នកជាតិនិយម មានអារម្មណ៍ថា ពួកគេតំណាងឲ្យអ្នកការពារពិតប្រាកដ សម្រាប់ប្រទេសរៀងៗខ្លួនរបស់ពួកគេ។ សាលក្រម ទំនងនឹងមានចំណុចជាច្រើន ដែលត្រូវប្រកាសនៅថ្ងៃ ទី ១១ វិច្ឆិកា ប៉ុន្តែរដ្ឋាភិបាលថៃ ជឿថា មានចំណុចសំខាន់តែបួន នឹងទំនងជាប្រកាស ហើយចំណុចមួយ ក្នុងចំណោមចំណុចទាំងបួននោះ គឺការទាមទារឲ្យថៃប្រគល់ដីមកកម្ពុជាវិញ។
ដោយសន្មតថា អាចនឹងមានហេតុផលបែបនោះ រដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា មិនទាន់បានអំពាវនាវឲ្យអ្នករាល់គ្នាគោរពទៅតាមសាលដីកានេះនៅឡើយ ទេ។ ប្រសិនបើរដ្ឋាភិបាល ប្រទេសភូមិផងទាំងពីរ មិនធ្វើដូច្នោះ ពួកអ្នកជាតិនិយម អាចនឹងបង្កឲ្យមានឧប្បត្តិហេតុណាមួយ៕ PS
ដោយ Al Dawson អ្នកកាសែត បាងកក ប៉ុស្តិ៍
No comments:
Post a Comment