ទោះបីជាយ៉ាងណា សម្រាប់ការបង្ហាញខ្លួនលើកនេះត្រូវបានអ្នកនាំកីឡាករបរទេស មកប្រកួតនៅកម្ពុជា ប្រាប់អ្នករៀបចំកម្មវិធីប្រដាល់របស់ប៉ុស្តិ៍លេខ៣ថា សមត្ថភាពរបស់ Behzad នៅពេលនេះមានការរីកចម្រើនជាងមុនព្រោះថ្មីៗនេះគេបានចូលរួម នៅក្នុងព្រឹត្តិការណ៍ Onoro Thailand នៅប្រទេសថៃ និងទទួលបានលទ្ធផលល្អប្រសើរទៀតផង។
យ៉ាងណាក៏ដោយកីឡាករ ឡុង សុភី របស់ក្លិបសាលវ័ន្តកីឡា គេមិនដែលចាប់អារម្មណ៍ពីភាពខ្លាំងរបស់គូប្រកួតនោះទេ ហើយគេក៏មិនដែលអួតអាងអ្វីមុនការប្រកួតនោះទេ។ ជាទម្លាប់របស់ សុភី គឺសង្ឃឹមលើខ្លួនឯងត្រឹមតែ៥០ភាគរយប៉ុណ្ណោះមុនការប្រកួតមកដល់ ប៉ុន្តែលទ្ធផលដែលគេធ្វើបានក្នុងការអន្តរជាតិជាច្រើនលើកកន្លងមក គឺល្អខ្លាំងណាស់ ព្រោះកីឡាករបរទេសភាគច្រើន តែងតែសន្លប់ ឬបោះបង់ការប្រកួតក្រោមផ្លែកែង និងក្បាច់ជង្គង់ដ៏មានប្រសិទ្ធភាពរបស់គេជានិច្ច ជាពិសេសកីឡាករភ្នែកប្រាក់តែម្តង។
យ៉ាងណាមិញ កីឡាករថៃ Narongwut Kaeongam ដែលត្រូវជួបជាមួយ រឿង សោភ័ណ្ឌ របស់ក្លិបមកុដរាជសីហ៍វិញនោះ គឺមិនដែលមកប្រកួតនៅកម្ពុជាឡើយ ហើយគេក៏មិនបានបង្ហាញពីប្រវត្តិប្រកួតរបស់គេនោះដែរ។
តែទោះបីជាយ៉ាងណាលោក ទី រ៉ាណាត នាយកផ្នែកផលិតកម្មវិធីប៉ុស្តិ៍លេខ៣ បានប្រាប់ឲ្យដឹងថា៖«កីឡាករថៃម្នាក់នេះខាងអ្នកដឹកនាំកីឡាករ បរទេសមកប្រកួតនៅប៉ុស្តិ៍លេខ៣ បានទៅជ្រើសរើសដល់ក្លិបរបស់គេនៅឯក្រុងបាងកក ហេតុនេះខ្ញុំជឿថាគេមានសមត្ថភាពមិនអន់នោះទេ ថាមិនត្រូវគេអាចល្អជាង រឿង សោភ័ណ្ឌ ក៏ថាបាន ព្រោះមុនពេលជ្រើសរើសគេមកប្រកួត យើងសុទ្ធតែបានប្រាប់ពីកម្រិតនៃការប្រកួតរបស់កីឡាករកម្ពុជាយើង ដល់ខាងគេឲ្យបានដឹងមុន ដូច្នេះគេប្រហែលជាមិនដាក់អ្នកអន់ឲ្យមកប្រកួតជាមួយយើងនោះទេ»។
កីឡាករ រឿង សោភ័ណ្ឌ បានក្លាយជាកីឡាករដ៏ខ្លាំងម្នាក់ និងស្ទើរតែរកអ្នកមានទម្ងន់ប្រហាក់ប្រហែលគ្នាប្រកួតជាមួយគេលែង ចង់បានទៅហើយ។ នៅក្នុងប្រវត្តិប្រកួតចំនួន៩៧ដង សោភ័ណ្ឌ ធ្លាប់ឈ្នះចំនួន៨២ ចាញ់១៣ ស្មើ២ដង និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ចំនួន២៥ដង ហើយនៅក្នុងប្រវត្តិនេះ រឿង សោភ័ណ្ឌ ធ្លាប់ប្រកួតជាមួយកីឡាករបរទេសចំនួន៣ដង។
ការប្រកួតលើកទី១ជាមួយកីឡាករថៃ សោភ័ណ្ឌ បានផ្តួលឲ្យសន្លប់នៅទឹកទី៣ ខណៈការជួបថៃម្នាក់ទៀត នៅក្នុងការប្រកួតអន្តរជាតិជាលើកទី២ គេបានយកឈ្នះថៃម្នាក់នោះដោយពិន្ទុ ក្រោមការគាំទ្រយ៉ាងច្រើន រីឯការប្រកួតចុងក្រោយនៅសង្វៀន Beeline Arena កាលពីថ្ងៃទី២៥ ខែតុលា កន្លងមកនេះ សោភ័ណ្ឌ បានម៉ាត់ពោះទឹកបណ្តាលឲ្យកីឡាករបារាំង Stephen Windy សន្លប់នៅក្នុងទឹកទី២។
យ៉ាងណាមិញ សម្រាប់ការប្រកួតអន្តរជាតិលើកទី៤ ជាមួយកីឡាករមិនស្គាល់ប្រវត្តិរបស់ថៃម្នាក់នេះ រឿង សោភ័ណ្ឌ បាននិយាយថា៖«ខ្ញុំបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់ ដើម្បីបង្កើនសន្ទុះនៃការប្រកួតឲ្យបានល្អប្រសើរជាងមុន ព្រោះការបានប្រកួតជាមួយបរទេស វាជាកិត្តិយសរបស់កីឡាករកម្ពុជាដូចរូបខ្ញុំ»។
កីឡាករវ័យ២២ឆ្នាំ រឿង សោភ័ណ្ឌ បានបញ្ជាក់ថា៖«ប៉ុន្តែខ្ញុំក៏មានការព្រួយបារម្ភផងដែរ ព្រោះអ្នកដែលខ្ញុំត្រូវជួបលើកនេះ មិនដឹងថាគេមានសមត្ថភាពប្រកួតកម្រិតណានោះឡើយ។ តែទោះបីជាយ៉ាងណា ខ្ញុំនៅតែសង្ឃឹមឈ្នះ៨០ភាគរយ ព្រោះខ្ញុំមានការជឿជាក់លើខ្លួនឯងថា អាចប្រកួតបានល្អ។ ម្យ៉ាងទៀតខ្ញុំធ្លាប់បានឈ្នះកីឡាករបរទេសចំនួន៣ដងកន្លងមកហើយដែរ»៕
By Phnom Penh Post
No comments:
Post a Comment