Tuesday, September 3, 2013

Microsoft ទិញ​អាជីវកម្ម​ទូរស័ព្ទ Nokia

130904_15
បុគ្គលិក​ក្រុមហ៊ុន​ Nokia លើក​បង្ហាញ​ទូរស័ព្ទ Lumia 925​ ក្នុង​សន្និសីទ​បង្ហាញ​ទូរស័ព្ទ​។ B.g























ក្រុង​ហែលស៊ីគិៈ ក្រុមហ៊ុន​ Microsoft Corp បាន​​ព្រម​ព្រៀង​ទិញ​យក​អាជីវកម្ម​ផលិត​ទូរស័ព្ទ​ចល័ត និង​អាជ្ញាប័ណ្ណ​​ប៉ាតង់​​​របស់​ក្រុមហ៊ុន​ Nokia Oyj ក្នុង​តម្លៃ ៥,៤៤​​ ពាន់​លាន​អឺរ៉ូ (៧,២ ​ពាន់​លាន​ដុល្លារ​) ខណៈ​ក្រុមហ៊ុន​របស់​ប្រទេស​ហ្វាំង​​ឡង់​​​ដែល​ធ្លាប់​ជា​ក្រុមហ៊ុន​ផលិត​ ទូរស័ព្ទ​ចល័ត​​ធំ​ជាង​គេ​របស់​ពិភព​លោក​មួយ​នេះ​កំពុង​ព្យាយាម​រក្សា​ចំណែក ​ទីផ្សារ​។
ក្រុមហ៊ុន​ទាំង​ពីរ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ ថ្ងៃ​ម្សិលមិញ​ថា កិច្ច​ព្រម​ព្រៀង​នេះ​រួមមាន ​ការ​ចំណាយ​ថវិកា​ចំនួន ៣,៧៩​ ពាន់​លាន​អឺរ៉ូសម្រាប់​ទិញ​យក​អាជីវកម្ម​​ក្រុមហ៊ុន​ផលិត​គ្រឿង​ អេឡិចត្រូនិក​ចល័ត​ និង​ថវិកា​ចំនួន ១,៦៥​​ ពាន់​លាន​អឺរ៉ូ សម្រាប់​ទិញ​យក​ប៉ាតង់​។ ​លោក Stephen Elop នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Nokia នឹង​ចាក​ចេញ​ពី​ក្រុមហ៊ុន​​ Nokia ដើម្បី​ទៅ​​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន Microsoft។
ក្រុមហ៊ុន​ Nokia កំពុង​ដោះ​ស្រាយ​បញ្ហា​លំហូរ​សាច់​ប្រាក់​ដែល​បង្ក​ឡើង​ដោយ​សារ​ការ​ ធ្លាក់ចុះ​តម្រូវ​ការគ្រឿង​អេឡិចត្រូនិក​ ខណៈ​ទូរស័ព្ទ​របស់​ខ្លួន​បាន​បាត់​បង់​ចំណែក​ទីផ្សារ​ ដោយ​សារ​ផលិតផល​របស់​ក្រុមហ៊ុន Apple Inc និង​ទូរស័ព្ទ​ដែល​ប្រើ​ប្រាស់​កម្ម​វិធីប្រតិបត្តិការ Android ​របស់​ក្រុមហ៊ុន Google Inc។
លោក Elop បាន​កាត់​បន្ថយ​ការ​ងារ​ជាង ​២ ម៉ឺន​កន្លែង និង​បាន​ពន្យារពេល​ចែក​ភាគលាភ​របស់​ក្រុមហ៊ុននេះ ​កាល​ពី​ខែ​មករា ក្នុង​គោល​បំណង​ស្តារ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​។​
លោក Risto Siilasmaa ប្រធាន​ក្រុមហ៊ុន Nokia បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយថា​៖ «បន្ទាប់​ពី​ការ​វាយ​តម្លៃ​យ៉ាង​ហ្មត់​ចត់​ស្តីពី​វិធី​បង្កើន​តម្លៃ​ម្ចាស់ ​ភាគហ៊ុន​​ឲ្យ​ដល់​​កម្រិត​អតិបរមា រួម​ទាំង​ការ​ពិចារណា​លើ​ជម្រើស​ផ្សេងៗមក យើង​​ជឿ​ជាក់​ថា ប្រតិបត្តិការ​លក់​អាជីវកម្ម​នេះ​​ គឺ​ជា​មាគ៌ា​មួយ​ដ៏​ប្រសើរ​បំផុត​ចំពោះ​​ក្រុមហ៊ុន Nokia និង​ម្ចាស់​ភាគ​ហ៊ុន​​របស់​ខ្លួន​»។​
លោក Siilasmaa នឹង​ក្លាយ​ជា​នាយក​ប្រតិបត្តិ​បណ្តោះ​អាសន្ន​របស់​ក្រុមហ៊ុន Nokia។​​
ក្រុមហ៊ុន​ Nokia បាន​រាយការណ៍​កាល​ពី​ខែ​កក្កដាថា ការ​លក់​ទូរស័ព្ទ​ដៃ​នៅ​ត្រីមាស​ទីពីរ បាន​ធ្លាក់​ចុះ​ ២៧​ ភាគ​រយ​ ហើយ​ក្រុមហ៊ុន​នេះ​បាន​ខាតបង់​ថវិកា​​ជាង​ ៥​ ពាន់​លាន​អឺរ៉ូ​ ក្នុង​រយៈ​ពេល​ ៩​ ត្រីមាស​៕ Bloomberg/BP By Phnom Penh Posh

No comments:

Post a Comment