Tuesday, September 3, 2013

លេងផង រៀនផង​នៅ​មណ្ឌល​កម្សាន្ត​អប់រំ​បែប​វិទ្យាសាស្ត្រ​ទី​១ Kids City

130904_20a
យុវតី​ម្នាក់​កំពុង​លេង​ឧប​ករណ៍​មួយ​ដែល​អាច​ឲ្យ​គេ​ដឹង​ពី​សកម្ម​ភាព​របស់​អ្នក​អវ​កាស​ពេល​ស្ថិត​ក្នុង​លំហ។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ដោយ​សម្លឹង​មើល​ឃើញ​ពី​ភាព​រីកចម្រើន​នៃ​ការ​សិក្សា​អប់រំ​កាន់តែ​ស្ទុះ​ឡើង ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​សង្គម​កម្ពុជា​នោះ ទើប​មជ្ឈមណ្ឌល​កម្សាន្ត​អប់រំ​បែប​វិទ្យាសាស្ត្រ​ដំបូង​បំផុត​ត្រូវ​បាន​លេច ​វត្តមាន​ឡើង​នៅក្នុង​អគារ​កម្ពស់​១១​ជាន់​គឺ Kids City ដែល​ស្ថិត​ជាប់​នឹង​អគារ​កម្ពស់​៤២​ជាន់ នៅ​កណ្តាល​រាជធានី​ភ្នំពេញ។
លោក ទូច ពុទ្ធី ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​នៅ​អគារ​Kids City បាន​ឲ្យ​ដឹង​ថា Kids City ដែល​មាន​ផ្នែក​កម្សាន្ត​ចម្រុះ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​នេះ។ អគារ​នេះ​ទទួល​ការ​ផ្គត់ផ្គង់​ផ្នែក​បច្ចេកទេស​ពី​មជ្ឈមណ្ឌល​ដ៏​ធំ​មួយ​របស់ ​ប្រទេស​នូវែលសេឡង់ ឈ្មោះ​ថា Science Alive ហើយ​វា​ប្រៀប​បាន​នឹង​ទីក្រុង​មួយ​ដែល​កុមារ និង​យុវវ័យ​អាច​ស្វែងរក​ការ​កម្សាន្ត​បែប​វិទ្យាសាស្ត្រ​ជាច្រើន​ប្រភេទ​ ដូចជា​កីឡា​កម្សាន្ត សួន​កម្សាន្ត​កុមារ ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ស្គី​ទឹកកក​ពិត​ៗ និង​ការ​ឡើង​ជញ្ជាំង​ជាដើម។ ក្រៅពី​នេះ Kids City ក៏​មាន​អគារ​លក់​ទំនិញ​កុមារ​ខោអាវ និង​សម្ភារ​កុមារ​មួយ​ចំនួន​ទៀត ហើយ​ក្នុង​នោះ​ក៏​មាន​ការ​លក់​កាហ្វេ និង​មាន​អាហារដ្ឋាន​ល្បី​ឈ្មោះ​លំដាប់​ពិភពលោក​ផង​ដែរ។
ដោយឡែក​អ្វី​ដែល​ជា​គ្រឹះ​ធំ​របស់​អគារ Kids City គឺ​មជ្ឈមណ្ឌល​កម្សាន្ត​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដែល​ស្ថិត​នៅ​ជាន់​ទី​៩។ លោក ពុទ្ធី បាន​បញ្ជាក់​ថា​៖​«​ចំណុច​ពិសេស​របស់​ការ​កម្សាន្ត​បែប​វិទ្យាសាស្ត្រ​នៅ​ ជាន់​ទី​៩ គឺ​កុមារ និង​យុវវ័យ​ចាប់ពី​អាយុ​៦​ឆ្នាំ​ឡើង​ទៅ ពួកគាត់​នឹង​រៀន​ដោយ​មិន​ដឹង​ខ្លួន និង​គ្មាន​ការ​ធុញទ្រាន់​»។
អ្នក​គ្រប់គ្រង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កន្លែង​កម្សាន្ត​បែប​វិទ្យាសាស្ត្រ​នេះ មាន​ប្រធានបទ​គោល​ចំនួន​៦​ធំ​ៗ​គឺ ទី​១​ផ្តោត​លើ​សំឡេង ទី​២ ស្វែងយល់​ពី​ពន្លឺ​(​អុបទិក​) ទី​៣ ប្រព័ន្ធ​សុរិយគតិ​(​សិក្សា​ពី​ភព​ជុំវិញ​ព្រះអាទិត្យ ពិសេស​ពី​ផែនដី​ផ្ទាល់​) ទី​៤ សិក្សា​ពី​កម្លាំង (​ខ្យល់ កម្លាំង​កកិត និង​ទំនាញ​) ទី​៥ កម្សាន្ត និង​សិក្សា​ពី​អគ្គិសនី និង​មេដែក​(​សិក្សា​ពី​សារៈសំខាន់​របស់​មេដែក និង​ការ​បង្កើត​អគ្គិសនី​) ទី​៦ ល្បែងល្បង​ប្រាជ្ញា អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា កាលណា​យើង​ព្យាយាម​ដោះស្រាយ​ល្បងប្រាជ្ញា ខួរក្បាល​របស់​យើង​នឹង​ដំណើរ​ល្អ។ លោក​បាន​បញ្ជាក់​ថា ជា​រួម​នៅ​កន្លែង​កម្សាន្ត​បែប​វិទ្យាសាស្ត្រ​មាន​ឧបករណ៍​ចំនួន​៥០​ត្រូវ​ បាន​ដាក់​ឲ្យ​កុមារ និង​យុវវ័យ​លេង​កម្សាន្ត និង​ស្វែងយល់។
លោក​ពន្យល់​ថា​៖​«​ការ​កម្សាន្ត​បែប​វិទ្យាសាស្ត្រ​ជា​បច្ចេកវិទ្យា​ ដំបូង​បំផុត​នៅ​កម្ពុជា។ វា​មាន​សារសំខាន់​បំផុត ដែល​កុមារ​និង​យុវវ័យ​អាច​លេង​កម្សាន្ត​យ៉ាង​រីករាយ​ទន្ទឹម​នឹង​នោះ ពួកគេ​ក៏​អាច​ស្វែងយល់​ពី​មូលដ្ឋានគ្រឹះ​របស់​វិទ្យាសាស្ត្រ​ដោយ​មិន​ដឹង​ ខ្លួន ពោល​គឺ​ពួកគេ​លេងផង រៀនផង។​ពេល​នោះ​ពួកគេ​នឹង​ដឹងថា ពន្លឺ​មាន​ប្រភព​មកពី​ណា ផែនដី​យើង​យ៉ាង​ម៉េច តើ​កម្លាំង​កើត​មក​ពី​អ្វី ទំនាញ​ផែនដី គឺជា​អ្វី និង​ចំណេះដឹង​ជាច្រើន​ទៀត ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ពួកគេ​អាច​លេង​ល្បែងល្បង​ប្រាជ្ញា​ទទួល​រង្វាន់​ ទៀត​ផង​»។
លោក​បន្ថែម​ថា​៖​«​ការ​បង្កើត​កន្លែង​កម្សាន្ត​បែប​វិទ្យាសាស្ត្រ​នេះ បាន​ចូលរួម​ចំណែក​សង្គម​យ៉ាង​ច្រើន ពិសេស​លើ​ផ្នែក​សិក្សា​វិទ្យាសាស្ត្រ​របស់​កុមារ និង​យុវវ័យ ខណៈ​សាលា​នៅ​កម្ពុជា​មួយ​ចំនួន​មិន​ទាន់​មាន​បន្ទប់​ពិសោធន៍​សម្រាប់​បង្ហាញ ​សិស្ស​នៅ​ឡើយ​»។
បន្ថែម​លើ​ប្រធានបទ​គោល​ទាំង​៦ ដែល​ជា​មូលដ្ឋានគ្រឹះ​របស់​វិទ្យាសាស្ត្រ លោក ពុទ្ធី បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​ក្រោយ​នេះ Kids City នឹង​បង្កើត​ផ្នែក​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា Science Discovery ដើម្បី​បំពេញ​ការ​ចង់​ដឹង​របស់​មនុស្ស​គ្រប់​រូប។
ជាមួយ​គ្នា​នឹង​ការ​បើក​មជ្ឈមណ្ឌល​កម្សាន្ត​អប់រំ​បែប​វិទ្យាសាស្ត្រ​ ដំបូង​បង្អស់​នៅ​កម្ពុជា​នេះ លោក ទូច ពុទ្ធី បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ថា​៖​«​ខ្ញុំ​ជឿជាក់​ថា នឹង​ទទួល​បាន​ផ្លែផ្កា​ល្អ​ព្រោះ​វិស័យ​អប់រំ​កំពុង​ដំណើរការ​ល្អ​ពិសេស​ វិស័យ​ឯកជន ហើយ​កុមារ និង​យុវជន​ក៏​មាន​កំណើន​ខ្ពស់ ដែល​ពួកគេ​ម្នាក់​ៗ​កំពុង​ស្រេកឃ្លាន​ការ​ទទួល​យក​ចំណេះដឹង​ទាំងនោះ និង​អនុវត្ត​ផ្ទាល់​តែ​ម្តង​»៕ By Phnom Penh Post

No comments:

Post a Comment