ភ្នំពេញៈបើគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ
ការប្រកួតជ្រើសរើសជើងឯកទូទាំងប្រទេស កីឡាបាល់ទាត់ បាល់ទះ បាល់បោះ
និងកីឡាអត្តពលកម្ម ក្របខ័ណ្ឌក១-ក២ ប្រចាំឆ្នាំ២០១៣
ដែលរៀបចំឡើងនៅទីរួមខេត្តតាកែវនោះ
បានដំណើរការប្រកួតបាន២ថ្ងៃហើយ
ប៉ុន្តែលទ្ធផលនៃការប្រកួតមិនត្រូវបានរាយការណ៍ឲ្យដឹងគ្រប់ប្រភេទ
កីឡានោះទេ។
ទោះបីជាយ៉ាងណា សម្រាប់ការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌក១
ស្វែងរកក្រុមទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២
ឡើងមកប្រកួតជម្រុះជាមួយក្រុមទើបកាត់ចេញពីLeague
សាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងព្រឹទ្ធសភា
ដើម្បីយក២ក្រុមឲ្យចូលរួមក្នុងការប្រកួតក្របខ័ណ្ឌមិត្តហ្វូន
ខេមបូឌានលីក ប្រចាំឆ្នាំ២០១៤នោះ
កំពុងតែធ្វើការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញនិងតានតឹងបំផុត។
លោក ទុយ ប៊ុនហឿន ប្រធានការិយាល័យកីឡាទំនើប
និងជាអ្នកទទួលបន្ទុកផ្នែកកីឡាបាល់ទាត់ បានរាយការណ៍មកថា
ការប្រកួតបាល់ទាត់ក្របខ័ណ្ឌក១ មានក្រុមចូលរួមចំនួន៨
ហើយក្រុមទាំងនោះត្រូវបានបែងចែកការប្រកួតជា២ពូល
ដោយក្នុងនោះពូលA មានក្រុមព្រែកប្រាកីឡា Tri-Asia ខេត្តតាកែវ
និងក្រុមខេត្តកណ្តាល(ក) រីឯពូលB
មានក្រុមធនាគារស្រូវកម្ពុជាខេត្តបាត់ដំបង សាកលវិទ្យាល័យវេស្ទើន
ខេត្តស្ទឹងត្រែង និងក្រុមឫទ្ធិសែនរបស់ខេត្តកំពង់ឆ្នាំង។
ចំពោះលទ្ធផលនៃការប្រកួត២ថ្ងៃកន្លងមកនេះ ក្រុមចំណូលថ្មី
Tri-Asia ដែលបានទិញឈ្មោះក្របខ័ណ្ឌក១របស់ខេត្តកណ្តាល
ដើម្បីបំពេញមហិច្ឆតាស្វែងរកឱកាសបានចូលប្រកួតក្នុងក្របខ័ណ្ឌកំពូល
មិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៤នោះ
បានត្រឹមបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយក្រុមព្រែកប្រាកីឡា
ដែលជាក្រុមបានកាត់ចេញពីក្របខ័ណ្ឌលីក កាលពីឆ្នាំ២០១០
សម្រាប់ការប្រកួតលើកទី១របស់ក្រុមទាំង២ កាលពីអង្គារ
ប៉ុន្តែក្រុមម្ចាស់ផ្ទះខេត្តតាកែវ បានលត់ក្រុមខេត្តកណ្តាល(ក)
ក្នុងលទ្ធផល ៣-១
ដើម្បីឡើងទៅឈរនៅក្នុងចំណាត់ថ្នាក់លេខ១ជាបណ្តោះអាសន្នប្រចាំពូល
A។
យ៉ាងណាមិញ សម្រាប់ការប្រកួតជម្រុះក្នុងពូលB
កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះក្រុមធនាគារស្រូវកម្ពុជាខេត្ត
បាត់ដំបង បានត្រឹមបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣
ជាមួយក្រុមសាកលវិទ្យាល័យវេស្ទើន ដែលទើបកាត់ចេញពីក្របខ័ណ្ឌលីក
កាលពីឆ្នាំ២០១២ រីឯក្រុមខេត្តស្ទឹងត្រែង
បានយកឈ្នះក្រុមឫទ្ធិសែនរបស់ខេត្តកំពង់ឆ្នាំង ក្នុងលទ្ធផលបច្ចេកទេស
៤-៣ ដើម្បីឡើងទៅឈរនៅលេខរៀងទី១ក្នុងពូលមួយនេះ។
ចំណែកនៅវេលាម៉ោង ៨:៤៥ថ្ងៃពុធនេះក្រុម Tri-Asia
នឹងធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះខេត្តតាកែវ
ដើម្បីប្រជែងគ្នាយក៣ពិន្ទុ
ខណៈកម្មវិធីបើកការប្រកួតជ្រើសរើសជើងឯកទូទាំងប្រទេស កីឡាបាល់ទាត់
បាល់ទះ បាល់បោះ និងអត្តពលកម្ម ក្របខ័ណ្ឌក១-ក២ប្រចាំឆ្នាំ២០១៣
ជាផ្លូវការក៏នឹងធ្វើឡើងក្នុងពេលដំណាលគ្នានោះដែរ។
ដោយឡែកការប្រកួតបាល់ទាត់ក្របខ័ណ្ឌក២ មាន៨ក្រុមចូលរួមប្រកួត
ហើយក៏បានបែងចែកការប្រកួតជា២ពូលដូចក១ ផងដែរ
រីឯការប្រកួត២ថ្ងៃកន្លងមកនេះក្រុមខេត្តកំពត
ដែលឈរនៅក្នុងពូលA បានលត់ក្រុមខេត្តពោធិ៍សាត់ ៤-០ ខណៈក្រុម CMAC
បានយកឈ្នះក្រុមខេត្តស្វាយរៀង ៥-២។ ចំណែកការប្រកួតប្រចាំពូលB
កាលពីថ្ងៃអង្គារម្សិលមិញនេះក្រុមខេត្តក្រចេះ
បានបំបាក់ក្រុមខេត្តកំពង់ឆ្នាំង ក្នុងលទ្ធផល ៦-២
ខណៈក្រុមខេត្តព្រះសីហនុ បានលត់ក្រុមខេត្តសៀមរាប ក្នុងលទ្ធផល ៤-១៕ By Phnom Penh Post
No comments:
Post a Comment