Wednesday, September 4, 2013

Arsenal ទិញ​បាន Ozil Man Utd បាន Fellaini

130904_28c
ខ្សែ​បម្រើ Mesut Ozil ចូល​រួម​ជា​មួយ Arsenal ក្នុង​តម្លៃ​ខ្លួន​៤២,៤​លាន​ផោន ពី​ក្លិប Real Madrid។ AFP
ក្រុងឡុងដ៍: Arsenal បាន​បំបែក​កំណត់ត្រា​ផ្ទេរ​របស់​ពួកគេ​តាមរយៈ​ការ​នាំ​យក​ខ្សែបម្រើ​ ប្រយុទ្ធ​អន្តរជាតិ​អាល្លឺម៉ង់ Mesut Ozil ពី​ក្លិប Real Madrid កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ដែល Manchester United បាន​ធ្វើការ​ផ្ទេរ​ចុង​ក្រោយ​មួយ​ដើម្បី​ចុះ​ហត្ថលេខា​ជាមួយ​នឹង​កីឡាករ Marouane Fellaini ពី​ក្លិប Everton។
ក្នុង​ចំណោម​សកម្មភាព​ដ៏​មមាញឹក​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​ នា​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​នៃ​រដូវកាល​នេះ Arsenal បាន​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ជាមួយ​នឹង​ការ​ផ្ទេរ​ចូល Ozil ក្នុង​តម្លៃ​ខ្លួន​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា ប្រមាណ​ជា​៤២,៤​លាន​ផោន (ស្មើ​នឹង​៦៦​លាន​ដុល្លារអាមេរិក។​ការ​ផ្ទេរ​មួយ​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ដែល Gareth Bale បាន​បង្ហាញ​ខ្លួន​ជា​កីឡាករ​របស់ Real Madrid ក្រោយ​ពី​ការ​ចាក​ចេញ​ពី​ក្លិប Tottenham Hotspur ដែល​ជា​គូប្រជែង​របស់ Arsenal ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​៨០​លាន​ផោន ដើម្បី​នាំឲ្យ​មាន​ការ​បើក​ផ្លូវ​សម្រាប់​ការ​ចាកចេញ​របស់ Ozil តែ​ម្តង។
Arsenal បាន​ឲ្យ​ដឹង​ថា Ozil បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​វែង​មួយ ដែល​មាន​រយៈពេល​៥​ឆ្នាំ ក្រោយពី​រូបគេ​បាន​ទទួល​ការ​ត្រួតពិនិត្យ​សុខភាព​នៅក្នុង​ទីក្រុង Munich។ លោក Arsene Wenger អ្នក​ចាត់ការ​ទូទៅ​របស់ Arsenal និង​បាន​ស្ថិត​ក្រោម​សម្ពាធ​ពី​សំណាក់​អ្នក​គាំទ្រ​របស់​ក្លិប​នេះ​ក្នុង​ ការ​ទិញ​ចូល​កីឡាករ​ដ៏​សំខាន់​ម្នាក់​នោះ បាន​និយាយ​ថា​៖ «​យើង​ពិតជា​រីករាយ​ក្នុង​ការ​ចុះ​ហត្ថលេខា​ជាមួយ​កីឡាករ Mesut Ozil​»។
គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ «​យើង​បាន​ទស្សនា និង​បាន​កោតសរសើរ​រូបគេ​ជាច្រើន​លើក ខណៈ​ដែល​រូបគេ​ឆ្លើយតប​គ្រប់​លក្ខខណ្ឌ​ទាំងអស់​ដែល​ខ្ញុំ​ស្វែងរក​សម្រាប់​ ទិញ​ចូល​ជា​កីឡាករ​របស់ Arsenal ម្នាក់​»។
Ozil បាន​និយាយ​ប្រាប់​គេហទំព័រ​របស់ Arsenal ថា​៖ «​ខ្ញុំ​ពិតជា​រំភើប​ក្នុង​ការ​ចូលរួម​ជាមួយ​នឹង​ក្លិប​ដ៏​ធំ​ដូចជា Arsenal និង​កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ដើម្បី​លេង​ក្នុង​ក្របខ័ណ្ឌ Premier League​»។ Arsenal ដែល​មិន​ធ្លាប់​បាន​ចំណាយ​ទឹកប្រាក់​ច្រើន​ជាង​១៥​លាន​ផោន​លើ​កីឡាករ​ម្នាក់ ​កាលពី​មុន​មក​នោះ ក៏​បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​អ្នក​ចាំទី​អន្តរជាតិ​អ៊ីតាលី Emiliano Viviano វ័យ​២៧​ឆ្នាំ ពី​ក្លិប Palermo ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវកាល​ផង​ដែរ។ ការ​ផ្ទេរ​របស់ Ozil គឺជា​ការ​អភិវឌ្ឍ​ដ៏​សំខាន់​បំផុត​នៅ​ថ្ងៃ​មួយ​ដែល​ការ​ចំណាយ​ទឹកប្រាក់​ សរុប​ពី​សំណាក់​ក្លិប​ស្ថិត​ក្នុង​ក្របខ័ណ្ឌ Premier League អំឡុង​ថ្ងៃ​បើក​ទីផ្សារ​ដោះដូរ​នៃ​រដូវកាល​នេះ មាន​ចំនួន​ច្រើន​ជាង​៥០០​លាន​ផោន​ជា​លើក​ទី​១ នេះ​បើ​យោង​ទៅ​តាម​វិទ្យាស្ថាន​ប្រឹក្សាយោបល់​ផ្នែក​ហិរញ្ញវត្ថុ Deloitte។
ក្រោយ​ពី​ជួប​រដូវក្តៅ​ទី​១​ដ៏​ខកចិត្ត​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ទូទៅ​ របស់ Man United លោក David Moyes បាន​នាំ​យក​ខ្សែបម្រើ​អន្តរជាតិ​បែលហ្ស៊ិក Fellaini ដែល​ជា​កីឡាករ​លោក​បាន​ធ្វើការ​ជាមួយ​នៅឯ​ក្លិប Everton ក្នុង​ព្រមព្រៀង​មួយ​ក្នុង​តម្លៃ​ខ្លួន​២៧,៥​លាន​ផោន។ ប៉ុន្តែ ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​របស់​អង់គ្លេស​មួយ​នេះ បាន​បរាជ័យ​ក្នុង​ការ​ប្រមាញ់​ទិញ​ខ្សែការពារ​ស្លាបឆ្វេង​អន្តរជាតិ​ ព័រទុយហ្គាល់ Fabio Coentrao របស់ Real Madrid និង​ខ្សែបម្រើ Ander Herrera របស់​ក្លិប Athletic Bilbao។ ភ្នាក់ងារ​សារព័ត៌មាន Press Association របស់​ចក្រភព​អង់គ្លេស បាន​បញ្ជាក់​ថា Man United មាន​ការ​យឺតយ៉ាវ​ពេក​ក្នុង​ការ​ដាក់​នូវ​សំណើ​របស់​ពួកគេ​ដើម្បី​ចុះ​ ហត្ថលេខា Coentrao ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ខណៈ​ដែល​ព័ត៌មាន​ដ៏​ចម្លែក​ពី​ប្រទេស​អេស្ប៉ាញ​បាន​រាយការណ៍​ថា ការ​ផ្ទេរ Herrera បាន​ទទួល​បរាជ័យ ក្រោយ​ពី​មនុស្ស​បី​នាក់​បាន​ក្លែងបន្លំ​ដើម្បី​ជា​អ្នក​តំណាង​ឲ្យ​ក្លិប​ មួយ​នេះ​នៅឯ​ការិយាល័យ​លីក​របស់​អេស្ប៉ាញ។
Everton ក៏​បាន​លក់​ខ្សែប្រយុទ្ធ Victor Anichebe ទៅ​ឲ្យ​ក្លិប West Bromwich Albion ផង​ដែរ​សម្រាប់​តម្លៃ​ខ្លួន​ដែល​អាច​នឹង​កើន​ដល់​៦​លាន​ផោន ប៉ុន្តែ ពួកគេ​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ខ្សែបម្រើ​អន្តរជាតិ​អៀរឡង់ James McCarthy ក្នុង​តម្លៃ​ខ្លួន​១៣​លាន​ផោន ពី​ក្លិប Wigan Athletic។
លោក Roberto Martinez ដែល​ជា​អ្នក​ជំនួស​តំណែង​លោក Moyes ក៏​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ផ្សេង​ទៀត​ផង​ដែរ​ក្នុង​ការ​ខ្ចី​ជើង​ ខ្សែបម្រើ Gareth Barry របស់​ក្លិប Manchester City និង​ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក Romelu Lukaku ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី Chelsea បើ​ទោះ​បី​បង្ហាញ​នូវ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ឯ West Brom កាលពី​រដូវកាល​មុន​ក៏​ដោយ។
Liverpool ដែល​ជា​ក្រុម​កំពុង​តែ​ឈរ​នៅ​លើ​កំពូល​តារាង Premier League នា​ពេល​បច្ចុប្បន្ន បាន​បំពេញ​នូវ​ការ​ទិញ​ចូល​កីឡាករ​ចំនួន​៣​នាក់​នៅ​ថ្ងៃ​បិទ​ទីផ្សារ​នោះ។ ខ្សែការពារ Mamadou Sakho និង Tiago Ilori បាន​ចូលរួម​ជាមួយ​ពួកគេ​ក្រោយ​ពី​ផ្ទេរ​មកពី​ក្លិប Paris Saint-Germain និង Sporting Lisbon រៀង​ៗ​ខ្លួន ខណៈ​ខ្សែបម្រើ​ស្លាប Victor Moses បាន​ចុះ​ហត្ថលេខា​ទៅ​Liverpool ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Chelsea។
Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា​២៥​លាន​ផោន​ក្នុង​ការ​ទិញ Ilori និង​ខ្សែការពារ​អន្តរជាតិ​បារាំង Sakho ដែល​បាន​បាត់បង់​កៅអី​ក្នុង​ជម្រើស​ដំបូង​នៅ PSG។
Aston Villa បាន​ធ្វើឲ្យ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ឆែក Libor Kozak ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​៧​របស់​ពួកគេ​តាមរយៈ​ការ​ផ្ទេរ​រូបគេ​ពី​ ក្លិប Lazio ក្នុង​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ ជាមួយ​នឹង​តម្លៃ​ខ្លួន​ប្រមាណ​ជា​៧​លាន​ផោន​។ West Brom បាន​បំបែក​កំណត់ត្រា​នៃ​ការ​ផ្ទេរ​របស់​ពួកគេ​ដើម្បី​នាំ​យក​ខ្សែបម្រើ​ អន្តរជាតិ​បេណាំង Stephane Sessegnon ពី​ក្លិប Sunderland ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ីតាលី Fabio Borini ក្នុង​លក្ខខណ្ឌ​ខ្ចីជើង​ពី​ក្លិប Liverpool និង​ខ្សែការពារ​ស្លាបឆ្វេង Andrea Dossena ពី​ក្លិប Napoli។
រយៈពេល​៧​ខែ ក្រោយ​ពី​ការ​ចាកចេញ​ពី​ក្លិប West Brom នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​កាល​ពី​ខែ​មករា ក្នុង​ក្តីសង្ឃឹម​ក្នុង​ការ​ចូលរួម​ជាមួយ​នឹង​ក្លិប Queens Park Rangers បាន​ទទួល​បរាជ័យ ខ្សែប្រយុទ្ធ​អន្តរជាតិ​នីហ្សេរីយ៉ា Peter Odemwingie បាន​ចាកចេញ​ពី​កីឡដ្ឋាន Hawthorns ដើម្បី​ចូលរួម​ជាមួយ​នឹង​ក្លិប Cardiff City ក្នុង​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ៕ IS By Phnom Penh Post

No comments:

Post a Comment