Wednesday, September 4, 2013

ទស្សនា​សួនច្បារ​រចនាម៉ូដ​បែប​ប្លែក​ឯ​ទឹកដី​ស្កុតឡេន

130904_24a
សួន​ច្បារ​ចក្កវាឡ មាន​រាង​ជា​កូន​ភ្នំ​​ដូច​គូទ​ខ្យង​ផុស​លើ​ស្រះទឹក។

ក្រុងឡុងដ៍ : លោក​ឆាលេស​ចេនក្ស​(Charles Jencks)​គឺជា​វិចិត្រករ និង​អ្នក​កែច្នៃ​ម៉ូដ​ជាតិ​អាមេរិក​បាន​ប្រើ​វា​ជា​រូបរាង​សណ្ឋាន​ដី​ប្លែក​ ៗ ធ្វើឲ្យ​ស្នាដៃ​ស្ថាបត្យកម្ម​របស់​លោក​មាន​លក្ខណៈ​ទំនើប និង​គួរ​ជា​ទី​ចាប់​អារម្មណ៍​នៃ​មនុស្ស​លោក។
ដូច្នេះ​ហើយ​បាន​ជា​គេ​ឃើញ​មាន​ព្រឹត្តិការណ៍ និង​កម្មវិធី​ប្រជុំ​ស្ថាបត្យកម្ម​មួយ​ចំនួន​បាន​បង្ហាញ​អត្ថន័យ​និង​ណែនាំ​ ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ដឹង​ច្បាស់​ពី​ស្នាដៃ​សិល្បៈ​របស់​លោក។
លោក​ឆាលេស​ចេនក្ស​មាន​កំណើត​នៅឯ​សហរដ្ឋ​អាមេរិក ខណៈ​លោក​បាន​ចំណាយ​ពេល​ប្រមាណ​ជាង​៤​ទសវត្សរ៍​រស់នៅ​លើ​ទឹកដី​ប្រទេស​ អង់គ្លេស។ ទីនោះ​ហើយ​ជា​កន្លែង​មួយ​ដែល​លោក​បាន​សិក្សា​រៀនសូត្រ​នូវ​មុខ​ជំនាញ​កែច្នៃ ​លើ​ម៉ូដ​អគារ​និង​ទេសភាព​នានា​ដែល​មាន​ប្រជាប្រិយភាព​បំផុត។ លោក​បាន​ប្រែក្លាយ​វាល​ទំនាប ខ្ពង់រាប និង​សណ្ឋាន​ដី​កំពីកកំពក​ឲ្យ​ទៅ​ជា​ទេសភាព​ដ៏​ប្លែក​បំផុត​ក្នុង​លោក។
ជាក់ស្តែង​ស្នាដៃ​របស់​ស្ថាបត្យករ​វ័យ​៧៤​ឆ្នាំ​រូប​នេះ​រួមមាន​សួនច្បារ ​ចក្កវាឡ (Garden of Cosmic Speculation) ដែល​ស្ថិត​នៅឯ​ប្រទេស​ស្កុតឡេន​ដោយ​លោក​បាន​ចេញ​ម៉ូដ​វា​កាល​ឆ្នាំ​១៩៨៨ និង​ធ្វើ​ដើម្បី​ឧទ្ទិស​ទៅ​ដល់​ភរិយា​ចុង​ក្រោយ​របស់​លោក។ សួនច្បារ​នោះ​ត្រូវ​បាន​មតិ​មហាជន​កោតសរសើរ​យ៉ាង​ខ្លាំង ជាពិសេស​ពី​សំណាក់​ក្រុម​អ្នក​វិទ្យាសាស្រ្ត និង​ក្រុម​គណិតវិទូ​ទៅ​លើ​ស្នាដៃ​ឆ្លាក់​រូប​ទេសភាព​លើ​សណ្ឋាន​ដី​របស់​លោក។ វា​ជា​សួនច្បារ​មាន​ស្រះ​ទឹក​រាង​ដូច​ចំណិត​ដួងខែ មាន​ផ្ទៃដី​ដាំ​ស្មៅ​ក្រវិកក្រវក់​នៅលើ​ផ្ទៃទឹក​កូនភ្នំ​រាង​ដូច​គូទខ្យង និង​វាល​ដាំ​ស្មៅ​ជា​ក្រឡាចត្រង្គ​បី​ដូចជា​រូប​ធរណីមាត្រ​ក្នុង​ទ្រឹស្ដី​ គណិតវិទ្យា។
សួនច្បារ​នេះ​មិនមែន​ជា​ទីកន្លែង​មាន​ដើម​រុក្ខជាតិ​ដុះ​ឬ​ពោរពេញ​ដោយ​ បុប្ផា​ចម្រុះ​ពណ៌​ទេ តែ​មនុស្សម្នា​នៅ​តែ​ចង់​ទៅ​លេង​ទីនោះ​ដោយសារ​វា​មាន​ទ្រង់ទ្រាយ​ចម្លែក និង​ត្រូវ​បាន​រចនា​តាម​ទ្រឹស្ដី​បាតុភូតវិទ្យាសាស្រ្ត​និង​គណិតវិទ្យា​គួរ​ ឲ្យ​ចាប់​អារម្មណ៍៕ PR By Phnom Penh Post

No comments:

Post a Comment