នៅក្នុងទិវាដ៏វិសេសវិសាលនេះ ខ្ញុំសូមឲ្យប្រជាជនម៉ាឡេស៊ីទាំងអស់ ក្រឡេកមើលទៅអតីតកាល និងចងចាំបុព្វបុរសរបស់យើង ក៏ដូចជាអ្នកដែលបានលះបង់ជាច្រើន ដើម្បីតែបុព្វហេតុជាតិដ៏ធំធេងរបស់យើង។ ការយល់ដឹងរបស់ថ្នាក់ដឹកនាំយើង ប្រកបដោយភាពអត់ធ្មត់ យោគយល់ និងទុកចិត្តមនុស្សចម្រុះជាតិសាសន៍ដែលមានវប្បធម៌ និងជំនឿសាសនាផ្សេងៗគ្នា បាននាំឲ្យមានសង្គមមួយប្រកបដោយសាមគ្គីភាព សុខដុមរមនា និងសន្តិភាព សម្រាប់មនុស្សគ្រប់វណ្ណៈ។ ទស្សនវិស័យរបស់ថ្នាក់ដឹកនាំយើងដែលបានដាក់ឲ្យអនុវត្ត យុទ្ធសាស្ត្រ អភិវឌ្ឍន៍ និងសេដ្ឋកិច្ចពាក់ព័ន្ធ ធានាបានថា ប្រជាជនម៉ាឡេស៊ី រស់នៅប្រកបដោយភាពរីកចម្រើន ការអប់រំ និងការថែទាំសុខភាព ក្នុងបរិស្ថានប្រកបដោយសន្តិភាព សុវត្ថិភាព។
ក្រោម ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី YAB Dato’Sri Najib Bin Tun Abdul Razak គោលគំនិត«ខ្ញុំជាជនជាតិម៉ាឡេស៊ី» ត្រូវបានបង្កើតឡើងដើម្បីកសាងប្រទេសជាតិ ដោយផ្តោតជាសំខាន់លើសុខុមាលភាព ការបង្រួបបង្រួមជាតិ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព។ ការធ្វើកំណែទម្រង់ និងកម្មវិធីផ្លាស់ប្តូរជាច្រើន ត្រូវបានបង្កើតឡើង ហើយក្នុងចំណោមកម្មវិធីទាំងនោះ មានកម្មវិធីផ្លាស់ប្តូររដ្ឋាភិបាល (GTP) ដែលធ្វើឲ្យរដ្ឋាភិបាលដំណើរការទៅដោយរលូន ប្រសិទ្ធភាព និងស្អាតស្អំ និងកម្មវិធីផ្លាស់ប្តូរសេដ្ឋកិច្ច (ETP) ដែលរួមចំណែកធ្វើឲ្យមានកំណើននៅប្រទេសម៉ាឡេស៊ី និងសម្រេចបានទស្សនវិស័យរបស់ប្រទេសនេះ ក្នុងការអភិវឌ្ឍជាតិទាំងស្រុងនៅមុន និងត្រឹមឆ្នាំ២០២០។
ចាប់ តាំងពីកម្មវិធីផ្លាស់ប្តូរទាំងនោះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ម៉ាឡេស៊ី បានបង្កើនប្រាក់ចំណូលក្នុងប្រជាជនម្នាក់ៗពី ៦៧០០ដុល្លារអាមេរិក ទៅ៩៧០០ នៅឆ្នាំ២០១១ ហើយគោលដៅសម្រាប់ឆ្នាំ២០២០ គឺ ១៥ ០០០ដុល្លារអាមេរិក។ ទាក់ទងនឹងការវិនិយោគ ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានកើនឡើង១២,៣ភាគរយ រហូតដល់ ៣៣ពាន់លាន RM (ជាង ១០ពាន់លានដុល្លារអាមេរិក) ខណៈដែលការវិនិយោគរបស់ឯកជន បានកើនឡើង ១៩ភាគរយ រហូតដល់ ៩៤ពាន់លាន RM (ប្រហែល ៣០ពាន់លានដុល្លារអាមេរិក) កាលពីឆ្នាំ២០១១ បើធៀបនឹងឆ្នាំ២០១០។
ការធ្វើកំណែទម្រង់ និងកម្មវិធីផ្លាស់ប្តូរ បានរួមចំណែកដល់ការទទួលស្គាល់ម៉ាឡេស៊ី ជាប្រទេសមួយ ក្នុងចំណោមប្រទេសពោរពេញដោយការប្រកួតប្រជែងខ្លាំងបំផុតចំនួន ២១ នៅលើពិភពលោក ក្នុងឆ្នាំ២០១២ ដោយរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក។ ធនាគារពិភពលោក ក៏បានទទួលស្គាល់ និងផ្តល់ចំណាត់ថ្នាក់ទី១៨ ដល់ម៉ាឡេស៊ី ក្នុងនាមជាប្រទេសដែលងាយស្រួលចាប់ផ្តើម និងធ្វើពាណិជ្ជកម្ម ពោលគឺនាំមុខប្រទេសមួយចំនួន ដូចជា អាល្លឺម៉ង់ ជប៉ុន តៃវ៉ាន់ និងបារាំង។
ក្នុងនាមជាប្រជាជនម៉ាឡេស៊ី យើងទាំងអស់គ្នា ពិតជាមានមោទនភាពចំពោះសមិទ្ធផលសម្រេចបាន ចាប់តាំងពីទទួលបានឯករាជ្យមក ដោយប្រទេសរបស់យើង ទទួលបានសន្តិភាព និងស្ថិរភាពតរៀងមក ហើយប្រជាជនចម្រុះជាតិសាសន៍នោះ រស់នៅប្រកបដោយសាមគ្គីភាព ចម្រុងចម្រើន សុខភាពល្អ និងការអប់រំកាន់តែខ្ពស់ ស្របពេលដែលប្រទេសនេះ ត្រូវបានទទួលស្គាល់ថាជាសមាជិកដ៏សំខាន់ក្នុងសហគមន៍ពិភពលោក។
ប្រទេស ម៉ាឡេស៊ី កំពុងមានទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយមេត្រីភាពជាមួយកម្ពុជា។ ប្រទេសនេះ ជាវិនិយោគិនដ៏យូរអង្វែងមួយនៅកម្ពុជា ហើយបានបណ្តាក់ទុនជាង ២,៨ពាន់លានដុល្លារអាមេរិក ចាប់តាំងពីដើមទសវត្សរ៍ ១៩៩០មក ហើយបច្ចុប្បន្ន ជាវិនិយោគិនធំទីបួននៅកម្ពុជា។ បច្ចុប្បន្ន ប្រទេសនេះ បានបណ្តាក់ទុនក្នុងវិស័យជាច្រើន រួមមាន ធនាគារ សណ្ឋាគារ ទូរគមនាគមន៍ បរិក្ខារ និងឧស្សាហកម្ម។ ពាណិជ្ជកម្មទ្វេភាគីរបស់យើង បានកើនឡើងដល់ ៣២៤លានដុល្លារអាមេរិក នៅឆ្នាំ២០១១ បើធៀបនឹងឆ្នាំ២០១០ ដែលមាន ២២៩លានដុល្លារអាមេរិក។ សំខាន់ជាងនេះទៀត ការនាំចេញរបស់កម្ពុជា ទៅម៉ាឡេស៊ី បានកើនឡើង ៩៥,៥ភាគរយ នៅឆ្នាំ២០១១ បើធៀបនឹងឆ្នាំ២០១០។ និន្នាការនេះ ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងនៅឆ្នាំនេះ។ ភ្ញៀវទេសចរម៉ាឡេស៊ីប្រហែល ១០ម៉ឺននាក់ បានមកកម្ពុជា កាលពីឆ្នាំ២០១១ ធៀបនឹងឆ្នាំ២០១០ ដែលមាន ៨៤ ០០០នាក់។ ភ្ញៀវកម្ពុជា ទៅទស្សនាប្រទេសម៉ាឡេស៊ី ក៏បានកើនឡើងពី ៤៨ ០០០នាក់ កាលពីឆ្នាំ២០១០ រហូតដល់ប្រហែល ៥០ ០០០នាក់ នៅឆ្នាំ២០១១កន្លងទៅ។
រដ្ឋាភិបាល កម្ពុជា បានទទួលស្គាល់ការរួមចំណែករបស់ពាណិជ្ជកម្មម៉ាឡេស៊ី ក្នុងសេដ្ឋកិច្ចកម្ពុជា។ កំណើនពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងការទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ ប្រទេសជាសមាជិកអាស៊ានទាំងពីរ រំពឹងថានឹងសម្រេចបានជោគជ័យដ៏ប្រសើរនៅក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ាន (AEC) ដែលនឹងមកដល់នៅឆ្នាំ២០១៥។ ក្នុងបុព្វហេតុនេះ យើងសូមចូលរួមអបអរសាទរកម្ពុជាដែលបានធ្វើជាប្រធានអាស៊ាន ឆ្នាំ២០១២ និងដើរតួនាទីយ៉ាងសំខាន់ទៅរកការយល់ដឹងអំពី ទស្សនវិស័យដ៏ធំធេងនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺប្រទេសម៉ាឡេស៊ី នឹងធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០១៥។ អ្វីដែលជាក្តីសង្ឃឹមរបស់រដ្ឋាភិបាលម៉ាឡេស៊ីនោះគឺ វិនិយោគិន និងប្រជាជនម៉ាឡេស៊ីដែលកំពុងធ្វើការនៅកម្ពុជា នឹងបន្តរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេស ឲ្យកាន់តែខ្លាំងក្លា ព្រមទាំងជួយពង្រីកទំនាក់ទំនងកាន់តែប្រសើររវាងកម្ពុជា និងម៉ាឡេស៊ី។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសម្របសម្រួល និងសហប្រតិបត្តិការជាមួយស្ថានទូតម៉ាឡេស៊ី និងសូមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្រេចបានជោគជ័យដ៏ធំធេង សន្តិភាព និងភាពរុងរឿងជាដរាប៕
DATUK PENGIRAN HAJI MOHD HUSSEIN BIN DATUK PENGIRAN HAJI MOHD TAHIR NASRUDDIN
ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា By Phnom Penh Post
No comments:
Post a Comment