Thursday, September 5, 2013

ធនាគារ​រឹត​បន្តឹង​ការ​ផ្តល់​កម្ចី​ខ្នាត​ធំ

130905_11
បុគ្គលិក​ធនាគារក្នុងស្រុកមួយកំពុង​រាប់លុយ។ បន្ទាប់​ពីការ​បោះឆ្នោត​ការ​ផ្តល់កម្ចី​ខ្នាតធំហាក់ត្រូវ​បាន​រឹតបន្តឹង។ រូបថត ហេង​ ជីវ័ន

ភ្នំពេញៈ ធនាគារ​ក្នុង​ស្រុក​នា​ពេល​ថ្មីៗ​នេះ​បាន​ពង្រឹង​ការ​ត្រួត​ពិនិត្យ លក្ខខណ្ឌ​នានា និង​បន្ថែម​រយៈ​ពេល​ច្រើន​ជាង​មុន​ក្នុង​ការ​វាយ​តម្លៃ​ផ្តល់​កម្ចី​ខ្នាត​ ធំ។
លោក​ស្រី សូ ផនណារី អនុ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បាន​ឲ្យ​ដឹង​ថា អេស៊ីលីដា ត្រូវ​ការ​ការ​ត្រួត​ពិនិត្យ​ហ្មត់​ចត់​ជាង​មុន​ទៅ​លើ​ការ​ផ្តល់​កម្ចី​ ខ្នាត​ធំ​ពិសេស​កម្ចី​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ច្រើន​ជាង ៣ ម៉ឺន​ដុល្លារ។ ប៉ុន្តែ​កម្ចី​សម្រាប់​អាជីវកម្ម​ខ្នាត​តូច និង មធ្យម​នៅ​បន្ត​ផ្តល់​ជូន​សេវាកម្ម និង លក្ខខណ្ឌ​ដូចដើម។
លោក​ស្រី​បន្ត​ថា៖ «យើង​មាន​សំណើ​សុំ​ប្រាក់​កម្ចី​នៅ​គរ​ច្រើន​តាំង​ពី​មុន​មក ដូច្នេះ​យើង​ត្រូវ​ការ​ពេល​ច្រើន​ជាង​មុន​ក្នុង​ការ​ផ្តល់​កម្ចី​ខ្នាត​ធំ។ យើង​ត្រូវ​ការ​ព័ត៌មាន​ឲ្យ​បាន​គ្រប់​គ្រាន់​ពេល​វេលា​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ឲ្យ​បាន​ល្អិត​ល្អន់​ជាង​មុន។ ប៉ុន្តែ​សម្រាប់​កម្ចី​ខ្នាត​តូច យើង​នៅ​បន្ត​ផ្តល់​ជូន​ក្នុង​លក្ខខណ្ឌ​ដូច​ពី​មុន​អ៊ីចឹង»។
ដំណើរការ​ប្រតិបត្តិការ​នៅ​ក្នុង​ធនាគារ អេស៊ីលីដា មាន​ស្ថានភាព​ល្អ ទាំង​ការ​សង​ត្រឡប់​របស់​អតិថិជន និង​កំណើន​អតិថិជន​ដែល​ទទួល​កម្ចី។ នេះ​បើ​តាម​អ្នក​ស្រី ផនណារី។ អ្នក​ស្រី​បន្ត​ថា អត្រា​កម្ចី​អត់​ដំណើរការ​ដែល​អាច​ថា ជា​សូចនាករ​មួយ​ក្នុង​ការ​ត្រួត​ពិនិត្យ​ពី​សុខុមាលភាព​របស់​ប្រាក់​កម្ចី​ មាន​ត្រឹម​តែ ០,៤ ភាគរយ​ប៉ុណ្ណោះ​បើ​ប្រៀប​ធៀប​នឹង​ទំហំ​ប្រាក់​កម្ចី​សរុប​របស់ អេស៊ីលីដា។ ចំនួន​អតិថិជន​ផ្នែក​កម្ចី​ក៏​មាន​ការ​កើន​ផង​ដែរ គឺ​ពី ៣២៨ ២៧២ នាក់​នៅ​ដំណាច់​ខែ កក្កដា ដល់ ៣២៨ ៨១០ នាក់​នៅ​ដំណាច់​ខែ សីហា។
ស្រដៀង គ្នា​នឹង​ការ​លើក​ឡើង​ខាង​លើ​នេះ អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​ធនាគារ​ក៏​បាន​លើក​ឡើង​ពី​ដំណើរការ​ល្អ នៃ​ប្រតិបត្តិការ​ក្នុង​វិស័យ​ធនាគារ ទាំង​ទំហំ​ប្រាក់​កម្ចី ប្រាក់​បញ្ញើ និង​ការ​សង​ត្រឡប់​របស់​អតិថិជន។
លោក​ស្រី ងួន សុខា អគ្គ​នាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ដំណើរការ​ជា​រួម​នៅ​ក្នុង​ឧស្សាហកម្ម​ធនាគារ​មាន​ស្ថានភាព​ល្អ ហើយ​ការ​រឹត​បន្តឹង​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​ធំ​នេះ​មិន​មាន​ ទាក់​ទង​នឹង​ការ​ដាក់​និយតកម្ម​ថ្មី​ណា​មួយ​ពី​ខាង​ធនាគារ​ជាតិ​ឡើយ។ លោក​ស្រី​អះអាង​ថា៖ «វា​ជា​ការ​រឹត​បន្តឹង​ឬ ការ​ដាក់​គោល​នយោបាយ​ផ្ទៃ​ក្នុង​របស់​ធនាគារ​នីមួយៗ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ ​ថា ការ​រីក​ចម្រើន​របស់​ពួក​គេ​គឺ​ប្រកប​ដោយ​សុខុមាលភាព»។
ធនាគារ ក្នុង​ស្រុក​មួយ​ផ្សេង​ទៀត គឺ​ធនាគារ កាណាឌីយ៉ា បាន​ឲ្យ​ដឹង​ថា នៅ​បន្ត​ការ​ផ្តល់​កម្ចី​ទាំង​ខ្នាត​តូច និង​ខ្នាត​ធំ​ដូច​ធម្មតា។ លក្ខខណ្ឌ​ក្នុង​ការ​ទទួល​កម្ចី​រយៈ​ពេល​ក្នុង​ការ​សង​ត្រឡប់ និង​ទំហំ កម្ចី​នៅ​បន្ត​ដំណើរការ​ដូច​ពេល​កន្លង​មក​។ តែ​បើ​តាម​មន្រ្តី​ផ្នែក​ឥណទាន​នៅ​ធនាគារ កាណាឌីយ៉ា ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា អត្រា​ការ​ប្រាក់​សម្រាប់​ប្រាក់​កម្ចី​ដែល​មាន​ទំហំ​ចាប់​ពី ១ ម៉ឺន​ដុល្លារ​ឡើង​ទៅ ត្រូវ​បាន​ដំឡើង​ពី ១,២ ភាគរយ ទៅ ១,៥ ភាគរយ​ក្នុង​មួយ​ខែ។
មាន​ការ​ដក​ប្រាក់​យ៉ាង​ច្រើន​ពី​ធនាគារ​ក្រោយ​ការ​បោះឆ្នោត ហើយ​ដំណឹង​ពី​ការ​ផ្អាក​កម្ចី​ខ្នាត​ធំ​ក៏​បាន​កើត​ឡើង​ចាប់​តាំង​ពី​ពេល​ នោះ​មក​ដែរ ខណៈ​ស្ថានភាព​នយោបាយ​នៅ​ពេល​នេះ​នៅ​តែ​មាន​ភាព​មិន​ច្បាស់​លាស់។
លោក Grant Knuckey នាយក​ប្រតិបត្តិ​ធនាគារ ANZ Royal បាន​ឲ្យ​ដឹង​ថា ដំណើរការ​ក្នុង​ឧស្សាហកម្ម​ធនាគា​ក្នុង​អំឡុង​ពេល​ក្រោយ​ពេល​បោះឆ្នោត នេះ​នៅ​មាន​ស្ថានភាព​ជា​ប្រក្រតី ហើយ​ទន្ទឹម​នេះ​ខាង​ធនាគារ ANZ Royal មិន​បាន​រឹត​បន្តឹង ឬ ផ្អាក​ការ​ផ្តល់​កម្ចី​ដល់​អតិថិជន ទោះ​ក្នុង​ទំហំ​កម្ចី​ណា​មួយ​ក៏​ដោយ។
លោក​បន្ត​ថា៖ «យើង​ផ្តល់​កម្ចី​ដោយ​ផ្អែក​លើ​ការ​ប្រមើល​មើល​ពី​ទិដ្ឋភាព និង​ដំណើរការ​អាជីវកម្ម​ក្នុង​រយៈ​ពេល​វែង។ ដូច្នេះ​ភាព​មិន​ច្បាស់​លាស់​នៃ​ស្ថានភាព​នយោបាយ​ក្នុង​រយៈ​ពេល​ខ្លី​នេះ​ នឹង មិន​អាច​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​យើង​ជា​រួម​បាន​ឡើយ»៕ By Phnom Penh Post

No comments:

Post a Comment