Wednesday, September 4, 2013

ជំនួយ​មនុស្សធម៌​ពី​ម៉ាឡេស៊ី​ផ្តល់​អនាគត​ថ្មី​សម្រាប់​និស្សិត​មូស្លីម​កម្ពុជា

130830_8
ក្រុមនិស្សិតស្រីកម្ពុជាមូស្លីមមកពីបណ្តាខេត្ត ែដលទទួលឲ្យស្នាក់នៅអន្តេវាសិក​ដ្ឋាន នៃសមាគម CMSA។ រូបថត សហការី

តាំងពី​ច្រើន​សតវត្សរ៍​មក​ហើយ មាន​សហគមន៍​ខ្មែរអ៊ិស្លាម ជាច្រើន​បាន​និង​កំពុង​បន្ត​ការ​រស់​ជាមួយ​ប្រជាជន​ខ្មែរ​យ៉ាង​សុខដុមរម្យនា ​ដោយ​ភាតរភាព នៅលើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា រហូត​ក្លាយ​ជា​ជនជាតិ​ភាគ​តិច​នៅក្នុង​ប្រទេស​នេះ​នា​ពេល​បច្ចុប្បន្ន និង​មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។ ប៉ុន្តែ​ចាប់​តាំងពី​ដើម​ទសវត្សរ៍​១៩៧០ ខណៈ​ដែល​ភ្លើង​សង្គ្រាម​ស៊ីវិល​ឆាបឆេះ​រាលដាល​ពេញ​ផ្ទៃ​មាតុភូមិ​អង្គរ​មក ការ​រស់នៅ​រវាង​សហគមន៍​ខ្មែរ និង​សហគមន៍​ខ្មែរ​អ៊ិស្លាម​ពុំ​សូវ​មាន​សមភាព​នឹង​គ្នា​ប៉ុន្មាន​ទេ ដោយឡែក​នៅក្នុង​វិស័យ​អប់រំ​គេ​ក៏​ពុំ​សូវ​ឃើញ​មាន​សិស្សនិស្សិត​មូស្លីម​ ច្រើន​ប៉ុន្មាន​ដែរ ជាពិសេស​កាន់តែ​តិចតួច​បំផុត​នៅ​គ្រឹះស្ថាន​ឧត្តមសិក្សា ដែល​អាច​ជា​បច្ច័យ​មួយ​នាំ​ដល់​ភាព​ពុំ​សូវ​មាន​មុខមាត់ នៅក្នុង​សង្គម​ពី​សហគមន៍​អ៊ិស្លាម។
លោក សុស ហ្វាស៊ី អគ្គលេខាធិការរង​នៃ​សមាគម​និស្សិត​មូស្លីម​កម្ពុជា​បាន​ឲ្យ​ដឹងថា ដោយ​មើល​ឃើញ​ពី​ឱកាស​វិសមភាព​នេះ​ទើប​នៅ​ឆ្នាំ​១៩៩៧ មាន​និស្សិត​មូស្លីម​កម្ពុជា​មួយ​ក្រុម​តូច​បាន​បង្កើត​ជា​សមាគម​និស្សិត​ មូស្លីម​កម្ពុជា​(Cambodian Muslim Student Association-CMSA) ឡើង ក្នុង​បំណង​ជួយ​ជ្រោមជ្រែង​ដល់​និស្សិត​រួម​សាសនា​របស់​ខ្លួន​ឲ្យ​មាន​ឱកាស​ អាច​បន្ត​ការ​សិក្សា​នៅ​កម្រិតឧត្តមសិក្សា​មាន​ចំនួន​កើន ច្រើន​ឡើង។ បច្ចុប្បន្ន​នេះ​មាន​និស្សិត​មូស្លីម​កម្ពុជា ប្រមាណ​ជា ៣០០-៤០០​រូប កំពុង​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​នៅ​រាជធានី​ភ្នំពេញ និង​រាប់សិប​នាក់​ទៀត​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក សុស ហ្វាស៊ី។
លោក​សុស ហ្វាស៊ី បាន​បន្ត ថា បន្ទាប់​ពី​បង្កើត​បាន​ជា​សមាគម​និស្សិត​មូស្លីម​កម្ពុជា​ហើយ ក៏​មាន​កិច្ចសហការ​ពី​សហគមន៍​មូស្លីម​នានា​នៅ​តាម​បណ្តា​ប្រទេស​កាន់​សាសនា​ អ៊ិស្លាម ដូចជា​ម៉ាឡេស៊ី និង​ប្រទេស​ពី​តំបន់​អារ៉ាប់​ផង​ដែរ។ ចំពោះ​កិច្ចសហការ​ជាមួយ​បរទេស​នេះ គឺ​មាន​មូលនិធិ​មនុស្សធម៌ Al Bukhory ប្រទេស​ម៉ាឡេស៊ី និង​រដ្ឋបាល​នៃ​រដ្ឋ​ម៉ាឡាកា បាន​ផ្តល់​ជា​អាហារូបករណ៍​ដល់​និស្សិត​មូស្លីម​កម្ពុជា​ក្រីក្រ​មួយ​ចំនួន​ មាន​ឱកាស​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា​តាំងពី​ឆ្នាំ​១៩៩៩​មក​ ម្ល៉េះ។
«​លុះ​ចាប់ពី​ឆ្នាំ​សិក្សា​២០០៨​មក មូលនិធិ​មនុស្សធម៌ Al Bukhory បាន​បន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ជា​មធ្យម​មួយ​ឆ្នាំ​៣-៤​រូប ដើម្បី​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​កសិកម្ម ពេទ្យ បច្ចេកទេស​ទូទៅ និង​ផ្នែក​ធម្មការ​អ៊ិស្លាម​ផង​ដែរ​»​នេះ​បើ​តាម​សម្តី​របស់​លោក ហ្វាស៊ី។
ទន្ទឹម​គ្នា​នេះ​ដែរ មាន​អង្គការ​ក្នុង​ស្រុក​របស់​ប្រទេស​ម៉ាឡេស៊ី​ឈ្មោះ Al Manar NGO ក៏​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​មូស្លីម​កម្ពុជា ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​ជាង ២០​រូប​ទៀត ឲ្យ​បន្ត​សិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា នៅ​តាម​មហាវិទ្យាល័យ​នានា​នៅ​ភ្នំពេញ។ រហូត​មក​ដល់​ពេល​នេះ​ពួកគាត់​ខ្លះ​កំពុង​សិក្សា​នៅ​កម្រិត​ឧត្តមសិក្សា និង​អ្នក​ខ្លះ​ក៏​បាន​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​(​ អនុបណ្ឌិត​)​ផង​ដែរ។
លោក ហ្វាស៊ី បាន​អះអាង​ថា «​ការ​ផ្តល់​អាហារូបករណ៍​របស់ Al Manar នេះ គឺ​គេ​ជ្រើសរើស​និស្សិត​តាមរយៈ​សមាគម​របស់​យើង ហើយ​គេ​បង់​ថ្លៃ​សិក្សា​ឲ្យ​ពេញ​មួយ​ឆ្នាំ​ៗ​តែ​ម្តង។ មាន​មុខវិជ្ជា​ខ្លះ​ថ្លៃ ៤០០-៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ រីឯ​មុខវិជ្ជា​ខ្លះ​ទៀត​ក្នុង​១​ឆ្នាំ​ថ្លៃ​ជាង​១០០០​ដុល្លារ​ក៏​មាន​ដែរ គឺ​ទៅ​តាម​មុខវិជ្ជា​ដែល​និស្សិត​ម្នាក់​ៗ​ត្រូវ​សិក្សា​»។
«​ការ​ផ្តល់​អាហារូបករណ៍​ទាំងនេះ គឺ​វា​មាន​ន័យ​ខ្លាំង​ណាស់​សម្រាប់​ជីវិត​និស្សិត​មូស្លីម​កម្ពុជា​ក្រីក្រ​ ទាំងឡាយ​» នេះ​បើ​តាម​សម្តី​របស់​លោក ហ្វាស៊ី។
«​ថ្មី​ៗ​នេះ មាន​មូលនិធិ​សប្បុរសធម៌​មួយ​ទៀត​ដែល​កើត​ចេញ ពី​ភរិយា​ថ្នាក់​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ១០​រូប សម្រាប់​ឆ្នាំ​សិក្សា​២០១៣​នេះ​»។
លោក​ពន្យល់​ថា ជា​ធម្មតា​រាល់​ការ​ផ្តល់​អាហារូបករណ៍ គ្រប់​រូបភាព​ទាំងអស់ គឺ​ទាំង​ខាង​មូលនិធិ និង​អង្គការ​គេ​បាន​ទំនាក់ទំនង​មក​សមាគម​និស្សិត​មូស្លីម​កម្ពុជា របស់​យើង​ដោយ​មាន​ស្ថានទូត​ម៉ាឡេស៊ី ប្រចាំ​នៅ​ភ្នំពេញ ជា​អ្នក​ណែនាំ​ផង​ដែរ។
ក្រៅ​អំពី​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត ជំនួយ​ពី​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​សមាគម​របស់​យើង​ក៏​នៅ​មាន​ផ្តល់​ជា​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ខ្លី ដូចជា​វិជ្ជា​កាត់ដេរ​សម្រាប់​ស្ត្រី​មូស្លីម​កម្ពុជា​នៅ​ទីជនបទ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​នូវ​មុខរបរ​មួយ​អាច​លើកស្ទួយ​ជីវភាព​រស់នៅ​ របស់​ពួកគាត់​បាន​ប្រសើរ​ឡើង​ផងដែរ។ វគ្គ​នេះ​បន្ទាប់ពី​ការ​សិក្សា​ចប់​ស្ត្រី​ទាំងនោះ​ទទួល​បាន​ម៉ាស៊ីនដេរ​ជា​ អំណោយ​នោះ​តែ​ម្តង។
«​ទន្ទឹម​នឹង​ការ​ផ្តល់​អាហារូបករណ៍​ការ​សិក្សា សមាគម​ក៏ បាន​បង្កើត​បាន​ជា​អន្តេវាសិកដ្ឋាន​២​កន្លែង នៅ​រាជធានី​ភ្នំពេញ សម្រាប់​ការ​ស្នាក់នៅ​របស់​សិស្សនិស្សិត​ស្រី​មូស្លីម​កម្ពុជា ចំនួន​ជិត​២០០​រូប ដែល​ពួកគេ​មកពី​តាម​ខេត្ត​នានា​» នេះ​បើ​តាម​សម្តី​របស់​លោក ហ្វាស៊ី​។ អន្តេវាសិកដ្ឋាន​ទី​១ នៅ​ក្បែរ​វិហារ​អ៊ិស្លាម​អន្តរជាតិ​ឌូបៃ នៅ​បឹងកក់ និង​ទី​២ នៅ​វិហារ​អ៊ិស្លាម​កុឡាឡោម ក្នុង​សង្កាត់​ជ្រោយចង្វារ។
បន្ថែម​លើស​ពី​នេះ​ទៀត ក៏​នៅ​មាន​មជ្ឈមណ្ឌល​កុមារកំព្រា​មួយ​កន្លែង នៅ​ព្រែកប្រា សម្រាប់​ទទួល​កុមារកំព្រា​មូស្លីម​កម្ពុជា ១២០​នាក់ ស្នាក់​នៅ និង​សិក្សា​នៅ​ទី​នោះ។ ទាំង​អន្តេវាសិកដ្ឋាន ទាំង​មជ្ឈមណ្ឌល​កុមារកំព្រា គឺ​សុទ្ធសឹង​ពុំ​អាច​កាត់​ផ្តាច់​ចេញ​ពី​ចំណែក​នៃ​ការ​ជួយ​ជ្រោមជ្រែង​ពី​ ប្រជាជន​ម៉ាឡេស៊ី បាន​ឡើយ។
លោក ហ្វាស៊ី បាន​រៀបរាប់​បនែ្ថម​ថា «​ជំនួយ​ពី​ប្រទេស​ម៉ាឡេស៊ី គឺ​ពុំមែន​មាន​តែ​សម្រាប់​វិស័យ​អប់រំ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ចូលរួម​នៅក្នុង​កិច្ចការ​សង្គម​ជាច្រើន​ទៀត ដូចជា​ការ​សាងសង់​សាលារៀន​សម្រាប់​សិក្សា​គម្ពីរ​គូរ៉ាន​ចំនួន​២​កន្លែង នៅ​ស្រុក​កងមាស​ខេត្ត​កំពង់ចាម​។ សាងសង់​សូរ៉ាវ សាងសង់​វិហារ​អ៊ិស្លាម ជាង ៥០​កន្លែង នៅ​ទូទាំង​ប្រទេស​កម្ពុជា ដូចជា​ខេត្ត​កំពង់ឆ្នាំង កំពង់ចាម ក្រចេះ ស្ទឹងត្រែង កំពត ប៉ៃលិន និង​រាជធានីភ្នំពេញ ផង​ដែរ​»។
សម្រាប់​អណ្តូង​ទឹក​ស្អាត វិញ នៅ​ទូទាំង​ប្រទេស​កម្ពុជា សមាគម​បាន​ទទួល​អំណោយ​ពី​សប្បុរសជន​ភាគច្រើន​ពី​ប្រទេស​ម៉ាឡេស៊ី គឺ​បាន​កសាង​មិន​តិច​ជាង ៣០០​អណ្តូងស្នប់​ទេ៕
By Phnom Penh Post

No comments:

Post a Comment