ក្រុងឡុងដ៍: លោក David Moyes បានធ្វើការបដិសេធថា
វាគ្មានការបែកបាក់រវាងលោកជាមួយនឹង Wayne Rooney ឡើយ
និងបាននិយាយថា ខ្សែប្រយុទ្ធរបស់ Manchester United រូបនេះ
មិនមែនសម្រាប់លក់នោះឡើយ
បើទោះបីមានការបែកបាក់ផ្នែកទំនាក់ទំនងរវាងគេ និងក្លិបក៏ដោយ។
អ្នកចាត់ការទូទៅរូបនេះ ក៏បានបញ្ជាក់ផងដែរថា Man United
«កំពុងតែខិតកាន់តែកៀក» ក្នុងការទិញចូលកីឡាករថ្មីៗ។
ខណៈនិយាយ ក្រោយពី Man United បានផ្តួលក្រុម Wigan Athletic
ក្នុងលទ្ធផល ២-០ នៅឯកីឡដ្ឋាន Wembley ដើម្បីឈ្នះពាន Community Shield
កាលពីថ្ងៃអាទិត្យ លោក Moyes ត្រូវបានគេចោទសួរថា
តើការរងរបួសស្មារបស់ Rooney បានធ្វើឲ្យគេអវត្តមាន
ក្នុងពេលរូបគេត្រៀមបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពរបស់
អង់គ្លេសជាមួយនឹងស្កុតឡេន នៅទីលានដូចគ្នានៅថ្ងៃស្អែក ឬយ៉ាងណា។
អ្នកចាត់ការទូទៅសញ្ជាតិស្កុតឡេនរូបនេះ បានឆ្លើយបែបកំប្លែងថា៖
«ខ្ញុំមិនយល់សោះថា តើហេតុនេះបានជាអ្នកគិតបែបនេះ។
វាជាការប្រកួតដ៏ធំមួយសម្រាប់ស្កុតឡេន។ អ្នកមិនគិតថា
ខ្ញុំនឹងបញ្ជូនកីឡាកររឹងមាំម្នាក់ឲ្យអង់គ្លេសទេឬ?ខ្ញុំបាន
ពិភាក្សាជាមួយនឹងលោក Roy
[អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស]
ក្នុងរយៈពេលប្រមាណជា២ម៉ោងក្នុងពេលខុសគ្នា។ លោក Roy
យល់ពីស្ថានភាព»។
លោកបានបន្តថា៖«Wayne បានធ្វើការហ្វឹកហាត់
ហើយមនុស្សចំណោមអ្នកប្រហែលជាមិនចង់ឮនូវព័ត៌មាននេះឡើយ ប៉ុន្តែ
ខ្ញុំមិនបានបែកបាក់ជាមួយ Wayne ឡើយ។ អ្នកខ្លះក្នុងចំណោមអ្នក
បានសរសេរព័ត៌មានមិនពិត។ អ្នកណាក៏ដោយ ដែលបានសរសេររឿងអ្វីមួយ
កំពុងតែបំភាន់ការចាប់អារម្មណ៍របស់អ្នកអានពួកគេ»។
លោក Moyes បានបញ្ជាក់ថា Rooney មិនមែនសម្រាប់លក់នោះឡើយ បើទោះបី
Chelsea គ្រោងដាក់សំណើដេញថ្លៃជាលើកទី៣
ក្រោយពីសំណើក្នុងតម្លៃខ្លួន២០លានផោន
(ស្មើនឹង៣១លានដុល្លារអាមេរិក) និង២៥លានផោន
ត្រូវបានច្រានចោលក៏ដោយ»។
អ្នកចាត់ការទូទៅរូបនេះ
នៅមិនទាន់ចុះហត្ថលេខាជាមួយនឹងកីឡាករដ៏ឆ្នើមណាម្នាក់ឡើយ
បើគិតចាប់តាំងពីជំនួសតំណែងរបស់លោក Alex Ferguson
ក្នុងរដូវក្តៅនេះ។
លោកបានប្រាប់ឲ្យដឹងថា៖
«យើងកំពុងតែខិតកាន់តែកៀកក្នុងការចុះហត្ថលេខា។
យើងកំពុងតែឆ្ពោះទៅមុខ ប៉ុន្តែ កាលបរិច្ឆេទចុងក្រោយ
ក៏ខិតកាន់តែកៀកផងដែរ។ ជារំពឹងទុក យើងនឹងធ្វើបាន។
ប្រសិនបើយើងមិនអាចទិញចូលកីឡាករទេនោះ
ខ្ញុំរីករាយក្នុងការធ្វើដំណើរជាក្រុមដែលយើងមាន»។
Manchester United បានឈ្នះ Community Shield ដើម្បីផ្តល់ឲ្យលោក
Moyes នូវពានរង្វាន់ជាលើកទី១ក្នុងនាមជាអ្នកចាត់ការទូទៅ
តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីទាំងពីរគ្រាប់របស់ខ្សែប្រយុទ្ធ
អន្តរជាតិហូឡង់ Robin van Persie៕ The Guardian/IS ប្រភពពីៈ Phnom Penh Post
No comments:
Post a Comment