Tuesday, August 13, 2013

កម្តៅនយោបាយក្រោយការបោះឆ្នោតគឺជារងើក​ភ្លើង​ដែល​ពិបាក​ពន្លត់!

ការប្រឈមមុខគ្នារវាងបាតុករ និងប៉ូលិស​កាលពី​ពេលកន្លងទៅ
បទអត្ថាធិប្បាយរបស់ ប៉ែន បូណា
(05:13)
/>
ការប្រឈមមុខគ្នារវាងបាតុករ និងប៉ូលិស​កាលពីពេលកន្លងទៅ
Siv Channa/RFI
ដោយ ប៉ែន បូណា

ជារៀង​រាល់​លើក​ កម្តៅ​នយោបាយ​ក្រោយ​ពេល​បោះឆ្នោត​គឺជា​ភ្លើង​ដែល​ពិបាក​នឹង​ពន្លត់។​ ប៉ុន្តែ​ភ្លើង​នោះ​នឹង​រលត់​ទៅវិញ​នៅ​ពេល​ដែល​វា​ឆេះ​អស់​ចិត្ត។ ​ផលវិបាក​របស់​វា​គឺការ​ខូច​ខាត​សម្រាប់​គ្រប់​ភាគី​ពោលគឺ​ជា​ការ​ខូចខាត​ របស់​ប្រទេស​ជាតិ​ទាំង​មូល។ ​

លើក​នេះ ​ផលវិបាក​ត្រូវ​គេ​មើល​ឃើញ​ជា​ស្រេច​ថា​ នឹង​មាន​ទំហំ​ធំធេង​ជាង​មុន​ឆ្ងាយ​ណាស់។ ប៉ុន្តែ ​បើ​ទោះ​ជា​គ្រប់​គ្នា​មើល​ឃើញ​យ៉ាង​នេះ​ក្តី ​ក៏​គេ​មិន​អាច​ពន្លត់​ភ្លើង​នោះ​បាន​ដែរ។ ​ឥឡូវ​នេះ ​កម្តៅ​នយោបាយ​កំពុង​ឡើង​ដល់​ចំណុច​គ្រោះថ្នាក់​ជាថ្មី​ទៀត​ហើយ​បន្ទាប់​ពី​ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ខកខាន​មិន​បាន​យល់​ស្របគ្នា​បង្កើត​គណៈកម្មការ​ ចម្រុះ​ដើម្បី​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត ​និង​បន្ទាប់​ពី ​គ.ជ.ប ​សម្រេច​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​ដោយ​មិន​រង់ចាំ​ការ​ដោះស្រាយ​របស់​ គូទំនាស់។​

ការប្រកាស​លទ្ធផល​បណ្តោះអាសន្ន​មាន​ន័យ​ថា ​ក្តី​សង្ឃឹម​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​តវ៉ា​ចង់​ឲ្យ​មាន​ការប្រែប្រួល ​លទ្ធផល​បោះឆ្នោត​នោះ​ហៀប​នឹង​រលត់​ទៅ​ហើយ ​ពីព្រោះ ​លទ្ធផល​បណ្តោះ​អាសន្ន​ដែល​មិន​ខុស​អ្វី​ពី​លទ្ធផល​ប្រកាស​ដោយ​គណបក្ស​កាន់​ អំណាច​នោះ​ វាក៏​ប្រាកដ​ជា​នឹង​ក្លាយ​ទៅ​ជា​លទ្ធផល​ផ្លូវការ​នៅ​ពេល​ខាង​មុខ​នេះ​ដោយ​ គ្មាន​អ្វី​ប្រែប្រួល​ឡើយ​ បើ​ទោះបី​ជា​បក្ស​ប្រឆាំង​ខំស្រែក​ថា​ខ្លួន​បាន​ទទួល​លើស​ពី​នេះ​យ៉ាងណា​ ក៏ដោយ។

តាមពិត ​ដូច​ដែល​ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​តាំង​ពី​ដើម​ទី​អ៊ីចឹង​ថា ​មាន​សំណាង​តិចតួច​ណាស់​ដែល​គេ​អាច​រំពឹង​ថា​ គណបក្ស​ទាំងពីរ​អាច​ដោះស្រាយ​បញ្ហា​បាន។ ​សំណាង​តិច​តួច​មិន​មែន​មក​ពី​ធម្មជាតិ​នៃ​បញ្ហាពិបាក​ដោះស្រាយ​ទេ​ តែ​គឺ​មក​ពី​កង្វះ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ស្រាយ​បញ្ហា​ច្រើន​ជាង​ពោល​គឺ ​ភាគី​នីមួយៗ​ព្យាយាម​ការពារ​ផលប្រយោជន៍​នយោបាយ​តែ​រៀងៗ​ខ្លួន។

បញ្ហា​ពិតជា​មិន​ពិបាក​យល់​ឡើយ៖​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាត់បង់​សំឡេង​យ៉ាង​សន្ធឹក​សន្ធាប់​ពី​ក្នុង​ សភា​នោះ​ច្បាស់ជា​នឹង​មិន​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ទាមទារ​យក​អ្វី​លើស​ពី ​នេះ​បាន​ទៀត​ឡើយ។ ​ចំណែក​ឯ​គោលដៅ​ចម្បង​របស់​គណបក្ស​សង្គ្រោះជាតិ​វិញ​គឺ​ចង់​បាន​លទ្ធផល​ឈ្នះ ​ដើម្បី​ផ្តួល​គណបក្ស​កាន់អំណាច​ទើប​អស់​ចិត្ត ​ពីព្រោះ​គណបក្ស​នេះ​យល់​ថា ​លទ្ធផល​ដែល ​គ.ជ.ប​ ប្រកាស​នៅ​ពេល​នេះ​គឺជា​ការ​លួច​បន្លំ។ ​ដូច្នេះ​ គណបក្ស​ទាំងពីរ​ពិត​ជាមិន​អាច​រក​ឃើញ​ចំណុច​រួម​គ្នា​នោះ​ឡើយ​វៀរ​លែង​តែ​ ភាគី​ណាមួយ​សុខចិត្ត​លះបង់​ដើម្បី​សង្គ្រោះ​សភាពការណ៍។

ពិត​ហើយ​ថា​ កន្លង​ទៅ​នេះ​គណបក្ស​ទាំងពីរ​ហាក់​បង្ហាញ​ពី​ភាព​ទន់ភ្លន់​មួយចំនួន​ដោយ​សុខ ​ចិត្ត​អង្គុយ​ជជែក​គ្នា​បង្កើត​គណៈកម្មការ​ចម្រុះ ​ប៉ុន្តែ ​សម្រាប់​ក្រសែភ្នែក​ក្រុម​អ្នកវិភាគ ​នេះ​គ្រាន់​តែ​ជាកាយវិការ​ទន់ភ្លន់​ដើម្បី​បង្ហាញ​រូបភាព​ខាងក្រៅ​តែ​ ប៉ុណ្ណោះ ​តែ​តាម​ពិត​ទៅ​ជំហរ​របស់​ភាគី​ទាំងពីរ​គ្មាន​អ្វី​ប្រែប្រួល​ឡើយ។ ​ភាគី​នីមួយៗ​នៅ​តែ​ប្រកាន់​តឹង​រៀង​ខ្លួន​ដែល​ជា​ឧបសគ្គ​រារាំង​ការចរចា​ មិន​ឲ្យ​ទៅ​មុខ​រួច។

ការចរចា​ទៅមុខ​មិនរួច​រវាង​គណបក្ស​ទាំងពីរ​មិន​បាន​រារាំង​ការងារ​របស់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទេ។ ​ស្ថាប័ន​នេះ​នៅ​តែ​បន្ត​នីតិវិធី​ការងារ​របស់​ខ្លួន​ដដែល​ក្នុង​ជំហាន​ ឆ្ពោះ​ទៅ​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​ដើម្បី​បើក​ផ្លូវ​ឲ្យ​រដ្ឋសភា​បើក​ កិច្ចប្រជុំ​ដំបូង​រយៈពេល​យ៉ាង​យូរ​ ៦០ ​ថ្ងៃ​ដូច​ដែល​រដ្ឋធម្មនុញ្ញ​បាន​ចែង។ ​ការណ៍​នេះ​មិន​ខុស​អ្វី​ពី​សុភាសិត​បូរាណ​ខ្មែរ​ដែល​និយាយ​ថា​ «ឆ្កែចេះ​តែព្រុស ​មនុស្ស​ចេះ​តែដើរ»​ នោះ​ឡើយ។ ​មាន​ន័យ​ថា ​បក្ស​ប្រឆាំង​ចេះ​តែ​តវ៉ា ​រីឯ​បក្ស​កាន់អំណាច ​និង​ គ.ជ.ប​ នៅតែ​បន្ត​ការងា​រតាម​កាលវិភាគ​ដែល​បាន​គ្រោង​ទុក។

ប្រសិន​បើ​និន្នាការ​បែប​នេះ​នៅ​តែ​បន្ត ​ទីបំផុត ​បាតុកម្ម​មួយ​នឹង​ផ្ទុះ​ឡើង ​ហើយ​ការប្រឈម​មុខ​ដាក់​គ្នា​រហូត​កើត​មាន​អំពើ​ហិង្សា​ទំនង​ជា​ពិបាក​នឹង​ ចៀស​ផុត។ ​ទីក្រុង​ភ្នំពេញ​នឹង​ក្លាយ​ជា​ទី​កន្លែង​គួរ​ឲ្យ​ភ័យ​ខ្លាច។ ​គេត្រូវ​រង់ចាំ​រហូត​ដល់​ពេល​ដែល​បន្ទុះ​កម្តៅ​នយោបាយ​ឆាប​ឆេះ​អស់​ចិត្ត​ វានឹង​រលត់​ទៅ​វិញ​ដោយ​បន្សល់​ទុក​ផល​វិបាក​គួរ​ឲ្យ​សោក​ស្តាយ ​ឬជា​សោកនាដកម្ម​ផង​ក៏មិន​ដឹង? ​នេះ​ជា​អ្វី​ដែល​គេ​អាច​ស្រមៃ​ឃើញ​ជាស្រេច។

ប៉ុន្តែ ​តើ​អ្នកណា​អាច​ទប់​វា​បាន? ​ហើយ​តើ​គេគួរ​ទុក​បណ្តោយ​ឲ្យ​ស្ថានភាព​ដដែលៗ​នេះ​កើត​ឡើង​ប៉ុន្មាន​អាណត្តិ ​បោះឆ្នោត​ទៅ​មុខ​ទៀត?​ មាន​តែ​បក្ស​ឈ្នះឆ្នោត​ទាំងពីរ​ប៉ុណ្ណោះ​ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន។ ​ចំណែក​អ្នក​ដែល​ឈរ​មើល​ពី​ក្រៅ​ឆាក ​ទោះបី​ជា​បាន​មើល​ឃើញ​ច្រក​ចេញ​ជាច្រើន​ក៏ដោយ ​ក៏សម្រែក​អន្តរាគមន៍​របស់​ពួកគេ​មិន​អាច​ចូល​ត្រចៀក​អ្នក​នយោបាយ​ដែល​កំពុង ​វក់វី​ក្នុង​ទីលាន​ប្រយុទ្ធ​នោះ​បាន​ដែរ។ នេះពិតជារឿងដ៏អភ័ព្វ​ខ្លាំង​ណាស់សម្រាប់​ប្រទេស​កម្ពុជា​៕

No comments:

Post a Comment