Wednesday, August 14, 2013

បន្ទប់​សណ្ឋាគារ​នៅ បាងកក កើន​ឡើង

130814_13
ការ​សាងសង់​សណ្ឋាគារ​ថ្មីនៅទីក្រុង​ បាងកក នា​ពលកន្លងមក​។ រូបថតBloomberg

បាងកកៈ ការ​អង្កេត​ចុង​ក្រោយ​ដោយ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​អចលន​ទ្រព្យ​អន្តរជាតិ​ ឈាន​មុខ (CBRE) របស់​ថៃ​បង្ហាញ​ថា ចំនួន​បន្ទប់​សណ្ឋាគារ​នៅ​ទីក្រុង បាងកក បាន​កើន​ឡើង ១២,១ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ការ​សាង​សង់​សណ្ឋាគារ​ថ្មី​ចំនួន ៦ ត្រូវ​បាន​បញ្ចប់​នៅ​ឆមាស​ទី១ ឆ្នាំ ២០១៣ ដែល​មាន​ចំនួន​សរុប​កើន​រហូត​ដល់ ៣៧ ៥០០ បន្ទប់ នៅ​ទី​ប្រជុំជន​ទីក្រុង បាងកក។

CBRE បាន​ព្យាករ​ថា​នឹង​បន្ថែម​បន្ទប់​ចំនួន ៤ ៤០០ ទៀត​នៅ​ត្រឹម​ចុង​ឆ្នាំ ២០១៥ ដែល​បង្កើន​ចំនួន​សរុប​ជិត ៤២ ០០០ បន្ទប់។ ការ​ព្យាករ​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង ១១,៩ ភាគរយ​លើស​ពី​តួលេខ​បច្ចុប្បន្ន។
សណ្ឋាគារ​ថ្មីៗ​ស្ទើរ​តែ​ទាំង​អស់​គឺជា​អគារ​ខ្ពស់ៗ។ តំបន់​ពេញ​និយម​បំផុត​សម្រាប់​ការ​សាង​សង់​សណ្ឋាគារ​គឺជា​តំបន់ Ploenchit/Sukhumvit មាន​ចំនួន ៦៥ ភាគរយ​នៃ​ការ​ផ្គត់​ផ្គង់​ចំនួន​សណ្ឋាគារ​សរុប និង​សណ្ឋាគារ ៤ ក្នុង​ចំណោម​សណ្ឋាគារ​ថ្មី​ចំនួន ៦ បាន​បើក​ដំណើរការ នៅ​តំបន់​នេះ​។ តំបន់ Silom/Sathorn មាន​ចំនួន ២១ ភាគរយ​នៃ​ភាគ​ហ៊ុន​សណ្ឋាគារ​សរុប ខណៈ​តំបន់​មាត់​ទន្លេ​មាន​ចំនួន ១៤ ភាគរយ។ បន្ទប់​ថ្មី​ប្រហែល ២ ២៥០ នៅ​ក្នុង​កម្រិត​ផ្សេងៗ​គ្នា​នឹង​ត្រូវ​បញ្ចប់​នៅ​ឆមាស​ទី២ ឆ្នាំ ២០១៣។
CBRE និយាយ​ថា កម្រិត​នៃ​ការ​ប្រកួត​ប្រជែង​ដោយសារ​ការ​បើក​ដំណើរការ​សណ្ឋាគារ ថ្មីៗ​គឺ​នៅ​មាន​កម្រិត​ខ្ពស់​ទោះ​បី​ជា​និន្នាការ​ផ្គត់​ផ្គង់​នៅ​ឆ្នាំ​ នេះ​កំពុង​លើក​ទឹក​ចិត្ត​សម្រាប់​ឧស្សាហកម្ម​សំណង់ ខណៈ​ការ​អនុញ្ញាត​លើ​ការ​សាង​សង់​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ក្នុង​រយៈ​ពេល ២ ឆ្នាំ​កន្លង​មក​នេះ។
លោក James Pitchon ប្រធាន​ក្រុមហ៊ុន CBRE Research & Consulting នៅ​ប្រទេស ថៃ បាន​ថ្លែង​ថា៖ «បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​ម្ចាស់​សណ្ឋាគារ​នឹង​បង្កើន​តម្លៃ​បន្ទប់ ដែល​មិន​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់​ទេ នៅ​រយៈ ៥ ឆ្នាំ​ចុង​ក្រោយ​នេះ​។ ជា​ចុង​ក្រោយ​នៅ​ឆមាស​ទី២ ឆ្នាំ ២០១៣ ទំនង​ជា​អាច​មើល​ឃើញ​កំណើន​វិនិយោគិន​ច្រើន​ជាង​ការ​ផ្គត់​ផ្គង់​ថ្មី ដែល​ធ្វើ​ឲ្យ​ម្ចាស់​សណ្ឋាគារ​បង្កើន​តម្លៃ​ជួល​បន្ទប់​»។ លោក​បន្ត​ថា មាន​ឱកាស​ដ៏​សំខាន់​សម្រាប់​សណ្ឋាគារ​សម្រាប់​វិនិយោគិន​នៅ​ប្រទេស​ថៃ ខណៈ វិនិយោគិន​កាន់​តែ​ច្រើន​ឡើង​ចង់​បាន​ស្ថិរភាព​ក្នុង​ផ្នែក​គុណភាព​ក៏​ដូចជា ​តម្លៃ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ចំនួន​កំណត់​សម្រាប់​អ្នក​រកស៊ី​ក្នុង​វិស័យ​នេះ​ ជាមួយ​នឹង​ផលិតផល​មាន​ស្លាក​យីហោ​ក្នុង​ទីផ្សារ​នេះ៕ PB
By Phnom Penh Post

No comments:

Post a Comment