ភ្នំពេញៈ សហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជា CDSIF
ដែលហៅខ្លួនឯងថា ជា «អង្គការមិនលម្អៀងផ្នែកនយោបាយ
និងមិនមែនរដ្ឋាភិបាល» កាលពីថ្ងៃពុធ
បានប្រកាសគាំទ្រលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតថ្ងៃទី២៨ ខែ
កក្កដាថា ជាការបោះឆ្នោតដោយរលូន សេរី ត្រឹមត្រូវ។
សហព័ន្ធនេះ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ
ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖
«ដោយមានការសង្កេតផ្ទាល់ពីដំណើរការបោះឆ្នោតនៅទូទាំង ២៤ ខេត្ត ក្រុង
នោះសហព័ន្ធ CDSIF បានបញ្ជាក់ដដែលៗ
ពីការគាំទ្រយ៉ាងខ្លាំងរបស់ខ្លួន
ចំពោះលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតសកលឆ្នាំ ២០១៣ ហើយអះអាងថា
ការបោះឆ្នោតសកលនេះ ត្រូវបានរៀបចំឡើង ដោយរលូន សមរម្យ តម្លាភាព សេរី
និង ត្រឹមត្រូវ»។ សេចក្ដីថ្លែងការណ៍នេះ បានហៅការបោះឆ្នោតថា
«ជាភ័ស្តុតាងមិនអាចប្រកែកបាន
ដែលប្រជាធិបតេយ្យនៅក្នុងកម្ពុជាបន្តរីកចម្រើន»។
ទោះយ៉ាងណា សហព័ន្ធ CDSIF ដែលត្រូវបានចុះបញ្ជីជាផ្លូវការ
ធ្វើជាអ្នកសង្កេតការណ៍មួយជាមួយគណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោតនេះ គឺជាសមាជិកដែលប្រកាសខ្លួនឯងថា ជាក្រុម ឆត្រ
«កែវភ្នែកយុត្តិធម៌» ដែលកាលពីឆ្នាំ ២០០៣
មានការពាក់ព័ន្ធនឹងគម្រោងរបស់រដ្ឋាភិបាល
ក្នុងការបណ្ដុះនូវជំនាញខាងការសង្កេតការណ៍បោះឆ្នោត
ដោយគាំទ្រគណបក្សប្រជាជន ដែលការសម្ដែងបំណងរបស់ពួកគេ
គឺត្រូវធ្វើឲ្យខូចនូវការវាយតម្លៃរបស់អ្នកសង្កេតការណ៍ផ្សេងទៀត
ដែលមិនមានទំនោរទៅរករដ្ឋាភិបាល។
យោងតាមឯកសារសរសេរដោយដៃមួយច្បាប់ ដែលអ្នកចូលរួមទទួលបាន
ក្នុងកិច្ចប្រជុំមួយ នៅភូមិគ្រឹះលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
នាក្រុង តាខ្មៅ និងដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីឆ្នាំ ២០០៣
បានឲ្យដឹងថា អង្គការមិនមែនរដ្ឋាភិបាលកែវភ្នែកយុត្តិធម៌ប្រមាណ ៧៦
អង្គការ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ថា៖
«អ្នករាល់គ្នាត្រូវតែទទួលយកលទ្ធផលនៃការបោះឆ្នោត»។
ប្រភពមួយដែលសុំមិនប្រាប់ឈ្មោះ
ដោយខ្លាចគេស្គាល់នោះបានរាយការណ៍ថា
នៅពេលនោះអ្នកចូលរួមការជួបជុំបីនាក់ទៀត បានប្រាប់ថា
គណបក្សប្រជាជន បាននិយាយថា៖ «បើសិនយើងឈ្នះតាមច្បាប់
នោះក៏នៅតែយើងឈ្នះ។ បើយើងចាញ់តាមច្បាប់
ក៏យើងត្រូវតែឈ្នះដដែល»។ ប្រភពនេះ
បានបន្តក្នុងលក្ខខណ្ឌមិនច្បាស់លាស់ថា អង្គការនេះ
ត្រូវបានគេប្រាប់ឲ្យប្រកាសគាំទ្រការបោះឆ្នោតនេះថា
មានលក្ខណៈសេរី និងត្រឹមត្រូវដោយមិនខ្វល់ពីអ្វីកើតឡើងឡើយ។
អនុប្រធាននាយកដ្ឋានសេវាកម្មផ្លូវច្បាប់ និងដោះស្រាយវិវាទ របស់
គ.ជ.ប លោក កែ រិទ្ធ បានថ្លែងកាលពីថ្ងៃពុធថា
ស្ថាប័នរៀបចំការបោះឆ្នោតនេះ
មិនបានរកឃើញពីទំនាក់ទំនងរបស់សហព័ន្ធ CDSIF ជាមួយគណបក្សណាមួយទេ
ប៉ុន្តែលោកបានឲ្យដឹងថា ក្រុមលម្អៀងជាច្រើន
ត្រូវបានចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍។
លោក កែ រិទ្ធ បានថ្លែងថា៖ «យើងមិនផ្ដោតលើថា
តើក្រុមនៃអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ
មានទំនាក់ទំនងនយោបាយណាមួយជាមួយនឹងគណបក្សណាមួយឡើយ។
ផ្អែកតាមការសង្កេតការណ៍របស់ខ្ញុំ
មានអង្គការមិនមែនរដ្ឋាភិបាលជាច្រើនត្រូវបានចុះឈ្មោះធ្វើជាអ្នក
សង្កេតការណ៍ ប៉ុន្តែអង្គការមួយចំនួន មាននិន្នាការ ខ្លះទៅបក្សនេះ
និងខ្លះទៀតទៅបក្សនោះ»។
ទោះយ៉ាងណា លោក គល់ បញ្ញា
នាយកប្រតិបត្តិនៃការឃ្លាំមើលការបោះឆ្នោត ខុម ហ្វ្រែល បានថ្លែងថា
ភាពលម្អៀងនេះ គឺផ្ទុយទៅនឹងការណែនាំផ្ទាល់របស់ គ.ជ.ប.។
លោកបានថ្លែងថា៖ «យោងតាមក្រឹត្យក្រមនៃ គ.ជ.ប.
ពួកគេគួរតែគ្មានបក្ខពួក និងមិនមានទំនាក់ទំនងគ្នា។
ប៉ុន្តែក្រឹត្យក្រមនេះ មិនត្រូវបានយកទៅអនុវត្តនោះទេ»។
«នៅពេលធ្វើការសង្កេតការណ៍បោះឆ្នោត អ្នកសង្កេតការណ៍
គួរតែមិនមានទំនាក់ទំនងនឹងគណបក្សណាមួយឡើយ។ វាច្បាស់ណាស់
នេះជាគោលការណ៍ពិភពលោក។ បើសិនពួកគេមិនគោរពតាមគោលការណ៍នេះទេ
នោះកិច្ចការពួកគេ អាចចោទជាសំណួរជាច្រើន»៕ PN By Phnom Penh Post
No comments:
Post a Comment