កម្ពុជា ព្រះរាជាណាចក្រ «អច្ឆរិយៈ»
គឺជាពាក្យស្លោកដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង
សម្រាប់ការឃោសនាផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ព្រះរាជាណាចក្រ ដ៏
ចំណាស់ និងសម្បូរដោយរតនសម្បត្តិស្តុកស្តម្ភ។
លោក Andrew Tay នាយកគ្រប់គ្រងសណ្ឋាគារ ហ៊ីម៉ាវ៉ារី នៅកម្ពុជា បាន
ផ្តល់បទសម្ភាសកាលពីរសៀលថ្ងៃអង្គារ ដើមសប្តាហ៍នេះថា
«ប្រទេសកម្ពុជា មានសម្រស់ល្អប្លែកច្រើនណាស់
រាប់ទាំងអត្តចរិតជីវភាពរស់នៅរបស់ប្រជាជន ប្រពៃណី ទំនៀមទម្លាប់
ព្រមទាំងមានតំបន់បេតិកភណ្ឌជាច្រើនកន្លែង
និងមានទាំងរតនសម្បត្តិធម្មជាតិស្រស់ត្រកាលគ្រប់កន្លែង
គឺស័ក្តិសមនឹងពាក្យស្លោកថា កម្ពុជាព្រះរាជាណាចក្រ អច្ឆរិយៈ»
នេះណាស់។
មានមនុស្សជាច្រើនបានស្គាល់ប្រទេស កម្ពុជា
ដោយសារភាពល្បីល្បាញអស្ចារ្យ នៃប្រាសាទ អង្គរវត្ត
ហើយមនុស្សភាគច្រើនគេនិយាយថា
«បើអ្នកទៅទស្សនានៅប្រទេសកម្ពុជាហើយ
តែពុំទាន់បានទៅឃើញប្រាសាទអង្គរវត្តទេ នោះគេចាត់ទុកថា
អ្នកពុំបានទៅដល់ប្រទេសកម្ពុជាឡើយ» នេះបើតាមប្រសាសន៍របស់លោក
Andrew។ «ប៉ុន្តែលើសពីនោះទៀត
ប្រទេសកម្ពុជាសម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើន មានស្ទឹង ទន្លេ
បឹងធំៗ ជួរភ្នំជាច្រើន និងឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត។
ទាំងនេះគឺជាទស្សនីយភាពដែលអាចទាក់ទាញភ្ញៀវទេសចរឲ្យ
បន្តការស្នាក់នៅនិងស្វែងយល់បន្ថែមទៀតពីប្រទេសនេះ»។
លោកបន្តថា
គន្លឹះសំខាន់ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលទស្សនាប្រទេសកម្ពុជា
កាន់តែច្រើនថែមទៀតនោះ «ប្រទេសនេះចាំបាច់ត្រូវការឃោសនាបន្ថែម
នៅតាមប្រព័ន្ធឃោសនាពិភពលោកនានាដូចជា CNN និង BBC ជាដើម។
ដូច្នេះកញ្ចប់ថវិកាសម្រាប់ការផ្សព្វផ្សាយក៏គួរតែបន្ថែមផងដែរ»
ហើយ ការផលិតខ្សែភាពយន្តឯកសារខ្លីៗ ទាក់ទងនឹងប្រជាជនកម្ពុជា
រមណីយដ្ឋានសំខាន់ៗ
ក៏ជាផ្នែកសំខាន់មួយដើម្បីផ្សព្វផ្សាយអំពីប្រទេសនេះទៅកាន់
ពិភពលោកខាងក្រៅផងដែរ។
«ចំពោះភ្ញៀវទេសចរជនជាតិ សិង្ហបុរី វិញ
ពួកគេតែងគិតគូរអំពីទីកន្លែងណាដែលមានសុវត្ថិភាព
និងមានភាពស្រស់ស្អាត គ្មានការបំពុលបរិស្ថាន។ ពួកយើង
ស្រឡាញ់សន្តិភាព និងអនាម័យល្អស្អាត» នេះបើតាមប្រសាសន៍របស់លោក
Andrew។
លោកបានបន្តថា ភាគច្រើនលើសលប់នៃប្រជាជន សិង្ហបុរី
បានស្គាល់ប្រទេសកម្ពុជា តាមរយៈការសិក្សា
ហើយជាពិសេសនោះគឺគេចងចាំនូវព្រឹត្តិការ ដែលប្រធានាធិបតី ទី១
របស់យើង គឺលោក Lee Quan Yew បានមកបំពេញ ទស្សនកិច្ចនៅកម្ពុជា
តាមការអញ្ជើញរបស់អតីតព្រះប្រមុខរដ្ឋព្រះមហាក្សត្រ នរោត្តម សីហនុ
បន្ទាប់ពីរាជរដ្ឋាភិបាលរបស់ព្រះអង្គបានប្រកាសទទួលស្គាល់សិង្ហបុរី
ជាប្រទេសជាតិមួយស្របច្បាប់កាលពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០
នោះ។ «កាលនោះ ជនជាតិសិង្ហបុរី ហៅទីក្រុង ភ្នំពេញដ៏ស្រស់ស្អាតនេះថា
ប៉ារីស នៅបូព៌ាប្រទេស» នេះបើតាមការអះអាង របស់លោក Andrew។
«បច្ចុប្បន្នរដ្ឋាភិបាល សិង្ហបុរី បានបញ្ចូលប្រទេសកម្ពុជា
ក្នុងឋានៈជាប្រទេសសមាជិកអាស៊ានទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន
ហើយ ថែមទាំងបានបញ្ជូនកូនសិស្សរាប់ពាន់នាក់ឲ្យមកធ្វើកម្មសិក្សា
ស្វែងយល់អំពី ប្រជាជន ប្រពៃណី និងវប្បធម៌កម្ពុជា»។
ក្នុងនាមអ្នកឯកទេសនៅក្នុងឧស្សាហកម្មសណ្ឋាគារ លោក Andrew
បានបង្ហាញទស្សនវិស័យថា
«សណ្ឋាគារគឺជាផ្នែកមួយសំខាន់ណាស់សម្រាប់ទាក់ទាញភ្ញៀវទេសចរ។
ដូច្នេះអ្វីៗនៅទីនេះទាមទារឲ្យមានស្តង់ដារត្រឹមត្រូវទាំងខាងក្រៅ
អគារ ខាងក្នុងបន្ទប់ និងផ្នែកនៃសេវាកម្មផ្សេងៗទៀត
រួមទាំងធនធានមនុស្សផងដែរ
គឺត្រូវឆ្លងកាត់ការសិក្សាតាមជំនាញនីមួយៗ»។
«ដោយឡែកខាងសំណង់អគារ
គឺជាមុខមាត់អាចបញ្ជាក់ពីលក្ខណសម្បត្តិខាងសិល្បៈស្ថាបត្យកម្ម
នៃជាតិសាសន៍នីមួយៗបាន
ដូច្នេះវាគួរតែមានអ្វីដែលបង្កប់នូវអត្តសញ្ញាណរបស់ខ្លួន។
កម្ពុជា មានវប្បធម៌បុរាណជាច្រើន
ដែលគេអាចដកស្រង់និងច្នៃបាននូវទំនើបកម្មនៃភាព បុរាណទាំងនោះ»។
ឧទាហរណ៍យើងអាចមើលឃើញលក្ខណៈខ្មែរ របស់សំណង់អគារសណ្ឋាគារ
ហ៊ីម៉ាវ៉ារី ហើយនៅក្នុងបន្ទប់របស់យើងនីមួយៗមានលក្ខណបុរាណលាយ សម័យ
ដែលភ្ញៀវអាចមើលទៅឃើញភាពល្អប្លែកពីគ្នា។
«រូបខ្ញុំ រួមទាំងសហភាគហ៊ុន និងក្រុមស្ថាបត្យករ
បានសិក្សារួចជាស្រេចអំពីភាពទាក់ទាញរបស់យើង
គឺយើងដល់ពេលវេលាត្រូវផ្លាស់ប្តូរការរចនាតុបតែងផ្នែកខាងក្នុង
បន្ទប់ឲ្យមានលក្ខណៈល្អប្លែកបន្ថែមលើសពីប្រណីតភាពដែលយើងមាននា
បច្ចុប្បន្ននេះ។ គម្រោងនេះបានសិក្សារួចរាល់ហើយ
ហើយយើងរង់ចាំតែពេលវេលាមកដល់នៅឆ្នាំខាងមុខប៉ុណ្ណោះ»។
គម្រោងថ្មីមួយទៀតរបស់លោក Andrew
គឺការបង្កើតឲ្យមានដំណើរកម្សាន្តដោយនាវាទេសចរណ៍ដ៏ទំនើបមួយនៅ
តាមដងទន្លេមេគង្គ ទន្លេសាប និងបន្តដល់បឹងទន្លេសាប។
«ពួកយើងមើលឃើញពីសក្តានុពលនៃសម្រស់ត្រកាល បរិស្ថានល្អបរិសុទ្ធ
របស់ទន្លេទាំងនេះ ដែលលម្អទៅដោយសំណង់អគារទីក្រុង
និងតុបតែងដោយភូមិរបស់ប្រជាជន ផ្ទះបណ្តែតទឹក
ដែលពួកគេរស់នៅជាមួយនឹងប្រពៃណី
ទំនៀមទម្លាប់ដ៏សម្បូរបែបរបស់គេផ្សារភ្ជាប់នឹងការងារកសិកម្ម
និងនេសាទ។ សកម្មភាព
និងទស្សនីយភាពទាំងនោះវានឹងផ្តល់នូវដំណើរកម្សាន្តជាពិសេស
និងការសម្រាកលម្ហែដ៏ប្រសើរមួយសម្រាប់ភ្ញៀវទេសចរនាថ្ងៃអនាគត»
នេះបើតាមការឲ្យដឹងរបស់លោក Andrew៕ ប្រភពពីៈ Phnom Penh Post
No comments:
Post a Comment