ភ្នំពេញៈ សហគ្រាសផលិតចំណីអាហារក្នុងស្រុកបានបង្កើនការ
ផលិតរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ឲ្យមានប្រសិទ្ធភាពនិងទប់ស្កាត់ការ
កើនឡើងតម្លៃនៅក្រោយការបោះឆ្នោត។
លោកជួនកុលអគ្គនាយករងក្រុមហ៊ុនម៉ែនសារុនជាក្រុមហ៊ុនផលិតមី
ក្នុងស្រុកយីហោ«មីយើង»បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃ
អាទិត្យថាក្រុមហ៊ុនរបស់លោកបានបង្កើនការផលិតប្រមាណ៤០ភាគរយបើធៀប
នឹងការផលិតនាពេលកន្លងមកពី១ម៉ឺនកេសទៅ១៤ ០០០កេសក្នុងមួយខែ។
លោកលើកឡើងថាការផលិតលើសផែនការនេះបណ្តាលមកពីមូលហេតុសំខាន់ៗ
រួមមានស្ថានភាពនយោបាយបច្ចុប្បន្នបាននាំឲ្យប្រជាជនភ័យខ្លាច
បន្ទាប់ពីការបោះឆោ្នតរួចនិងក្រោយមកទៀតកម្ពុជានឹងប្រឈមគ្រោះ
ទឹកជំនន់ដែលត្រូវការមីកញ្ចប់សម្រាប់ចែកចាយ។
លោកបន្តថា៖«យើងដឹងថាប្រជាជនយើងនឹងនាំគ្នាទិញភ្លាមៗប្រមាណ
២ម៉ឺនទៅ៣ម៉ឺនកេស។ប្រជាជនភ័យខ្លាចខ្លាំងពេលទៅរកទិញពីហាងមួយ
ទៅហាងមួយទៀតតែស្វែងរកមិនបាន។ខ្ញុំប្រាប់អ្នកលក់របស់ខ្ញុំ
មិនឲ្យដំឡើងថ្លៃទេនៅពេលនោះ។ប្រសិនយើងធ្វើបែបនេះវាហាក់ដូចជា
សម្លាប់ប្រជាជនយើងអ៊ីចឹង»។
លោកនិយាយថានៅយប់ថ្ងៃទី២៨ក្រោយការបោះឆោ្នតនិងព្រឹកថ្ងៃទី
២៩លោកបានទទួលដំណឹងថាតម្លៃមីមួយកេសថ្លៃរហូតដល់១០ដុល្លារខណៈ
តម្លៃធម្មតាត្រឹមតែបួនដុល្លារប៉ុណ្ណោះ។ប៉ុន្តែតម្លៃហក់ឡើងខ្ពស់
នេះមានតែតាមកន្លែងលក់រាយប៉ុណ្ណោះ។
លោកប៊ុនសុងប្រធានទីផ្សារនៃសិប្បកម្មផលិតគុយទាវអនាម័យដែលទើប
បង្កើតឡើងថ្មីថ្មោងបាននិយាយថាស្ថានភាពលក់ចេញពីសិប្បកម្មមួយនេះ
បានកើនឡើងខ្លាំងណាស់ក្នុងមួយរយៈចុងក្រោយនេះហើយតាមការ
កត់សម្គាល់សិប្បកម្មរបស់លោកបានលក់កើនឡើងរហូតដល់ទៅ២០ឬ៣០ភាគរយ។
លោកបន្តថា៖«យើងឃើញការកុម្ម៉ង់ទិញមិនធម្មតា។
ការកុម្ម៉ង់ច្រើនណាស់ហើយថ្ងៃខ្លះយើងអត់មានផលិតផលឲ្យគេផងហើយ
ពេលខ្លះទៀតម៉ាស៊ីនយើងគាំងជាលទ្ធផលនៃការផលិតលើសសមត្ថភាពរបស់វា
»។
លោកម៉េងស័ក្តិធារ៉ាអគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មនៃ
ក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល
បាននិយាយថាស្ថានភាពកើតឡើងក្នុងរយៈពេលខ្លីបែបនេះលំបាកប្រើប្រាស់
ជាឧបករណ៍សម្រាប់វិភាគស្ថានភាពសេដ្ឋកិច្ចរយៈពេលវែងណាស់។
លោកបន្តថា៖«ការផ្គត់ផ្គង់ត្រូវតែឆ្លើយតបតាមតម្រូវការហើយ
ខ្ញុំគិតថាអ្នកផលិតយល់ច្បាស់ពីស្ថានភាពនេះព្រោះគេជាអ្នក
វិនិយោគ៕ ប្រភពពីៈ Phnom Penh Post
No comments:
Post a Comment