កោះកុងៈ ពលរដ្ឋជិត ១០០ គ្រួសាររស់នៅក្នុងស្រុក គិរីសាគរនិង
បទុមសាគរ ខេត្ត កោះកុង ត្រូវបានដាក់ឱសានវាទត្រឹមថ្ងៃ ទី២០ កញ្ញា
ក្នុងការឲ្យចាកចេញពីលំនៅឋាននិងស្រែចម្ការរបស់ខ្លួន
តាមសេចក្តីជូនដំណឹងរបស់អន្តរក្រសួង ដើម្បីទុកដីឲ្យក្រុមហ៊ុន
Union Development ធ្វើការអភិវឌ្ឍ
ក្នុងគម្រោងដែលផ្តល់ដោយរាជរដ្ឋាភិបាល។
យោងតាមសេចក្តីជូនដំណឹងរបស់លោក អៀង ឡៃ
ប្រធានក្រុមការងារចម្រុះនៃគណៈកម្មការអន្តរក្រសួងបញ្ជាក់ថា
នៅថ្ងៃទី០១ ខែ តុលា ឆ្នាំនេះ ក្រុមហ៊ុន យូញៀន នឹងយកគ្រឿងចក្រទៅ
ឈូសឆាយរៀបចំដីរបស់ក្រុមហ៊ុនដើម្បីធ្វើការអភិវឌ្ឍ។
ក្នុងនោះដែរ ក៏បានបញ្ជាឲ្យអភិបាលស្រុក បទុមសាគរ និង
គិរីសាគរផ្សព្វផ្សាយដល់ពលរដ្ឋឲ្យធ្វើការរុះរើផ្ទះតង់ឬខ្ចមដែល
ធ្វើនៅលើដីក្រុមហ៊ុន និងចាកចេញទៅកាន់ភូមិថ្មី
ឲ្យបានមុនថ្ងៃទី២០ខែ កញ្ញានេះជាកំហិត។
សេចក្តីជូនដំណឹង នេះព្រមានថា៖
«បើបងប្អូនមិនព្រមរុះរើចេញពីដីក្រុមហ៊ុនទេ
ពេលគ្រឿងចក្រមកឈូសឆាយប៉ះពាល់ខូចខាតរបស់របរនោះក្រុមការងារ
ចម្រុះនៃគណៈកម្មការអន្តរក្រសួងមិនទទួលខុសត្រូវឡើយ»។
ពលរដ្ឋឈ្មោះ ផាន់ អេងអាយុ ៥៧ ឆ្នាំរស់នៅស្រុក បទុមសាគរប្រាប់ថា
អាជ្ញាធរបានបិទសេចក្តីជូនដំណឹងនេះតាមតូបលក់ដូរនិងតាមផ្ទះ
ពលរដ្ឋ ប៉ុន្តែអ្នកភូមិមិនព្រមចាកចេញនោះទេ
បើគ្មានសំណងណាមួយពីក្រុមហ៊ុន។ គាត់បន្តថា៖
«អាជ្ញាធរបានរៀបចំភូមិថ្មីនៅចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីភូមិចាស់
ជាទីតាំងនៅក្នុងព្រៃ មិនអាចរស់នៅបាន»។ គាត់ថា៖
«ឲ្យយើងទៅរស់នៅម៉េចកើត
បើសុទ្ធតែព្រៃនៅទីនេះយើងមានដីស្រែចម្ការតាំងពីឆ្នាំ ១៩៩៩»។
អ្នកស្រី ឡៃ គៀន អាយុ ៥៣ ឆ្នាំជាអ្នកភូមិម្នាក់ទៀតប្រាប់ថា
ដីជម្លោះជាមួយក្រុមហ៊ុននេះក្រុមនិស្សិតមិនវាស់វែងនោះទេ។
គាត់ថា៖ «ខ្ញុំមិនចេញដាច់ខាត បើគ្មានសំណងព្រោះខ្ញុំមានដីជិត ១០
ហិកតាធ្វើស្រូវចិញ្ចឹមជីវិត»។
លោក អ៊ន ភារៈ អភិបាលស្រុក បទុមសាគរថ្លែងថា
ប្រជាពលរដ្ឋភាគច្រើនព្រមផ្លាស់ទីលំនៅទៅរស់នៅភូមិថ្មីហើយ។
លោកថា៖
«អ្នកនៅសល់ពួកគាត់គួរតែចាកចេញទៅភូមិថ្មីនោះដូចគ្នា»។
ពលរដ្ឋដែលមិនបានសំណងបានដាក់ពាក្យប្តឹងមកសមាគមសិទ្ធិមនុស្ស
លីកាដូ និង អាដហុក ចាប់តាំងពីមានជម្លោះដីធ្លីក្នុងឆ្នាំ
២០១០ប៉ុន្តែ
រហូតមកទល់ពេលនេះនៅតែគ្មានដំណោះស្រាយនិងបានសំណងពីក្រុមហ៊ុន៕ By Phnom Penh Post
No comments:
Post a Comment