Friday, August 16, 2013

ចាប់​ខ្លួន​មេខ្លោង​ជួល​ឃាតក​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង

កំពង់ស្ពឺៈ សមត្ថកិច្ច​ខេត្ត កំពង់ស្ពឺ អះអាង​កាល​ពី​ម្សិលមិញ​ថា ករណី​ឃាតកម្ម​បាញ់​សម្លាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ភូមិ ២ ឃុំ ត្រែង​ត្រយឹង ស្រុក ភ្នំស្រួច កាល​ពី​ថ្ងៃ​ចន្ទ គឺជា​រឿង «គំនុំ» ផ្ដើម​ពី​រឿង​ទំនាស់​ដីធ្លី។ នេះ​បើ​តាម​ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ជា​អាណិកជន​ខ្មែរ អូស្ត្រាលី​បាន​ឆ្លើយ​សារភាព។
លោក សោម ដារ៉ា ស្នងការ​រង​នគរបាល​ខេត្ត កំពង់ស្ពឺ បាន​ថ្លែង​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ពុធ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​មេខ្លោង​ជា​អាណិកជន​ខ្មែរ អូស្ត្រាលី​ម្នាក់ នៅ​ភ្នំពេញ ក្រោយ​ការ​ចង្អុល​បង្ហាញ​ពី​ជន​សង្ស័យ​ជា​ឃាតក​ស៊ី​ឈ្នួល​ពីរ​នាក់​ដែល​ចាប់ ​ខ្លួន​បាន​ក្រោយ​កើត​ហេតុ​ប៉ុន្មាន​ម៉ោង​នៅ​ខេត្ត កំពត។

លោក​បន្ត​ថា ជន​សង្ស័យ​ជា​អាណិកជន​ខ្មែរ អូស្ត្រាលី នេះ ឈ្មោះ អ៊ុក រុណ អាយុ ៥១ ឆ្នាំ សារភាព​ថា បាន​ជួល​ជន​ដៃ​ដល់​ពីរ​នាក់​ឲ្យ​បាញ់​សម្លាប់​លោក សាន់ សឿន អាយុ ៦៧ ឆ្នាំ មុខ​របរ​លក់​ចាប់ហួយ​និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ដោយ​សារ​តែ​រឿង​ជម្លោះ​ដីធ្លី​ចំនួន ៥ ហិកតា ដែល​ខ្លួន​និង​ប្អូន​ប្រុស​ឈ្មោះ អ៊ុក រី បាន​ទិញ​ពី​គាត់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ប៉ុន្តែ​ជន​រងគ្រោះ​មិន​ព្រម​ប្រគល់​ដី​នោះ​ឲ្យ​ខ្លួន​កាន់​កាប់​សោះ។
តាម​ចម្លើយ​ជន​សង្ស័យ​ថា ពី​ដំបូង​គាត់​បាន​ទិញ​ដី​ជឿ​ពី​ជន​រងគ្រោះ តែ​ក្រោយ​មក​ក៏​បាន​ប្រគល់ លុយ​ចំនួន ៣០០០ ដុល្លារ ជា​ថ្នូរ​នឹង​ការ​បាន​សិទ្ធិ​កាន់​កាប់​ដី​ទំហំ​មួយ​ហិកតា តែ​ជន​រងគ្រោះ​គាត់​បដិសេធ ទើប​កើត​ការ​គុំកួន​ហើយ​ឈាន​ដល់​ជួល​ឃាតក​មក​បាញ់​សម្លាប់​ជន​រងគ្រោះ​កាល​ ពី​ថ្ងៃ​ចន្ទ។
កាល​ពី​យប់​ថ្ងៃ​ចន្ទ កម្លាំង​នគរបាល​ខេត្ត កំពង់ស្ពឺ បាន​សហការ​ជាមួយ​នឹង​កម្លាំង​សមត្ថកិច្ច​ខេត្ត កំពត បាន​ធ្វើ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​ពីរ​នាក់​និង​រឹបអូស​បាន​កាំភ្លើង ​ខ្លី K-59 មួយ​ដើម និង​គ្រាប់ ១៤ គ្រាប់ ក្នុង​ផ្ទះ​សំណាក់​មួយ​ក្នុង​ខេត្ត កំពត ប៉ុន្មាន​ម៉ោង​ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ​លោក សាន់ សឿន។ ជន​សង្ស័យ​ទាំង​ពីរ ម្នាក់​ឈ្មោះ ជួង វណ្ណៈ ហៅ រស្មី ឬ ង៉ោល អាយុ ៣៣ ឆ្នាំ និង​ឈ្មោះ ទ្រី គន្ធរ អាយុ ៣២ ឆ្នាំ ជា​អ្នក​ប្រដាល់​ពួក​គេ​បាន​ឆ្លើយ​សារភាព​ថា ពួកគេ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ទៅ​សម្លាប់​ជន​រងគ្រោះ។
សមត្ថកិច្ច​ខេត្ត កំពង់ស្ពឺ បាន អះអាង​ថា ជន​សង្ស័យ​ទាំង​បី​នាក់​កំពុង​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ ឡើយ ហើយ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ស៊ើប​សួរ​លើ​ពួក​គេ​បន្ថែម​ដើម្បី កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។
អតីត​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធ​សមាជិក​មក​ពី​គណបក្ស​ប្រឆាំង លោក នុត រំដួល ថ្លែង​ថា លោក​ស្វាគមន៍​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​សមត្ថកិច្ច​ក្នុង​ការ​ស្វែង ​រក​ចាប់​ខ្លួន​ឃាតក​យក​មក ផ្ដន្ទាទោស។ តែ​យ៉ាង​ណា​ករណី​នេះ​នៅ​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ល្អិត​ល្អន់​ថែម​ទៀត៕ ប្រភពពីៈ Phnom Penh Post

No comments:

Post a Comment