កង
កម្លាំង និងអាវុធយុទ្ធភណ្ឌជាច្រើន
ត្រូវបានបញ្ជូនមកកាន់រាជធានីភ្នំពេញ ក្រោយការបោះឆ្នោត
និងការប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតដ៏ចម្រូងចម្រាស
ដែលគណបក្សសង្គ្រោះជាតិ បដិសេធមិនទទួលស្គាល់លទ្ធផលនោះ។ ប្រការនេះ
បានធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភពីបញ្ហាសន្តិសុខ។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីរដ្ឋាភិបាលកន្លងមក បានអះអាងថា
សកម្មភាពនេះ គឺដើម្បីការពារសន្តិសុខសង្គម
ប៉ុន្តែពលរដ្ឋមួយចំនួនរឹតតែព្រួយបារម្ភ
បន្ទាប់ពីរថក្រោះជាច្រើនគ្រឿងទៀត ត្រូវបានបញ្ជូនមកក្រុងភ្នំពេញ។
ប្រជាពលរដ្ឋមួយចំនួន បានសម្ដែងអារម្មណ៍កាន់តែភ័យខ្លាច
បន្ទាប់ពីយុទ្ធភណ្ឌយោធា មានដូចជា រថក្រោះជាដើមនោះ
ត្រូវបានបញ្ជូនមកកាន់ទីក្រុងភ្នំពេញជាច្រើនគ្រឿងបន្ថែមទៀត
ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤
កាលពីល្ងាចថ្ងៃទី១៥ សីហា។
ហេតុការណ៍បញ្ជូនរថក្រោះ និងរថពាសដែកជាច្រើនគ្រឿងបន្ថែមទៀតនេះ
កើតឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយពេលដែលសង្គមស៊ីវិល ប្រជាពលរដ្ឋ
និងព្រះសង្ឃ បានជួបជុំគ្នាធ្វើពិធីបួងសួងសុំសុខសន្តិភាព
និងយុត្តិធម៌ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣។
អាជីវករម្នាក់ឈ្មោះ សុខា រ៉ែន បានថ្លែងថា
ការបន្ថែមយុទ្ធភណ្ឌយោធានេះ
បានធ្វើឱ្យអ្នកស្រីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីបញ្ហា
សុវត្ថិភាព ជាពិសេស ចំពោះកូនរបស់អ្នកស្រី។
អ្នកស្រីអំពាវនាវឱ្យរាជរដ្ឋាភិបាលស្វែងរកដំណោះស្រាយសមស្របណាមួយ
ជាជាងការប្រើកម្លាំងទ័ពមកបំភិតបំភ័យពលរដ្ឋ។
ចំណែកបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ ជាអតីតអនុសេនីយ៍ឯក
និងជាគ្រូបង្ហាត់កងអង្គរក្សរបស់គណបក្សហ៊្វុនស៊ិនប៉ិច
បានឱ្យដឹងថា ការចល័តកម្លាំងទ័ពលើកនេះ
ហាក់ដូចជាមានលក្ខណៈប្រហាក់ប្រហែលនឹងការត្រៀមមុនរដ្ឋប្រហារ
ឆ្នាំ១៩៩៧ និងការបង្ក្រាបលើហ្វូងបាតុករនៅឆ្នាំ១៩៩៨
ក្នុងក្រុងភ្នំពេញ។ លោកក៏បានបញ្ជាក់ថា
លោកកាន់តែព្រួយបារម្ភចំពោះស្ថានការណ៍នាពេលបច្ចុប្បន្ន
ខ្លាចក្រែងជាន់ដានកាលពី ១៥ និង ១៦ឆ្នាំមុន។
យ៉ាងណាមិញ លោកបានអំពាវនាវឱ្យអ្នកដឹកនាំនយោបាយ
ធ្វើការដោះស្រាយបញ្ហាដោយសន្តិវិធី
ជៀសវាងឱ្យបាននូវការប្រើកម្លាំងប្រដាប់អាវុធគ្រប់រូបភាព។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងការពារជាតិ
ដើម្បីបំភ្លឺជុំវិញបញ្ហានេះបានទេ ប៉ុន្តែ បើតាមលោក ស ខេង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី៨
សីហា កន្លងទៅនេះថា
រដ្ឋាភិបាលមិនមានបំណងបំភិតបំភ័យប្រជាពលរដ្ឋនោះឡើយ ប៉ុន្តែ
គឺជាភារៈដែលត្រូវរក្សាសន្តិសុខក្រោយការបោះឆ្នោត។
ទាក់ទងនឹងបញ្ហានេះដែរ លោក មឿន តុលា
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
បានសម្ដែងការសោកស្ដាយចំពោះព័ត៌មាននៃការបន្ថែមយុទ្ធភណ្ឌយោធា
មកកាន់រាជធានីភ្នំពេញ។ លោកបានថ្លែងថា
វាមិនមែនជាការបន្ធូរបន្ថយស្ថានការណ៍នោះទេ
ប៉ុន្តែបែរជាធ្វើឱ្យសភាពការណ៍កាន់តែតានតឹងទៅវិញ។
យ៉ាងណាក៏ដោយ លោកបានបង្ហាញជំហរគាំទ្រឱ្យភាគីនីមួយៗ
ដោះស្រាយបញ្ហាដោយសន្តិវិធី
និងគាំទ្រឱ្យមានអាជ្ញាកណ្ដាលឯករាជ្យមួយ
ដើម្បីដោះស្រាយវិវាទទាក់ទងនឹងការបោះឆ្នោត ដែលមិនមែនជា គ.ជ.ប។
កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយដល់ «អាជ្ញាធរ
គ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់
ត្រូវបន្តខិតខំផ្តល់សេវារដ្ឋបាល
និងសេវាសាធារណៈឱ្យកាន់តែល្អប្រសើរថែមទៀតជូនពលរដ្ឋ
ដោយមិនមានការរើសអើងខាងនយោបាយ
និងត្រូវលុបបំបាត់ឱ្យបានដាច់ខាតនូវភាពអសកម្មនានា»។ ខ្លឹមសារនៃសេចក្តីណែនាំនោះ ក៏បានបញ្ជាក់ទៀតថា «អាជ្ញាធរ
គ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់
ត្រូវបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
ដោយប្រមូលឱ្យបានកម្លាំងសរុបរបស់ប្រជាពលរដ្ឋ
ដើម្បីទ្រទ្រង់ស្ថិរភាព សន្តិសុខ
និងសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាននីមួយៗ»៕
ប្រភពព័ត៌មានពី៖ អាស៊ីសេរី
No comments:
Post a Comment