បណ្តាញសង្គមហេ្វសប៊ុក
បានបង្ហោះវីដេអូខ្សែអាត់សំឡេងរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន
សែន ដែលបានសារភាពថា គណបក្សប្រជាជនកម្ពុជា
ពិតជាបានចាញ់នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៥ នេះ
ដែលគេចាត់ទុកថា ជាការបែកធ្លាយការណ៍សម្ងាត់។
នេះគឺជាសំឡេងលោក ហ៊ុន សែន ដែលផ្សព្វផ្សាយតាមបណ្តាញសង្គមហេ្វសប៊ុក កាលពីថ្ងៃអាទិត្យ ទី១៨ ខែសីហា៖
«បច្ចុប្បន្ន ម៉ោងនេះ ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា
ចាញ់ឆ្នោតទៅហើយ។ អាហ្នឹងគឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
ដឹងច្បាស់ហើយ នៅសល់តែថ្នាក់ក្រោមទេ ដែលនៅស្រពេចស្រពិល។
ខ្ញុំចង់បញ្ជាក់ ថ្នាក់ក្រោមគណបក្សប្រជាជនកម្ពុជា
អត់ទាន់ដឹងទេថា ខ្លួនឯងចាញ់ទៅហើយ។
ហ្នឹងខ្ញុំពន្យល់ទៅសកម្មជនទាំងអស់ឱ្យផ្សព្វផ្សាយ»។
ការបង្ហោះវីដេអូអាត់សំឡេងនេះ
បានបណ្តាលឱ្យមានមន្ទិលសង្ស័យថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន ពិតជាបានពោលដូច្នេះមែន ឬទេ?
វិទ្យុអាស៊ីសេរី បានស្រាវជ្រាវរកទៅឃើញថា
វីដេអូខ្សែអាត់សំឡេងនេះ
មិនមែនជារឿងបែកធ្លាយការណ៍សម្ងាត់អ្វីទេ។
ការពិតគឺជាខ្សែអាត់សំឡេងដែលកាត់ចេញពីការថ្លែងសុន្ទរកថាជា
សាធារណៈរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៦
ខែឧសភា ឆ្នាំ២០១៣ ក្នុងការរិះគន់ចំពោះព្រះអង្គម្ចាស់ ស៊ីសុវត្ថិ
ធម្មិកោ ដែលបានលើកឡើងថា៖ «បើផ្អែកតាមលទ្ធផលបោះឆ្នោត
ឃុំ/សង្កាត់ ឆ្នាំ២០១២ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា
បានចាញ់ឆ្នោតបាត់ទៅហើយ
ហើយមានតែថា្នក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទេ ដែលបានដឹង
រីឯមន្រ្តីថា្នក់ក្រោមរបស់គណបក្សប្រជាជន
នៅមានការស្រពេចស្រពិលនៅឡើយ»។
នេះគឺជាសំឡេងដើមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ដែលថ្លែងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣
ដោយលើកឡើងទាំងស្រុងនូវបន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ
ធម្មិកោ៖ «នៅពេលហ្នឹង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
បានទៅខេត្តក្រចេះ។ ពេលនោះ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
បាននិយាយ
ខ្ញុំករុណាខ្ញុំសុំអានទាំងស្រុងនូវចំណុចដែលដកស្រង់ចំណុចដែល
ទាក់ទងនឹងកថាខណ្ឌហ្នឹង។ ចម្លើយ មានគេនិយាយដែរថា
គេចង់មានសន្តិភាព ហើយមានការរីកចំរើន
ប៉ុន្តែការរីកចំរើនហ្នឹងឱ្យមកដល់ខាងក្រោមផង។
ខ្ញុំក៏បានបញ្ជាក់ឱ្យប្រជារាស្រ្តដឹងពីចំណុចសំខាន់ថា ទី១
បើសិនជាយើងឈរលើតួលេខការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០១២
កន្លងមកនេះ គឺយើងឃើញថា គណបក្សប្រជាជនចាញ់ទៅហើយ។
គណបក្សប្រជាជនកម្ពុជា បានតែ ៣លាន ៥សែនទេ ឯ ៦លានទៀត
គឺអត់បានបោះឆ្នោតឱ្យគណបក្សប្រជាជនទេ។
ហេតុអីបានជាអ្នកប្រឆាំងអត់បានឈ្នះ
ដោយសារតែការបែកបាក់គ្នា។
ប៉ុន្តែស្ថានភាពបោះឆ្នោតឆ្នាំ២០១៣នេះ គឺផ្លាស់ប្តូរហើយ
ពីព្រោះមកពីអ្វី ព្រោះឥឡូវនេះ នៅសល់តែគណបក្ស
២ត្រៀមប្រកួតប្រជែងគ្នា។ គណបក្សប្រជាជនកម្ពុជា បាន
៣លាន៥សែនសំឡេង ហើយគណបក្សសង្គ្រោះជាតិ ដែលសង្ឃឹមថានឹងយក
៦លានសំឡេង បានន័យថា បច្ចុប្បន្ន ម៉ោងនេះ ថ្ងៃនេះ
គណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតទៅហើយ
គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹងច្បាស់ហើយ
នៅសល់តែថ្នាក់ក្រោមទេ ដែលនៅស្រពេចស្រពិល។ ខ្ញុំចង់បញ្ជាក់
ថ្នាក់ក្រោមគណបក្សប្រជាជនកម្ពុជា អត់ទាន់ដឹងខ្លួនទេ
ថាខ្លួនឯងចាញ់ទៅហើយ។
អាហ្នឹងខ្ញុំពន្យល់ទៅសកម្មជនទាំងអស់ឱ្យផ្សព្វផ្សាយ»។
ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី
លោក ផៃ ស៊ីផាន ចាត់ទុកការកាត់តសំឡេងរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន ថាជាការបំភ្លៃការពិត
និងជាការលេងសង្គ្រាមចិត្តសាស្រ្តប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។ ប្រភពីស្តាប់សម្លេង ដោយៈ http://www.rfa.org/khmer/news/politics/HunSen-facebook-CPP-lost-election-true-or-fake-08182013142056.html
No comments:
Post a Comment