នៅស្រុកខ្មែរ មុខវិជ្ជាចិត្តវិទ្យា មានទីផ្សារការងារទូលំទូលាយ
ដែលសិស្សមានឱកាសការងារទាំងផ្នែករដ្ឋ និងឯកជន
ព្រមទាំងអង្គការនានា។ ពេលដែលសិស្សកំពុងធ្វើសារណា
មានអង្គការមកមើលផ្ទាល់ ហើយយកសិស្សទៅធ្វើការតែម្តង»
នេះជាប្រសាសន៍របស់លោកសាស្ដ្រាចារ្យ សោម ច័ន្ទ សុវណ្ណតារា
ដែលជាអនុប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យានៅសាកលវិទ្យាល័យ ភូមិន្ទ
ភ្នំពេញ។
ប្រាកដណាស់ ក្រោយពេលដែលសិស្សានុសិស្សបញ្ចប់ការសិក្សាទុតិយភូមិ
ពួកគេភាគច្រើននាំគ្នាសម្រុកទៅសិក្សាផ្នែកគណនេយ្យ
គ្រប់គ្រងពាណិជ្ជកម្ម ឬហិរញ្ញវត្ថុជាដើម។
បើយោងតាមស្ថិតិ
និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រតាមមុខជំនាញ
នាយកដ្ឋានឧត្តមសិក្សានៃក្រសួង អប់រំ យុវជន និង កីឡា បានឲ្យដឹងថា
មុខជំនាញដែលនិស្សិតអាហារូបករណ៍ និងបង់ថ្លៃឆ្នាំសិក្សា ២០១០-២០១១
មានច្រើនជាងគេបង្អស់ គឺបរិញ្ញាបត្រភាសា អង់គ្លេស ដែលមានសិស្សសរុប
២២,២៣៥ នាក់ ហើយចំណាត់ថ្នាក់លេខ ២ គឺគណនេយ្យដែលមានសិស្សរហូតដល់
២០,២៨៩ នាក់ និងលេខរៀងទីបី ផ្នែក គ្រប់គ្រងដែលមានសិស្សចំនួន ១៩,២៥៨
នាក់ ក្នុងចំណោមសិស្ស ១៨៥,៩១៨ នាក់។
បើតាមការប្រៀបធៀបតាមចំណាត់ថ្នាក់នៃសកម្មភាពសេដ្ឋកិច្ចនៃ
ព័ត៌មានជ្រើសរើសបុគ្គលិក និងអ្នកស្វែងរកការងារធ្វើសរុបក្នុងឆ្នាំ
២០១០ ដល់ខែ វិច្ឆិកាឆ្នាំ ២០១១
របស់ព្រឹត្តិបត្រការងារនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ
បានឲ្យដឹងថា អ្នកស្វែងរកការងារផ្នែកគណនេយ្យ សវនកម្ម
និងពន្ធអាករមានដល់ទៅ ១៣,៥ ភាគរយ ខណៈដែលតម្រូវការទីផ្សារមានត្រឹម
៥,៨ ភាគរយ។
ក្រៅពីភាសា អង់គ្លេសដែលជាភាសាគ្រឹះសម្រាប់ចាប់យកឱកាសការងារ
តើហេតុអ្វីបានយុវសិស្សមិនបង្វែរទិសដៅរបស់ខ្លួនពីគណនេយ្យ
គ្រប់គ្រង និងហិរញ្ញវត្ថុមកជ្រើសយកមុខវិជ្ជា រូបវិទ្យា ជីវវិទ្យា
ប្រវត្ដិវិទ្យា ភូមិវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា វិចិត្រសិល្បៈ
និងផ្នែករដ្ឋបាលសាធារណៈដែលចំនួនអ្នកសិក្សាផ្នែកនេះមិនលើសពី ១
ពាន់នៅក្នុងមួយឆ្នាំសម្រាប់ឆ្នាំសិក្សា ២០១០-២០១១?
ចំពោះការជ្រើសរើសមុខវិជ្ជាសិក្សាដ៏ជោរជន់នេះ កញ្ញា គីម ស៊ីនេត
ទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យបានសារភាពថា
កញ្ញាពិតជាសោកស្តាយនូវជម្រើសថ្នាក់បរិញ្ញាបត្រណាស់
ដោយមិនបានសិក្សានូវអ្វីដែលជាចំណង់ចំណូលចិត្ដរបស់ខ្លួន។
ចំណែកឯ កញ្ញា ភឿក ចាន់រិទ្ធ
ជាសិស្សទើបបញ្ចប់ការសិក្សាអនុបណ្ឌិតវិទ្យាសាស្ដ្រ ផ្នែកគីមីវិទ្យា
តាមរយៈអាហារូបករណ៍ពីប្រទេស ថៃ
ដែលកញ្ញាមានគម្រោងចង់ក្លាយជាអ្នកស្រាវជ្រាវវិទ្យាសាស្រ្តមួយរូប
ទាក់ទងទៅនឹងមុខជំនាញរបស់ខ្លួន
និងជាគ្រូបង្រៀនថ្នាក់មហាវិទ្យាល័យ។
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ ទី១២ ក្នុងឆ្នាំ ២០០៣
កញ្ញាបានសិក្សាផ្នែក គីមីវិទ្យា នៅសាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ
ដែលពេលនោះកញ្ញាគិតថា
ខ្លួននឹងធ្វើជាគ្រូបង្រៀនគីមីវិទ្យាមួយរូប។
ប៉ុន្ដែលុះដល់ឆ្នាំទី៣ ទើបកញ្ញាជ្រើសរើសយកមុខជំនាញ គីមីជីវៈ
ដែលវាមិនមែនសុទ្ធតែក្លាយជាគ្រូបង្រៀននោះទេ។
ដោយការខិតខំប្រឹងប្រែងទើបកញ្ញាជាប់អាហារូបករណ៍ក្នុងឆ្នាំ ២០០៩។
កញ្ញា ពន្យល់ថា៖ «ក្រោយពីបញ្ចប់មុខជំនាញ គីមីជីវៈ
យើងអាចធ្វើការក្នុងមន្ទីរពិសោធ ដូចជាមន្ទីរពេទ្យ
វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្ត
ឬយើងអាចក្លាយជាគ្រូមហាវិទ្យាល័យ។
ពួកយើងអាចធ្វើការនៅទីពិសោធឧស្សាហកម្មផ្សេងៗ»។
លោក សោម ច័ន្ទ សុវណ្ណតារា
បានពន្យល់អំពីជម្រើសការងាររបស់និស្សិតបញ្ចប់ការសិក្សាបរិញ្ញាបត្រ
ឬអនុបណ្ឌិត ដូចជា
ជាអ្នកប្រឹក្សាចិត្តសាស្រ្តធ្វើការងារតាមអង្គការ មន្ទីរពេទ្យ
និងស្ថាប័ននានាក្នុងមុខនាទីជាគ្រូបង្រៀន
ឬក៏អ្នកស្រាវជ្រាវផ្នែកទីផ្សារជាដើម។
មុខវិជ្ជា ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ តូរ្យតន្រ្តី
សង្គមកិច្ចវិទ្យា បរិស្ថាន បុរាណវិទ្យា និង នាដសាស្រ្ត
ដែលមុខវិជ្ជានីមួយៗមានសិស្សមិនដល់ ១៥០ នាក់ក្នុងឆ្នាំសិក្សា
២០១០-២០១១។
ពាក់ព័ន្ធនឹងការជ្រើសរើសមុខវិជ្ជានេះដែរ កញ្ញា អោម រតនា
និស្សិតឆ្នាំទី១ ផ្នែកហិរញ្ញវត្ថុ បានសារភាពថា៖
«នៅពេលត្រូវជ្រើសរើសមុខវិជ្ជាទៅតាមសៀវភៅក្រហម
ខ្ញុំឃើញមុខវិជ្ជាសារគមនាគមន៍ផងដែរ ប៉ុន្តែខ្ញុំមិនស្គាល់
ទើបខ្ញុំរើសមុខជំនាញហិរញ្ញវត្ថុនេះទៅ»។
ការពិតណាស់
ការទទួលបានព័ត៌មានគ្រប់គ្រាន់សម្រាប់ការសម្រេចចិត្តជ្រើសរើសមុខ
ជំនាញដ៏សមស្របសម្រាប់ខ្លួនពិតជាសំខាន់
ពីព្រោះការរើសនូវជំនាញខុសអាចធ្វើឲ្យយើងខាតបង់ពេលវេលា
និងប៉ះពាល់ដល់អនាគតទៀតផង។
ដោយឡែកយុវតី គុំ រស្មីមណី ជាសិស្សទើបប្រឡងមធ្យមទុតិយភូមិឆ្នាំ
២០១៣
ជ្រើសរើសផ្នែកបរិស្ថានបន្ទាប់ពីកញ្ញាបានស៊ើបសួរព័ត៌មានពី
មុខវិជ្ជាមួយនេះ
ហើយឪពុករបស់កញ្ញាបានទូរស័ព្ទទៅសាក់សួរព័ត៌មានពីសាកលវិទ្យាល័យ
ភូមិន្ទ ភ្នំពេញ ដោយផ្ទាល់។
កញ្ញាបាននិយាយថា៖ «ខ្ញុំចូលចិត្តមុខវិជ្ជាបរិស្ថាន
ទំនាក់ទំនងបរទេស និងគណនេយ្យ
ប៉ុន្តែក្រោយពីទូរស័ព្ទសាកសួរព័ត៌មានពីសាលាមក ទើបដឹងថា
ផ្នែកបរិស្ថាននេះមានតែសិស្សអាហារូបករណ៍ ៣០
នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ
ហើយនៅថ្ងៃអនាគតផ្នែកមួយនេះនឹងមានទីផ្សារការងារទូលំទូលាយ»។
ដើម្បីបកស្រាយឲ្យអស់មន្ទិលសង្ស័យ លោក កៀង រតនា
សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ
បញ្ញាសាស្ដ្រកម្ពុជាបានប្រាប់ថា៖
«ចំពោះសិស្សដែលរៀនមុខវិជ្ជាមិនចាប់អារម្មណ៍យើងឲ្យគាត់សិក្សាចប់
ចេញទៅរកបានការងារស្រួល និងចំណូលខ្ពស់
ហើយកាន់តែមានតម្រូវទីផ្សារខ្ពស់ដែលអាចទាក់ទាញយកអ្នកសិក្សា
មុខវិជ្ជាពេញនិយមនានា»។
ជាចុងក្រោយលោកគ្រូផ្ដល់យោបល់ដល់សិស្សទាំងអស់ថា៖
«កុំឲ្យគិតតែរៀនតាមគ្នា គួរតែពិគ្រោះជាមួយអ្នកជំនាញ ឬសាលា
ពីព្រោះការធ្វើតាមគ្នាគឺជាកត្តាដែលធ្វើឲ្យការចូលរៀនអស់ ៤
ឆ្នាំខាតបង់គ្មានប្រយោជន៍។
សិស្សត្រូវដឹងពីសមត្ថភាពខ្លួនថាខ្លួនពូកែខាងផ្នែកអ្វីឲ្យ
ច្បាស់ ពីព្រោះមានតែយើងខ្លួនឯងទេដែលអាចដឹងច្បាស់
និងចេះបង្កើតបណ្ដាញស្គាល់គេឲ្យបានច្រើន»។
គួរបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០១២-២០១៣ នេះ
មានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបមានចំនួន
១០៧,៨៣៥ នាក់ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួង អប់រំ យុវជន
និងកីឡាអំពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ
និងបំពេញវិជ្ជា៕By Phnom Penh Post
No comments:
Post a Comment