Friday, August 16, 2013

លោក​ សម​ រង្ស៊ី​ មិន​ទាន់​បញ្ជាក់​ជំហរ​​ធ្វើ​បាតុកម្ម តែ​បង្ហាញ​ជំហ​រចង់​ចរចាដោះ​ស្រាយដោយ​សន្តិ​វិធី​

សេចក្តីរាយកាណ៍របស់​ លី ម៉េងហួរ
(02:22)


សកម្មជន​អ្នកគាំទ្រ​លោក​សមរង្ស៊ី បាន​ទៅ​ទទួល ហែហម​ប្រមុខ​បក្សប្រឆាំង នៅមុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ម៉ោងជាង ៩ ព្រឹក ថ្ងៃ​សុក្រ​នេះ។ តែ​មិន​ច្រើន​ដូច​កាលពី​លោក​សម រង្ស៊ី មកដល់​កម្ពុជា កាលពី​ថ្ងៃទី១៩ កក្កដា​ឡើយ។ យ៉ាងណាក៏ដោយ ចរាចរណ៍​តាមផ្លូវ​សហព័ន្ធរុស្ស៊ី ត្រូវ​កកស្ទះ​មួយរយៈ​ពេល នៅពេល​លោក​សម រង្ស៊ី ដើរ​ចេញពី​ព្រលានយន្តហោះ ប្រមាណ ១ គីឡូម៉ែត្រ មុននឹង​លោក​ឡើង​ជិះឡាន។
នៅ​កណ្តាលចំណោម​អ្នកគាំទ្រ ខណៈ​ដើរ​ហែហម​ដោយ​ក្រុម​អ្នកការពារ​យ៉ាង​ប្រជ្រៀ​ត​ណែន លោក សម រង្ស៊ី បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា កិច្ច​ការដែល​ត្រូវធ្វើ​មុនគេ​ពេលនេះ គឺ​លោក​មាន​ផែន​ការជួប​ជាមួយ​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស។ អំពី​គម្រោង​ធ្វើបាតុកម្ម ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត មិនត្រូវ​បាន​លោក សមរង្ស៊ី បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ទេ។​ លោក​​សម រង្ស៊ីបាន​បញ្ជាក់ថាខ្ញុំ ​នៅតែ​គាំទ្រ​ជានិច្ច និង​ទាមទារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ។ ត្រូវតែ​រៀបចំ ​វិធានការ​គ្រប់បែបយ៉ាង។ ការផ្តួចផ្តើម​គំនិត​គ្រប់បែបយ៉ាងដើម្បី​ទាមទារ​ យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ខ្មែរ។ ដល់ពេល​វេលាទើប​យើង​សម្រេច​រឿង​ហ្នឹង"។
អំពី​ការបន្ត​ចរចា​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា ក៏ត្រូវ​បាន​លោក សម រង្ស៊ី លើកឡើង លោក​សង្ឃឹមថា នឹងមាន​ការចរចា។ តែ​ទោះជា​យ៉ាងណាក៏ដោយ លោក​ជឿថា ការស្វែងរក​យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ខ្មែរ ជាការ​ចាំបាច់។

លោក សមរង្ស៊ី មិនបាន​បង្ហាញ​​ជំនឿ​លើ​ការដោះស្រាយ​បណ្តឹង​បោះឆ្នោត នៅ​គ.ជ.ប. ពេលនេះ​​​ទេ ដោយ​លោក​ថា មិនមាន​នរណា​ឲ្យ​តម្លៃ​ទៅលើ​​គ.ជ.ប. ទេ។
លោក​​សមរង្ស៊ី ក៏បាន​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត អំពី​កិច្ចប្រជុំ​របស់លោក នៅ​សហរដ្ឋអាមេរិក ដោយ​លោក​បានបញ្ជាក់​ទៅកាន់​អ្នកកាសែត​យ៉ាងខ្លី​ថា លោក​បាន​ជួប​ជាមួយ​អង្គការសហប្រជាជាតិ និង​មន្ត្រី​រដ្ឋាភិបាល​ដែល​គេ​មាន​ជំនាញ​ខាង​បោះឆ្នោត។ ប៉ុន្តែ​លោក​សមរង្ស៊ី នៅ​ព្រឹក​មិញ មិនបាន​បញ្ជាក់​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះទេ។

ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP បាន​ស្រង់​សំដី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក មក​ចុះផ្សាយ​ថា សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​វិលត្រឡប់​ទៅរក​តុ​ចរចា ហើយ​ធ្វើការ​រួមគ្នា ដើម្បី​សម្រេច​លទ្ធផល​មួយ ដែល​នឹង​បម្រើ​ផលប្រយោជន៍​ធំ​បំផុត​របស់​ប្រជាជន​កម្ពុជា៕

No comments:

Post a Comment