ភ្នំពេញៈ បន្ទាប់ពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រអាណត្តិទី៥ គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង បានធ្វើ
សន្និសីទកាសែត និងចេញសេចក្តីថ្លែងការណ៍ភ្លាមៗ សម្តែងការខកចិត្តជាខ្លាំង និងបានជំទាស់នឹងការប្រកាសលទ្ធផលនេះរបស់ គ.ជ.ប ។
គណបក្សប្រឆាំងនេះ លើកហេតុផលថា ការប្រកាសនេះ គឺនៅក្នុងស្ថានភាពមួយដែលភាពមិនប្រក្រតីកើតមានយ៉ាងធ្ងន់ធ្ងរ មុន និងនៅថ្ងៃបោះឆ្នោត ពុំទាន់ត្រូវបានស៊ើបអង្កេត និងដោះស្រាយឲ្យបានត្រឹមត្រូវ ដោយតម្លាភាពនិងយុត្តិធម៌។
កាលពីព្រឹកថ្ងៃចន្ទនេះ គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្ររដ្ឋសភា នីតិកាលទី៥ តាមមណ្ឌលរាជធានី-ខេត្តទាំង ២៤ ដោយបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះគណបក្សសង្រ្គោះជាតិ ចំនួន ២៨៩.៧៩៣ សម្លេង។ ប៉ុន្តែ នៅមិនទាន់ប្រកាសពីការទទួលបាន អាសនៈ របស់គណបក្សនយោបាយនីមួយៗ នៅឡើយទេ។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិបានលើកឡើងទៀតថា ការប្រកាសលទ្ធផលរបស់ គ.ជ.ប គឺជាសកម្មភាពបិទបាំងនូវរាល់កំហុសឆ្គងដែល គ.ជ.ប បានប្រព្រឹត្តិលើការបោះឆ្នោតកន្លងទៅ ហើយវាអាចនឹងនាំមកនូវការបះបោរ តវ៉ា ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលទាមទារឲ្យមានយុត្តិធម៌ លើការបោះឆ្នោតនេះ។
សេចក្តីថ្លែងការណ៍ បញ្ជាក់ថា «ក្នុងករណីមានអស្ថិរភាពនយោបាយ គឺ គ.ជ.ប ត្រូវទទួលខុសត្រូវទាំងស្រុង»។
ដោយឡែក បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត ដែលជាកន្លែងរាយការណ៍ព័ត៌មាន ឬភាពមិនប្រក្រតីផ្សេងៗ ក៏បានចេញសេចក្តីថ្លែងការណ៍មួយសម្តែងការខកចិត្ត ចំពោះសេចក្តីសម្រេចរបស់ គ.ជ.ប ក្នុងការប្រកាសលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតនេះ ក្នុងពេលដែលការស៊ើបលើភាពមិនប្រក្រតីមិនទាន់ត្រូវបានធ្វើឡើង និងគណបក្សឈ្នះឆ្នោតទាំងពីរ កំពុងស្ថិតក្នុងការចរចារគ្នា បង្កើតគណកម្មាការចម្រុះឯករាជ្យស៊ើបអង្កេតលើបញ្ហានេះ។
សេចក្តីថ្លែងការណ៍ពីបន្ទប់ស្ថានការណ៍នេះបាន លើកឡើងថា «ការប្រកាសនេះនឹងមិនផ្តល់ផលអ្វីទាំងអស់ ក្រៅពីបង្កើនភាពតានតឹងក្នុងប្រទេសកម្ពុជា»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment