Wednesday, August 14, 2013

ត្រី​ទឹម​ទី៤ សម រង្ស៊ី នឹង​បក​ជា​ជម្រើស​ចុងក្រោយ

8d6f880cfd56a3587ea7277d22feb686_M

ការ ​ចំណាយ​ពេល​ទំនេរ​ជិត​ពីរ​ម៉ោង ក្នុង​ការ​សរសេរ​អត្ថបទ​ចុង​ក្រោយ​របស់​ខ្ញុំ «ត្រី​ទឹម ៣ សម រង្ស៊ី កំពុង​ព័ទ្ធ​ចាប់ (ខុន-ស្តេច អង្គ) របស់ ហ៊ុន សែន» ពិត​ជា​បាន​ធ្វើ​ឲ្យ​មិត្ត​អ្នក​អាន​រាប់​សិប​នាក់​មាន​ការ​ចាប់​អារម្មណ៍ ហើយ​ថែម​ទាំង​បញ្ចេញ​យោបល់​យ៉ាង​ច្រើន។
ប៉ុន្តែ​យោបល់​ទាំង​នោះ ស្ទើរ​ទាំង​អស់ សុទ្ធ​តែ​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​គណបក្ស​នយោបាយ​ផ្សេងៗ ដែល​ផ្ទុយ​ពី​ទស្សនៈ​របស់​ខ្ញុំ​ពី​ខាង​ដើម គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ដូច​នេះ ខ្ញុំ​សុំ​សិទ្ធិ​មិន​ឆ្លើយ​តប​វិញ​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​យក​មក​សំយោគ​នឹង​គំនិត​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។

ក្នុង​ការ​ប្រកួត​អុក ការ​សន្មត​ថា​ឈ្នះ ឬ​ចាញ់​នោះ គេ​កំណត់​លើ​កូន​ខុន ឬ​ស្តេច (អង្គ)។ បើ​ភាគី ណា​មួយ​អាច​ចូល​ទៅ​សម្លាប់​ស្តេច (អង្គ) របស់​គូ​ប្រកួត​ខ្លួន ទោះ​ដោយ​វិធី​អ្វី​ក៏​ដោយ គេ​ចាត់​ទុក​ថា ឈ្នះ ហើយ​អ្នក​ដែល​ត្រូវ​គេ​ចូល​ចាប់​ស្តេច (អង្គ) របស់​ខ្លួន​បាន គេ​ចាត់​ទុក​ជា​អ្នក​ចាញ់។ ចុះ​ខុន ឬ​ស្តេច (អង្គ) ក្នុង​រឿង​នយោបាយ​ជា​អ្វី​ទៅ​? «អំណាច​របស់​ពលរដ្ឋ​ដែល​ផ្តល់​ឲ្យ​អ្នក​នយោបាយ តាម​រយៈ​សន្លឹក​ឆ្នោត» គឺជា​ស្តេច (អង្គ)។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គណបក្ស​នយោបាយ ដើរ​តួនាទី​ជា​អន្តរការី «ឈ្នួញ កណ្តាល» ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​រាស្រ្ត និង​រដ្ឋ។ គណបក្ស​នយោបាយ បង្កើត​ឡើង​សម្រាប់​ចាប់​យក​អំណាច​រដ្ឋ​ដើម្បី​បម្រើ​រាស្ត្រ មាន​ន័យ​ថា នៅ​ពេល​គណបក្ស​ណា​ឈ្នះ​ខ្លួន​នឹង​ឡើង​ទៅ​ដឹក​នាំ​រដ្ឋ​ដែល​រាស្រ្ត​បាន​ ផ្តល់​ឲ្យ​តាម​រយៈ​សន្លឹក​ឆ្នោត ហើយ​ផ្តល់​ប្រយោជន៍​មក​ឲ្យ​រាស្ត្រ​វិញ គឺ​ការ​ផ្តល់​សេវា​សាធារណៈ ទៅ​តាម​កម្មវិធី​នយោបាយ​របស់​ខ្លួន​ដែល​បាន​សន្យា​ក្នុង​ពេល​ឃោសនា។
នៅ​ក្នុង​ល្បែង​អុក ក្រៅ​ពី​កូន ត្រី កូន ឈ្នាង កូន ខុន​ឬ ស្តេច (អង្គ) គឺ​នៅ​មាន​កូន​សំខាន់ៗ ៣ ប្រភេទ​ទៀត ដូចជា​កូន គោល កូន សេះ និង​កូន ទូក ប៉ុន្តែ​កូន​ទាំង​នេះ​លោក សម រង្ស៊ី និង លោក កឹម សុខា មិន​ទាន់​ប្រើ​ទេ គឺ​កូន​គោល ទុក​សម្រាប់​ការពារ​បន្ទាយ កូន​សេះ​ទុក​សម្រាប់​លោត​ឆ្វេង ឬ​លោត​ស្តាំ និង​កូន​ទូក​ទុក​សម្រាប់​ចែវ​ក្នុង​ការ​កៀង​កូន​ខុន ឬ​ស្តេច (អង្គ) របស់ លោក ហ៊ុន សែន ឲ្យ​វង្វេង​ក្រឡា ហើយ​ភ័យ​រត់​ចូល​ក្រឡា​ត្រី​ទឹម ដែល​កំពុង​ដេញ​តាម​សម្លាប់​។ ម្យ៉ាង​ទៀត អុក​មួយ​ក្តារ​នេះ ជិត​ដល់​ពេល​ឈ្នះ​ចាញ់​ហើយ ដូចនេះ លោក សម រង្ស៊ី ចង់​យក​ឈ្នះ​លោក ហ៊ុន សែន ដោយ​ប្រើ​ត្រី​ទឹម។ ដើម្បី​ធ្វើ​ការ​សន្និដ្ឋាន​បាន​ថា តើ​ត្រី​បក​ទី ៤ របស់​លោក សម រង្ស៊ី នឹង​បក​មែន​ឬ​ទេ​? យើង​ត្រូវ វាយ​តម្លៃ​ទៅ​លើ​ក្រឡា​អុក​របស់​អ្នក​ទាំង​ពីរ​ជា​មុន​សិន ថា​តើ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន បណ្តោយ​ឲ្យ​លោក សម រង្ស៊ី អាច​ឈាន​ទៅ​បក​ត្រី​បាន ៣ ហើយ​ត្រី​នោះ​ជា​ត្រី​ទឹម​ទៀត​ផង។
ទី ១-ការ​មើល​ស្រាល​របស់​លោក ហ៊ុន សែន ដោយ​ហ៊ាន​ត​ឲ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា រួម​គ្នា​ប្រកួត ដាក់​អុក​ជាមួយ​គាត់ ដែល​ភ្លេច​គិត​ថា​អ្នក​ទាំង​ពីរ (សម រង្ស៊ី និង កឹម សុខា) សុទ្ធ​តែ​មាន​សមត្ថភាព ដើរ​ក្រឡា​អុក​ប្រហាក់​ប្រហែល​នឹង​គាត់ (ហ៊ុន សែន) ដែរ​នោះ​។ ទី២-ក្រឡា​អុក​របស់​លោក ហ៊ុន សែន នៅ​ដដែល ដោយ​អាង​ថា​ខ្លួន​ធ្លាប់​ឈ្នះ និង​ស្មាន​ថា អ្នក​ទាំង​ពីរ (សម រង្ស៊ី និង កឹម សុខា) ដើរ​ក្រឡា​ចាញ់​ដដែល​ដូច​មុន​ទៀត ផ្ទុយ​ទៅ​វិញ​គេ​ដូរ​ក្រឡា​ថ្មី ហើយ​ថែម​ទាំង​បាន​សិក្សា​ពី​ការ​បរាជ័យ​បួន (៤) ក្តារ (អាណត្តិ) កន្លង​មក​ទៀត​ផង​។ ទី៣-ក្រឡា​អុក​របស់​លោក ហ៊ុន សែន ជា​ក្រឡា​អុក​អត្តនោម័ត ដោយ​គ្មាន​ការ​ឲ្យ​យោបល់​ពី​អ្នក​ទស្សនា​នៅ​ជុំវិញ​ខ្លួន ហើយ​បើ​ទោះ​ជា​មាន ក៏​មិន​ហ៊ាន​ឲ្យ​យោបល់​ណា​ដែល​មិន​ស្រប​នឹង​ក្រឡា​អុក ដែល​លោក ហ៊ុន សែន បម្រុង​នឹង​ដើរ​ដែរ​។
ចំពោះ​ក្រឡា​អុក​របស់​លោក សម រង្ស៊ី មុន​នឹង​ដើរ សុទ្ធ​តែ​មាន​ការ​ពិភាក្សា​ជាមួយ​លោក កឹម សុខា ព្រម​ទាំង​ទទួល​យក​គំនិត​យោបល់​របស់​អ្នក​ទស្សនា​នៅ​ជុំវិញ​ខ្លួន​ទៀត​ផង ដូច​នេះ​ក្រឡា​អុក​នីមួយៗ របស់ លោក សម រង្ស៊ី ហាក់​ដូច​ជា​មាន​ផែនការ​ដើរ​ច្បាស់​លាស់​ពី​មួយ​ក្រឡា ទៅ​មួយ​ក្រឡា។ ជា​ធម្មតា​អ្នក​លេង​អុក​ពូកែ លុះ​ត្រា​តែ​អាច​មើល​ដឹង​ក្រឡា​អុក​របស់​គូ ប្រកួត ៣ ឬ ៤ ជំហាន​មុន ដោយ​ដឹង​ថា​គេ​ដើរ​ក្រឡា​ណា និង​ដើរ​កូន​អ្វី​។ល។ លោក សម រង្ស៊ី និង​លោក កឹម សុខា រួម​គ្នា​ដើរ​ក្រឡា​ថ្មី ហើយ​ថែម​ទាំង​ដឹង​ថា លោក ហ៊ុន សែន ដើរ​ក្រឡា​ណា និង​កូន​អ្វី​បាន​យ៉ាង​ច្បាស់​ទៀត​ផង​។ មួយ​ក្រឡាៗ​លោក សម រង្ស៊ី និង​លោក កឹម សុខា សុទ្ធ​តែ​ជា​ក្រឡា​វាយ​លុក។ បញ្ហា​ព្រំដែន បញ្ហា អន្តោប្រវេសន៍ ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ពី​ផ្ទះ​សម្បែង ការ​ចំណាក​ស្រុក និង​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន អំពើ​ពុករលួយ ប្រាក់​ខែ​តិច​សម្រាប់​កម្មករ គ្រូ​បង្រៀន មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​។ល។
ជា​ពិសេស កម្មវិធី​នយោបាយ ៧ ចំណុច ដែល​ចាក់​ចំ​បេះដូង​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត ទាំង​នេះ​ហើយ ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា យក​មក​ធ្វើ​ជា​ក្រឡា​អុក​សម្រាប់​វាយ​លុក។ ចំណែក​លោក ហ៊ុន សែន គ្មាន​អ្វី​ថ្មី ដោយ​ឃោសនា​នូវ ៧ មករា ការ​កសាង​សមិទ្ធផល​ដែល​គ្មាន​គុណភាព នយោបាយ​ចាស់​សកម្មភាព​ថ្មី ដែល​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​មួយ​ចំនួន មិន​សប្បាយ​ចិត្ត ជា​ពិសេស សារ​នយោបាយ​គ្មាន​ខ្លឹមសារ ហើយ​ត្រូវ​សកម្មជន​បក្ស​ប្រឹង​ទន្ទេញ​តៗ​គ្នា «បើ​ស្រឡាញ់ បើ​អាណិត បើ​ពេញ​ចិត្ត បើ​ជឿ​ទុក​ចិត្ត​លើ…»ជាដើម​។ ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ក្រឡា​អុក​លោក ហ៊ុន សែន ចាំ​តែ​ទប់​នឹង​ក្រឡា​អុក​វាយ​លុក​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា។ នៅ​ទី​បំផុត​ធ្វើ​ឲ្យ​ក្រឡា​អុក របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា វាយ​បំបែក​ក្រឡា​អុក​លោក ហ៊ុន សែន ដោយ​ងាយ រហូត​ដល់​ឡើង​បក​កូន​ត្រី​បាន​ម្តង​មួយៗ​ចំនួន ៣ ដែល​ជា​កូន​ត្រី​ទឹម​ទៀត​ផង។
ការ​បក​ត្រី​នីមួយៗ សុទ្ធ​តែ​ផ្តល់​ប្រយោជន៍​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា។ ត្រី​បក​ទី១ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ច្រើន​ដូច​ការ​រំពឹង​ ទុក ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​មួយ​នេះ មាន​ឥទ្ធិពល​នយោបាយ ឬ​សាច់​ដុំ​ធំ​ប៉ុន​គណបក្ស​ប្រជាជន​ដែរ​។ ត្រី​បក​ទី២ គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​មហា​អំណាច​ធំៗ រួម​ទាំង​អង្គការ សហ​ប្រជាជាតិ​ផង បាន​ចាប់​អារម្មណ៍​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត នេះ​ជា​កម្លាំង​នយោបាយ ដ៏​មាន​ទម្ងន់​មួយ​ទៀត។
ដោយ​មើល​ឃើញ​ឱកាស​ហុច​ឲ្យ​លោក សម រង្ស៊ី ឡើង​បក​ត្រី​ទី ៣ មួយ​ទៀត គឺ​ការ​រុញ​ឲ្យ​បង្កើត​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ​មួយ ដើម្បី​ស្រាវជ្រាវ​រាល់​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ដែល​កើត​មាន​មុន នឹង​ថ្ងៃ​បោះឆ្នោត ដោយ​មាន​តំណាង​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ ជាតិ-អន្តរជាតិ​ផ្សេង​ទៀត​ជា​អ្នក​សង្កេតការណ៍​។ ចំណុច​នេះ បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ប្រឹង​រត់​តាម​ក្រោយ ដោយ​បាន បញ្ជូន​មន្ត្រី ៣ រូប ដើម្បី​ពិភាក្សា​ជាមួយ​មន្ត្រី ៣ រូប​ផ្សេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី០៩ ខែ សីហា កន្លង​ទៅ​។ គ.ជ.ប សម្រេច​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី១២ ខែ សីហា នៅ​មុន​ការ​បង្កើត​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ​ទៅ​វិញ នេះ​ជា​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន​មួយ​ទៀត ​ទី១-អ្វីៗ ​ទាំង​អស់ ត្រូវ​ជាប់​គាំង និង​ក្លាយ​ទៅ​ជា​ការ​ដុត​កម្ដៅ​ស្ថានភាព​នយោបាយ​ថែម​ទៀត ដែល​អាច​ឆាប​ឆេះ​មក​លើ​ខ្លួន​ឯង​នៅ​ថ្ងៃ​ណា​មួយ។
ទី​២-ចង់​មិន​ចង់​សហគមន៍​ជាតិ-អន្តរជាតិ ច្បាស់​ជា​វាយ​តម្លៃ​ថា​គណបក្ស​ប្រជាជន​ដែល​អះអាង​ថា ខ្លួន​ឈ្នះ​ការ​បោះឆ្នោត​នោះ ច្បាស់​ជា​មាន​អាថ៌កំបាំង​អ្វី​មួយ នៅ​ពី​ក្រោយ​។ ប៉ុន្តែ​នេះ​ក៏​ជា​ល្បែង​នយោបាយ​មួយ ដែល​លោក ហ៊ុន សែន ចង់​បង្វែ​រឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​រត់​តាម​វិញ គឺ​ការ​ធ្វើ​តាម​នីតិវិធី​ច្បាប់​ដែល​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​ទៅ កាន់ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ រយៈ​ពេល ៤៨ ម៉ោង​ក្រោយ​ការ​ប្រកាស​លទ្ធផល ដូច​នេះ កិច្ចការ​ចំពោះ​មុខ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ធ្វើ​គឺ​រក្សា​ជំហរ​ បន្ត​ការ​ទាមទារ​របស់​ខ្លួន​ដូច​ពី​មុន និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ដែល​តម្រូវ​ឲ្យ​ធ្វើ។
សូម​ងាក​មក​មើល​ក្រឡា​អុក​របស់​គណបក្ស​ប្រជាជន ដែល​ប្រឹង​ទប់​ទល់​នឹង​ត្រី​បក​នីមួយៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ ទី ១-បាន ​ចេញ​លទ្ធផល​បំផ្លោង​មុន គ.ជ.ប ទៅ​ទៀត គឺ​គណបក្ស​ប្រជាជន​បាន ៦៨ កៅអី​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន ៥៥ កៅអី ជា​ប្រយោជន៍​ដើម្បី​ពង្វាង​ការ​ចាប់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ និង​អ្នក​សារ​ព័ត៌មាន ចំពោះ​ភាព​ជោគជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នោះ​ដែរ​ក៏​មាន​ការ​បិទ​ផ្លូវ​មួយ​ចំនួន និង​ចល័ត​កម្លាំង​ប្រដាប់​អាវុធ ដែល​នេះ​តិច​ឬ​ច្រើន​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភិត​ភ័យ​ រហូត​ដល់​តម្លៃ​ទំនិញ និង​ប្រេង​សាំង​ឡើង​ថ្លៃ​យ៉ាង​ចម្លែក។
ក្រោយ​មក លោក ហ៊ុន សែន បាន​ចេញ​មុខ​ជា​សាធារណៈ​ដើម្បី​សម្រួល​ស្ថានភាព​នយោបាយ និង​ក្តាប់​ស្ថានការណ៍​រួម ព្រម​ទាំង​វាស់​ស្ទង់ កម្រិត​សន្ទុះ​គាំទ្រ​យ៉ាង​ផុល​ផុស​របស់​ប្រជា​ពលរដ្ឋ ចំពោះ​គណបក្ស​ប្រឆាំង​។ ទី​២-បញ្ជូន​មន្រ្តី​សំខាន់ៗ ទៅ​បញ្ចុះ​បញ្ចូល​អ្នក​ការ​ទូត​បរទេស​ឲ្យ​ជួយ​ទប់​ការ​តវ៉ា​របស់​គណបក្ស​ ប្រឆាំង​។ ទី៣-ដោយ​មើល​ឃើញ​មិន​ស្រួល ដែល​ត្រី​បក​ទី៣​របស់​លោក សម រង្ស៊ី នឹង​ធ្វើ​ឲ្យ​ខ្លួន​ចាញ់​ឆ្នោត ព្រោះ​មាន​ការ​ចូល​ពាក់​ព័ន្ធ​របស់​អង្គការ​សហ​ប្រជាជាតិ លោក ហ៊ុន សែន រិះ​រក​វិធី​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ក្រឡា​អុក​របស់​ត្រី​បក​ទី៣​នេះ ដោយ​ថា​ហួស​ពី​សមត្ថភាព​របស់ គ.ជ.ប និង​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ ខ្មែរ។
ដោយ​ស្រេក​ឃ្លាន​នឹង​ការ​ចង់​ឈ្នះ​ខ្លាំង​ពេក លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​រួម​គ្នា សម្រេច​ចិត្ត​ប្រើ​កូន​ទូក​មួយ​របស់​ខ្លួន ដើម្បី​អុក​ទៅ​លើ​កូន​ខុន ឬ​ស្តេច (អង្គ) របស់​លោក ហ៊ុន សែន។ ស្នូរ​ស្រែក​យ៉ាង​ខ្លាំង​របស់​លោក សម រង្ស៊ី «អុក!!!» បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ហ៊ោ​មួយ​ប្រាវ មាន​ន័យ​ថា លោក សម រង្ស៊ី គំរាម​មិន​ចូល​ប្រជុំ​បង្កើត​សភា នេះ​ក៏​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ភ័យ​មិន​តិច​ដែរ ក៏​ប្រឹង​ទាញ​កូន​គោល យក​បិទ​ពី​មុខ​កូន​ស្តេច (អង្គ) ដើម្បី​ទប់​ទល់​នឹង​ទូក មាន​ន័យ​លោក ហ៊ុន សែន គំរាម​នឹង​យក​កៅអី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​កាលៈទេសៈ​នេះ លោក សម រង្ស៊ី អាច​ប្តូរ កូន​ទូក​នឹង​កូន​គោល​របស់​លោក ហ៊ុន សែន ដែល​យក​ចង​នោះ ហើយ​រុញ​ត្រី​ទឹម​ទាំង​បី ទៅ​ព័ទ្ធ​ចាប់ កូន​ស្តេច​អង្គ​របស់​លោក ហ៊ុន សែន តែ​ម្តង មាន​ន័យ​ថា លោក សម រង្ស៊ី អាច​ទទួល​យក​ការ​សុំ​ចរចា របស់​លោក ហ៊ុន សែន អំពី​ការ​បង្កើត​រចនា​សម្ព័ន្ធ​ដឹក​នាំ​សភា។
ដោយ​រក្សា​មហិច្ឆតា ចង់​ផ្ចាញ់​ក្រឡា​អុក លោក ហ៊ុន សែន ដោយ​ប្រើ​កូន​ត្រី​បក​ទាំង​អស់ និង​មិន​ចង់​ចំណាយ​កូន​អុក​ណា​មួយ​របស់​ខ្លួន លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​សម្រេច​ចិត្ត​រក្សា​កូន​ទូក នៅ​កន្លែង​ដដែល ដើម្បី​ដាក់​អង្គ​ចង​ក្រឡា មិន​ឲ្យ​លោក ហ៊ុន សែន ចេញ​កូន​គោល​ទៅ​ប្រើ ហើយ​បើ​ហ៊ាន​យក​ចេញ​ទៅ​ប្រើ​នោះ កូន​ទូក​នឹង​ចាប់ កូន​ស្តេច​អង្គ​របស់​លោក ហ៊ុន សែន ដាក់​កំប៉ុង​តែ​ម្តង មាន​ន័យ​ថា បន្ត​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​អង្គការ​សហ​ប្រជាជាតិ យ៉ាង​ហោច​ណាស់​ក៏​ជា​អ្នក​សង្កេត​ការណ៍​ដែរ​។
ទន្ទឹម​នឹង​នេះ​លោក សម រង្ស៊ី និង លោក កឹម សុខា បាន​រុញ​កូន​ត្រី​ទីបួន​ របស់​ខ្លួន ដែល​នឹង​បក​ឆាប់ៗ​នេះ គឺ​បាតុកម្ម​មហាជន​នៅ​ទូទាំង​ប្រទេស ដើម្បី​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត។ រឿង​នេះ​លែង​ទៅ​ជា​រឿង​រវាង​គណបក្ស និង​គណបក្ស​ទៀត​ហើយ ប៉ុន្តែ​វា​ក្លាយ​ទៅ​រឿង​មហាជន​ខ្មែរ និង គ.ជ.ប ដែល​ជា​ស្ថាប័ន​ជាតិ ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទៅ​អស់​ជំនឿ និង​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​។ ដោយ​សារ គ.ជ.ប ជា​ស្ថាប័ន​ជាតិ ដូច​នេះ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ចូល​ខ្លួន​ដោះស្រាយ ហើយ​អ្នក​ដែល​ដឹក​នាំ​រដ្ឋាភិបាល​គឺ​គណបក្ស​ប្រជាជន ដែល​មាន​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ។
ដូច​នេះ លោក ហ៊ុន សែន ត្រូវ​ដើរ​តួនា​ទីពីរ ទី១-ជា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ ត្រូវ​ធានា​ការពារ​ស្ថាប័ន​ជាតិ​ក្រោម​ការ​ដឹក​នាំ​របស់​ខ្លួន និង​ទី២-ជា ​អនុ​ប្រធាន និង​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណបក្ស​ប្រជាជន ត្រូវ​តែ​ការពារ​លទ្ធផល​ឆ្នោត ដែល​ខ្លួន​អះអាង​ថា​ឈ្នះ ដើម្បី​ឲ្យ​ឈ្នះ​បាន លុះ​ត្រា​តែ​ការពារ គ.ជ.ប មាន​ន័យ​ថា បើ​ការពារ គ.ជ.ប មិន​បាន​គឺ​ស្មើ​នឹង​ចាញ់។ ជា​ការ​ពិត លោក ហ៊ុន សែន នៅ​មាន​កូន​អុក​ខ្លះ ដើម្បី​ទប់​ទល់​នឹង​កូន​ត្រី​បក​ទី ៤ របស់​លោក សម រង្ស៊ី គឺ​កូន​គោល និង​កូន​សេះ​។ ប៉ុន្តែ​កូន​ទាំង​ពីរ​នេះ​លោក ហ៊ុន សែន ប្រើ​ប្រាស់​ទាំង​ប្រថុយ​ប្រថាន ដូចជា កូន​គោល​ដែល​ប្រើ​សម្រាប់​បិទ «ការ​អុក» របស់​លោក សម រង្ស៊ី គឺ​ធ្វើ​ការ​គំរាម​ទាំង​បំពាន​ច្បាប់ បើ​លោក ហ៊ុន សែន ហ៊ាន​ដណ្តើម​កៅអី​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ន័យ​ថា បំពាន​នឹង​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​នាំ​ឲ្យ​កម្ពុជា ដឹក​នាំ​ដោយ​ឯកបក្ស។
ជម្រើស​ដ៏​ល្អ​បំផុត​នោះ គឺ​ប្រើ​កូន​សេះ ហើយ​ក៏​ប្រើ​ទាំង​ប្រថុយ​ប្រថាន​ទៀត​ផង ព្រោះ​កូន​សេះ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​គឺ​កម្លាំង​មហាជន​ដែរ​។ ចំណុច​នេះ លោក សម រង្ស៊ី ប្រើ​មហាជន​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​លោក ហ៊ុន សែន ក៏​ប្រើ​មហាជន​គាំទ្រ​លទ្ធផល​បោះឆ្នោត ប៉ុន្តែ​មហាជន​ដែល​អ្នក​នយោបាយ​ប្រើ​នៅ​ពេល​នេះ​គឺ​ផ្សេង​ពី​គ្នា។ ផ្សេង​ពី​គ្នា​នៅ​ត្រង់​ថា ក្នុង​សង្គម​ទូទៅ កម្លាំង​មហាជន​មាន ៥ ក្រុម ទី១-កម្មករ​និង​កសិករ ទី២-យុវជន និង​សិស្ស-និស្សិត ទី៣-បញ្ញវន្ត និង​គ្រូ​បង្រៀន ទី៤-ព្រះសង្ឃ និង​ដូនជី​តាជី និង​ទី៥-មន្ត្រី​រាជការ​ស៊ីវិល​និង​កង​កម្លាំង​ប្រដាប់​អាវុធ។ ពី​ក្រុម​ទី១ ដល់​ក្រុម​ទី ៤ ភាគ​ច្រើន គឺ​ជា​កម្លាំង​មហាជន គាំទ្រ​លោក សម រង្ស៊ី ចំណែក​ក្រុម​ទី៥ គឺជា​កម្លាំង​មហាជន​គាំទ្រ​លោក ហ៊ុន សែន ប៉ុន្តែ​ក្នុង​នោះ ក៏​មាន​មួយ​ផ្នែក​ដែរ គាំទ្រ​លោក សម រង្ស៊ី។ ចំណុច​នេះ​ហើយ ដែល​ខ្ញុំ​វាយ​តម្លៃ​ថា លោក ហ៊ុន សែន ប្រើ​កូន​អុក​សេះ ទាំង​ប្រថុយ​ប្រថាន ព្រោះ​មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ មួយ​ផ្នែក​ដែរ គាំទ្រ​លោក សម រង្ស៊ី ហើយ​មួយ​ផ្នែក​ទៀត​ទោះ​បី​មិន​គាំទ្រ លោក សម រង្ស៊ី ក៏​ដោយ ក៏​ពួក​គាត់ មាន​សាច់​ញាតិ​ជា​កម្មករ កសិករ សិស្ស-និស្សិត គ្រូ​បង្រៀន មន្ត្រី​រាជការ​ស៊ីវិល ដែល​ភាគ​ច្រើន​លើស​លប់ ជា​អ្នក​គាំទ្រ​លោក សម រង្ស៊ី។
មាន​ករណី​សិក្សា​មួយ​នៅ​ប្រទេស ឥណ្ឌូនេស៊ី ឆ្នាំ ១៩៩៨ ដំបូង​កង​កម្លាំង​ប្រដាប់​អាវុធ យាម​ការពារ​សុវត្ថិភាព ស៊ូ ហារតូ ជា​ប្រធានាធិបតី​ផ្តាច់​ការ មិន​ឲ្យ​អ្នក​តវ៉ា ប៉ះពាល់​បាន ប៉ុន្តែ​ក្រោយ​មក​កង​កម្លាំង​ប្រដាប់​អាវុធ​បែរ​ជា​យាម​ការពារ ស៊ូ ហារតូ មិន​ឲ្យ​រត់​ទៅ​វិញ ដើម្បី​រង់ចាំ​អ្នក​តវ៉ា​ចូល​ចាប់។ ករណី​នេះ អាច​នឹង​កើត​ឡើង បើ​សិន​អ្នក​នយោបាយ​ចង់​ឲ្យ​មហាជន​ប៉ះ​ទង្គិច​គ្នា។ ទិដ្ឋភាព​ពីរ​ដែល​យើង​ត្រូវ​វិភាគ ទី១-តាម​រយៈ​ការ​ចុះ​ សំណេះ​សំណាល និង​ថ្លែង​អំណរគុណ របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ចំពោះ​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​បង្ហាញ​ថា សន្ទុះ​ខ្លាំង​ណាស់​ចង់​ឲ្យ​មាន​បាតុកម្ម​មហាជន ហើយ​ស្រេក​ឃ្លាន ការ​ផ្លាស់​ប្តូរ និង​កំពុង​ទន្ទឹង​រង់ចាំ​ភ្លើង​ខៀវ។ ទី២-គណបក្ស ​ប្រជាជន គឺ​ប៉ោង​ធំ​ដូច​ជា​ប៉េងប៉ោង​អ៊ីចឹង ហើយ​រង់ចាំ​តែ​ធូលី​ដី ឬ​កម្ទេច​ឈើ ហើរ​មក​ប៉ះ នឹង​ធ្វើ​ឲ្យ​បែក​ធ្លាយ ព្រោះ​វា​ដល់​ដំណាក់កាល​ដូច​ម្សៅ​នំ​ដែល​គេ​យក​មក​ច្របាច់ ហើយ​បើ​ច្របាច់​កាន់​តែ​ខ្លាំង វា​នឹង​ហៀរ​ចេញ​តាម​ចន្លោះ​ដៃ​កាន់​តែ​ខ្លាំង​ដែរ មាន​ន័យ​ថា កម្លាំង​នេះ​ក៏​ចង់​រំដោះ​ខ្លួន​ចេញ​ពី​ការ​គាប​សង្កត់​ផង​ដែរ​។ កម្លាំង​ទាំង​ពីរ​នេះ នឹង​កើត​ឡើង​បន្ត​បន្ទាប់ ដើម្បី​សេរីភាព និង​ការ​ផ្លាស់​ប្តូរ ទោះ​ជា​មួយ​ណា​កើត​មុន​ក៏​ដោយ​។ ត្រី​បក​ទី ៤ នឹង​បក ទោះ​ជា​ត្រី​ទឹម ឬ​ត្រី​ចង​ក៏​ដោយ វា​អាស្រ័យ​ទៅ​លើ​ការ​ដើរ​ត្រូវ​ក្រឡា​របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា។
តាម​ការ​វិភាគ​នេះ យើង​អាច​សន្មត​ថា ត្រី​បក​ទី៤ របស់​លោក សម រង្ស៊ី នឹង​បក​។ ប៉ុន្តែ​កត្តា ដែល​ធ្វើ​ឲ្យ​បក​ឬ​មិន​បក អាស្រ័យ​លើ លោក ហ៊ុន សែន តែ​ម្នាក់​គត់​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ជា​ជម្រើស​ចុង​ក្រោយ​របស់​អ្នក​នយោបាយ មាន​ន័យ​ថា វា​មិន​មែន​សុទ្ធ​តែ​គ្មាន​ដំណោះស្រាយ​ផ្សេង​នោះ​ទេ ដូច​ជា ការ​កូត​ទ្រ បើ​ចង់​ឲ្យ​ពីរោះ គឺ​គេ​រឹត​ខ្សែ​ឲ្យ​តឹង ប៉ុន្តែ​ត្រូវ​គិត​ថា វា​អាច​ដាច់​បាន បើ​វា​ដាច់​គឺ​ខាត​បង់​ទាំង​អ្នក​ស្តាប់ ទាំង​អ្នក​កូត។
ដូចនេះ យើង​អាច​បញ្ជាក់​បាន តាម​រយៈ ទី១-អ្នក​នយោបាយ និង​មហាជន​គាំទ្រ​ទាំង​ពីរ​បក្ស ត្រូវ​ធ្វើ​សម្បទាន​ទៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ទី​២-មាន ​ការ​ចូល​រួម​ពី​អន្តរជាតិ​ជា​ភាគី​ទី៣ ព្រោះ​ប្រវត្តិសាស្ត្រ​ខ្មែរ យើង​បែក​បាក់​គ្នា ឬ​រួប​រួម​គ្នា​បាន​វិញ ភាគ​ច្រើន តែង​មាន​អន្តរជាតិ​លូក​ដៃ​ចូល​។ ទី​៣-តួ​អង្គ​ព្រះ​មហាក្សត្រ​គឺ​សំខាន់​ណាស់ ព្រោះ​ព្រះអង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាពជាតិ និង​និរន្តរភាព​ជាតិ ជា​ពិសេស​ដោះស្រាយ​ដោយ​ឈរ​លើ​ខ្លឹមសារ​នៃ​ព្រះ​រាជសារ​របស់​ព្រះអង្គ ដែល​ចេញ​ផ្សាយ​សាធារណៈ នៅ​ថ្ងៃ​ទី​០៧ ខែ សីហា ឆ្នាំ ២០១៣។

No comments:

Post a Comment