Wednesday, August 14, 2013

បើទោះជា​កម្ពុជា​បាន​ឆ្លងកាត់​បោះឆ្នោត​៥​លើក​ហើយ​ក៏ដោយ ប៉ុន្តែ​គ្មាន​ការ​បោះឆ្នោត​ណាមួយ​​ដែល​​គេ​បាន​លឺថា ប្រជាជន​កម្ពុជា​មិន​ភ័យ​ព្រួយ​នោះឡើយ។ អសន្តិសុខផ្លូវចិត្ត​នៅតែ​កើតមាន​នៅ​ក្នុង​អារម្មណ៍​ពលរដ្ឋ។ ការ​បោះឆ្នោត​នីតិកាលទី៥​នេះ​កំពុងតែ​ផ្តល់​ឧទាហរណ៍​​ជាក់​ស្តែង​តែម្តង។ អ្នក​នយោបាយ​​តែង​ឃោសនា​អំពីគោលនយោបាយ​គណបក្ស​​ខ្លួន​​ដែល​ទាក់ទង​នឹង​ការ​ ស្វែងរកវិបុលភាព​អោយ​ពលរដ្ឋ​ខ្លួន។ ប៉ុន្តែ​សកម្មភាព​នៅពេលនេះ​ វា​កំពុង​តែ​ដើរ​ផ្ទុយ​នឹង​គោលនយោបាយ​ និង​ការ​សន្យា​របស់​ពួកគេ។

បទអតា្ថធិប្បាយដោយ លាង ដឺលុច
(04:13)

ប្រសិន​បើ​គេ​មើល​កំណត់​ហេតុ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ការ​បោះឆ្នោត​ ក្នុង​សម័យ​ព្រះរាជាណាចក្រកម្ពុជា​ទី​២​នេះ នោះ​គេ​នឹង​ឃើញ​ព្រឹត្តិការណ៍​តានតឹង​ផ្នែក​នយោបាយ នៅរៀងរាល់​ពេល​ក្រោយថ្ងៃ​​បោះឆ្នោត។ មាន​ទាំងភាព​តានតឹង​ក្នុង​វិស័យ​ច្បាប់​រដ្ឋធម្មនុញ្ញ មាន​ទាំង​ភាព​តានតឹង​ផ្នែក​កង​ប្រដាប់អាវុធ។ ហើយ​ប្រសិន​បើ​គេ​សួរ​ប្រជាពលរដ្ឋ​ដែល​បានចូលរួម​បោះឆ្នោត​ទាំង៥​លើកនេះ តើមាន​អ្នកបោះឆ្នោត​ណាម្នាក់ ​ដែល​នឹង​និយាយ​ថា ពួកគេ​គ្មាន​ការ​បារម្ភ​ម្តង​ណាសោះ​ នៅក្រោយ​ថ្ងៃ​បោះឆ្នោតនោះ?

នៅពេលនេះ ប្រវត្តិសាស្ត្រ​ច្រំដែល ព្រឹត្តិការណ៍​ដដែល ដែល​បង្កើតឡើង​ដោយ​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង ​កំពុង​បន្ត​បំភ័យ​ពលរដ្ឋ​របស់​ខ្លួន។ ពលរដ្ឋ​ដែល​បាន​អនុវត្ត​សិទ្ធិ និង​បំពេញ​កាត្វកិច្ច​របស់​ពួកគេ​ហើយ នៅបន្ត​រងគ្រោះ​ដោយ​សារ​សកម្មភាព​អ្នកនយោបាយ។ គណបក្ស​​ប្រឆាំង​បាន​អំពាវនាវ​អោយ​អ្នកគាំទ្រ​របស់​ខ្លួន​ ជួបជុំធ្វើមហាបាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត។ គណបក្ស​កាន់អំណាច​ ក្នុង​នាម​រដ្ឋាភិបាល​ចាំ​ផ្ទះ បាន​ពង្រាយ​កង​កំលាំង​ប្រដាប់អាវុធ សព្វាវុធ​ធុនធ្ងន់​ផង ក្រោម​ហេតុផល រក្សា​សន្តិសុខ​ និង​ស្ថិរភាព​នយោបាយ។

អ្នកនយោបាយ​ទាំងពីរ​ក្រុម​មាន​អំណះអំណាង​សម​ស្រប និង​ត្រឹមត្រូវ​ដូច​គ្នា។ ប៉ុន្តែ​អ្នកទាំងពីរ​​ភ្លេច​គិតថា សកម្មភាព​ត្រឹមត្រូវ និង​សមស្រប​ទាំងនោះ ក៏​កំពុង​ធ្វើអោយ​ប្រជាជន​កម្ពុជា​និយាយ​​ជារួម និង​អ្នកវិនិយោគ​​និយាយ​ដោយឡែក ភិតភ័យ និង​បារម្ភ​ក្នុង​ចិត្ត​ក៏​ដូចគ្នា​ដែរ។

រាប់ចាប់តាំងពី​ពេល​បិទ​ការិយាល័យ​បោះឆ្នោត​នៅ​រសៀល​ថ្ងៃទី​២៨​កក្កដា ប្រជាជន​កម្ពុជា​កំពុង​រស់​នៅជាមួយអារម្មណ៍​ភ័យខ្លាច​រហូតដល់​ម៉ោង​នេះ។ អ្នកខ្លះកំពុង​បន្ត​ទិញ​គ្រឿងបរិភោគ​ត្រៀម​ទុក កម្មករ​ខ្លះ​មិន​ទាន់មក​ធ្វើការ អ្នកខ្លះ​ក៏​បាន​ត្រឡប់​ចេញ​ទៅស្រុកកំណើតវិញទៀត អ្នកខ្លះ​នៅ​បន្ត​ដក​ប្រាក់ពី​ធនាគារ។ រូបភាព​ទាំងនេះ​កំពុង​បញ្ជាក់ថា សន្តិសុខ​ សុវត្ថិភាព​នៅ​ក្នុងប្រទេស​កំពុង​តែ​ស្ថិត​នៅក្នុង​ស្ថានភាព​ដ៏ផុយស្រួយ​ មែនទែន។ តើ​អ្នកណាជាអ្នកទទួលខុសត្រូវ​លើ​អស្ថេរភាព​ផ្លូវ​របស់​ប្រជាជន?

តាម​ពិតទៅ នៅចំពោះមុខ​​ទិដ្ឋភាព​អវិជ្ជមាន​ខាងដែលត្រូវបាន​រៀបរាប់ខាងលើនេះ អ្នក​នយោបាយ​ទាំងពីរក្រុម​កំពុង​តែ​ប្រឈម​នឹង​ការ​បាត់បង់ជំនឿចិត្តពី​ ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ។ មិន​ថា​ពលរដ្ឋ​អ្នកគាំទ្រ​ខ្លួន ឬ​ពលរដ្ឋ​មិន​គាំទ្រ​ខ្លួន។ ពីព្រោះ ម្ចាស់ឆ្នោត​របស់​គណបក្សណា ​ក៏​មិន​ចង់ឃើញ​ភាព​កោលាហល​នៅ​ក្នុង​សង្គម​ដែលគេ​រស់​នៅ​ដូចគ្នាដែរ។ អ្នកនយោបាយ​កំពុង​ធ្វើអោយ​បាត់បង់ទំនុកចិត្ត​ពីប្រជាពលរដ្ឋ ពីព្រោះអ្នកនយោបាយ ដែលបាន​អំណាច​ពី​ប្រជាជន​ទៅហើយ​នោះ មិន​បាន​បង្ហាញ​ឆន្ទៈជាអតិបរមា ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយសន្តិវិធី តាម​រយៈការ​អង្គុយ​ជជែក​គ្នា អោយ​បាន​ច្រើន​ដង​នោះ​ឡើយ។

លើសពីនេះទៀត តាម​រយៈ​រូបភាព​នៃការ​ព្រមាន​គ្នា​ទៅវិញទៅមក​នៅពេលនេះ អ្នកនយោបាយ​បាន​ភ្លេច​​ខ្លួនថា ប្រជាជនកំពុង​មើលទៅពួកគេ ថាពួកគេ​មិន​មែន​កំពុង​ដោះស្រាយ​បញ្ហាទេ ប៉ុន្តែកំពុង​​ឈ្លោះ និង​ប្រជែង​យក​អំណាច​រៀងៗខ្លួនទៅវិញ។ នេះ​គឺ​ជា​ការ​​ខាត​បង់​​សម្រាប់​អ្នកនយោបាយ។ ការ​ខាតបង់ដែលអាច​មាន​រហូត​ដល់​ការ​បោះឆ្នោតក្រោយៗទៀត។

អ្នកនយោបាយ​គួរតែ​បាន​ដឹងថា មនុស្សគ្រប់គ្នា​បាន​សំដែង​ភាព​ត្រេតអរ គ្រាន់តែគេដឹងថា ​អ្នកនយោបាយ​ណាត់អង្គុយ​ជជែកគ្នា។ ពីព្រោះពួកគេ​សង្ឃឹម​ចង់ឃើញ ភាព​ធូរស្រាលនៃ​បរិយាកាស​នយោបាយ។ ហើយ​ថា​ ការភ័យ​ខ្លាច​នឹង​ត្រឡប់មក​វិញ នៅពេល​ដែល​គេលឺថា អ្នកនយោបាយ​មិន​អាច​​រក​ដំណោះស្រាយបាន។

និយាយ​សរុប​មកវិញ អ្នកនយោបាយ​គួរតែ​ចាប់អារម្មណ៍ និង​យកធ្វើជា​មូលដ្ឋាននៃការ​សម្រេច​ចិត្ត នូវ​​អារម្មណ៍​ភ័យខ្លាច​របស់​ពលរដ្ឋ​ខ្លួន ដែល​សារព័ត៌មាន​បាន​ផ្សាយ​ជា​រៀងរាល់​ថ្ងៃ។ អ្នកនយោបាយ​ត្រូវបង្ហាញ​ម្ចាស់ឆ្នោត​វិញថា ពួកគេ​ដោះស្រាយ​បញ្ហា​នៃ​ការ​បោះឆ្នោត ប៉ុន្តែ​មិន​មែន​ដោះស្រាយ​បញ្ហា​អំណាច​នោះ​ឡើយ។ ចូរកុំភ្លេចថា កម្ពុជា​បាន​ដើរ​មក​ដល់​ចំនុច​មួយ ដែល​មាន​អ្នកបោះឆ្នោត​ចេះពិចារណា​ច្រើន។​

ការ​បោះឆ្នោតនីតិកាលទី៥​នេះ បាន​ធ្វើអោយ​សហគមអន្តរជាតិ​ភ្ញាក់ផ្អើល និង​កោតសសើរ​កម្ពុជា​យ៉ាងខ្លាំង​អំពី​ភាព​ចាស់ទុំ​របស់​កម្ពុជាទាំងមូល ជាពិសេស​ការ​ចូលរួម​របស់​ប្រជាជន​ជាអ្នក​បោះ​ឆ្នោត។ ប្រជាជន​ដែល​បាន​បង្ហាញ​ភាព​ចាស់ទុំហើយនោះ គឺ​វានៅសល់តែ​អ្នកនយោបាយ​ទៅ​វិញ​ទេ។
មិន​ថា មហាបាតុកម្ម មិន​ថា​ការ​ទប់ទល់អំពើហិង្សា ទាំងអស់នេះ​សុទ្ធតែស្ថិតនៅក្រោម​ការ​ទទួល​ខុសត្រូវ​របស់​អ្នកនយោបាយ ដែល​ជាអ្នកសម្រេច​ចិត្ត។ ហើយ​ការ​សម្រេច​ចិត្ត​យ៉ាង​ណារបស់​អ្នកនយោបាយនៅពេលនេះ ​នឹង​ត្រូវ​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា៕ ប្រភពពីៈ rfi

No comments:

Post a Comment