លិខិតគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៧ សីហា ឆ្នាំ២០១៣
បានបញ្ជាក់ពីការការពារសិទ្ធិពលរដ្ឋកម្ពុជា
ក្នុងការចូលរួមជាមួយរដ្ឋាភិបាលរបស់ពួកគេតាមរយៈការបោះឆ្នោតដោយ
ត្រឹមត្រូវមួយ។ លិខិតបរិយាយថា គណបក្សសង្គ្រោះជាតិ
គាំទ្រចំពោះសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលថា
លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍ និងការគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ
ត្រូវពឹងផ្អែកគ្នាទៅវិញទៅមក ហើយថា
លទ្ធិប្រជាធិបតេយ្យទាមទារឲ្យមានការអភិវឌ្ឍ
ការធ្វើឲ្យមានភាពចាស់ទុំ
និងការរក្សានូវប្រព័ន្ធបោះឆ្នោតដែលផ្ដល់ឲ្យប្រជាពលរដ្ឋបញ្ចេញ
មតិដោយសេរី និងយុត្តិធម៌ទៅតាមឆន្ទៈរបស់ពួកគេ។
លិខិតបន្តថា គណបក្សសង្គ្រោះជាតិ
នឹងធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីធានាឲ្យបានថា
លទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា ២០១៣
និងការបោះឆ្នោតផ្សេងទៀតនៅថ្ងៃអនាគត
នឹងឆ្លើយតបទៅនឹងឆន្ទៈរបស់ពលរដ្ឋ។
គណបក្សសង្គ្រោះជាតិគាំទ្រសិទ្ធិពលរដ្ឋក្នុងការប្រមូលផ្តុំ
និងការបង្កើតសមាគមដែលស្របទៅនឹងគោលការណ៍ដែលបានលើកឡើងដោយ
ប្រេសិតពិសេសអង្គការសហប្រជាជាតិ
ស្ដីពីសេរីភាពក្នុងការប្រមូលផ្ដុំនិងការបង្កើតសមាគម។
លិខិតក៏បានលើកឡើងនូវជំហររបស់គណបក្សសង្គ្រោះជាតិ
ប្រឆាំងទៅនឹងការប្រើប្រាស់អំពើហិង្សា ប្រឆាំងការប្រកាន់ជាតិសាសន៍
ប្រឆាំងការស្អប់ខ្ពើមជនបរទេស និងការរើសអើងជាដើម។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
បានមានប្រសាសន៍នៅថ្ងៃទី២៨ សីហា ថា
ការដែលគណបក្សសង្គ្រោះជាតិលើកឡើងនូវជំហររបស់ពួកគេនៅពេលនេះ
គឺវាមិនមែនជារឿងចៃដន្យទេ
ហើយលោកស្វាគមន៍ចំពោះជំហររបស់គណបក្សសង្គ្រោះជាតិ
ទាក់ទងទៅនឹងការស្នើឲ្យមានការគោរពសិទ្ធិមនុស្ស
និងការប្រើប្រាស់យន្តការតាមរយៈប្រេសិតពិសេសអង្គការសហប្រជាជាតិ
ដើម្បីដោះស្រាយបញ្ហា។
លោក អ៊ូ វីរៈ ក៏គាំទ្រផងដែរនូវជំហរគណបក្សសង្គ្រោះជាតិ
ដែលប្រកាសជាសាធារណៈប្រឆាំងទៅនឹងការរើសអើងជាតិសាសន៍
ជាពិសេសគឺការរើសអើងប្រឆាំងនឹងជនជាតិវៀតណាម៖ «ការបញ្ជាក់
គោលជំហរនេះ ខ្ញុំសង្ឃឹមថា
ប្រជាពលរដ្ឋនិងអ្នកគាំទ្របក្សប្រឆាំងនឹងយកចិត្តទុកដាក់នូវគោល
ជំហរនេះ ហើយខ្ញុំស្នើឲ្យគណបក្សទាំងអស់មានគោលជំហរនេះដូចគ្នា»។
លោក អ៊ូ វីរៈ បន្ថែមថា
សេចក្ដីប្រកាសរបស់គណបក្សសង្គ្រោះជាតិនៅពេលនេះ វាមិនប្រាកដថា
អាចធ្វើឲ្យជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា
អាចស្ងប់ចិត្តនៅឡើយ។ លោកថា
វាគ្រាន់តែជាជំហរដែលលើកឡើងក្នុងក្រដាសនៅឡើយ
ដូច្នេះគេត្រូវតាមដានមើលសកម្មភាព
និងសម្ដីរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ទៀត។
លោក អ៊ូ វីរៈ៖ «ការរើសអើងលើជនជាតិវៀតណាម
ជារឿងកើតឡើងយូរអង្វែងមកហើយ បើសិនជាមានការរើសអើង
សម្ដីមានការរើសអើងពីអ្នកគាំទ្រ ខ្ញុំសង្ឃឹមថា គណបក្សសង្គ្រោះជាតិ
និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
នឹងចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសដែរ។
ប្រសិនបើគាត់អត់ថ្កោលទោសមានន័យថា
ជំហរនេះគ្រាន់តែជាជំហរលើក្រដាសទេ»។
សម្រាប់ជនជាតិវៀតណាម
ដែលកំពុងរស់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា លោក អ៊ូ វីរៈ
មានប្រសាសន៍ថា គេត្រូវយកច្បាប់អន្តោប្រវេសន៍ប្រទេសកម្ពុជា
និងច្បាប់អន្តរជាតិមកអនុវត្តដោយឈរលើគោលការណ៍គោរពសិទ្ធិមនុស្ស
ហើយលោកថា
បើទោះបីជាអ្នកនយោបាយខ្មែរមានឆន្ទៈអនុវត្តច្បាប់អន្តោប្រវេសន៍
មែននោះ
ក៏ការអនុវត្តច្បាប់នេះមិនគួរឲ្យឈានដល់ការរើសអើងជាតិសាសន៍នោះ
ដែរ។
វិទ្យុអាស៊ីសេរីបានទាក់ទងប្រធានសមាគមសហព័ន្ធខ្មែរ-វៀតណាម
ប្រចាំកម្ពុជា លោក ចៅ វ៉ាងជី (Chau Vangchi)
ដើម្បីសុំប្រតិកម្មរបស់លោកទាក់ទងនឹងការលើកឡើងរបស់គណបក្ស
សង្គ្រោះជាតិ តែលោក ចៅ វ៉ាងជី មិនអត្ថាធិប្បាយទេ ដោយនិយាយថា
លោកកំពុងជាប់រវល់។
គណបក្សសង្គ្រោះជាតិ
បង្ហាញជំហរប្រឆាំងអំពើហិង្សាចំពេលដែលមានការព្រួយបារម្ភថា
អំពើហិង្សាអាចនឹងកើតមានឡើង
ប្រសិនបើគណបក្សសង្គ្រោះជាតិដឹកនាំអ្នកគាំទ្ររបស់ខ្លួនចុះថ្នល់
ធ្វើបាតុកម្មទ្រង់ទ្រាយធំនៅពេលខាងមុខ
និងចំពេលដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន
កំពុងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធនិងរថពាសដែកដើម្បីត្រៀម
លក្ខណៈទុកជាមុនសម្រាប់ទប់ទល់នឹងក្រុមបាតុករដែលចូលរួមធ្វើ
បាតុកម្មប្រឆាំងលទ្ធផលឆ្នោត។ តែទោះយ៉ាងណា គណបក្សសង្គ្រោះជាតិ
តែងបានបញ្ជាក់ជំហរម្ដងហើយម្ដងទៀតថា
បាតុកម្មរបស់ពួកគេគឺជាបាតុកម្មអហិង្សានិងសន្តិភាព៕
No comments:
Post a Comment