Tuesday, August 27, 2013

ទំនុក​ចិត្ត​សេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់​ចុះ ៥០ ភាគរយ

130827_12
អតិថិជនកំពុង​ដក​ប្រាក់​ពីម៉ាស៊ីន អេធីអឹម ពីធនាគារក្នុងស្រុកមួយ​ ។ រូបថត ហេង ជីវ័ន










ភ្នំពេញៈ ការ​ស្ទង់​មតិ​ទីផ្សារ​ទៅលើ​អ្នក​ដឹក​នាំ​ពាណិជ្ជកម្ម​បរទេស​នៅ កម្ពុជា​បង្ហាញ​ថា ទំនុក​ចិត្ត​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់​ចុះ​ប្រហែល ៥០ ភាគរយ​ក្នុង​ពេល​មាន​ភាព​តាន​តឹង​ក្រោយ​ការ​បោះ​ឆ្នោត។
ការស្ទង់មតិ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ឥណ្ឌូឆាយណា មាន​មូលដ្ឋាន​នៅ​ភ្នំពេញ​បាន​រក​ឃើញ​ថា ៩៨ ភាគរយ​ក្នុង​ចំណោម​អ្នក​ឆ្លើយ​តប​បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​នៅ ពេល​សួរ​ប្រហែល​មួយ​ខែ​មុន​ពេល​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី ២៨ ខែកក្កដា។ ប៉ុន្តែ​នៅ​ក្នុង​ការ​តាម​ដាន​បន្ទាប់​ពី ​ការ​បោះ​ឆ្នោត​រួច តួលេខ​បាន​ធ្លាក់​ចុះ​មក​នៅ ៤៧ ភាគរយ។
លោក Karl Johan Remoy អ្នក​គ្រប់​គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន​ស្រាវជ្រាវ​ឥណ្ឌូឆាយណា​កម្ពុជា បាន​ថ្លែង​ថា ថ្វី​បើ​​មាន​ការ​ឆ្លើយតប​ក្នុង​ចំនួន​កាន់​តែ​តិច​នៅ​ក្នុង​កម្រង​សំណួរ តាម​ដាន​ខាង​​ក្រោម​បន្ទាប់​ការ​បោះ​ឆ្នោត​នេះក៏​ដោយ ក៏​បញ្ហា​នេះ​នៅ​តែ​ចង្អុល​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ដោយសារ​តែ​ ព្រឹត្តិ​ការណ៍​នយោបាយ​ថ្មីៗនេះ។

ភាព​តាន​តឹង​កើត​ឡើង​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត ដែល​បាន​​ធ្វើ​ឲ្យ​អាប់អួ​ដោយ​ការ​ចោទ​ប្រកាន់​ការ​លួច​បន្លំ សន្លឹក​ឆ្នោត។ មេ​​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជា​តិ​បាន​បដិសេធ​លទ្ធផល​បោះឆ្នោត​បណ្តោះ​ អាសន្ន​ដែល​បាន​ប្រកាស​ដោយ គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា។
ការស្ទង់​មតិអ្នកដឹក​នាំ​ពាណិជ្ជកម្ម បរទេស​របស់​ក្រុមហ៊ុន​ឥណ្ឌូឆាយ​ណា បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ ២០១១ ដែល​កំណត់​អ្នក​មាន​អាជីព​ការងារ​នៅ​កម្ពុជា​ដូចជា អគ្គនាយក អ្នក​គ្រប់​គ្រង​ទូទៅ ឬ​សមាជិក​របស់​ក្រុម​ដឹក​នាំ​ជាន់​ខ្ពស់។ ប្រហែល ១៥០ អង្កេត​ត្រូវ​បាន​បញ្ជូន​តាម​រយៈសារ​អេឡិច​ត្រូនិក និង​ការ​ឆ្លើយតប​មាន​ជា​ប្រចាំ​ប្រហែល​ពី ៣០ រហូត​ដល់ ៤០ ភាគរយ។
អ្នកចូលរួម​ត្រូវ​​បាន​សួរ​មុន​ពេល និង​ក្រោយ​ពេល​ការ​បោះឆ្នោត​ដើម្បី​វាយ​តម្លៃ​ទំនុក​ចិត្ត​របស់​ពួកគេ នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈពេល​ពី ៦ ខែ​រហូត​ដល់ ១២ ខែ​ក្រោយ ដែល​ចាប់​ពី ២ឆ្នាំ រហូត​ដល់ ៣ ឆ្នាំ និង​ចាប់​ពី ៣ ឆ្នាំ​រហូត​ដល់​ ៥ ឆ្នាំ។
លោក Karl Johan Remoy និយាយ​ថា ​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ទំនុក​ចិត្ត​នេះ​មាន ក្នុង​រយៈពេល​ខ្លី​ពី ៦ ខែ ទៅ ១២ ខែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា៖ «​ពាណិជ្ជ​ករ​បរទេស​ហាក់​ដូច​ជា​គិត​ថា ព្រឹត្តិ​ការណ៍​នយោបាយ​ថ្មីៗ​នឹង​មិន​មាន​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច ​រយៈពេល​វែង​របស់​កម្ពុជា​នោះទេ»។
លោក ចម ប្រសិទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​ព្រមាន​កាល​ពី​ដើម​ខែ​នេះ​ថា ការ​ធ្វើ​បាតុកម្ម​អាច​បង្អាក់​ដល់​កំណើន​សេដ្ឋកិច្ច។ លោក​បន្ត​ថា សេដ្ឋកិច្ច​ជាតិ​អាច​កើន​ឡើង​ក្នុង​អត្រា ៧,៦ ភាគរយ​នៅ​ឆ្នាំនេះ​បើ​គ្មាន​បញ្ហា​អ្វី​នោះ។
លោក កង ច័ន្ទតារា​រ័ត្ន នាយក​វិទ្យាស្ថាន​សិក្សា​អភិវឌ្ឍន៍​កម្ពុជា​និយាយថា លទ្ធផល​នៃ​ការ​អង្កេត​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ។
លោកបាន​ថ្លែងថា៖​«យើង​គ្មាន​សញ្ញា​ច្បាស់​លាស់​ណា​មួយ ឬ​សញ្ញា​ដែល​​គួរ​ឲ្យ​ជឿ​ពី​ស្ថិរភាព​នៅឡើយ​ទេ ព្រោះ​បើ​អ្នក​ធ្វើ​ដំណើរ​តាម​ជនបទ​អ្នក​អាច​​មើល​ឃើញ​វត្តមាន​ កង​រាជ​អាវុធហត្ថ​ អ្នក​អាច​មើល​ឃើញ​រថក្រោះ កងទ័ព ហើយ​បើ​អ្នក​សម្លឹង​​មើល​ទៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន ពួកគេ​ធ្វើ​ឲ្យ​ការ​ភ័យ​ខ្លាច​ពី​មហាបាតុកម្ម​កាន់​តែ​រីក​ធំ​ឡើងៗ។ វត្តមាន​នេះ​គឺជា​សញ្ញា​គំរាម​កំហែង​សម្រាប់​ប្រជាជន​ដែល​មាន​មូលធន​ និង​ប៉ះពាល់​ដល់​ការ​វិនិយោគ​បរទេស ប៉ុន្តែ​តម្រូវ​ការ​បរទេស​សម្រាប់​ផលិតផល ដូចជា​ សម្លៀក​បំពាក់ ផង​ដែរ។
លោកបន្តថា៖ «ស្ថិរភាព​នយោបាយ​គឺ​មាន​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ស្ថិរភាព​នៃ​ ការ​ផ្គត់ផ្គង់ ​​អាស្រ័យ​ដូចនេះ ខ្ញុំ​ពិត​ជា​គិត​ថា នឹង​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ប្រសិន​បើ​​អស្ថិរភាព​នេះ​ នៅតែ​បន្ត»។
លោកបានបន្ត​ថា ការ​ជាប់​គាំង​នយោបាយ​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ មាន​ស្ថានភាព​ដូច​នៅ​អេហ្ស៊ីប​នោះ​ទេ។
ទាក់ទង​នឹង​លទ្ធផល​នៃ​ការ សិក្សា​នេះ លោក​ស្រី ងួន សុខា អគ្គនាយក​នៅ​ធនាគារជាតិ​នៃ​កម្ពុជា បាន​​និយាយ​ថា លោក​ស្រី​មិន​មាន​ស្ថិតិ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ឬ​ការ​មក​ដល់​របស់​ភ្ញៀវទេសចរ​នៅ​ពេល​ថ្មីៗ​នេះ​ទេ។
លោក​​ស្រីថ្លែងថា​៖ «យើង​មិន​មាន​ទិន្នន័យ​ក្នុង​ការ​បញ្ជាក់​ថា ការ​សន្និដ្ឋាន​នេះ​ត្រឹម​ត្រូវ​នោះ»។ លោកស្រី​លើក​ឡើងថា វា​ឆាប់​ពេក​​ក្នុង​ការ​ទាញ​ការ​សន្និដ្ឋាន ប៉ុន្តែ​បាន​ចង្អុល​បង្ហាញ​ពី​វិស័យ​ធនាគារ​បន្តិច​បន្ទួច ដោយសារ​ចំនួន​ទឹក​ប្រាក់​ដែល​បាន​ដក​ពី​ធនាគារ​កាល​ពី​ថ្ងៃ​បោះឆ្នោត។ លទ្ធផល​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ឥណ្ឌូ​ឆាយណា​បាន​បង្ហាញ​ថា ពាណិជ្ជករ​បរទេស​មាន​ទំនុក​ចិត្ត​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​នាពេល​អនាគត ក្នុង​ការ​សាក​សួរ​មុន​ពេល​បោះ​ឆ្នោត​នៅខែ​មិថុនា ​ច្រើន​ជាង​កាល​ពី​ឆ្នាំ​មុន ដោយ​មាន​ ៩៨ ​ភាគរយ​ធៀប​នឹង​ ៨០ ភាគរយ​កាល​ពី​ឆ្នាំ ២០១២ និង ៨២ ភាគរយ​ កាល​ពី​ឆ្នាំ ២០១១៕PB By Phnom Penh Post

No comments:

Post a Comment