បន្ទាយមានជ័យៈ អាជ្ញាធរខេត្តអះអាងកាលពីម្សិលមិញថា
មានមនុស្សពីរនាក់បានលង់ទឹកជំនន់ស្លាប់នៅក្រុង សិរីសោភ័ណ ខេត្ត
បន្ទាយមានជ័យ
បន្ទាប់ពីស្រុកមួយចំនួនបានរងនូវការជន់លិចដោយទឹកជំនន់ជាច្រើន
អាទិត្យ។
លោក អ៊ុំ មេត្រី អភិបាលរងខេត្តនេះបានឲ្យដឹងថា
អាជ្ញាធរបានចុះចែកអំណោយឲ្យគ្រួសាររងគ្រោះស្លាប់ទាំងពីរជាការ
ជួយរំលែកទុក្ខ។ លោកថា៖ «យើងមានការសោកស្តាយជាមួយនឹងគ្រួសារសព
ហើយអាជ្ញាធរនៅតែអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នទឹកជំនន់ចៀសវាង
ការស្លាប់»។
ជនរងគ្រោះលង់ទឹកស្លាប់ មានកុមារា ឈ្មោះ លី សុផល វ័យ ៣ ឆ្នាំ
រស់នៅក្នុងភូមិ ៣ សង្កាត់ ព្រះពន្លា
រកឃើញសពនៅក្រោយផ្ទះជាប់មាត់ស្ទឹង សិរីសោភ័ណ កាលពីម៉ោងជាង ៩
ព្រឹកថ្ងៃទី១០ សីហា។ ម្នាក់ទៀតឈ្មោះ បុត សំបូរ ភេទប្រុស អាយុ ៥០ ឆ្នាំ
រស់នៅសង្កាត់ ទឹកថ្លា រកឃើញសាកសពនៅម៉ោង ១ រសៀល ថ្ងៃទី១០ សីហា។
គ្រួសារជនរងគ្រោះទទួលបានអង្ករ ៥០ គីឡូក្រាម ថវិកា ២០
ម៉ឺនរៀលពីអាជ្ញាធរខេត្ត និង ១០ ម៉ឺនរៀលពីកាកបាទក្រហម។
លោក ញឹម ថុនណាវុធ នាយបុស្តិ៍ ទឹកថ្លា បានឲ្យដឹងថា
បុរសរងគ្រោះត្រូវទឹកកួចយកទៅ
ខណៈពេលដែលគាត់ហែលឆ្លងព្រែកមានទឹកជ្រៅបម្រុងទៅស៊ីឈ្នួលធ្វើ
ចម្ការឲ្យគេ។ លោកថា៖ «គាត់ហែលប៉ះចំទឹកកួចបណ្តាលឲ្យលង់
តែសពត្រូវពលរដ្ឋរកឃើញនៅដងស្ទឹង សិរីសោភ័ណ»។
លោក ញឹម វណ្ណដា អនុប្រធានទី១
នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
កាលពីម្សិលមិញបានចុះទៅពិនិត្យស្ថានភាពទឹកជំនន់នៅខេត្ត
បន្ទាយមានជ័យ
លោកមានគម្រោងកាត់ផ្តាច់ផ្លូវមួយចំនួនដើម្បីរំដោះទឹកចេញនិងដាក់
ស្ពានបាឡេចំនួន ៤ ជំនួស
ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរបន្ទាប់ពីកំណាត់
ផ្លូវមួយចំនួនត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់។
ជាមួយគ្នាដែរនៅខេត្ត ព្រះវិហារ
អាជ្ញាធរខេត្តបានប្រកាសអាសន្នឲ្យពលរដ្ឋរស់នៅក្នុងភូមិមួយចំនួន
ដូចជា ភូមិ មាន់រងាវ អូរបា និងអន្លង់វិល ក្នុងក្រុង
ព្រះវិហារដែលស្ថិតនៅតាមដង ស្ទឹងសែន ត្រូវត្រៀមធ្វើការជម្លៀសចេញ
ដោយសារជំនន់ទឹកស្ទឹងនេះឡើងដល់កម្រិតកម្ពស់ ១១,១៧ ម៉ែត្រ
ជាកម្រិតកម្ពស់ទឹកស្ថិតក្នុងការប្រកាសអាសន្ន៕ប្រភពពីៈ Phnom Penh Post
No comments:
Post a Comment