ភ្នំពេញៈ មន្ត្រីស្ថានទូតអាមេរិកបានឲ្យដឹងថាកាលពីម្សិលមិញថា កម្ពុជាបានសម្រេច ព្យួរចោលកម្មវិធីយោធាសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកមួយ រយៈពេលខ្លី បន្ទាប់ពីការបោះឆ្នោត។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ធ្វើឡើងក្នុងរាជធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក អ្នកនាំពាក្យ Marie Harf បាននិយាយថា ការព្យួរចោលកម្មវិធីសហប្រតិបត្តិការយោធានេះ គឺជាការសម្រេចចិត្ត ដោយឯកតោភាគី របស់កម្ពុជា។
លោកស្រីបន្តថា «ក្រោយពីការបោះឆ្នោត ក្រសួងការពារជាតិកម្ពុជា បានផ្អាក និងបានលុបចោលកម្មវិធី សហប្រតិបត្តិការផ្នែកយោធាអន្តរជាតិមួយចំនួន រួមទាំងរបស់សហរដ្ឋអាមេរិកផងដែរ។ យើងមិនទាន់អាចបែងចែកច្បាស់ពីការលុបចោល នៃកម្មវីធីទាំងនោះបានទេ ដូចជាការផ្អាកនូវសហប្រតិបត្តិការយោធា»។ «យើងមិនទាន់បានបង្ហាញពីអ្វីដែលយើងចង់បានដែរនៅឡើយទេ»។
មុនពេលបោះឆ្នោត សមាជិកសភាអាមេរិកមួយចំនួន បានជម្រុញឲ្យរដ្ឋាភិបាលអាមេរិក កាត់ជំនួយដែលផ្តល់មកកម្ពុជា ប្រសិនបើ ដំណើរការបោះឆ្នោតនៅកម្ពុជា មិនបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ក្រុមអង្គការសង្គមស៊ីវិល ដែលបានទៅផ្តល់សក្ខីកម្មក្នុងសវនាការរៀបចំដោយសភាអាមេរិកនោះ បានជម្រុញសហរដ្ឋអាមេរិក កាត់បន្ថយជំនួយផ្នែកយោធាតែប៉ុណ្ណោះ ប៉ុន្តែ មិនទាន់មានសេចក្តីសម្រេចណាមួយជាសាធារណៈ ត្រូវបានធ្វើឡើងនៅឡើយទេ។
កាលពីដើមខែសីហានេះ ក្នុងអំឡុងពេលចុះទៅស្ទូងស្រូវជាមួយប្រជាពលរដ្ឋនៅខេត្តកណ្តាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាននិយាយចំអកឲ្យសហរដ្ឋអាមេរិក ដោយជំរុញឲ្យធ្វើតាមសម្តីរបស់ពួកគេដែលចង់កាត់ជំនួយបរទេសចំពោះ កម្ពុជា ប្រសិនបើពួកគេចាត់ទុកថា ការបោះឆ្នោតជាតិនៅកម្ពុជា ជាការបោះឆ្នោតខុសច្បាប់។
លោកបានអះអាងថា លោកមិនភ័យខ្លាចចំពោះឱសានវាទបែបនេះទេ។
បើតាមតួលេខរបស់ក្រសួងការបរទេសអាមេរិក ជំនួយសរុបរបស់អាមេរិកចំពោះកម្ពុជាគឺមានចំនួនជិត ៧០ លានដុល្លារ ក្នុងមួយឆ្នាំ។
នៅព្រឹកថ្ងៃអង្គារនេះ ក្រសួងការពារជាតិកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានមួយ ឆ្លើយតបនឹងការព្យួរចោលកម្មវិធីសហប្រតិបត្តិការយោធា ជាមួយនិងសហរដ្ឋអាមេរិកផងដែរ។
កិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានផ្តល់ឲ្យកម្ពុជានូវជំនួយរាប់រយលានដុល្លារ ដល់ផ្នែកយោធាកម្ពុជា រួមទាំងបានធ្វើការហ្វឹកហាត់ សមយុទ្ធយោធាជាមួយគ្នាទៀត។ សូមបញ្ជាក់ថា កូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបពាក់ផ្កាយបីលើស្មា លោក ហ៊ុន ម៉ាណែត គឺជាពលរដ្ឋកម្ពុជាទីមួយ ដែលបានបញ្ចប់ការសិក្សានៅក្នុងសាលាកងទ័ពយោធាអាមេរិក West Point។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment