ភ្នំពេញៈ
ព្រឹទ្ធសមាជិកអាមេរិកកាលពីម្សិលមិញបានអំពាវនាវឲ្យរដ្ឋការអាមេរិក
កាត់បន្ថយជំនួយផ្ទាល់មកឲ្យប្រទេសកម្ពុជាប្រសិនបើការបោះឆ្នោត
ថ្ងៃទី ២៨ ខែកក្កដាខាងមុខនេះ ត្រូវបានវិនិច្ឆយថា
មិនសេរីនិងយុតិ្តធម៌ ដែលជាសញ្ញាបង្ហាញនូវការរកាំរកូសកើនឡើង
ពាក់ព័ន្ធនឹងប្រាក់ជំនួយអាមេរិក
ដែលពុំបាននាំនូវភាពរីកចម្រើននៃលទិ្ធប្រជាធិបតេយ្យដល់ប្រទេស
កម្ពុជា។
លោក Steve Chabot
ព្រឹទ្ធសមាជិកមកពីគណបក្សសាធារណរដ្ឋដែលដឹកនាំអនុគណៈកម្មការការ
បរទេសរបស់ព្រឹទ្ធសភាអាមេរិក ស្តីពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក
បានថ្លែងថា ការបោះឆ្នោតអាណតិ្តទី៥
នៅកម្ពុជាបានរៀបចំឡើងក្រោមរបាំងក្លែងក្លាយនៃលទិ្ធប្រជាធិបតេយ្យ។
លោកលើកឡើងថា៖ «គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា
ត្រូវតែផ្លាស់ប្តូរ ហើយរដ្ឋាភិបាលលោកប្រធានាធិបតី អូបាម៉ា
ត្រូវប្រើប្រាស់វិធីតឹងរ៉ឹងថែមទៀត
ចំពោះមេដឹកនាំផ្តាច់ការកាន់តំណែងយូរបំផុតនៅអាស៊ី»។
លោក Chabot បានបន្ថែមថា
លោកគ្រោងស្នើច្បាប់កាត់បន្ថយជំនួយសម្រាប់ប្រទេសនេះ
ប្រសិនបើការបោះឆ្នោតមិនសេរីនិងយុតិ្តធម៌ទេនោះ។
លោកបន្ថែម ៖ «ការកាត់បន្ថយជំនួយផ្ទាល់មកឲ្យរដ្ឋាភិបាលកម្ពុជា
ជាពិសេស ជំនួយកងទ័ពបរទេសនិងការផ្តល់មូលនិធិលើការហ្វឹកហាត់
និងអប់រំកងទ័ពជាអន្តរជាតិ
គឺជាសកម្មភាពមួយដែលអាមេរិកគួរធ្វើឡើងដើម្បីបង្ហាញនូវការថ្កោល
ទោស លើការបោះឆ្នោតក្លែងក្លាយនិងពុំមានលក្ខណៈប្រជាធិបតេយ្យ»។
ថ្លែងក្នុងសវនាការក្រោមប្រធានបទ«វិបតិ្តសង្គមនិងនយោបាយនៅ
កម្ពុជា»ការលើកឡើងរបស់លោក Steve Chabot
បានធ្វើឡើងបន្ទាប់ពីជាង១ខែ
ព្រឹទ្ធសមាជិកពីររូបបានស្នើឲ្យរដ្ឋាភិបាលអាមេរិកពិចារណាឡើងវិញ
លើជំនួយសម្រាប់កម្ពុជា។
យោងតាម USAID ថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយ១,២
ពាន់លានដុល្លារអាមេរិកមកឲ្យកម្ពុជាគិតពីឆ្នាំ១៩៩៣ ដល់ ២០១១
រីឯប្រាក់ជំនួយ៧៣,៥ លានដុល្លារអាមេរិកបានកំណត់សម្រាប់ឆ្នាំ២០១៤
រួចហើយ។
ថ្លែងកាលពីម្សិលមិញ លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស
អះអាងជាថ្មីនូវអធិបតេយ្យភាពរបស់កម្ពុជានិងបានបញ្ជាក់ថា
កម្ពុជាមិនខ្វល់នឹងសម្តីព្រឹទ្ធសមាជិកអាមេរិកឡើយ ហើយថា
ជោគវាសនាកម្ពុជាត្រូវសម្រេចដោយប្រជាជនកម្ពុជាផ្ទាល់។
ថ្លែងទៅកាន់អ្នកកាសែតបន្ទាប់ពីពិធីចុះកិច្ចព្រមព្រៀងកម្ចី
ចំនួន ២០០លានដុល្លារអាមេរិក ជាមួយនឹងកូរ៉េខាងត្បូង លោក ហោ ណាំហុង
បញ្ជាក់ថា៖
«ទោះជាអាមេរិកជួយកម្ពុជាឬមិនជួយគឺវាស្រេចលើសហរដ្ឋអាមេរិក។
គេអាចនិយាយអ្វីដែលពួកគេចង់និយាយប៉ុន្តែការសម្រេចលើអនាគតរបស់
កម្ពុជា គឺស្ថិតក្នុងដៃរបស់ប្រជាជនកម្ពុជា»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានបន្ថែមថា
សវនាការនោះពុំឆ្លុះបញ្ចាំងនូវទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ឡើយ។ លោកបន្តថា៖ «មានព្រឹទ្ធសមាជិកម្នាក់ឬពីរនាក់ទេ
ពួកគេមិនមែនតំណាងឲ្យគោលនយោបាយរដ្ឋាភិបាលអាមេរិកទាំងមូលទេ
ហើយពួកគេគ្មានសិទ្ធិសម្រេចលើជោគវាសនារបស់កម្ពុជាឡើយ»។
លោក Sean Macintosh អ្នកនាំពាក្យស្ថានទូតអាមេរិក
បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយអំពីសវនាការដោយផ្ទាល់ឡើយ
ប៉ុន្តែថា
ក្រសួងការបរទេសសហរដ្ឋអាមេរិកមានក្តីបារម្ភដូចព្រឹទ្ធសមាជិក
អ៊ីចឹងដែរ ស្តីអំពីស្ថានការណ៍នៅកម្ពុជា។
លោក John Sifton
នាយកផ្នែកតស៊ូមតិប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស
ដែលបានផ្តល់ចម្លើយនៅសវនាការ
បានទម្លាក់កំហុសចំពោះការខ្វះការអភិវឌ្ឍនៃលទិ្ធប្រជាធិបតេយ្យនៅ
កម្ពុជាមកលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក លើកឡើងថា៖ «បញ្ហាមិនមែនជាទម្លាប់ឬភាពអសកម្មទេ។
ផ្ទុយទៅវិញ
វាជាលទ្ធផលនៃហេតុការណ៍នយោបាយគឺដោយសារបុគ្គលនិងគណបក្ស គឺលោក
ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោក»។
អារម្មណ៍បែបនេះ ក៏ត្រូវបន្ទរដោយសមាជិកសភាលោក Dana Rohrabacher
ព្រឹទ្ធសមាជិកនៃអនុគណៈកម្មការព្រឹទ្ធសភាទទួលផ្នែកកិច្ចការបរទេស។
លោកបន្តថា៖«វាជាពេលដែលលោក ហ៊ុន សែន ត្រូវចុះចេញ។ លោក ហ៊ុន សែន
ជាមនុស្សសាហាវនិងពុករលួយម្នាក់
ដែលបានគ្រប់គ្រងប្រទេសក្នុងកណ្តាប់ដៃអស់ជាច្រើនទសវត្សរ៍ហើយ»។
តែទោះជាយ៉ាងណាលោក Daniel Mitchell
នាយកប្រតិបតិ្តនៃក្រុមហ៊ុនវិនិយោគ SRP International Group
និងជាសមាជិកក្រុមប្រឹក្សាសភាពាណិជ្ជកម្មអាមេរិកនៅ កម្ពុជា
បានជំរុញឲ្យសហរដ្ឋអាមេរិកបង្កើនការវិនិយោគនៅកម្ពុជាដើម្បីធ្វើ
ឲ្យសិទ្ធិមនុស្សកាន់តែល្អប្រសើរ។
លោក Mitchell
ប្រាប់សវនាការថា៖«ដើម្បីធ្វើឲ្យសិទិ្ធមនុស្សល្អប្រសើរ
រដ្ឋាភិបាលនិងក្រុមហ៊ុនអាមេរិក
គួរចូលរួមជាជាងងាកចេញពីឱកាសនៅកម្ពុជា»។
លោក Eni Faleomavaega
សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានរិះគន់សំណើកាត់បន្ថយជំនួយ
នេះផងដែរ ដោយគាំទ្រឲ្យលុបចោលបំណុលដែលកើនឡើងក្នុងអំឡុងរបប លន់
នល់ ដែលមានប្រហែល ជា៤៦០ លានដុល្លារអាមេរិក។
លោកថ្លែងថា៖ «ខ្ញុំជឿថា
សហរដ្ឋអាមេរិកចាំបាច់ត្រូវកែតម្រូវនូវអ្វីដែលបានធ្វើខុសនៅ
អាស៊ីអាគ្នេយ៍...ប្រវតិ្តសាស្រ្តបង្ហាញថា
សហរដ្ឋអាមេរិកបានទទួលបរាជ័យយ៉ាងខ្លាំងនៅកម្ពុជា»។
លោកស្រី Eva Schueller ទីប្រឹក្សាច្បាប់នៃអង្គការលីកាដូ
ដែលបានផ្តល់ចម្លើយក្នុងសវនាការនោះដែរ
បានថ្កោលទោសយ៉ាងខ្លាំងលើការប្រើប្រាស់កងកម្លាំងរដ្ឋដោយ
ក្រុមហ៊ុនឯកជន
ដើម្បីបណ្តេញប្រជាជនទាំងបង្ខំនិងជំរុញឲ្យអាមេរិកកាត់បន្ថយជំនួយ
យោធាមកឲ្យកម្ពុជា។
លោកស្រី ណាលី ពីឡូក នាយិកាអង្គការលីកាដូ បានថ្លែងថា៖
«យើងមានក្តីបារម្ភយ៉ាងខ្លាំងក្នុងបីឆ្នាំកន្លងមកនេះលើជំនួយ
យោធា និងកិច្ចសហប្រតិបតិ្តការរវាងសហរដ្ឋអាមេរិកនិងកម្ពុជា
ហើយចំពោះយើង នេះជាឱកាសសំខាន់ក្នុងការផ្តោតលើចំណុចនោះ»។
លោក Patrick Merloe
នាយកផ្នែកកម្មវិធីបោះឆ្នោតនៅវិទ្យាស្ថានជាតិប្រជាធិបតេយ្យបាន
បង្ហាញនូវការបណ្តេញសមាជិកគណបក្សប្រឆាំងចេញពីរដ្ឋសភា
ការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយបរទេស
និងភាពមិនប្រក្រតីនៃបញ្ជីឈ្មោះបោះឆ្នោត
ជាមូលហេតុដែលចាំបាច់ត្រូវបង្កើនជំនួយទ្វេដងដល់គំនិតផ្តួចផ្តើម
លទិ្ធប្រជាធិបតេយ្យ។
លោក Chabot និងអ្នកឯទៀតបានលើកឡើងពីក្តីបារម្ភដែលលោក សម រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំងនឹងត្រូវបញ្ជូនទៅពន្ធនាគារបើលោកត្រឡប់មក
ប្រទេសវិញ នៅមុនការបោះឆ្នោត ដូចដែលលោកបានសន្យានោះ។
ទោះជាយ៉ាងណាអ្នកនាំពាក្យ លោក កុយ គួង ថ្លែងថា រឿងក្តីលោក សម
រង្ស៊ី ជារឿងក្តីតុលាការ
ហើយមិនបានប៉ះពាល់ដល់គណបក្សសង្គ្រោះជាតិក្នុងការចូលរួមការ
បោះឆ្នោតឡើយ។ លោកបញ្ជាក់ថា៖ «ទោះលោក សម រង្ស៊ី វិលមកវិញឬអត់?
វាមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតទេ។
បក្សគាត់កំពុងធ្វើការយ៉ាងរលូនដោយគ្មានរូបគាត់»។
លោក ទេព នីថា
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាត់ទុក
សុន្ទរកថាព្រឹទ្ធសមាជិកអាមេរិកពុំមានអ្វីភ្ញាក់ផ្អើលទេ ហើយថា
គ.ជ.ប ដែលរងការរិះគន់ពីម្សិលមិញថា
មានភាពលម្អៀងកំពុងធ្វើការតាមអាណតិ្តដែលចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកបន្តថា៖
«យើងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅកម្ពុជា...
ហេតុអ្វីអាមេរិកវិភាគបញ្ហានេះ។ ប្រហែលជាទម្លាប់របស់អាមេរិក»៕ TK by Phnom Penh Post
No comments:
Post a Comment